Friday, October 3, 2014

អគ្គលេខាធិការ​រង​រដ្ឋសភា​ប្រកាស​ផ្ដល់​ប្រាក់​ខែ​ដំបូង​ជា​ជំនួយ​សប្បុរសធម៌

10514552_814437205235201_802321074860335526_n
September 27, 2014
ដោយ សុ ជីវី
ប្រភពពី វិទ្យុអាស៊ីសេរី
អគ្គលេខាធិការ​រង​រដ្ឋសភា លោក ហ៊ីង សុខសាន្ត ប្រកាស​ផ្តល់​ប្រាក់​ខែ​ដំបូង​ជា​ជំនួយ​សប្បុរសធម៌។
ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ លោក ហ៊ីង សុខសាន្ត ដែល​ជា​អគ្គលេខាធិការ​រង​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ថា​នឹង​ផ្តល់​ប្រាក់​ខែ​របស់​លោក ដែល​មាន​ចំនួន​ប្រមាណ ៣​លាន​រៀន ប្រហែល​នឹង ៧៥០​ដុល្លារ​នោះ ទៅ​អោយ​ស្ថាប័ន​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ចំនួន​៣។ ក្នុង ​នោះ​រួម​មាន ៥០​ភាគរយ​នៃ​ប្រាក់​នោះ នឹង​ផ្តល់​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ផ្នែក​ដែល​នៅ​សល់ នឹង​ផ្តល់​ទៅ​អោយ​មណ្ឌល​កុមារ​កំព្រា​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ក្រុម​អ្នក​ធ្វើ​ការ​អភិរក្ស​បរិស្ថាន នៅ​តំបន់​អារ៉ែង ក្នុង​ខេត្ត​កោះកុង។ លោក ហ៊ីង សុខសាន្ត​បន្ត​ថា មូលហេតុ​ដែល​លោក​ចែក​រំលែក​ប្រាក់​ខែ​នេះ ដោយសារ​លោក​ធ្លាប់​ឆ្លង​កាត់​ជីវិត​លំបាក​ជា​ក្មេង​កំព្រា​ឪពុក។
លោក ហ៊ីង សុខសាន្ត៖ «អ្វី​ដែល​ខ្ញុំ​បាន​ម៉ោ​ពី​ប្រាក់​បៀវត្ស​នេះ គឺ​បាន​មក​ពី​ថវិកា​ជាតិ មិន​មែន​បាន​មក​ពី​បុគ្គល​ណា​ទេ។ ដូច្នេះ​ខ្ញុំ​យក​មក​ជួយ​ជាតិ និង​សង្គម​យើង​វិញ ហើយ​និង​ប្រាក់​ខែ​ទី​មួយ​របស់​ខ្ញុំ។ ឯ​ប្រាក់​ខែ​ចាប់​ពី​ខែ​ទី​២​របស់​ខ្ញុំ ជួយ​ទៅ​លើ​ការ​ស្រាវជ្រាវ បង្កើន​ធនធាន​មនុស្ស។ ពីព្រោះ​ខ្ញុំ​គិត​ថា ខ្ញុំ​ក្មេង​កំព្រា បើ​អត់​ការ​អប់រំ​ទេ ក៏​អត់​បាន​ថ្ងៃ​នេះ​ដែរ»
លោក ហ៊ីង សុខសាន្ត ដែល​មាន​អាយុ ៣៣​ឆ្នាំ ទើប​ត្រូវ​តែង​តាំង​ជា​អគ្គលេខាធិការ​រង​រដ្ឋសភា កាល​ពី​ដើម​ខែ​កញ្ញា នេះ អះអាង​ថា នឹង​បន្ត​ចែក​រំលែក​ប្រាក់​ខែ​របស់​លោក​ជា​បន្តបន្ទាប់​ទៀត ជាពិសេស​ទៅ​ផ្នែក​សិក្សា​ស្រាវជ្រាវ​របស់​យុវ​សិស្ស​នៅ​កម្ពុជា។ លោក​បញ្ជាក់​ដែរ​ថា លោក​ប្រាថ្នា​អោយ​យុវជន​ដទៃ​ទៀត ងាក​មក​គិតគូរ​ពី​កិច្ច​ការងារ​មនុស្សធម៌​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ដើម្បី​ផ្តល់​ឱកាស​អោយ​យុវជន ឬ​ពលរដ្ឋ​ផ្សេង​ទៀត៕

អគ្គលេខាធិការរងរ​ដ្ឋ​សភា​មួយរូប​នឹង​បរិច្ចាគ​ប្រាក់បៀវត្សរ៍​សម្រាប់​មនុ​ស្ស​ធម៌


25-09-2014
ដោយ លាង ដឺ​លុច
http://thmeythmey.com
លោក ហ៊ីង សុខសាន្ត ដែលជា​មនុស្ស​ស្និទ្ធ​នឹង​លោក កឹម សុខា ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការរង​នៃ​រដ្ឋសភា​ក្នុង​ក្របខណ្ឌ​នៃ​គណបក្ស​ សង្គ្រោះ​ជាតិ។ ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា លោក​នឹង​ផ្តល់ប្រាក់​បៀវត្សរ៍​ក្នុង​រដ្ឋសភា​របស់លោក ទៅ​សកម្មភាព​មនុស្សធម៌ និង​ផ្តល់​ទៅ​ឲ្យ​ក្រុមយុវជន​ដែល​ធ្វើ​ការងារ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ អប់រំ។
គ្គលេខាធិការរង ​វ័យក្មេង​នៃ​រដ្ឋសភា  លោក ហ៊ីង សុខសាន្ត នឹងមិន​យកប្រាក់​បៀវត្សរ៍​ក្នុង​តំណែង​នយោបាយ ទៅផ្ទះ​ឡើយ​ក្នុង​នីតិកាល​ទី៥នេះ។ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ អាយុ៣៣ឆ្នាំ ដែល​ស្ថិត​ក្នុងចំណោម​អគ្គលេខាធិការរង​ទាំង៦នាក់​របស់​រដ្ឋសភា បាន​ថ្លែងប្រាប់​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗថា ចាប់ពី​ខែកញ្ញា​ដែល​លោក​ត្រូវ​ទទួលបាន​ប្រាក់ បៀវត្សរ៍​ដំបូង​នេះ​ទៅ លោក​នឹង​ចាប់ផ្តើម​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ទៅក្នុង​សកម្មភាព​មនុស្សធម៌។ នៅពេលដែល​លោក​អគ្គលេខាធិការរង​រូបនេះ​សុខចិត្ត​បរិច្ចាគប្រាក់បៀវត្សរ៍​ រដ្ឋសភារ​បស់​ខ្លួន​នោះ នោះ​គឺ​ដោយសារតែ​លោក​អាច​ទទួលបាន​ប្រាក់កម្រៃ​ពី​ការងារ​បង្រៀនផ្សេងៗ ដើម្បី​ចិញ្ចឹម​ក្រពះ​របស់លោក​បាន។

«តាម​ខ្ញុំ​ដឹង ប្រាក់ខែ​សុទ្ធ​របស់ខ្ញុំ គឺ​ប្រហែល ៣លាន​រៀល (៧៥០ដុល្លារ) ។ ប្រាក់បៀវត្សរ៍​ខែ​ទី១នេះ ខ្ញុំ​នឹង​ដក៥០ភាគរយ​ជូនទៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ២៥ភាគរយ​ឲ្យ​ទៅ​មជ្ឈមណ្ឌល​កុមារកំព្រា​មួយ​ក្នុង​ខេត្តកំពង់ស្ពឺ និង២៥ភាគរយ​ទៀត ជូនទៅ​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដែល​ធ្វើការ​ងារ​នៅ​អា​រ៉ែ​ង»។ លោក ហ៊ីង សុខសាន្ត​បាន​បន្តថា៖«ចាប់ពី​ប្រាក់បៀវត្សរ៍​ខែ​ទី២ទៅ ប្រាក់បៀវត្សរ៍​របស់ខ្ញុំ​នឹងត្រូវ​ទុក​សម្រាប់​ជួយ​ក្រុមយុវជន​ណា​ដែលមាន​ គម្រោង​ស្រាវជ្រាវ ការផលិត​ឯកសារ ឬ​ការបកប្រែ​សៀវភៅ​ជាដើម។ ខ្ញុំ​មិនមែនជា​អ្នកមាន​ទ្រព្យសម្បត្តិ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ចូលរួមចំណែក​លើកស្ទួយ​វិស័យ​អប់រំ។ ក្រុមយុវជន​ណា​ដែលមាន​ត្រូវការ​ថវិកា​នេះ អាច​ផ្ញើ​គម្រោង​ឲ្យ​ខ្ញុំ​ពិនិត្យ​ជាមុន»។

ទោះយ៉ាងណា​ក៏ដោយ បើតាម​ការបញ្ជា​ក់រប​ស់លោក ហ៊ីង សុខសាន្ត តម្លៃ​គម្រោង​ទាំងនោះ​ក៏​មិនត្រូវ​លើសពី​លទ្ធភាព​ដែល​លោក​អាច​ផ្តល់ជូន​ដែរ ពោលគឺមិន​ត្រូវ​​លើសពី​ទំហំ​ប្រាក់បៀវត្សរ៍​របស់លោក។

លោក ហ៊ីង សុខសាន្ត បាន​ចូលរួម​សកម្មភាព​នយោបាយ​ក្នុង​គណបក្ស​សិទ្ធិមនុស្ស​របស់លោក កឹម​សុខា ក្នុង​ឆ្នាំ២០០៧ បន្ទាប់ពី​លោក​បញ្ចប់​ការសិក្សា​នៅ​សហរដ្ឋអាមេរិក។ នៅក្នុង​គណបក្ស​សិទ្ធិមនុស្ស លោក ហ៊ីង សុខសាន្ត ធ្លាប់ជា​ប្រធាន​ចលនា​យុវជន នាយរងខុទ្ទកាល័យរ​ប​ស់លោក កឹម សុខា និង​ជា​អគ្គលេខាធិការ​គណបក្ស​សិទ្ធិមនុស្ស​ផង៕

យុវជន​បក្ស​ប្រឆាំង​បង្ហាញ​ជំហរ​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​និង​បង្ក្រាប​របស់​អាជ្ញាធរ


2014-07-18 
ដោយ តាំង សារ៉ាដា
RFA
មេ​ដឹក​នាំ​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ចាប់​ខ្លួន​តំណាង​រាស្ត្រ​របស់​បក្ស​នេះ​ចំនួន ៧​នាក់ ជំនួយ​ការ​របស់ អ្នកស្រី មូរ សុខហួរ ម្នាក់ និង​ការ​ចេញ​ដីកា​នាំ​ខ្លួន​អនុប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ចូល​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​២៥ ខាង​មុខ​ក៏ដោយ ក៏​មិន​ជះ​ឥទ្ធិពល​ទៅ​លើ​ក្រុម​យុវជន និង​ក្រុម​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​មាន​ការ​ភ័យ​ខ្លាច​តក់ស្លុត​នោះ​ដែរ។
ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត បាន​ប្រៀបធៀប​យុទ្ធសាស្ត្រ​រឹតត្បិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច​គ្នា​ទៅ​នឹង​ការ​ច្របាច់​ម្សៅ។ លោក​ថា កាល​ណា​ម្សៅ​ដែល​គេ​ច្របាច់​កាន់​តែ​ខ្លាំង វា​នឹង​ហៀរ​ចេញ​តាម​ចង្វែក​ដៃ​កាន់​តែ​ច្រើន។ លោក​បន្ត​ថា ក្រុម​យុវជន​ដែល​ចូលរួម​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​យុវជន​ឯករាជ្យ​ជាច្រើន​ក្រុម​ទៀត ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ប្រឈម​មុខ​ការ​ចាប់​ចង ឬ​ការ​ចោទ​ប្រកាន់​ផ្សេងៗ​របស់​សមត្ថកិច្ច។
លោក ហ៊ីង សុខសាន អះអាង​ថា ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ភាគ​ច្រើន​គ្មាន​ការ​តក់ស្លុត ឬ​រួញរា​អ្វី​ទេ ចំពោះ​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​របស់​ជំទាស់​ចំនួន ៧​នាក់ ជំនួយ​ការ​របស់ អ្នកស្រី មូរ សុខហួរ ម្នាក់ និង​ការ​ចេញ​ដីកា​នាំ​ខ្លួន​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៥ ខាង​មុខ។
លោក ហ៊ីង សុខសាន្ត បន្ត​ថា បើ​ទោះ​បី​ជា​មាន​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​ពី​សំណាក់​បក្ស​កាន់​អំណាច មក​លើ​បក្ស​ប្រឆាំង​កាន់​តែ​មាន​រូបភាព​ក្តៅ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ក៏ដោយ ក៏​មិន​អាច​ឃាត់​ដំណើរ​ការ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ជា​ថ្មី​ម្តង​ទៀត​របស់​ក្រុម​យុវជន​បក្ស​សង្គ្រោះ​ជាតិ ក្រុម​យុវជន និង​ព្រះសង្ឃ​ឯករាជ្យ និង​ក្រុម​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស​ពលរដ្ឋ​ជា​សាធារណៈ អំពី​ករណី​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។
ចំណែក​អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​យុវជន​ឯករាជ្យ លោក រិន ចាន់រិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា គម្រោង​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃ​ទី​២១ កក្កដា ខាង​មុខ​នេះ នៅ​តែ​បន្ត​ធ្វើ​ដដែល ដោយ​គ្មាន​ការ​តក់ស្លុត បើ​ទោះ​បី​មាន​ការ​វ៉ៃ​ខ្នោះ​ក្រុម​តំណាង​រាស្ត្រ និង​យុវជន​ម្នាក់​ពី​ខាង​បក្ស​ប្រឆាំង​ក៏ដោយ។
ទាក់ទិន​ទៅ​នឹង​ការ​ចាប់​ខ្លួន​ក្រុម​តំណាង​រាស្ត្រ​បក្ស​ជំទាស់ និង​លទ្ធភាព​ចាប់​ខ្លួន​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ធ្វើ​ឱ្យ​កក្រើក​ពេញ​ប្រទេស និង​ឆាក​អន្តរជាតិ​នេះ​ដែរ លោក អៀ ចាន់ណា ដែល​ជា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ទង្វើ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន គឺ​ជា​ឱកាស​ចុង​ក្រោយ ដើម្បី​ដោះស្រាយ​ភាព​ទាល់ច្រក​របស់​បក្ស​កាន់​អំណាច ក្នុង​ការ​ចាប់​បង្ខំ​ឲ្យ​ក្រុម​ប្រឆាំង ចូល​ប្រជុំ​សភា​ប៉ុណ្ណោះ។
លោក អៀ ចាន់ណា អះអាង​ថា ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង បាន​លើក​ទឹក​ចិត្ត​ដល់​សមាជិក​របស់​ខ្លួន​ឲ្យ​ប្រកាន់​ជំហរ​រឹងមាំ និង​មិន​ចុះ​ញ៉ម ទោះ​បី​ជា​បក្ស​កាន់​អំណាច​ចាប់​ខ្លួន​ក្រុម​មេ​ដឹក​នាំ​គណបក្ស​នេះ ដើម្បី​ចាប់​បង្ខំ​ឲ្យ​យល់​ព្រម​ក្នុង​ការ​ចរចា​ដោះស្រាយ​ការ​ជាប់​គាំង​ នយោបាយ​ក៏ដោយ។
ចំណែក​ក្រុម​យុវជន​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (facebook) វិញ បាន​ខឹង​សម្បា​ជា​ខ្លាំង​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។ យុវជន​ភាគ​ច្រើន​អះអាង​ថា ពួក​គេ​នឹង​នាំ​គ្នា​ចេញ​តវ៉ា ទាមទារ​ឲ្យ​សមត្ថកិច្ច​ដោះ​លែង​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន។
កញ្ញា ធី សុវន្ថា ដែល​ជា​តារា​ល្បី​មួយ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហេ្វសប៊ុក និង​ជា​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ យ៉ាង​ស្វិតស្វាញ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ក្រុម​យុវជន​តាម​ហ្វេសប៊ុក និង​បណ្ដាញ​យុវជន​ជាច្រើន​ទៀត កំពុង​រើស​ថ្ងៃ​ដើម្បី​ចេញ​ធ្វើ​បាតុកម្ម​អហិង្សា ទាមទារ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោះ​លែង​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ទាំងអស់។
ប៉ុន្តែ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រុំ សុខា បាន​ប្រាប់​អង្គទូត​ជាច្រើន​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ ថា ការ​ចាប់​ខ្លួន​ក្រុម​តំណាង​រាស្ត្រ​របស់​បក្ស​ជំទាស់​ទាំង​នេះ មិន​មែន​ជា​ឧបសគ្គ​ដល់​ដំណើរ​ការ​ចរចា​នយោបាយ​ឡើយ ហើយ​ថា ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ពួក​គេ​គ្មាន​កំហុស​នោះ ច្បាប់​នឹង​ដោះ​លែង​ពួក​គេ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ក្រុម​តំណាង​រាស្ត្រ​បក្ស​ជំទាស់​ដែល​សមត្ថកិច្ច​របស់ លោក ហ៊ុន សែន ចាប់​ខ្លួន​នោះ គឺ​គ្មាន​ភស្តុតាង​ណា​មួយ ដែល​អាច​បញ្ជាក់​ថា ពួក​គេ​ជា​អ្នក​បញ្ជា ឬ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ហិង្សា​នេះ​ឡើយ៖ «ភស្តុតាង ​ដើម្បី​ចោទ​ប្រកាន់​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច គឺ​សូន្យ​តែ​ម្តង។ ពួក​គេ​មិន​អាច​ទទួល​ខុស​ត្រូវ​ខាង​ផ្លូវ​ច្បាប់ ក្នុង​ហេតុការណ៍​នេះ​ទេ។ ការ​ចាប់​ខ្លួន​ក្រុម​តំណាង​រាស្ត្រ​ទាំង​នេះ គឺ​គ្រាន់​ជា​ការ​ប៉ុនប៉ង​មួយ​ទៀត​របស់​រដ្ឋាភិបាល ដែល​ប្រើប្រាស់​ឱកាស​នេះ ដើម្បី​បង្ក​ភាព​លំបាក​បន្ថែម​ទៀត​ដល់​ក្រុម​ប្រឆាំង​ប៉ុណ្ណោះ។ រដ្ឋាភិបាល​ត្រូវ​បញ្ចប់​ការ​រារាំង​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ និង​ការ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ហើយ​បើក​សេរីភាព​ឲ្យ​ពលរដ្ឋ​ឈរ​បញ្ចេញ​មតិ​តាម​ចិត្ត​ចង់។ រដ្ឋាភិបាល​គួរ​ចាប់​ខ្លួន​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង និង​កម្លាំង​សន្តិសុខ ដែល​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​នោះ​វិញ»
សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា បាន​ចាប់​ខ្លួន​ក្រុម​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ចំនួន ៥​នាក់ រួម​មាន អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក កែវ ភីរម្យ លោក រៀល ខេមរិន្ទ្រ និង​ជំនួយ​ការ អ្នកស្រី មូរ សុខហួរ លោក អឿ ណារិទ្ធ ក្រោយ​ពី​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង និង​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ក្នុង​បាតុកម្ម​មួយ ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន បើក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ឲ្យ​ពលរដ្ឋ​សម្ដែង​មតិ។
ពីរ​ថ្ងៃ​ក្រោយ​មក សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ​បាន​ចុះ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ​ពីរ​នាក់​ទៀត រួម​មាន លោក នុត រំដួល និង លោក ឡុង រី ខណៈ​តំណាង​រាស្ត្រ​ទាំង​នេះ​កំពុង​អង្គុយ​រង់ចាំ​ផ្លូវ​សមត្ថកិច្ច​ទៅ​ចាប់​ ខ្លួន​ដល់​ផ្ទះ​នោះ។
រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​កំពុង​តាម​ចាប់​ខ្លួន​មនុស្ស​ចំនួន ២៥​នាក់​ទៀត ដែល​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​អ្នក​ គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ និង​កម្លាំង​សន្តិសុខ​របស់​សាលា​ក្រុង​ភ្នំពេញ។
មេធាវី​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ លោក សំ សុខគង់ ឲ្យ​ដឹង​ថា ក្រុម​តំណាង​រាស្ត្រ​ទាំង​នេះ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​កុប្បកម្ម​ប្រឆាំង​មន្ត្រី​សាធារណៈ ដែល​អាច​ជាប់​ពន្ធនាគារ​ពី ១០​ឆ្នាំ ដល់ ២០​ឆ្នាំ។
គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ហុងកុង (Hong Kong) អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) រួម​និង​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ជាង​២០ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោះ​លែង​ក្រុម​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​នៅ​មិន​ទាន់​ឃើញ​បណ្ដា​ប្រទេស​មហា​អំណាច​លោក​សេរី ប្រតិកម្ម​ចំពោះ​ការ​ចាប់​ខ្លួន​ក្រុម​តំណាង​រាស្ត្រ​របស់​បក្ស​សង្គ្រោះ​ ជាតិ ទាំង​នេះ​នៅ​ឡើយ​ទេ៕