Wednesday, May 4, 2011

កោត​តែ​ហង្ស​មាស​ធ្វើ​ទៅ​រួច

ថ្ងៃ អង្គារ 22 ខែ​មីនា 2011
Posted by សុភ័ក្ត្រ on http://sopheak.wordpress.com/2011/03/22/hang-meas/


ស្រុក​ខ្មែរ​យើង​អា​រឿង​ម្ចាស់​ក្រុម​ហ៊ុន​ផលិត​ចម្រៀង​កុបពី​បក​ប្រែ​ ចម្រៀង​បរទេស​មក​ឲ្យ​ខ្មែរ​ច្រៀង​តាម​នោះ យើង​ឈប់​និយាយ​ទៅ ដ្បិត​វា​បាន​ក្លាយ​ជា​ជំងឺ​មហា​រីក​សង្គម និង​បាន​ក្លាយ​ទៅ​ជា​វប្បធម៌​មួយ​ទៅ​ហើយ​របស់​ខ្មែរ​ម្ចាស់​ផលិត​កម្ម​នានា បូក​រួម​នឹង​កំហុស​ខ្មែរ​ដែល​នាំ​គ្នា​គាទ្រ​នោះ​ផង។

អ្វី​ដែល​ហួស​ចិត្ត​សម្រាប់​ខ្ញុំ​នឹង​បរិយាយ​នៅ​ពេល​នេះ គឺ​ថា​បន្ទាប់​ពី​ដេក​កុបពី ដើរ​កុបពី អង្គុយ​កុបពី ឈរ​កុបពី ចម្រៀង​គេ​គ្រប់​ជាតិ គ្រប់​សាសន៍​មក​ច្រៀង​មក ដល់​យូរ​ៗ​ទៅ​អស់​បទ​កុបពី ស្រាប់​តែ​ពេល​នេះ​ផលិត​កម្ម​ដែល​គេ​ហៅ​ថា​ទី​១​ក្នុង​ស្រុក​ខ្មែរ គឺ​ហង្ស​មាស នោះ​ឥឡូវ​ស្រាប់​តែ​យក​បទ​ដែល​ជា​បទ​ចម្រៀង​ប្រចាំ និង​លើក​តម្កើង​ប្រទេស​ថៃ​មក​ឲ្យ​ខ្មែរ​ច្រៀង​តាម​ទៀត។ ហួស​ចិត្ត​រក​និយាយ​អ្វី​មិន​ត្រូវ​ទេ។

បទ «สยามเมืองยิ้ม» ឬ​ប្រែ​ជា​ខ្មែរ​ថា «ស្យាម​ស្រុក​ញញឹម» (ឬ​ដែល​គេ​ដឹង​ជា​ទូទៅ​ និង​ជា​យុទ្ធនាការ​របស់​ប្រទេស​ថៃ​ថា Thailand, Land of Smiles នោះ​ឯង) ដែល​ច្រៀង​ដោយ​អតីត​រាជនី​ចម្រៀង​ថៃ នាង ផុំផួង ដួងច័ន្ទ្រ (ថៃ៖ พุ่มพวง ดวงจันทร์) គឺ​ជា​បទ​មួយ​ដែល​ប្រទេស​ថៃ​គេ​បាន​ផលិត​ឡើង​ដើម្បី​លើក​តម្កើង​ស្រុក​គេ វា​ប្រៀប​បាន​នឹង​បទ «ពង្សាវតារ​ខ្មែរ» របស់​ខ្មែរ​យើង​ដូច្នោះ​ដែរ។ ស្រុក​ថៃ​គ្រាន់​តែ​ចេញ​ភ្លេង​នៃ​បទ​នេះ​មក​គេ​ស្គាល់ និង​ស្ដាប់​ឡើង​នាំ​គ្នា​សឹង​បះ​រោម ព្រោះ​តែ​គេ​មាន​មោទនភាព​នឹង​ជាតិ​គេ។ មិន​ដឹង​ហេតុ​ផល​អ្វី​ទាល់​តែ​សោះ ដែល​ហង្ស​មាស​សុខ​ៗ​ទៅ​យក​បទ​បែប​ជាតិ​និយម​របស់​ថៃ​មក​កុបពី​ ធ្វើ​បទ​ចម្រៀង​​ឲ្យ​ខ្មែរ​ស្ដាប់ និង​ច្រៀង​តាម​នោះ​ឡើយ។ នេះ​ឯង​ឬ​ស្នាដៃ​កូន​ខ្មែរ​សម័យ​នេះ? sic បើ​យក​ទំនុក​​បទ​ភ្លេង​ សាកល វា​មិន​សូវ​ជា​បញ្ហា​អ្វី​ទេ តែ​នេះ​ហង្ស​មាស​ឈាន​ទៅ​កុបពី​បទ​ចម្រៀង​បែប​នេះ បន្តិច​ទៀត​ច្បាស់​ជា​អស់​បទ​ចម្រៀង​ចម្លង ហង្ស​មាស​មុខ​ជា​នឹង​ចម្លង​ភ្លេង​ជាតិ​ថៃ មក​ឲ្យ​កូន​ខ្មែរ​ច្រៀង​តាម​លាន់​ហើយ​មើល​ទៅ ខ្ញុំ​ថា

បទ​ចម្រៀង​ដែល​ក្រុមហ៊ុនហង្ស​មាស​បាន​កុបពី​ពី​បទ «ស្យាម​ស្រុក​ញញឹម» គឺ​ស្ថិត​នៅ​ក្នុង​ថាស​ចម្រៀង​លេខ​៤៣១ (ឈុត​អនុស្សាវរីយ៍​សំពៅ​លូន) ឈ្មោះ «មរតក​ជីវិត» ដែល​ច្រៀង​ដោយ នាង​ ខាត់ សុឃីម។ បើ​ទោះ​បី​ជា​ខំ​ធ្វើ​ភ្លេង​ឲ្យ​ស្ដាប់​ទៅ​ដូច​ខ្មែរ តែ​វា​មិន​ទៅ​រួច​ទេ ព្រោះ​សាច់​ភ្លេង​មាន​ជាប់​ក្លិន​ថៃ​យ៉ាង​ច្បាស់ ដ្បិត​អ្វី​វា​ជា​របស់​គេ​សុទ្ធ​សាធ។ ស្ដាប់​ទៅ​គួរ​ឲ្យ​អាណិត​ខ្មែរ អាណិត​ដូន​តា​ខ្មែរ​ដែល​ខំ​សាង​ប្រទេស​ពី​អតីត​រុង​រឿង សម័យ​នេះ​កូន​ខ្មែរ​បាន​តែ​ខំ​កុបពី​​បទ​ភ្លេង​​គេ មក​ឲ្យ​ជន​ជាតិ​គេ​មើល​ងាយ​ខ្មែរ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ ថ្ងៃ​។

ខាង​ក្រោម​នៃ​ជា​អត្ថន័យ​ប្រែ​នៃ​បទ «สยามเมืองยิ้ม»

ចូរ​អ្នក​ទាំង​អស់​គ្នា​មាន​មោទនភាព​ចុះ​ដែល​បាន​កើត​ជា​ជន​ជាតិ​ថៃ
យើង​មិន​ដែល​បាន​ក្លាយ​ជា​ទាសករ​នៃ​ជាតិ​ណា (មិន​ដែល​ស្ថិត​ក្រោម​អាណា​និគម) ហើយ​យើង​មាន​ទឹក​ចិត្ត​​ដ៏​ល្អ​ផូរ​ផង់
ទូទាំង​ពិភព​លោក​បាន​ផ្ដល់​នាម​ប្រទេស​យើង​ថា ជា​ស្យាម​ស្រុក​ញញឹម
យើង​គួរ​មាន​មោទនភាព​ចំពោះ​ភាព​ល្អ​ស្អាត​នៃ​ប្រទេស​យើង។

ជន​ជាតិ​ដែល​មាន​ចិត្ត​ត្រជាក់ គឺ​ជា​ជន​ជាតិ​ថៃ​យើង​នេះ
បើ​ទោះ​បី​​មាន​ជន​ជាតិ​ផ្សេង​ទៀត​មក​ពំនាក់ យើង​មិន​ដែល​ហាម​ឃាត់
អ្នក​ខ្លះ​ឆ្លង​ខេត្ត​ឆ្លង​ស្រុក​មក​ចូល​ពឹង​បុណ្យ​ស្យាម​ប្រទេស (ថៃ)
ពួក​យើង​នៅ​តែ​ញញឹម​ទទួល​អ្នក។

ស្រុក​យើង​ល្បី​ថា​ជា​ប្រទេស​ដែល​មាន​ទឹក​ចិត្ត
ហើយ​សូម​ផ្ដាំ​ទៅ​អ្នក​មក​ស្នាក់​អាស្រ័យ​ថា​កុំ​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ថៃ
ជន​ជាតិ​ថៃ​គឺ​ជា​ជន​ជាតិ​ស្មោះ​ត្រង់​មក​តាំង​ពី​បុរាណ​កាល
ត្រឹម​បាយ​មួយ​ចាន បើ​អ្នក​ណា​ភ្លេច​របស់​អ្នក​នោះ​គឺ​និរគុណ។

ជន​ជាតិ​ថៃ​ស្រឡាញ់​ជាតិ និង​សាសនា
ព្រម​ទាំង​អង្គ​ព្រះ​មហាក្ស័ត្រិយ៍ ដែល​ជា​ទី​សក្ការៈ
ប្រសិន​បើ​អ្នក​គោរព​សិទ្ធិ​របស់​ថៃ អ្នក​អាច​រស់​នៅ​បាន​យូរ
ប្រទេស​ថៃ​មាន​ចិត្ត​បុណ្យ នៅ​ញញឹម​ដាក់​អ្នក​ជានិច្ច៕

បទ​ភ្លេង​មេឡូឌី ដែល​មាន​អត្ថន័យ​ជា​ភ្លេង​ជាតិ​និយម​របស់​ប្រទេស​ថៃ​បែប​នេះ អ្នក​គិត​ថា ខ្មែរ​យើង​យក​មក​ធ្វើ​ជា​ចម្រៀង​ខ្មែរ​ឲ្យ​ជន​ជាតិ​យើង​ច្រៀង​តាម​ដែរ​ឬ​ យ៉ាង​ណា?

សូម​ស្ដាប់​ចម្រៀង​នេះ និង​បទ​ចម្លង​របស់​ហង្ស​មាស ខាង​ក្រោម៖

No comments: