Friday, February 10, 2012

ប្រទេស​កម្ពុជា ជំពាក់​បំណុល​បរទេស​ជាង ៦.៥០០ លាន​ដុល្លារ​អាមេរិក

2012-02-10
ដោយ សុខ សេរី
RFA

នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ ២០១២ ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ឆ្លង​ឯកសារ​យុទ្ធសាស្ត្រ​សំខាន់​មួយ ដើម្បី​បើកផ្លូវ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​លើ​បំណុល​សាធារណៈ​នៃ​ប្រទេស​ កម្ពុជា សម្រាប់​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៨។

រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​រៀបចំ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​កម្ពុជា ធ្លាក់​ចូល​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ គឺ​ជំពាក់​បំណុល​គេ​វ័ណ្ឌ​ក ដូច​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប (Euro-Zone)។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ ២០១២ បាន​បញ្ជាក់​អំពី​វិធានការ​សំខាន់ៗ ដូច​តទៅ៖ ទី​១ ត្រូវ​ខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​កម្ពុជា​អាច​ទ្រាំទ្រ​បាន។ ទី​២ ត្រូវ​ខ្ចី​តែ​ឥណទាន ដែល​មាន​កម្រិត​សម្បទាន​ខ្ពស់។ ទី​៣ ត្រូវ​ខ្ចី​ឥណទាន​សម្រាប់​តែ​វិស័យ​អាទិភាព ដើម្បី​ទ្រទ្រង់​កំណើន និង​បង្កើត​ផលិតភាព​សេដ្ឋកិច្ច។ និង​ទី ៤ ត្រូវ​ប្រើប្រាស់​ឥណទាន​ទាំង​នោះ ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​បំផុត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លង​មក ធ្លាប់​បាន​បញ្ជាក់​ថា លោក​មិន​បណ្ដែតបណ្ដោយ​ឲ្យ​កម្ពុជា ធ្លាក់​ចូល​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​នៃ​ការ​ជំពាក់​បំណុល​គេ​វ័ណ្ឌ​ក​នោះ​ ទេ។

ទាក់ទង​នឹង​វិធានការ​នេះ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា វិធានការ​បែប​នេះ រដ្ឋាភិបាល​គួរ​តែ​មាន​យូរ​មក​ហើយ ដោយ​លោក​បាន​ចាត់​ទុក​ថា ហាក់​ដូច​ជា​យឺត​បន្តិច។

លោក សុន ឆ័យ៖ «សម្រាប់​ការ​ខ្ចី​បុល​បរទេស ទៅ​ថ្ងៃ​មុខ​នេះ ចាំបាច់​ត្រូវ​តែ​មាន​ការ​ព្រមព្រៀង​ពី​រដ្ឋសភា លើ​គម្រោង​នីមួយៗ។ មិន​ត្រូវ​ការ​ការ​ខ្ចីបុល​ជា​កញ្ចប់ ដែល​ត្រូវ​យក​ទៅ​បែងចែក​ហើយ បាន​រាយការណ៍​ឲ្យ​សភា​ជា​ក្រោយ​នោះ​ទេ។ ការ​ឲ្យ​សភា​ពិនិត្យ​លើ​គម្រោង​នីមួយៗ ជា​មុន គឺ​ជា​គោលការណ៍​ច្បាប់ ដែល​យើង​ធ្លាប់​មាន​ពី​មុន​មក ហើយ​ការ​ធ្វើ​បែប​នេះ និង​នាំ​ឲ្យ​មាន​ការ​ចូលរួម ពី​សមាជិក​សភា​ធានា​ថា ការ​ខ្ចីបុល​ពី​បរទេស និង​ស្ថាប័ន​អន្តរជាតិ​ហ្នឹង មិន​ចាយ​វាយ​ខ្ជីខ្ជា រ​នោះ​ទេ​បាទ»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មិថុនា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ បាន​សម្រេច​ឲ្យ​អនុវត្តន៍​អនុក្រឹត្យ​លេខ ១៣១ ស្ដីពី​ការ​គ្រប់គ្រង​បំណុល​សាធារណៈ។

ចំណែក​ឯកសារ​យុទ្ធសាស្ត្រ ដែល​បាន​ឆ្លង​នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ​នេះ ស្ដីពី​ការ​គ្រប់គ្រង​បំណុល សាធារណៈ ឆ្នាំ ២០១១ ដល់ ឆ្នាំ ២០១៨នោះ គឺ​ត្រូវ​បាន​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មាន​គោលដៅ​កៀរគរ​ទុន​ហិរញ្ញវត្ថុ សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ ២០១២ ប្រធាន​ធនាគារ​រដ្ឋ​ចិន លោក លី រ៉ូហ្គូ (Li Ruogu) បាន​យល់​ព្រម​ឲ្យ​ប្រទេស​កម្ពុជា​ខ្ចី​ឥណទាន​ការ​ប្រាក់​ទាប ចំនួន​ជាង ៥០០ លាន​ដុល្លារ​អាមេរិក​ទៀត តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​យក​មក​ចំណាយ​លើ​គម្រោង​អភិវឌ្ឍន៍​ចំនួន ៧ រាប់​ទាំង​ការ​សាងសង់​កំណាត់​ផ្លូវ​ជាតិ​លេខ ៦ ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប​ជា​ផ្លូវ​សេដ្ឋកិច្ច និង​ទេសចរណ៍។

លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា បាន​ជំពាក់​បំណុល​ប្រទេស​ចិន​ចំនួន​ជាង ៣.០០០ លាន​ដុល្លារ​អាមេរិក និង​ជំពាក់​បំណុល​ប្រទេស​មួយ​ចំនួន​ទៀត សរុប​ទាំង​អស់​ជាង ៦.៥០០ លាន​ដុល្លារ​អាមេរិក៕

កំណត់​ចំណាំ៖ ចំពោះ ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ។


No comments: