ពលរដ្ឋចូលរួមមហាបាតុកម្មបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣ នាទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៣។ RFA
2013-10-17 ដោយ ដែន អយុធ្យា
RFA
លិខិតផ្ញើជូន លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ
ចុះថ្ងៃទី១៦ ខែតុលា
ចុះហត្ថលេខាដោយតំណាងដឹកនាំធ្វើមហាបាតុកម្មគណបក្សសង្គ្រោះជាតិ
បានឲ្យដឹងថា គោលបំណងធ្វើមហាបាតុកម្ម ៣ថ្ងៃ
គឺដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនពលរដ្ឋ
ពាក់ព័ន្ធភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី
៥។
លោក ហូរ វ៉ាន់ តំណាងដឹកនាំធ្វើមហាបាតុកម្ម បានឲ្យដឹងថា
បាតុកម្មអហិង្សានេះក៏នឹងទាមទារឲ្យរដ្ឋាភិបាល គោរព
និងអនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស
ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១
ព្រមទាំងធានាឲ្យមានការគោរពសិទ្ធិមនុស្ស
និងអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស
ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក ហូរ វ៉ាន់៖ «យើងចង់ឲ្យប្រទេសជាម្ចាស់ហត្ថលេខីហ្នឹង រំលឹក
និងធ្វើឲ្យការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហ្នឹង
មានប្រសិទ្ធភាពឡើងវិញ។ ឧទាហរណ៍ ដូចជាការបោះឆ្នោតដោយសេរី
និងយុត្តិធម៌។ ការគោរពបូរណភាពដែនដី
ហើយនិងរៀបចំយ៉ាងណាឲ្យមានការគោរពសិទ្ធិមនុស្ស។ គោលបំណងទី៣
គឺយើងចង់ឲ្យរដ្ឋាភិបាល អនុវត្តតាមរដ្ឋធម្មនុញ្ញដែលចែងថា កម្ពុជា
ជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យបានត្រឹមត្រូវ។
នេះជាគោលបំណង ៣ ដែលយើងធ្វើបាតុកម្ម»។
គម្រោងដឹកនាំធ្វើមហាបាតុកម្មអហិង្សានេះ នឹងចាប់ពីវេលាម៉ោង
៧ព្រឹក ដល់វេលាម៉ោង ៦ល្ងាច ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា
នាទីលានប្រជាធិបតេយ្យ ក៏មានសម្ដែងមតិរបស់បាតុករ
ការសម្ដែងសិល្បៈចម្រៀង
និងមានបញ្ចាំងខ្សែភាពយន្តឯកសារផ្សេងៗជាដើម។
លោក ហូរ វ៉ាន់ ឲ្យដឹងទៀតថា មហាបាតុកម្ម ៣ថ្ងៃ
ក៏នឹងមានការដើរហែក្បួនយកញត្តិទៅប្រគល់ជូនអង្គការសហប្រជាជាតិ
តាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
និងស្ថានទូតមួយចំនួនប្រចាំកម្ពុជា មានដូចជា ស្ថានទូតបារាំង ជប៉ុន
សហរដ្ឋអាមេរិក ចិន ឥណ្ឌូនេស៊ី អង់គ្លេស និងស្ថានទូតអូស្ត្រាលី៖ «យើង
មានការហែក្បួននៅថ្ងៃទី២៣ ខែតុលា
ដើម្បីយកញត្តិទៅដាក់ជូនអង្គការសហប្រជាជាតិ
តាមរយៈឧត្តមស្នងការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ ចំពោះថ្ងៃទី២៤ និងទី២៥
ខែតុលា
យើងមានគម្រោងហែក្បួនទៅកាន់ស្ថានទូតដែលជាម្ចាស់ហត្ថលេខីសំខាន់ៗ
នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានដូចជា
ស្ថានទូតសហរដ្ឋអាមេរិក បារាំង ជប៉ុន អូស្ត្រាលី កាណាដា ចិន
និងឥណ្ឌូនេស៊ី ដែលជាម្ចាស់ហត្ថលេខីសំខាន់នោះ»។
យ៉ាងណាក៏ដោយ លោក ឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ
បានឲ្យដឹងថា អាជ្ញាធរពាក់ព័ន្ធ
កំពុងពិនិត្យលើលិខិតធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ
ប៉ុន្តែមិនទាន់កំណត់បែបណាទេ៖ «យើងនឹងអញ្ជើញតំណាងគាត់មកពិភាក្សាគ្នានៅសាលាក្រុង»។
នៅក្នុងលិខិតបក្សសង្គ្រោះជាតិ
ក៏បានស្នើយកទីធ្លានៅសងខាងទីលានប្រជាធិបតេយ្យ ដើម្បីសង់ជាវេទិកា
និងរោងសម្រាប់បាតុករ ជម្រកការពារភ្លៀង និងកម្ដៅថ្ងៃ
ចាប់ពីថ្ងៃទី២២ ដល់យប់ថ្ងៃទី២៥ ខែតុលា។ ក្រៅពីនេះ
ក៏បានស្នើឲ្យអាជ្ញាធរសាលារាជធានីភ្នំពេញ ជួយបង្កលក្ខណៈ
និងសម្រួលទីតាំងមួយចំនួននៅជុំវិញបរិវេណទីលានប្រជាធិបតេយ្យ
ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព
ជូនដល់បាតុករនៃមហាបាតុកម្មអហិង្សាដោយអនុគ្រោះថែមទៀត៕
No comments:
Post a Comment