ខ្សឹបដាក់ត្រចៀកៈ “ហេង ស្ទឹងមានជ័យ” នៅតែមាន លទ្ធភាព នាំឈើគ្រញូង ទៅស្រុកយួន
Saturday, 07 January 2012
ដោយ ៖ នាយខ្វែក
DAP-news
ភ្នំពេញ ៖ រយៈពេលមួយខែពីរនេះ សកម្មភាពឈ្មួញរកស៊ីនាំឈើគ្រញូង យកទៅលក់ នៅស្រុកយួន ហាក់ដូចជារៀងស្បើយបន្ដិចហើយ។ ការស្បើយសកម្មភាពដឹកជញ្ជូនឈើ គ្រញូងមិនគគ្រឹកគគ្រេងដូចមុននេះ គេថាមិនមែនដោយសារតែ អាជ្ញាធរសមត្ថកិច្ចធ្វើការរឹត បន្ដឹង និងបង្ក្រាបមានប្រសិទ្ធភាពនោះទេ តាមពិតគឺដោយសារតែឈ្មួញពិបាករកទិញ ព្រោះ ឈើគ្រញូងឈ្មួញសម្រុកទិញ និងដឹកយកទៅលក់ នៅប្រទេសវៀតណាមប៉ុន្មានឆ្នាំមកនេះ ស្ទើរតែអស់ពីព្រៃទៅហើយ។ ខណៈឈើគ្រញូងខ្សត់ ឈ្មួញមួយចំនួន ក៏នាំគ្នាបោះបង់ចោល ហើយងៀកទៅប្រកបមុខ របរផ្សេងៗវិញ តែសម្រាប់ឈ្មួញឈើគ្រញូងម្នាក់ ដែលគេហៅថា “ហេង ស្ទឹងមានជ័យ”វិញ មិនបានបោះបង់មុខរបរនេះដូច “ហេង ទឹកសុទ្ធ” ឡើយ គឺ”ហេង ស្ទឹងមានជ័យ” នៅតែ ព្យាយាមរកស៊ីដដែល ព្រោះតែឈើគ្រញូងកាន់តែខ្សត់ រកស៊ីកាន់តែចំណេញ។
ប្រភពបានខ្សឹបថា បច្ចុប្បន្ននេះ “ហេង ស្ទឹងមានជ័យ” ដែលមានផ្ទះជាភូមិគ្រឹះដ៏ស្ដុកស្ដម្ភ នៅម្ដុំក្បែរសាលារៀនស្ទឹងមានជ័យនោះ គឺនៅតែរកស៊ីឈើគ្រញូងដដែល ដោយសារតែមាន ឈ្មួញគ្រញូងប្រមូលទិញ ពីខេត្ដពោធិ៍សាត់ ខេត្ដកំពង់ស្ពឺ (ចេញពីស្រុកឱរ៉ាល់) យកមកលក់ ឱ្យស្ដុកទុកនៅក្នុងភូមិគ្រឹះរបស់ខ្លួនតែម្ដង។ លុះបានច្រើន ទើបរូបគេដឹកជញ្ជូនតាមរថយន្ដ កូរ៉េ យកទៅចុះទូកនៅម្ដុំតាខ្មៅ ឬខាងក្រោមសាលាស្រុកស្អាង នាំចេញទៅស្រុកយួនតាម ច្រកជ្រៃធំម្ដង។
ប្រភពបានអះអាងបន្ដថា សម្រាប់ឈ្មួញឈើគ្រញូងឈ្មោះ ហេង ស្ទឹងមានជ័យ នេះ រាល់ ការដឹកជញ្ជូនឈើគ្រញូង យកទៅលក់នៅស្រុកយួនភាគច្រើន គេមិនបានចេញមុខរត់ការខ្លួន ឯងនោះទេ គឺមានក្រុមជើងខ្លាំងខាងរត់ការ ធានាមិនឱ្យសមត្ថកិច្ចចាប់បានឡើយ ឱ្យតែចាយ លុយថ្លៃ រត់ការដល់។ ដូច្នេះហើយ ទើបឈើគ្រញូងរបស់ ហេង ស្ទឹងមានជ័យ នាំចេញតាម ទូកម្ដងៗរាប់តោន មិនមានសមត្ថកិច្ចចាប់បានម្ដងណាឡើយ គឺរកស៊ីសុខស្រួលណាស់។ គេថា បើចង់រកកន្លែងស្ដុកឈើគ្រញូងរបស់ ហេង ស្ទឹងមានជ័យ មិនពិបាកទេ ធ្វើដំណើរ ឆ្លងតែស្ពានស្ទឹងមានជ័យ ហើយបត់ឆ្វេងចូលតាមផ្លូវលំ សួរគេសួរឯងទៅស្គាល់ហើយ ព្រោះ មានភូមិគ្រឹះប៉ុណ្ណាណីឯណោះ។
ដោយឡែក ហេង ទឹកសុទ្ធ ជាប់ឈ្មោះដោយសាររកស៊ីនាំឈើគ្រញូង យកទៅលក់នៅ ស្រុកយួន ភាគច្រើនបន្លំដឹកតាមរថយន្ដដឹកទឹកសុទ្ធនោះ ក៏មានទីតាំងស្ដុកឈើគ្រញូងនៅក្នុង សង្កាត់ភ្នំពេញថ្មី ម្ដុំរ៉ាដា ខាងត្បូងខាំកូស៊ីធីដែរ។
រាល់ទីតាំងស្ដុកឈើគ្រញូង ឈើប្រណីត នៅក្នុងក្រុងភ្នំពេញ បច្ចុប្បន្ននេះគេអះអាងថា បើចង់ច្បាស់សួរតែមេព្រៃទៅ ចង់នៅតាមផ្លូវលំ ផ្លូវឌឿងហែម ផ្លូវទាល់ ក៏ស្គាល់គ្មានសល់ ដែរ តែត្រង់ថា ហ៊ានបង្ក្រាប ឬក៏ស្គាល់ គ្រាន់តែទៅយកលុយដាក់ខែ ដាក់ថ្ងៃយ៉ាងណានោះ គឺជារឿងជំនាញ របស់មេព្រៃតែប៉ុណ្ណោះ៕
No comments:
Post a Comment