Wednesday, December 14, 2011

អ្នក​ជំនាញ​ថា​ការផ្សព្វផ្សាយ​ ពី​សាលាក្តី​នៅ​មិនទាន់​គ្រប់​គ្រាន់​នៅ​ឡ ើយ – KRT

Aging+3+KR+leaders+%2528AP%2529.jpg
សាលាក្តី​ខ្មែរ​ក្រហម​កំពុង​បើក​​ដំណើរការ​កាត់​ទោស​សំណុំ​រឿង​០០២​ដោយ​ ផ្តោត​លើ​មេ​ដឹកនាំ​ជាន់​ខ្ពស់​បីរូប​គឺមាន ​នួន ជា ​អតីត​មេ​មនោគម​វិជ្ជា​ខ្មែរ​ក្រហម ​ខៀវ សំផន ​អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ ​និង​អៀង សារី ​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស។ (រូបថត៖ AP)

ថ្ងៃច័ន្ទ, 12 ខែធ្នូ 2011
ដោយ ម៉ែន គឹមសេង វីអូអេ ខ្មែរ | វ៉ាស៊ីនតោន

«ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ​គឺ​០០២​នេះ​គឺ​ជា​លើក ​ទីមួយ​ហើយ​បន្ទាប់​ពី​ រយៈ​ពេល​៣២​ឆ្នាំ​ដែល​មេដឹកនាំ​ជាន់​ខ្ពស់​និយាយ​នៅមុខ​ចៅក្រម​ ហើយ​នេះ​គឺ​ជា​ការ​និយាយ​ចុងក្រោយ​ដោយ​សារ​ថា ​០០២​ប្រហែល​អាច​ជា​សំណុំ​រឿង​ចុងក្រោយ​ ហើយ​គាត់​ទាំង​បួន​នាក់​ដែល​មាន​អាយុ​ជាង​៨០​ឆ្នាំ​ហើយ​អាច​ថា​ នេះ​ជា​ការ​និយាយ​ចុង​ក្រោយ»។

“What is important in Case 002 is the first time, after 32 years, that the high ranking officials talk in front of judges, and this is also the last time because Case 002 could be the last case. All four of them are in their 80s, this could be their last speech.”

The publication on the evolution of Case 002 involving 3 leaders at the KRT is lacking and it does not allow Cambodians to understand all the aspects of the crimes involved yet. This is what Chhang Youk believes.

ការផ្សព្វផ្សាយ​ពី​ដំណើរការ​កាត់​ក្តី ក្នុង​សំណុំ​រឿង​លេខ​០០២​ដែល​មាន​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​បី​នាក់​ នៅ​មិន​ទាន់​គ្រប់​គ្រាន់​ពេញ​លេញ​សម្រាប់​ពលរដ្ឋ​ខ្មែរ​យល់​ដឹង​ឱ្យ​គ្រប់​ ទិដ្ឋភាព​នៃ​បទ​ឧក្រិដ្ឋ​ដែល​បាន​កើត​មាន​ឡើង​​​នៅ​ឡើយ​ទេ។ នេះ​បើតាម​ការ​លើក​ឡើង​របស់​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​មួយ​រូប​ស្តីពី​​​ របប​ខ្មែរ​ក្រហម។

លោក​ឆាំង​ យុ ​នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ បាន​ទទួលស្គាល់​ថា​ កន្លង​មក​មាន​ ការ ផ្សព្វផ្សាយ​ឱ្យ​ដឹង​ពី​ការងារ​របស់​តុលាការ​និង​ពី​របបខ្មែរ​ក្រហម​ ប៉ុន្តែ​អ្វី​ដែល​ជា​​ក្តីព្រួយ​បារម្ភ ​របស់​លោក​គឺ​ថា ​សម្រាប់​សំណុំ​រឿង​លេខ​០០២​នេះ​នៅមិនទាន់​មាន​បណ្តាញ​ទូរទស្សន៍​ណា មួយ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ទាំង​ស្រុង​ពី​សវនាការ​កាត់​ទោស​ដែល​បាន​កើត ​ឡើង​តាំង​ពី​ថ្ងៃ​ទី​២១​ខែ​វិច្ឆិកា​នោះ​មក​ទេ។​ លោក​យល់​ថា​ ការថតផ្សាយ​ដំណើរការ​សវនាការ​លើក​នេះ​គឺ​វា​មាន​លក្ខណៈ​សំខាន់​ណាស់​សម្រាប់ ​ប្រវត្តិសាស្រ្ត​នៃ​របប​ខ្មែរ​ក្រហម។

លោក​ឆាំង​ យុ​បញ្ជាក់​បន្ថែម​ទៀត​ថា៖

«ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ​គឺ​០០២​នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​បន្ទាប់​ ពី​រយៈ​ពេល​៣២​ឆ្នាំ​ដែល​មេដឹកនាំ​ជាន់​ខ្ពស់​និយាយ​នៅមុខ​ចៅក្រម​ ហើយ​នេះ​គឺ​ជា​ការ​និយាយ​ចុងក្រោយ​ដោយ​សារ​ថា ​០០២​ប្រហែល​អាច​ជា​សំណុំ​រឿង​ចុងក្រោយ​ ហើយ​គាត់​ទាំង​បួន​នាក់​ដែល​មាន​អាយុ​ជាង​៨០​ឆ្នាំ​ហើយ​អាច​ថា​ នេះ​ជា​ការ​និយាយ​ចុង​ក្រោយ។ ​អញ្ចឹង​ការស្តាប់​ឮ​ទាំង​ស្រុង​ចំពោះ​ប្រជាជន​ដែល​យក​ចិត្ត​ទុកដាក់​ ជាពិសេស​ប្រជាជន​ដែល​រងគ្រោះ​ គឺជា​ការណ៍​សំខាន់​ណាស់​នៅ​ពេល​ដែល​ចៅក្រម​ចេញ​សេចក្តី​សម្រេច​ចិត្ត​មួយ​ នៅ​ពេល​ដែល​សវនាការ​នេះ​ត្រូវ​បាន​បញ្ចប់។​ បើសិន​ជាគាត់​មិនបាន​ស្តាប់​ទាំង​ស្រុង​ វាអាច​ប៉ះពាល់​ដល់​ការ​ទទួល​យក​ឬ​ក៏​ការ​មិន​ច្បាស់លាស់​ ឬ​ក៏​មិនបាន​ឮ​ពី​ភាគី​ម្ខាង​ទៀត។ ​វា​ធ្វើ​ឱ្យ​បាត់​តម្លៃ​សាលក្រម​នាពេល​ចុង​ក្រោយ»។

សាលាក្តី​ខ្មែរ​ក្រហម​កំពុង​បើក​​ដំណើរការ​កាត់​ទោស​សំណុំ​រឿង​០០២​ដោយ​ ផ្តោត​លើ​មេ​ដឹកនាំ​ជាន់​ខ្ពស់​បីរូប​គឺមាន ​នួន ជា ​អតីត​មេ​មនោគម​វិជ្ជា​ខ្មែរ​ក្រហម ​ខៀវ សំផន ​អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ ​និង​អៀង សារី ​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស។​ អតីត​មេដឹកនាំ​ទាំង​បី​ដែល​មាន​វ័យ​ចំណាស់ៗ​ខ្លាំង​ និង​ខ្លះ​មាន​ជំងឺ​ផង ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពីបទ​ប្រល័យ​ពូជសាសន៍ ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​​​ចំពោះ​រយៈ​ពេល​​នៃ​ការគ្រប់​ គ្រង​ប្រទេស​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

លោក​ឆាំង​ យុ​យល់​ថា ​ការផ្សព្វផ្សាយ​ដែល​មាន​ការ​ថត​ហើយ​ផ្សាយ​ទាំង​ស្រុង​ នឹង​ជួយឲ្យ​ជន​រងគ្រោះ ​ដែល​មិន​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ដំណើរ​ការ​កាត់​ទោស​ក្រុម​មេដឹកនាំ​ នៅឯ​សាលាក្តី ​បាន​យល់​កាន់តែ​ច្បាស់​ថា​ តើ​មេដឹកនាំ​ទាំងនោះ​មាន​អ្វី​ដែល​ជា​ការ​ដោះសារ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ ប្រព្រឹត្ត។

ការព្រួយ​បារម្ភ​របស់​លោក​បាន​កាន់​តែ​កើន​ឡើង​នៅ​ពេល​ដែល​បណ្តាញ​ ទូរទស្សន៍​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា ​ស៊ីធីអឹន​​បាន​ប្រកាស​កាលពី​ដើម​សប្តាហ៍​នេះ​​ថា ​នឹង​បន្ថយ​កម្ម​វិធី​ផ្សាយ​ពី​សាលាក្តី​ខ្មែរ​ក្រហម​នេះ។

លោក​​សោម ឆាយា​ អគ្គ​នាយករង​ស្ថានីយ៍​ទូរទស្សន៍​ស៊ីធីអឹន​ បាន​ប្រាប់​វីអូអេ​ពី​មូល​ហេតុ​នៃ​ការ​បន្ថយ​ការ​ផ្សាយ​នោះ​ថា​ គឺ​ដោយ​សារ​តែ​ស្ថានីយ៍​របស់​លោក​ត្រូវ​តម្រូវ​តាម​ការចង់​ផ្សព្វ​ផ្សាយ​ ផលិតផល​របស់​អ្នក​ឧបត្ថម្ភ​ខ្លះ​ ហើយ​ស្ថានីយ៍​បាន​យល់​ព្រម​តាម​កិច្ច​សន្យា​ ដូច​ដែល​បាន​ស្នើ​សុំ។​ លោក​ឆាយា​បន្ថែម​ថា ​ស្ថានីយ៍​របស់​លោក​អាច​ផ្សាយ​បាន​តែ​ក្នុង​ករណី​អង្គ​សវនាការ​ដែល​មាន​ពាក់ ​ព័ន្ធ​នឹង​ការ​ឆ្លើយ​បំភ្លឺ​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ ទាំង​នោះ៖

«យើង​បាន​កំណត់​ថា ​ប្រសិនបើ​មាន​ហេតុ​ការណ៍​ធំៗ​ ដូច​ជា​ករណី​តា​នួន​ជា តាខៀវ​ សំផន​ឬក៏​អៀង​ សារី​ អី​អញ្ចឹង​នោះ​គឺ​យើង​សុខចិត្ត​ធ្វើ​យ៉ាង​ម៉េច​គឺ​សុខចិត្ត​លះបង់​ពេល​វេលា​ ហ្នឹង​គឺ​ដើម្បី​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ជា​បន្ត​ទៀត»។

សាលាក្តី​ខ្មែរ​ក្រហម​យល់​ថា​ ការ​សម្រេច​ផ្សាយ​តិច ​ឬ​ច្រើន​លើ​ដំណើរ​ការ​សវនាការ​សាលាក្តី​ខ្មែរ​ក្រហម​គឺ​វា​អាស្រ័យ​លើ​ការ​ សម្រេច​របស់​បណ្តាញ​ផ្សព្វផ្សាយ ​ព្រោះ​សាលាក្តី​មិន​មាន​ចុះ​កិច្ច​សន្យា​ជាមួយ​នឹង​បណ្តាញ​ណា​មួយ​ថា​ ត្រូវ​តែ​ផ្សព្វផ្សាយ​ជាប់​ជានិច្ច​ឱ្យ​សាលាក្តី​ទេ។

លោក​ហ៊ុយ វណ្ណៈ ​អ្នកនាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​អះអាង​ថា​ ខាង​សាលាក្តី​មាន​រៀបចំ​កម្ម​វិធី​ទូរទស្សន៍​និង​វិទ្យុ​មួយ​ចំនួន​ ព្រម​ទាំង​ការចុះ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ពី​ដំណើរការ​កាត់​ទោស​នេះ​​ ហើយ​ចំនួន​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដែល​មក​ផ្តិត​យក​ទិដ្ឋភាព​នៃ​សាលាក្តី ​ខ្មែរ​ក្រហម​និង​ដំណើរ​ការ​សាលាក្តី​មាន​ចំនួន​ច្រើន​ជាប្រចាំ​ថ្ងៃ​​ដែល​ គួរ​តែ​ចាប់​យក​បាន​គ្រប់​ជ្រុង​ជ្រោយ​នៃ​អង្គ​សវនាការ​នេះ។

«ដូច្នេះ​ប្រសិនបើ​មើល​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​គឺ​យើង​កំពុង​តែ ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​សំណុំ​រឿង​ជា​ប្រវត្តិសាស្រ្ត​ សំណេរ​ជាសំខាន់​នៃ​ការកាត់​ទោស​ក្រុម​ដែល​គេ​ហៅ​ថា ​មេ​ដឹកនាំ​ខ្មែរក្រហម​នេះ​ បាន​ជ្រាប​នៅក្នុង​ប្រទេស​ជាតិ​ ក៏​ដូច​ជា​នៅក្នុង​ពិភព​លោក។ ​នេះ​ជា​កិច្ច​ប្រឹងប្រែង​របស់​យើង​ដើម្បី​ឱ្យ​សាធារណជន​បាន​ដឹង​ពី​ ការវិវត្តន៍​របស់​តុលាការ»។

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ឆាំង​ យុ​នៅតែ​មើល​ឃើញ​ពី​ការណ៍​លំបាក​សម្រាប់​អ្នក​តាម​ដាន​ក្នុង​ការ​ត្រូវ​ដូរ​ ពី​បណ្តាញ​ព័ត៌មាន​មួយ​ទៅ​បណ្តាញ​ព័ត៌មាន​មួយ​ដើម្បី​ចង់​ដឹង​ឱ្យ​បាន​ ច្បាស់​ពី​ការ​កាត់ទោស។

លោក​ឆាំង​ យុ​បាន​ទទួល​ស្គាល់​ថា ​សាលាក្តី​បាន​ធ្វើការ​ច្រើន​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​និង​សិស្សានុសិស្ស​ ប៉ុន្តែ​លោក​ទទូច​ថា៖

«ការណ៍​ដែល​យើង​រំពឹង​ឱ្យ​ប្រជាជន​ដែល​គាត់​កំពុង​តែ​ប្រឈម​មុខ​នឹង​ បញ្ហា​ផ្សេង​ទៀត​ បញ្ហា​សេដ្ឋកិច្ច​​ ការរស់​នៅ​ឱ្យ​រំពឹង​ថា​ គាត់​អាច​នឹង​ស្តាប់​ប៉ុស្តិ៍​វិទ្យុ​នេះ​ផង ​មើល​ទូរទស្សន៍​ផង​ដើម្បី ស្វែង​យល់​ហ្នឹង​ ខ្ញុំ​គិត​ថា ​វា​ព្រងើយ​កន្តើយ​បន្តិច​ចំពោះ​សិទ្ធិ​ដែល​គាត់​គួរតែ​ទទួល​បាន​នូវ​បណ្តាញ ​ណា​មួយ​ដែល​ផ្តល់​ព័ត៌មាន​ទាំងស្រុង»។

ដំណើរការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បន្ត​រហូត​ដល់​រយៈ​ពេល​យ៉ាងហោច​ណាស់​ក៏​ពីរ​ឆ្នាំ​ទៀត​ដែរ។

របប​ខ្មែរ​ក្រហម​បាន​បង្ក​ឱ្យ​ស្លាប់​​ប្រជា​ពលរដ្ឋ​ខ្មែរ​អស់​ប្រហែល​ ១,៧​លាន​នាក់​ដោយ​ការ​សម្លាប់​ចោល​ បង្អត់​អាហារ ​បង្ខំ​ធ្វើការ​ហួស​កម្លាំង​និង​ជំងឺ​ជាដើម៕

No comments: