Thursday, December 15, 2011

សហគមន៍​ព្រៃ​ឈើ​បួង​សួង​នៅ​សៀម រាប​សុំ​ឲ្យ​បារមី​ជួយ​ការពារ​ព្រៃឡង់ – Forest co mmunities pray for protection of Prey Lang

Prey+Lang+prayers+on+14Dec2011.jpg
Prey+Lang+prayers+on+14Dec2011+02.jpg
សមត្ថកិច្ច​ព្យាយាម​រារាំង​ក្រុម​សកម្មជន​ព្រៃឈើ​មិន​ឲ្យ​ទៅ​ធ្វើ​ពិធី​បួង​សួង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១១។ Photo Supplied

ដោយ ហង្ស សាវយុត
2011-12-14
Radio Free Asia

សមត្ថកិច្ច​របស់​អាជ្ញាធរ​ដែនដី និង​ក្រុម​ប៉ូលិស​បេតិកភណ្ឌ​​នៃ​ស្នងការដ្ឋាន​ពិសេស​ការពារ​តំបន់​អង្គរ​នៅ​ ក្នុង​ខេត្ត​សៀមរាប បាន​ព្យាយាម​រារាំង​សកម្មភាព​របស់​សកម្មជន​ការពារ​ព្រៃ​ឈើ​​មួយ​ក្រុម​ដែល​ បាន​ទៅ​ធ្វើ​ពិធី​បួង​សួង​​នៅ​ក្នុង​បរិវេណ​ប្រាសាទ​បាយ័ន កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ដើម្បី​សុំ​ឱ្យ​បញ្ឈប់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឡង់ ដែល​ជា​ព្រៃឈើ​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់​អា​ស៊ី​នោះ។

ក្រុម​សហជីព​កម្មករ និង​សហគមន៍​ការពារ​ព្រៃឈើ​ជនជាតិ​ភាគ​តិច​ប្រមាណ ៣០០​នាក់ បាន​រួម​គ្នា​ធ្វើ​ពិធី​បួង​សួង​នៅ​កន្លែង​ព្រះអង្គ​គោកធ្លក ក្នុង​បរិវេណ​ប្រាសាទ​អង្គរធំ ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១១។

បើ​ទោះ​បី​ជា​មាន​ការ​រារាំង​ពី​ក្រុម​សមត្ថកិច្ច​ក៏ដោយ ក៏​​ក្រុម​អ្នក​ការពារ​ព្រៃ​ឈើ​​ទាំង​នោះ​​​នៅ​តែ​នាំ​គ្នា​ជម្នះ​ធ្វើ​ពិធី ​បួងសួង​តាម​បែប​ព្រហ្មញ្ញ​សាសនា​ឱ្យ​​ទាល់​តែ​បាន។

ក្រុម​សហជីព​កម្មករ និង​សហគមន៍​ការពារ​ព្រៃឈើ​ជនជាតិ​ភាគ​តិច​ប្រមាណ ៣០០​នាក់ បាន​រួម​គ្នា​ធ្វើ​ពិធី​បួង​សួង​នៅ​កន្លែង​ព្រះអង្គ​គោកធ្លក ក្នុង​បរិវេណ​ប្រាសាទ​អង្គរធំ ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែ​ធ្នូ។

ការ​បួងសួង​ដោយ​​អន្ទង​ព្រលឹង​​បុព្វបុរស​ខ្មែរ និង​វត្ថុ​សក្ដិសិទ្ធិ​នោះ បំណង​ឱ្យ​សំដែង​មហិទ្ធិឫទ្ធិ​ជួយ​ការពារ​តំបន់​ព្រៃឡង់​ដ៏​ធំ​មួយ ដែល​ពួកគេ​កំពុង​ព្រួយ​បារម្ភ​ថា អាច​នឹង​បាត់​បង់​នៅ​ពេល​ខាង​មុខ ដោយសារ​តែ​ក្រុមហ៊ុន​​ដី​សម្បទាន​សេដ្ឋកិច្ច​ផង និង​ដោយសារ​ការ​កាប់​បំផ្លាញ​ខុស​ច្បាប់​ផង។

លោក វន ពៅ ជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​​បាន​ដឹកនាំ​ធ្វើ​ពិធី​បួង​សួង​ នោះ។ លោក​​បាន​មាន​ប្រសាសន៍​ថា ការ​បួងសួង​ដែល​​មាន​អុជ​ទៀន​ធូប និង​ថ្វាយ​ដង្វាយ​ខ្លះៗ​ទៅ​តាម​ប្រពៃណី​នៃ​ជំនឿ​របស់​ខ្មែរ បង្ហាញ​ឱ្យ​ឃើញ​​​សកម្មភាព​​មិន​មែន​ជា​អំពើ​បាតុកម្ម ឬ​ក៏​ជា​អំពើ​ហិង្សា​ណា​មួយ​ទេ ដើម្បី​ការពារ​តំបន់​ព្រៃឡង់​ដ៏​ធំ​កុំ​ឱ្យ​ទទួល​រង​វិនាសកម្ម​ពី​ការ​កាប់​ បំផ្លាញ​ធ្ងន់ធ្ងរ​ត​ទៅ​ទៀត។

លោក វន ពៅ៖ «ជា​សារ​មួយ​ទៅ​អាជ្ញាធរ​រដ្ឋាភិបាល ហើយ​ជា​សារ​មួយ​ទៅ​ប្រជាពលរដ្ឋ​ទៅ​ភ្ញៀវទេសចរ​​ត្រូវ​តែ​រួម​គ្នា​ការពារ​ ព្រៃឡង់។ ព្រៃឡង់​គឺ​ជា​ព្រៃ​ដែល​ធំ​ជាង​គេ មិន​ត្រឹមតែ​ប្រទេស​កម្ពុជា​ទេ គឺ​នៅ​ក្នុង​តំបន់​អាស៊ី​ទាំង​មូល​ផង ពីព្រោះ​យើង​ចាត់​ទុក​ថា ព្រៃឡង់​គឺ​ជា​ព្រៃ AMAZON នៅ​ក្នុង​តំបន់​អាស៊ី។ ព្រៃឡង់​គឺ​មាន​សារសំខាន់​ណាស់ ទាំង​ជីវិត​សត្វ ជីវិត​មនុស្ស ហើយ​ម្យ៉ាង​វិញ​ទៀត គឺ​ជា​ប្រភព​នៃ​ការបោន​​ច្រើន​នៅ​ក្នុង​តំបន់​ព្រៃឡង់​នេះ»។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា កន្លង​ទៅ ក្រុម​យុវជន​ប្រមាណ ២០​នាក់ ធ្លាប់​បាន​នាំ​គ្នា​ធ្វើ​ពិធី​បួង​សួង​នៅ​មុខ​ព្រះអង្គ​ដងកើ ក្នុង​ទីក្រុង​ភ្នំពេញ ម្ដង​មក​ហើយ ដើម្បី​បន់ស្រន់​សុំ​ឱ្យ​បារមី​នៃ​វត្ថុ​សក្ដិសិទ្ធិ​ជួយ​ការពារ​ព្រៃឡង់។ ការ​បួងសួង​នោះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​​នៅ​ខេត្ត​ ព្រះវិហារ​ ខេត្ត​ក្រចេះ​ ស្ទឹងត្រែង និង​កំពង់ធំ បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ​ការពារ​តំបន់​​ព្រៃឡង់។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា កន្លង​ទៅ កង​កម្លាំង​របស់​រដ្ឋាភិបាល​មាន​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​​ធ្លាប់​បាន​ធ្វើ​ការ​រុញ​ច្រាន​ជាមួយ​ក្រុម​សហគមន៍​ ការពារ​ព្រៃឡង់ នៅ​ក្នុង​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នៅ​ពេល​ដែល​ក្រុម​សហគមន៍​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ដើរ​ដង្ហែ​ក្បួន​សំដៅ​ ទៅ​កាន់​កន្លែង​មួយ​​ដែល​គេ​ដឹង​ថា កំពុង​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​បំណង​ធ្វើ​វេទិកា​សំដែង​មតិ​នៅ​ទី​នោះ។

លោក ស្វាយ ភឿន តំណាង​ឱ្យ​ជនជាតិ​ភាគ​តិច​កួយ មក​ពី​ខេត្ត​ចំនួន ៤ នៅ​ជុំវិញ​តំបន់​ព្រៃឡង់។លោក​បាន​មាន​ប្រសាសន៍​ថា ជន​ជាតិ​ភាគ​តិច និង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ តែងតែ​ចូល​ព្រៃ​​ឡង់​ដើម្បី​ស្វែង​រក​ចំណូល​ចិញ្ចឹម​ជីវិត​ស្ទើរ​តែ​រៀង​ រាល់​ថ្ងៃ ចាប់​តាំង​ពី​ជំនាន់​សង្គម​រាស្ត្រ​និយម​មក។ ពួក​គេ​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​ព្រៃឡង់​បន្តិច​ម្ដង​ៗនោះ។

លោក ស្វាយ ភឿន៖ «ពួក​គាត់​ពឹង​ពាក់​លើ​ព្រៃឡង់​ទាំង​អស់ ជា​ពិសេស​គឺ​ជនជាតិ​កួយ។ ក្រៅ​ពី​ការ​រក​ជ័រ គឺ​គាត់​អាច​បោច​វល្លិ​ប្រមូល​អនុផល​ព្រៃឈើ ​ជា​ពិសេស​គឺ​ថ្នាំ​បូរាណ ឱសថ​បូរាណ​ទាំង​អស់​ហ្នឹង​យក​មក​ពី​ព្រៃ​​ឡង់​តែម្ដង ដើម្បី​ព្យាបាល​ជីវិត​របស់​ពួក​គាត់ ពិសេស​ទៅ​ទៀត​ហ្នឹង ជាតិ​ដើម​ភាគ​តិច​គាត់​ជឿ​លើ​អារុក្ខអារក្ខ​អ្នក​តា​ដែល​ថែរក្សា​នៅ​ក្នុង​ ព្រៃឡង់​ទាំង​មូល​ហ្នឹង វា​ធ្វើ​ឱ្យ​ការ​បន់​ស្រន់ និង​ការ​សែន​ព្រេន​របស់​ពួក​គាត់​កាន់​តែ​បាក់​ស្រុត​ទៅ​ហើយ ដោយសារ​តែ​ការ​បាត់បង់​ព្រៃឡង់»។

ព្រៃឡង់​ដែល​មាន​ទំហំ​ជាង ៣.៦០០​គីឡូម៉ែត្រ​ក្រឡា នៅ​ជាប់​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ កំពុង​រង​ការ​បាត់បង់​ដោយសារ​ការ​កាប់​បំផ្លាញ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ និង​ដោយសារ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល៕

No comments: