2013-10-14
ដោយ សួន សុផលមុន្នី
RFA
ការប្រមូលស្នាមមេដៃដោយគណបក្សសង្គ្រោះជាតិ
ដើម្បីធ្វើញត្តិដាក់ទៅអង្គការសហប្រជាជាតិ
ឲ្យជួយរកយុត្តិធម៌ទាក់ទិនទៅនឹងភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នោះ ត្រូវបានអាជ្ញាធររារាំង។
សមាជិកគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបន្ទាយមានជ័យ លោក កែ សម្ផស្ស
ថ្លែងកាលពីថ្ងៃទី១៤ ខែតុលា ថា កាលពីថ្ងៃទី១០ ខែតុលា
គណបក្សសង្គ្រោះជាតិ ថ្នាក់ខេត្ត
បានដាក់ផែនការឲ្យសកម្មជនរបស់ខ្លួនចុះប្រមូលស្នាមមេដៃពី
ប្រជាពលរដ្ឋ។ លុះដល់ថ្ងៃទី១៣ ខែតុលា
សកម្មជនដែលចុះប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ
ដើម្បីធ្វើញត្តិដាក់ទៅឧត្ដមស្នងការអង្គការសហប្រជាជាតិនោះ
ត្រូវបានអាជ្ញាធរមូលដ្ឋានភូមិឃុំនិងប៉ូលិសហាមឃាត់។
លោក កែ សម្ផស្ស៖ «៤ករណីស្មើនឹងបីឃុំសង្កាត់ ទី១ ថ្ងៃទី១៣
នៅឃុំភ្នំលៀប
ប៉ូលិសបានចុះទៅហាមឃាត់ថ្នាក់ដឹកនាំគណបក្សភូមិឃុំដែលគាត់បាន
ចុះផ្ដិតមេដៃ ហើយក្រោយមកទៀតព្រឹកថ្ងៃដដែល នៅឃុំពន្លៃ លោកស្រី
ធូ ម៉ុច ផ្ដិតមេដៃបានជាង ១០០នាក់
ស្រាប់តែថ្នាក់ដឹកនាំភូមិនិងប៉ូលិសប៉ុស្តិ៍ទៅដល់ផ្ទះគាត់ដក
ហូតយកស្នាមមេដៃរបស់គាត់ហ្នឹង ដោយប្រើពាក្យថា
ផ្ដិតមេដៃខុសច្បាប់ប្រយ័ត្នគេចាប់ដាក់គុក»។
លោកបន្តថា មានករណីមួយទៀតនៅស្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
មេភូមិគីឡូម៉ែត្រលេខ៤
បានចុះទៅហាមឃាត់សកម្មជនគណបក្សសង្គ្រោះជាតិ
និងដកហូតយកឯកសារមានផ្ដិតស្នាមមេដៃពីប្រជាពលរដ្ឋយកទៅរក្សាទុក
បន្ទាប់មកបញ្ជូនទៅសាលាក្រុងប៉ោយប៉ែត។
សកម្មជនគណបក្សសង្គ្រោះជាតិ ជាច្រើននាក់ នៅឃុំភ្នំលៀប
ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ថ្លែងថា
អាជ្ញាធរមូលដ្ឋានឃុំបានកោះហៅពួកគាត់ឲ្យទៅប្រជុំនៅសាលាឃុំ
ហើយព្រមានមិនឲ្យធ្វើសកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋក្នុង
ភូមិនោះទៀតឡើយ។
បញ្ហានេះបានធ្វើឲ្យគាត់បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន៖ «ខ្ញុំ
ខ្លាចធ្វើការតាមភូមិ ខ្លាចវាមានបញ្ហាជួបផលវិបាកតទៅមុខទៀត។
តាមចិត្តខ្ញុំចង់ធ្វើការដើរតាមភូមិ ស្រួលជាងបង្កើតស្នាក់ការ។
ពួកប៉ូលិសអីគេកោះហៅទៅកន្លែងមេឃុំ
ដឹងថាពួកខ្ញុំដើរផ្ដិតមេដៃ
គេហាមឃាត់អត់ឲ្យយើងដើរផ្ដិតមេដៃតាមភូមិទេ
គេឲ្យរៀបចំទីស្នាក់ការនៅកន្លែង មិនឲ្យដើរផ្ដិតតាមផ្ទះទេ»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងក្រុមអាជ្ញាធរមូលដ្ឋាននៅតាមភូមិឃុំសង្កាត់ទាំងនោះដើម្បីបញ្ជាក់ជុំវិញបញ្ហានេះបានទេ។
អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ
ច័ន្ទគា យល់ឃើញថា យោងលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងធ្វើសកម្មភាព
ប្រមូលស្នាមមេដៃដើម្បីធ្វើញត្តិប្រឆាំងទៅអ្វីមួយដែលពួកគាត់យល់
ជារឿងអយុត្តិធម៌។
សកម្មភាពហាមឃាត់របស់អាជ្ញាធរមូលដ្ឋាននេះ លោកចាត់ទុកថា
ជាការរំលោភរដ្ឋធម្មនុញ្ញ
និងជាការបិទសិទ្ធិសេរីភាពខាងផ្នែកបញ្ចេញមតិរបស់ប្រជាពលរដ្ឋ៖ «ការ
ឃាត់ឃាំងទាំងអស់ហ្នឹងគឺប្រាសចាក
និងផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការផ្ដិតមេដៃ
ការដាក់ញត្តិក្តី
គឺជាការទាមទារចំពោះរឿងកើតទុកមិនសុខចិត្តដើម្បីទាមទារនូវ
យុត្តិធម៌»។
មន្ត្រីគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា
សកម្មភាពរារាំងរបស់អាជ្ញាធរមូលដ្ឋានលោកចាត់ទុកថា
ជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
ទោះជាមានការរារាំងនឹងគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋាន
ដូច្នេះក៏ដោយ គណបក្សសង្គ្រោះជាតិអះអាងថា
ពួកគេនៅតែបន្តធ្វើសកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅ
ទូទាំងប្រទេស ដើម្បីធ្វើញត្តិដាក់ជូនទៅអង្គការសហប្រជាជាតិ
ឲ្យជួយរកយុត្តិធម៌ទាក់ទិនទៅនឹងលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣៕
No comments:
Post a Comment