2011-04-13
គណបក្សសិទ្ធិមនុស្សបានប្រមូលផ្តុំសមាជិកប្រមាណជាង ៥០០នាក់ ដែលមកពីច្រើននិន្នាការគណបក្សនយោបាយក្នុងខេត្តកំពង់ចាម ដើម្បីរៀបចំតែងតាំងឲ្យទៅជាសមាជិកពេញសិទ្ធិរបស់គណបក្សនៅខេត្តដ៏ធំមួយនេះ។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី១៣ មេសា ថា មនុស្សមកពីច្រើននិន្នាការនយោបាយគណបក្សបានមកចូលរួមជាមួយគណបក្ស សិទ្ធិមនុស្សនៅខេត្តកំពង់ចាម ដោយរួមមានទាំងគណបក្សកំពុងកាន់អំណាចផងដែរ។
លោក កឹម សុខា បានថ្លែងដូច្នេះ ៖ «រូបភាពធំជាងគេដែលចូលរួមគឺ ខាងគណបក្ស សម រង្ស៊ី ដែលមានឯកឧត្ដម ម៉ៅ មុនីវណ្ណ ថ្នាក់ដឹកនាំមូលដ្ឋានក្នុងខេត្តទាំងមូលដ្ឋាន ទីពីរគឺមានគណបក្សផ្សេងៗទៀត ដូចជាគណបក្សហ៊្វុនស៊ិនប៉ិច (បក្ស) នរោត្តម រណឫទ្ធិ ដែលគាត់ហ៊ានចេញមុខមកបង្ហាញ ប៉ុន្តែសមាជិកមួយចំនួនដែលមកពីគណបក្សប្រជាជនគាត់មិនហ៊ានចេញមុខ មកបង្ហាញទេ តែគាត់មកចូលរួមដែរ»។
លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្ររបស់គណបក្ស សម រង្ស៊ី ខេត្តកំពង់ចាម ដែលបានចូលរួមក្នុងពិធីនេះដែរ បានមានប្រសាសន៍មុនបើកកម្មវិធីថា មានសមាជិកគណបក្ស សម រង្ស៊ី ចំនួន ៦០នាក់ ដែលជាគណៈកម្មការប្រតិបត្តិថ្នាក់ជាតិចលនាយុវជន ចលនាស្ត្រីតាមបណ្ដាស្រុកក្នុងខេត្តបានចូលរួមជាមួយគណបក្សសិទ្ធិ មនុស្សនាថ្ងៃនេះ។
លោក ម៉ៅ មុនីវណ្ណ បានចាកចេញពីគណបក្ស សម រង្ស៊ី កាលពីថ្ងៃទី២៣ ខែមីនា ហើយទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្សនៅថ្ងៃដដែលនោះដែរ ដោយលោករិះគន់ថា លោកមិនពេញចិត្តនូវភាពផ្ដាច់ការក្នុងគណបក្សដែលផ្ដល់សិទ្ធិតែពីរ គ្រួសារ។
លោក ម៉ៅ មុនីវណ្ណ មានប្រសាសន៍ថា ៖ «ខ្ញុំបានបកស្រាយនូវភាព ផ្ដាច់ការ និងមិនប្រជាធិបតេយ្យនៅក្នុងគណបក្ស សម រង្ស៊ី រួចហើយ ដូច្នេះសុំឲ្យបងប្អូនជនជាតិទាំងអស់ ហើយនិងសកម្មជនសកម្មនារីទាំងអស់មកចូលរួមជាមួយគណបក្សសិទ្ធិ មនុស្ស ដើម្បីឲ្យក្លាយជាចលនាប្រជាធិបតេយ្យដ៏ធំមួយដើម្បីឲ្យមានការ ផ្លាស់ប្ដូរនៅឆ្នាំ២០១៣ ខាងមុខនេះ»។
លោក គួយ ប៊ុនរឿន តំណាងរាស្ត្ររបស់គណបក្ស សម រង្ស៊ី ខេត្តកំពង់ចាម បានមានប្រសាសន៍ថា លោកពុំមានការភ្ញាក់ផ្អើលចំពោះសកម្មភាពនេះទេ ព្រោះលោកដឹងថា ទោះជាមានការចង់បំបាត់សំឡេងគណបក្ស សម រង្ស៊ី ពីសំណាក់គណបក្សកាន់អំណាច ឬលោក ម៉ៅ មុនីវណ្ណ បានចាកចេញទៅដោយនាំយកមនុស្សបួនប្រាំនាក់ទៅជាមួយក៏ដោយ ក៏លោកនៅតែមានជំនឿថា គណបក្ស សម រង្ស៊ី នៅតែទទួលជ័យជម្នះជានិច្ច។
លោ គួយ ប៊ុនរឿន បានបញ្ជាក់បន្ថែមថា ក្នុងគោលការណ៍បញ្ចូលគ្នាតំណាងការងារគណបក្សទាំងសងខាងបានចរចាគ្នា ៦លើករួចមកហើយ ដោយបានធ្វើសេចក្ដីថ្លែងការណ៍មួយអំពីលទ្ធផលនៃរបាយការណ៍ទាំងពីរ គឺបានបញ្ចប់តាមការកំណត់កិច្ចប្រជុំទីពីរមិនវាយប្រហារគ្នាទីបី ទុកលទ្ធភាពឲ្យថ្នាក់ដឹកនាំទាំងពីរជជែកគ្នា។
ទោះជាយ៉ាងណាក្តី ក៏គេសង្កេតឃើញនៅក្នុងការប្រជុំបញ្ចូលសមាជិកគណបក្សថ្មីនៅទី ចាត់ការគណបក្សសិទ្ធិមនុស្ស ភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម លោក កឹម សុខា បានធ្វើការរិះគន់ខ្លះៗទៅលើគណបក្ស សម រង្ស៊ី ថា បានព្យាយាមឲ្យគណបក្សសិទ្ធិមនុស្សរំលាយខ្លួនដើម្បីទៅចូលរួមក្រោម គណបក្ស សម រង្ស៊ី ដែលលោកថា បើរំលាយខ្លួនទាំងអស់គ្នាបង្កើតគណបក្សថ្មីនោះបាន។
លោក ប៉ែន សង្ហា អ្នកនាំពាក្យរបស់គណបក្ស នរោត្តម រណឫទ្ធិ បានមានប្រសាសន៍ប្រតិកម្មថា ពុំមានរបាយការណ៍ណាមួយបញ្ជាក់ថា មានសកម្មជនថ្នាក់ដឹកនាំក្នុងរចនាសម្ព័ន្ធរបស់គណបក្សនេះចូលទៅ គណបក្សសិទ្ធិមនុស្សឡើយ ហើយលោកបានសុំឲ្យលោក កឹម សុខា កុំធ្វើការវាយប្រហារមកលើគណបក្សលោក ដោយថា នេះមិនមែនជាពេលឃោសនាបោះឆ្នោតទេ។
No comments:
Post a Comment