Wednesday, August 24, 2011

មន្ត្រី​សង្ឃ​បណ្ដេញ​ព្រះតេជព្រះគុណ លួន សាវ៉ាត ចេញ​ពី​វត្ត


ព្រះតេជព្រះគុណ លួន សាវ៉ាត ទទួល​ពាន​រង្វាន់ Hellman Hammett នៅ​សហ​រដ្ឋ​អាមេរិក កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១(Photo: RFA)
ដោយ ទីន ហ្សាការីយ៉ា
2011-08-23

ព្រះតេជព្រះគុណ លួន សាវ៉ាត ដែល​តែង​តែ​ចូល​រួម​ក្នុង​សកម្មភាព​តវ៉ា​ផ្សេងៗ របស់​សហគមន៍ ដូច​ជា​សហគមន៍​ការពារ​ព្រៃឈើ ឬ​ចូល​រួម​តវ៉ា​ជា​មួយ​ប្រជាជន​ដែល​ត្រូវ​គេ​រឹប​អូស​យក​ដីធ្លី និង​លំនៅឋាន​យ៉ាង​អយុត្តិធម៌​នោះ ត្រូវ​បាន​សម្ដេច​សង្ឃរាជ​នៅ​ភ្នំពេញ​ចោទ​ប្រកាន់​ថា ព្រះអង្គ​ប្រព្រឹត្តិ​ល្មើស​និង​ច្បាប់​សាសនា​ព្រះពុទ្ធ​។

ព្រះតេជព្រះគុណ លួន សាវ៉ាត បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​សេចក្ដី​ប្រកាស​សង្ឃ​សម្រេច​របស់​ប្រធាន​ថេរសភា ឬ​ជា​ព្រះ​មេ​គណ​ខែត្រ​សៀមរាប ដែល​មិន​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​គង់​នៅ​វត្ត​ណា​មួយ នៅ​ក្នុង​ខែត្រ​សៀមរាប ដោយ​ចោទ​ប្រកាន់​ថា ព្រះអង្គ​បាន​ប្រព្រឹត្តិ​ខុស​និង​វិន័យ​សាសនា​ព្រះពុទ្ធ​នោះ។

ព្រះតេជព្រះគុណ លួន សាវ៉ាត មាន​ថេរដីកា​នៅ​ថ្ងៃ​ទី​២២ សីហា ថា ព្រះ​អង្គ​មិន​បាន​ធ្វើ​ខុស​អ្វី​ទេ រាល់​ការ​ចូល​រួម​របស់​ព្រះ​អង្គ គឺ​គ្រាន់​តែ​ជួយ​រក​យុត្តិធម៌ និង​ចូល​រួម​ពី​ទុក្ខ​លំបាក​របស់​ប្រជា​ពល​រដ្ឋ ដែល​មាន​បញ្ហា​ទទួល​រង​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស ដូច​ជា​ការ​បាត់​បង់​ផ្ទះ​សម្បែង ការ​បាត់​បង់​ដីធ្លី​ដោយ​សារ​ក្រុម​ហ៊ុន​រំលោភ​យក​តែ​ប៉ុណ្ណោះ។

សង្ឃ​សម្រេច​របស់​ប្រធាន​ថេរសភា ឬ​ជា​ព្រះ​មេ​គណ​ខែត្រ​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៩ សីហា បាន​សម្រេច​ថា ហាម​ឃាត់​ដាច់​ខាត​មិន​ឲ្យ​ភិក្ខុ លួន សាវ៉ាត ដឹក​នាំ​ពុទ្ធ​បរិស័ទ និង​ប្រជា​ពល​រដ្ឋ​ប្រារព្ធ​ពិធី​បុណ្យ​អបអរសាទរ​សិទ្ធិ​សេរីភាព​នៃ​អ្នក​ ជាប់​ពន្ធនាគារ​ចំនួន ១២​នាក់ នៅ​វត្ត​ថ្មី ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខែត្រ​សៀមរាប ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​នោះ​ឡើយ។

គ្រប់​វត្ត​ទូទាំង​ខែត្រ​មិន​អនុញ្ញាត​ឲ្យ​ទទួល​ភិក្ខុ លួន សាវ៉ាត គង់​ស្នាក់​នៅ​ក្នុង​វត្ត​ឡើយ ពី​ព្រោះ​ភិក្ខុ​អង្គ​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តម្លៃ​សាសនា​ព្រះពុទ្ធ។ ក្នុង​ករណី​ព្រះ​ភិក្ខុ លួន សាវ៉ាត នៅ​តែ​មិន​ព្រម​អនុវត្ត​តាម​មន្ត្រី​សង្ឃ​គ្រប់​ថ្នាក់ ត្រូវ​សហការ​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ប្រើ​ប្រាស់​វិធានការ​តាម​ពុទ្ធានុញ្ញាត និង​ពុទ្ធ​បញ្ញត្ត​ព្រម​ទាំង​ច្បាប់​រដ្ឋ។ ហើយ​មន្ត្រី​សង្ឃ​ក្រុង ស្រុក ត្រូវ​សហការ​ជា​មួយ​មន្ទីរ​ធម្មការ​អនុវត្ត​នូវ​សង្ឃ​សម្រេច​នេះ។

ព្រះ​បាឡាត់​គណ​ខែត្រ​សៀមរាប ព្រះ​នាម ជំ គឹម​ឡេង មាន​ថេរដីកា​ថា ប្រសិន​បើ​ព្រះតេជព្រះគុណ លួន សាវ៉ាត ឈប់​ចូល​រួម​ជា​មួយ​ប្រជា​ពល​រដ្ឋ​នូវ​ការ​តវ៉ា​ណា​មួយ​នោះ គេ​នឹង​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​មាន​សិទ្ធិ​ស្នាក់​វត្ត​ណា​មួយ​ក្នុង​ខែត្រ​ សៀមរាប​វិញ។

ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ច​ការ​សាសនា​ខែត្រ​សៀមរាប លោក ប៊ុន វណ្ណា មិន​ធ្វើ​អធិប្បាយ​លើ​ករណី​នេះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា សកម្មភាព​ការ​ងារ​របស់​ព្រះតេជព្រះគុណ លួន សាវ៉ាត គឺ​វា​ខុស​ពី​សង្ឃ​ប្រកាស​របស់​គណៈ​សង្ឃ​នាយក​កាល​ពី​ឆ្នាំ​២០១០ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​កូដកម្ម បាតុកម្ម​ផ្សេងៗ។

ទោះបី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​សំដែង​ការ​សោក​ស្ដាយ​ចំពោះ​សង្ឃ​សម្រេច​នេះ ពី​ព្រោះ​ថា រាល់​សកម្មភាព​របស់​ព្រះ​តេជគុណ លួន សាវ៉ាត មិន​បាន​ប្រព្រឹត្ត​ខុស​ពី​ពុទ្ធបញ្ញត្តិ ឬ​ច្បាប់​រដ្ឋ​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ សង្ឃ​សម្រេច​នេះ​ជា​ការ​កៀប​សង្កត់​ផ្នែក​សិទ្ធិ​មនុស្ស​ទៅ​វិញ​ទេ។

សង្ឃ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​ព្រះតេជព្រះគុណ លួន សាវ៉ាត គង់​នៅ​វត្ត​ណា​មួយ​នៅ​ខែត្រ​សៀមរាប នេះ​ជា​លើក​ទី​ពីរ​ហើយ បន្ទាប់​ពី​សម្ដេច​ព្រះ​មេ​គណ​រាជ​ធានី​ភ្នំពេញ នន្ទ ង៉ែត បាន​ចេញ​សង្ឈ​សម្រេច​កាល​ពី​ថ្ងៃ​២៦ ខែ​មេសា ឆ្នាំ​២០១១ មិន​អនុញ្ញាត​ឲ្យ​ព្រះតេជព្រះគុណ លួន សាវ៉ាត គង់​ស្នាក់​នៅ​ក្នុង​វត្ត​ណា​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

ព្រះតេជព្រះគុណ លួន សាវ៉ាត កន្លង​មក ព្រះ​អង្គ​តែង​តែ​ចូល​រួម​ជា​មួយ​ប្រជា​ពល​រដ្ឋ ដែល​ធ្វើ​ការ​ទាម​ទារ​យុត្តិធម៌​អំពី​ការ​ប្រឈម​នឹង​ការ​បាត់​ដីធ្លី​ លំនៅឋាន ដូច​ជា​ចូល​រួម​ជា​មួយ​អ្នក​ភូមិ​សហគមន៍​បឹង​កក់ សហគមន៍​ដី​ក្រហម អ្នក​ភូមិ​ជីក្រែង​ជា​ដើម៕

No comments: