ពិធីបដិសណ្ឋារកិច្ចទទួលស្វាគមន៍អតីតព្រះមហាក្សត្រខ្មែរ
ព្រះបាទ នរោត្តម សីហនុ និងព្រះរាជអគ្គមហេសី មុនីនាថ សីហនុ
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១១ (RFA/Sok Serey)
2013-10-15 ដោយ សេក បណ្ឌិត
RFA
សែរាជវង្ស និងអ្នកឃ្លាំមើលបញ្ហាសង្គម បានសង្កេតឃើញថា
អ្នកនយោបាយ ឬអ្នកដឹកនាំប្រទេសមិនទាន់ប្រកាន់ជំហររួបរួមជាតិ
ផ្សះផ្សាជាតិ
ឬគិតប្រយោជន៍ជាតិដូចព្រះរាជបណ្ដាំរបស់អតីតព្រះមហាក្សត្រ
សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
កាលពីព្រះអង្គនៅមានព្រះជន្មនោះទេ។
ការជាប់គាំងនយោបាយក្រោយការបោះឆ្នោត
រហូតដល់ដំណាក់កាលចុងក្រោយ គណបក្សប្រជាជន
សម្រេចចិត្តដើរលើផ្លូវមួយតែម្នាក់ឯង ក្នុងការបង្កើតសភា
និងរដ្ឋាភិបាលនោះ
គឺជាដើមចមមួយដែលធ្វើឲ្យអ្នកវិភាគបញ្ហាសង្គមវាយតម្លៃថា
អ្នកនយោបាយ ឬអ្នកដឹកនាំប្រទេសសព្វថ្ងៃ
មិនគោរពតាមព្រះរាជបណ្ដាំនោះ។
ព្រះអង្គម្ចាស់ ធម្មិកោ ជាអតីតលេខាផ្ទាល់អតីតព្រះមហាក្សត្រ
សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មានបន្ទូលបញ្ជាក់ថា
ក្រោយពីអវត្តមានសម្ដេចឪទៅ សង្គមខ្មែរកាន់តែបែកបាក់ទៅៗ
ហើយពិបាកនឹងអាចផ្សះផ្សាបាន។
ទាក់ទិនព្រះរាជបណ្ដាំនេះដែរ អ្នកវិភាគឯករាជ្យចាស់ទុំម្នាក់
គឺលោកស្រី ជា វណ្ណាត មានប្រសាសន៍ថា
កាលពីព្រះអង្គនៅមានព្រះជន្មនៅឡើយ
គ្រប់គ្នាស្តាប់ឮព្រះរាជបណ្ដាំហាក់មិនសូវចាប់អារម្មណ៍នោះទេ
ដល់ពេលអត់ពីព្រះអង្គទៅ
ហើយឆ្លុះបញ្ចាំងពីស្ថានការណ៍នយោបាយសព្វថ្ងៃនេះ ទើបយល់ឃើញថា
ព្រះរាជបណ្ដាំនោះមានតម្លៃសម្រាប់សង្គម និងប្រជាពលរដ្ឋ។
ទាក់ទងដល់ការគោរពវិញ
លោកស្រីក៏មើលឃើញពីការបែកបាក់ក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន
នេះ
ដោយសារអ្នកដឹកនាំនយោបាយពុំបានអនុវត្តតាមបណ្ដាំរបស់ព្រះបរមរតន
កោដ្ឋ ឲ្យអស់ពីបេះដូងនៃអ្នកនយោបាយពីគ្រប់ភាគីនោះនៅឡើយ
បើសិនជាអ្នកនយោបាយទាំងពីរគណបក្សដែលជាប់ឆ្នោត
នៅតែខ្វែងគំនិតគ្នាមិនអាចធ្វើការរួមគ្នាបាននោះ។
លោកស្រីបន្តថា បើនិយាយពីគន្លងប្រជាធិបតេយ្យវិញ ក៏ពុំទាន់អនុវត្តតាមបែបផែនលទ្ធិប្រជាធិបតេយ្យនោះបានពេញលេញដែរ។
ចំណែកអ្នកនយោបាយវិញ តែងតែបន្ទោស ឬចង្អុលដាក់គ្នាទៅវិញទៅមក
ចំពោះការអនុវត្តតាមលទ្ធិប្រជាធិបតេយ្យមិនពេញលេញ
និងការដែលមិនបានយកព្រះរាជបណ្ដាំមកពិចារណា
និងឆ្លុះបញ្ចាំងពីសកម្មភាពរបស់ខ្លួន។
អ្នកវិភាគបញ្ហាសង្គមរិះគន់ថា អ្នកនយោបាយមួយចំនួន
ពេលនៅចំពោះប្រជាពលរដ្ឋ បានលើកពីនយោបាយរាស្ត្រជាធំ
ប៉ុន្តែនៅពីក្រោយខ្នងពួកគាត់
មិនទាន់បានបោះបង់ចោលអំពីផែនការស្វែងរកការគ្រប់គ្រងអំណាច
សម្រាប់ខ្លួន និងបក្ខពួកនោះទេ។
អ្នកវិភាគស្ថានការណ៍នយោបាយក្នុងសង្គមម្នាក់ទៀត គឺលោកបណ្ឌិត សុខ
ទូច មើលឃើញថា សារ ឬបណ្ដាំរបស់សម្ដេចឪ ព្រះបរមរតនកោដ្ឋ
ភាគច្រើនមិនសូវឃើញអ្នកនយោបាយក្រោមឱវាទរបស់ព្រះអង្គ
គោរពតាំងពីព្រះអង្គនៅមានព្រះជន្មមកម្ល៉េះ។
លោកលើកបង្ហាញទៀតថា កាលពីព្រះអង្គនៅមានព្រះជន្ម អ្នកនយោបាយមិនសូវលើកពីស្នាព្រះហស្តរបស់ព្រះអង្គនោះទេ។
ទោះយ៉ាងណាក្តី ព្រះអង្គម្ចាស់ ធម្មិកោ
សុំឲ្យអ្នកនយោបាយយកព្រះរាជបណ្ដាំសម្ដេចឪ ព្រះបរមរតនកោដ្ឋ
មកពិចារណា
ដើម្បីរកដំណោះស្រាយជម្លោះនយោបាយក្រោយការបោះឆ្នោតអាណត្តិទី៥ នេះ។
ព្រះអង្គម្ចាស់បន្តថា ដើរមកដល់ត្រឹមនេះ ទើបដឹងថា កម្ពុជា
នៅខ្វះចាស់ទុំដែលមានភាពវៃឆ្លាតក្នុងការផ្សះផ្សាជាតិ
បង្រួបបង្រួមជាតិ ហើយការបាត់បង់អង្គសម្ដេចឪ
គឺជាការបាត់បង់តួអង្គសំខាន់
ដែលជាអាជ្ញាកណ្ដាលអាចធ្វើឲ្យគ្រប់ភាគីដែលមានជម្លោះស្តាប់
និងជឿទុកចិត្តបាន ពីព្រោះព្រះអង្គមានប្រជាប្រិយភាពទាំងក្នុង
និងក្រៅប្រទេស
ព្រមទាំងធ្លាប់ឆ្លងកាត់ច្រើននូវបទពិសោធន៍សម្របសម្រួលដោះស្រាយ
ក្នុងរឿងជម្លោះនយោបាយនេះ៕
No comments:
Post a Comment