ក្រុមសន្តិសុខសាលាខណ្ឌដូនពេញ
បំបែកក្រុមយុវជនហែញត្តិទាមទារយុត្តិធម៌ឲ្យយុវជន ម៉ៅ សុខចន្ទ
ដែលស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅស្ពានអាកាសក្បាលថ្នល់
មុខនាឡិកាវត្តភ្នំ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣។ Photo Provided
2013-10-18 ដោយ សុជីវី
RFA
ក្រុមសន្តិសុខនៃសាលាខណ្ឌដូនពេញ
បានប៉ះទង្គិចជាច្រើនដងជាមួយយុវជនអ្នកបឹងកក់ និងព្រះសង្ឃ
នៅពេលពួកគេព្យាយាមបណ្ដេញក្រុមអ្នកតវ៉ាទាំងនោះចេញពីរមណីយដ្ឋាន
វត្តភ្នំ។ ក្នុងពេលនោះ មានយុវជន អ្នកបឹងកក់ជាច្រើននាក់
និងអ្នកសារព័ត៌មានអន្តរជាតិមួយរូប ត្រូវក្រុមសន្តិសុខវាយតប់។
ស្របគ្នានោះ ក្រុមសន្តិសុខក៏បានដណ្ដើមយកកម្រងផ្កា
គ្រឿងសក្ការបូជា និងរូបថតរបស់យុវជន ម៉ៅ សុខចន្ទ។
ចំណែកព្រះសង្ឃដែលព្យាយាមសូត្រធម៌ឧទ្ទិសដល់វិញ្ញាណក្ខន្ធលោក ម៉ៅ
សុខចន្ទ ក៏ត្រូវក្រុមសន្តិសុខរុញច្រានអោយបញ្ឈប់។
មុននឹងឈានដល់ការប៉ះទង្គិច ក្រុមអ្នកតវ៉ា ជាពិសេសក្រុមអ្នកបឹងកក់ និងសមត្ថកិច្ច បានជេរប្រទេចគ្នាទៅវិញទៅមក។
អ្នករៀបចំកម្មវិធីក្រុមយុវជន លោក ផា សុធា មានប្រសាសន៍ថា
លោកសោកស្ដាយនៅពេលក្រុមរបស់លោកត្រូវបែកខ្ញែកដោយសារតែក្រុម
សមត្ថកិច្ច
ដែលពុំបានយល់ពីសិទ្ធិសេរីភាពក្នុងការជួបប្រជុំរបស់ពលរដ្ឋ។
លោកថា
ក្រុមលោកនឹងព្យាយាមយកញត្តិទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ
អោយខាងតែបាន។
យុវជនក្រុមនេះ បាននាំគ្នាប្រមូលស្នាមមេដៃបានចំនួនជាង
៥០០ស្នាមមេដៃ
គាំទ្រញត្តិដែលមានបំណងស្នើអោយតុលាការស្វែងរកយុត្តិធម៌អោយយុវជន
ម៉ៅ សុខចន្ទ និងផ្ដល់សំណងដល់ក្រុមគ្រួសារ។
យុវជន ម៉ៅ សុខចន្ទ ដែលមានវ័យ ២៩ឆ្នាំ
ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់
នៅពេលមានការប៉ះទង្គិចរវាងសមត្ថកិច្ច
និងពលរដ្ឋដែលខឹងសម្បារនឹងការដាក់រនាំងលួសបន្លាបិទផ្លូវជុំវិញ
ស្ពានអាកាសក្បាលថ្នល់ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា
ជាយប់ទី១នៃមហាបាតុកម្ម៣ថ្ងៃ ៣យប់
ដឹកនាំដោយគណបក្សសង្គ្រោះជាតិ។
ភរិយារបស់ ម៉ៅ សុខចន្ទ អ្នកស្រី ជាវ សុខវី
ដែលចូលរួមការជួបប្រជុំនៅរមណីយដ្ឋានវត្តភ្នំ ដែរនោះ
បានថ្លែងដោយភាពភ័យខ្លាចថា ឃើញសកម្មភាពអាជ្ញាធរនៅពេលនេះ
ធ្វើអោយនាងហាក់អស់សង្ឃឹមថានឹងទទួលបានយុត្តិធម៌។
តំណាងអ្នកបឹងកក់ អ្នកស្រី ទេព វន្នី បានហៅការបង្ក្រាបនោះថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អ្នកសារព័ត៌មានសេរី លោក ចន វីង (John Vink)
ដែលត្រូវក្រុមសន្តិសុខកៀសរុញចេញមិនអោយថតសកម្មភាពក្នុងពេលបំបែក
អ្នកតវ៉ានោះ មានប្រសាសន៍ថា លោកគិតថា
អ្នកទាំងនោះគឺមិនបានយល់ដឹងពីតួនាទីរបស់អ្នកសារព័ត៌មាន។
នៅក្នុងការបង្ក្រាប ក្រុមសមត្ថកិច្ចដែលបានលើកឡើងនូវហេតុផលថា
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីសាធារណៈដោយពុំមានការ
អនុញ្ញាត។
ភ្លាមៗក្រោយពីមានការបំបែកនោះ
ក្រុមអ្នកតវ៉ាបាននាំគ្នាចាកចេញពីរមណីយដ្ឋានវត្តភ្នំ
ហើយទៅប្រមូលផ្តុំគ្នានៅលើសួនច្បារខាងមុខស្ថានទូតសហរដ្ឋ
អាមេរិក។ បន្ទាប់មក
ក៏បានបំបែកគ្នានៅក្រោយពេលព្រះសង្ឃបានសូត្រធម៌ឧទ្ទិសកុសលដល់
វិញ្ញាណក្ខន្ធ លោក ម៉ៅ សុខចន្ទ។
នៅរសៀលថ្ងៃទី១៨ ខែតុលា
តំណាងក្រុមយុវជនបាននាំគ្នាយកញត្តិដាក់នៅសាលាដំបូងរាជធានី
ភ្នំពេញរួចរាល់ហើយ។ ពួកគេបញ្ជាក់ថា
អ្នកទទួលញត្តិនៅតុលាការបានសន្យាថា
នឹងផ្តល់ដំណឹងមកវិញនៅសប្ដាហ៍ក្រោយ។
ទាក់ទងនឹងការបង្ក្រាបការជួបប្រជុំរបស់ក្រុមយុវជននេះ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍
ដោយចាត់ទុកថាជាសកម្មភាពរំលោភសិទ្ធិមនុស្ស
និងបានទាមទារអោយសមត្ថកិច្ចសាលារាជធានីភ្នំពេញ
ទទួលខុសត្រូវចំពោះការប្រើអំពើហិង្សាទៅលើការជួបប្រជុំដោយ
អហិង្សារបស់ពលរដ្ឋ៕
No comments:
Post a Comment