Wednesday, April 27, 2011

សម រង្ស៊ី​ ៖ ​បដិសេធ​មិន​ជួប​កឹមសុខា បង្រួប​បង្រួម​បក្ស

Sam Rainsy (L) and Kem Sokha (R)
Friday, 22 April 2011
The Phnom Penh Post
មាស សុខជា

ភ្នំពេញៈ ប្រធាន​គណ​បក្ស​សម រង្ស៊ី ដែល​ជា​គណ​បក្ស​ប្រឆាំង​បាន​បដិសេធ​មិន​ជួប​ប្រជុំ​ជា​មួយ​នឹង​លោក កឹម សុខា​ប្រធាន​គណ​បក្ស​សិទិ្ធ​មនុស្ស ​ដើម្បី​ពិភាក្សា​ពី​ការ​រួប​រួម​គ្នា​រវាង​គណ​បក្ស​ទាំង​ពីរ​នោះ​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា ​លោក កឹម សុខា ពុំ​មាន​ស្មារតី​រួប​រួម​គ្នា។

ថ្លែង​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ម្សិល​មិញ លោក សម រង្ស៊ី ប្រធាន​គណ​បក្សសម រង្ស៊ី បាន​​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​រវាង​ក្រុម​ការ​ងារ​គណ​បក្ស សម រង្ស៊ី និង​គណ​បក្ស​សិទិ្ធ​មនុស្ស ដើម្បី​រក​រូប​មន្ត​បង្រួប​បង្រួម​គ្នា​អស់​ជា​ច្រើន​ខែ​កន្លង​មក​នេះ ​គឺ​ជា​កិច្ច​ប្រជុំ​គ្មាន​ប្រយោជន៍ ព្រោះ​លោក កឹម សុខា​ ពុំ​ស្មោះ​ត្រង់ ហើយ​មិន​គោរព​ស្មារតី​រួប​រួម​គ្នា​ ដូច្នេះ​ជំនួប ​រវាង​ប្រធាន​គណ​បក្ស​សមរង្ស៊ី និង​ប្រធាន​គណ​បក្ស​សិទិ្ធ​មនុស្ស ​ពុំ​ចាំបាច់​ទេ​។

លោក សម រង្ស៊ី បាន​បញ្ជាក់​​ថា៖ «​កិច្ច​ប្រជុំ​មិន​សំខាន់​ទេ សំខាន់​គឺ​ស្មារតី​។ យើង​ជួប​ប្រជុំ ​តើ​យើង​ពិភាក្សា​អ្វី​ទៅ ប្រសិន​បើ​យើង​គ្មាន​ស្មារតី​?»។

លោក សម រង្ស៊ី បាន​អះ​អាង​ថា ក្នុង​អំឡុង​កិច្ច​ប្រជុំ​រវាង​​ក្រុម​ការ​ងារ​គណ​បក្ស​ទាំង​ពីរ​អស់​ជា​ ច្រើន​ខែ​​ ក្រុម​ការ​ងារ​គណ​បក្ស សិទិ្ធ​មនុស្ស​បាន​បង្ហាញ​ពី​ភាព​មិន​​ស្មោះ​ត្រង់​។ លោក​លើក​ឡើង ថា គណ​បក្ស​សិទិ្ធ​មនុស្ស​មិន​គោរព​អ្វី​ដែល​ខ្លួន​និយាយ​នោះ​ទេ។

លោក សម រង្ស៊ី បាន​បន្ថែម​ថា៖ «​ផ្អែក​លើ​របាយ​ការណ៍​ដែល​ក្រុមការ​ងារ​ប្រាប់​ខ្ញុំ​ ​គណ​បក្ស​សិទិ្ធ​មនុស្ស ​គ្មាន​ស្មារតី​បង្រួប​បង្រួម​​គ្នា​ទេ​។ នៅ​​ទល់​មុខ​ពួក​គេ​និយាយ​ផ្សេង នៅ​ក្រោយ​ខ្នង​ពួក​គេ​ធ្វើ​ផ្សឹង ​​ដូច្នេះ​គេ​គ្មាន​ស្មារតី វា​មិន​ស្មោះ​ត្រង់​។ ហេតុ​នេះ​ប្រសិន​បើ​យើង​ខ្វះ​ភាព​ស្មោះ​ត្រង់​ តើ​​យើង​និយាយ​ពី​អ្វី​ទៅ វា​គ្មាន​ប្រយោជន៍​អ្វី​ទេ?» ។

ប៉ុន្តែ​ លោក កឹម សុខា ​បាន​ថ្លែង​ថា​ ការ​បដិសេធ​របស់​សមរង្ស៊ី​បែប​នេះ​ មិន​មែន​ជា​លើក​ទី​១​ទេ សម្រាប់​លោក​នោះ ដោយ​លោក​បាន​បញ្ជាក់​ថា ​មូល​ហេតុ​ដែល​លោក​ សម រង្ស៊ី បដិសេធ​កិច្ច​ប្រជុំ ព្រោះ​លោក​មិន​ហ៊ាន​បង្រួប​បង្រួម​ជាមួយ​នឹង​អ្នក​ប្រជា​ធិបតេយ្យ ​លោក​ខ្លាច​បាត់​បង់​សិទិ្ធ​អំណាច​ដាច់​មុខ ​ក្នុង​គណ​បក្ស​របស់​លោក​។

លោក កឹម សុខា បាន​បញ្ជាក់​ថា៖ «​គាត់​មិន​ហ៊ាន​បង្រួប​បង្រួម​ជាមួយ​នឹង​អ្នក​ប្រជា​ធិបតេយ្យ​ពិត​ ពី​ព្រោះ​ថា គាត់​ចង់​ប្រមូល​ផ្តុំ​អំណាច​។ នៅ​ពេល​គាត់​បង្រួប​បង្រួម​ជាមួយ​គណ​បក្ស​ខ្ញុំ ​គាត់​មិន​អាច​ប្រើ​អំណាច​ដាច់​មុខ​តែ​ឯង​។ ដូច្នេះ វា​ស្រេច​​លើ​គាត់​ប្រជាជន​នឹង​មើល​ឃើញ​ អ្នក​ណា​​ដែល​ចង​បង្រួប​បង្រួម អ្នក​ណា​ដែល​មិន​ចង់​បង្រួប​បង្រួម​»។

លោក កឹម សុខា បាន​អះ​អាង​ថា លោក​​មិន​​ដែល​ខ្វះ​ភាព​ស្មោះ​ត្រង់​ទេ ផ្ទុយ​ទៅ​វិញ​លោក សម រង្ស៊ី ទៅ​វិញ​ទេ​ ដែល​មិន​ស្មោះ​​ត្រង់​​ជា​មួយ​លោក។ ​លោក​លើក​ឡើង​ថា​លោក​សម រង្ស៊ី មិន​ស្មោះ​​ត្រង់​ជាមួយ​លោក​ជា​ច្រើន​ដង​រួច​មក​ហើយ​។ ​លោក​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា លោក សម រង្ស៊ី បាន​ក្បត់​ពាក្យ​សន្យា​ កាល​ពី​ឆ្នាំ​២០០៨ ​ដោយ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​បន្ទាប់​​ពី​គណ​បក្ស​សម រង្ស៊ី និង​គណ​បក្ស​សិទិ្ធ​មនុស្ស​សន្យា​គ្នា​ថា មិន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​សភា​ពេល​នោះ។

លោក​ កឹម សុខា បាន​បន្ត​ថា៖ «ខ្ញុំ​ស្មោះ​ត្រង់​នឹង​លទិ្ធ​ប្រជា​ធិបតេយ្យ ស្មោះ​ត្រង់​នឹង​ប្រជា​ជន​។ ខ្ញុំ​មិន​​ស្មោះ​ត្រង់​នឹង​បុគ្គល​ដាច់​ខាត​នោះ​ទេ។ ក្រុម​របស់​ខ្ញុំ​​មិន​មាន​ទំនុក​ចិត្ត​​លើ​គាត់​ទេ ប៉ុន្តែ​ វា​ជា​បញ្ហា​ជាតិ ហើយ​ជា​ឆន្ទៈ​ប្រជាជន​ ដូច្នេះ ខ្ញុំ​ព្យាយាម​ប្រមូល ព្រោះ​ខ្ញុំ​យល់​ថា គាត់​មិន​មែន​ជា​អ្នក​បំផ្លាញ​ជាតិ​​ទេ?»៕ TK

No comments: