ពលរដ្ឋចូលរួមសមាជមហាជនបក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ នៅរសៀលថ្ងៃទី៦ តុលា ឆ្នាំ២០១៣។
2013-10-08
ដោយ សេក បណ្ឌិត
RFA
ការស្នើនេះបន្ទាប់ពីគេសង្កេតឃើញប្រជាពលរដ្ឋជាច្រើនបានបង្ហាញ
សកម្មភាពយ៉ាងសស្រាក់សស្រាំ
ទាំងមកពីបណ្ដាខេត្តឆ្ងាយៗនិងនៅទីក្រុង
ចូលរួមសមាជមហាជនលើកដំបូងនៅទីលានប្រជាធិបតេយ្យ
ដែលរៀបចំដោយគណបក្សសង្គ្រោះជាតិ
ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ភ្លាមៗនោះ។
មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា
ពលរដ្ឋខ្មែរនៅតែត្រូវការអង្គសមាជជាតិ
ដើម្បីបញ្ចេញមតិពីក្តីកង្វល់
ឬទុក្ខលំបាកផ្សេងៗដែលពួកគាត់កំពុងជួបប្រទះក្នុងជីវិតរស់នៅ
ប្រចាំថ្ងៃ។
ពួកគាត់ចង់ឲ្យថ្នាក់ដឹកនាំប្រទេសបានដឹងពីក្តីកង្វល់ទាំងនេះ
និងដោះស្រាយដោយយុត្តិធម៌។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក
នី ចរិយា បានហៅសមាជមហាជនដែលរៀបចំដោយបក្សសង្គ្រោះជាតិ
កាលពីថ្ងៃអាទិត្យ ទី៦ តុលា នោះ ថាគឺជាកញ្ចក់ឆ្លុះឲ្យឃើញថា
ជាការចាប់ផ្ដើមថ្មីមួយក្នុងសង្គម
ហើយប្រជាពលរដ្ឋអាចធ្វើបានក្នុងក្របខ័ណ្ឌអហិង្សាដោយឆន្ទៈផ្ទាល់
ដោយគ្មានការបង្ខិតបង្ខំ។
លោកបន្តថា ភស្តុតាងជាក់ស្លែងទាំងនេះ
រដ្ឋាភិបាលគួរតែពិចារណាធ្វើសមាជជាតិដែលមានលក្ខណៈទូលំទូលាយជាង
សមាជមហាជននិងស្របតាមរដ្ឋធម្មនុញ្ញ៖ «ខ្ញុំជំរុញហើយជំរុញទៀត
ឲ្យរដ្ឋាភិបាល រដ្ឋសភា ត្រូវតែធ្វើសមាជជាតិនេះ
ដើម្បីប្រមូលព័ត៌មានពីប្រជាពលរដ្ឋ
ព្រោះនេះជាឧទាហរណ៍ជាក់ស្ដែងសម្រាប់បង្ហាញថា
ប្រជាពលរដ្ឋធ្វើសមាជដោយគ្មានអំពើហិង្សា
ធ្វើសមាជដោយគ្មានប៉ះពាល់សន្តិសុខជាតិ»។
បុរសវ័យចំណាស់ម្នាក់ឈ្មោះ ឈួន ជីវ អាយុប្រមាណជាង ៦០ឆ្នាំ
បានធ្វើដំណើរទាំងភ្លៀងរលឹមលើបរិវេណទីលានប្រជាធិបតេយ្យដើម្បី
ស្វែងរកកន្លែងផ្តិតមេដៃគាំទ្រញត្តិដែលរៀបចំដោយគណបក្សសង្គ្រោះ
ជាតិ ក្នុងអង្គសមាជមហាជនកាលពីថ្ងៃទី៦ តុលា។
លោកបានឲ្យដឹងថា លោកធ្វើដំណើរមកពីខេត្តបាត់ដំបង
ទោះបីទីនោះកំពុងមានទឹកជំនន់យ៉ាងណាក្តី
ហើយការពុះពារនេះក៏ដោយសារលោកចង់ចូលរួមសមាជដែលលោកខានឃើញខាន
ចូលរួមជាច្រើនឆ្នាំមកហើយ
ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមបានបញ្ចប់៖
«កាលពីសម័យសង្គមរាស្ត្រនិយមគេធ្វើសមាជជាតិដើម្បីឲ្យរាស្ត្រសួរ
ពីចម្ងល់ ពីរឿងអីៗ ពីការរស់នៅ កាលពីសង្គមរាស្ត្រនិយមសម្ដេច
សីហនុ លោកធ្វើអ៊ីចឹងរាល់តែឆ្នាំអ៊ីចឹងឯង»។
លោកបន្តថា កាលពីគណបក្សសង្គ្រោះជាតិ
ធ្វើមហាបាតុកម្មអហិង្សាលើកមុន
លោកមិនបានមកចូលរួមទេដោយសារបញ្ហាថវិកា
ប៉ុន្តែការធ្វើសមាជមហាជនលើកនេះ លោកតាំងចិត្តមកចូលរួមឲ្យបាន
ទោះជួបការលំបាកយ៉ាងណាក៏ដោយ។
ទាំងនេះក៏ព្រោះតែលោកចង់រំលឹកនូវអនុស្សាវរីយ៍ល្អៗពីសម័យសង្គម
រាស្ត្រនិយម ហើយគាំទ្រនូវអ្វីដែលពលរដ្ឋក្រីក្រចង់បាន
គឺការផ្លាស់ប្តូររបៀបដឹកនាំដោះស្រាយភាពអយុត្តិធម៌ក្នុងសង្គម
និងបញ្ហាជាច្រើនទៀត
ព្រមទាំងចង់មកគាំទ្រឲ្យមានអង្គសមាជជាទៀងទាត់ដូចក្នុងសង្គម
រាស្ត្រនិយម។
លោក ឈួន ជីវ៖ «ចង់រំលឹកថា
ឲ្យមានសមាជជាតិដើម្បីឲ្យមន្ត្រីកិច្ចការទាំងអស់គ្នា
ប្រជាពលរដ្ឋហ្នឹងឲ្យដឹងថា សុខទុក្ខយ៉ាងណា
អ្នកធំរំលោភអ្នកតូចប៉ុណ្ណាអីប៉ុណ្ណាឲ្យដឹង»។
ទាក់ទងនឹងបញ្ហានេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
បានថ្លែងចំពោះមុខមហាជននៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី៦ តុលា
ក្នុងឱកាសបើកឲ្យមានសមាជមហាជននោះថា
នេះជាការបង្កើតវប្បធម៌ថ្មីមួយដែលជំរុញឲ្យមានសមាជជាតិ
ដែលគណបក្សប្រជាជនជាបក្សកាន់អំណាចបានទម្លាក់ចោលជាង
២០ឆ្នាំកន្លងមកហើយ៖ «ឥឡូវមានតែគណបក្សសង្គ្រោះជាតិទេដែលហ៊ានរៀបចំសមាជបែបនេះដើម្បីស្ដាប់ប្រជារាស្ត្រ»។
សមាជជាតិមានចែងក្នុងរដ្ឋធម្មនុញ្ញនៅជំពូកទី ១៤ថ្មី
ក្នុងនោះមានមាត្រា ១៤៧ថ្មី បានចែងថា
សមាជជាតិបើកឲ្យប្រជាពលរដ្ឋជ្រាបដោយផ្ទាល់អំពីកិច្ចការផ្សេងៗដែល
ជាប្រយោជន៍ជាតិ និងលើកបញ្ហានិងសំណូមពរជូនរដ្ឋអំណាចដោះស្រាយ
ហើយពលរដ្ឋទាំងពីរភេទមានសិទ្ធិចូលរួមក្នុងសមាជនោះ។
មាត្រ ១៤៨ថ្មី សមាជជាតិប្រជុំម្ដងក្នុងមួយឆ្នាំ
គឺនៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្រ្តី
និងត្រូវប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ។
មាត្រា ៤៩ថ្មី បានចែងដែរថា
សមាជជាតិអនុម័តសំណូមពរជូនព្រឹទ្ធសភា រដ្ឋសភា
និងជូនរដ្ឋអំណាចពិចារណា។
ការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជជាតិនឹងត្រូវកំណត់ក្នុង
ច្បាប់មួយ។
ចំណុចចុងក្រោយនៃច្បាប់នេះហើយ ដែលលោក ជាម យៀប
ជាតំណាងរាស្ត្រនិងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា
ចាត់ទុកជាឧបសគ្គមួយដែលនាំឲ្យសមាជជាតិមិនអាចកើតចេញទៅរួច
និងបានអូសបន្លាយអស់រយៈពេល ៤អាណត្តិកន្លងមកហើយ៖ «រដ្ឋធម្មនុញ្ញ
មានមែន តែត្រូវមានច្បាប់អម។ ច្បាប់អីក៏ដោយឲ្យតែរដ្ឋធម្មនុញ្ញចែង
ចាំបាច់ត្រូវមានច្បាប់អមដើម្បីបញ្ជាក់ពីតួនាទី
និងភារកិច្ចនៃអង្គភាពរបស់រដ្ឋដែលត្រូវទទួលបន្ទុកនៅក្នុងមុខងារ
របស់ខ្លួន»។
លោកបន្តថា បញ្ហាលំបាកមួយទៀត គឺថាសម័យចុងក្រោយនេះ
កម្ពុជាប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
ឬមានបក្សនយោបាយច្រើនដែលខុសពីសម័យសង្គមរាស្ត្រនិយមដែលដឹកនាំ
ដោយសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ៖ «យើងបានពិនិត្យឃើញ
ថា សមាជនៅពេលដែលព្រះអង្គនៅជាធរមាននោះ កាលនោះមានគណបក្សតែមួយ
គឺគណបក្សសង្គមរាស្ត្រនិយម ស្រួលព្រះអង្គនៅជារាជាធិបតេយ្យ
នៅពេលនេះ គឺថាយើងប្រជាធិបតេយ្យសេរីនិយមពហុបក្ស អ៊ីចឹងទេឃើញថា
មានការលំបាកណាស់ក្នុងការទទួលពាក្យដែលស្នើសុំពីប្រជាពលរដ្ឋ
ហើយមិនដឹងជាធ្វើត្រូវការពេលវេលាប៉ុន្មានទេ»។
បញ្ហាដែលមិនអាចបើកឲ្យមានអង្គសមាជជាតិ ក្នុង៤
អាណត្តិកន្លងមកនេះ ធ្វើឲ្យមានការរិះគន់ជាច្រើនថា
មកពីគណបក្សប្រជាជនពុំមានឆន្ទៈអនុវត្តរដ្ឋធម្មនុញ្ញឲ្យបាន
ត្រឹមត្រូវ ហើយថាគ្មានអ្វីដែលគណបក្សប្រជាជន ឬលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ចង់ធ្វើហើយមិនបាននោះទេ។
ទន្ទឹមគ្នានេះ
តំណាងរាស្ត្រនិងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់គណបក្សប្រជាជន
បានព្យាយាមច្រើនលើកមកហើយក្នុងការពិចារណាធ្វើវិសោធនកម្មដកជំពូក
ទី ១៤ថ្មី ដែលចែងពីសមាជជាតិចេញពីរដ្ឋធម្មនុញ្ញ តាំងពីឆ្នាំ២០០៥
មក ប៉ុន្តែនៅមានកត្តារាំងស្ទះខ្លះៗដែលមិនទាន់អាចទៅរួច។
នៅអាណត្តិថ្មីទី៥នេះទៀត
តំណាងរាស្ត្រនិងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា
ក៏មិនទាន់អាចបង្ហាញថា សមាជជាតិនឹងអាចធ្វើទៅរួច ឬយ៉ាងណានោះទេ
ទោះបីពេលនេះរដ្ឋសភា
និងរដ្ឋាភិបាលថ្មីកំពុងគ្រប់គ្រងដោយគណបក្សប្រជាជនតែម្នាក់ឯងនោះ
ក៏ដោយ៕
No comments:
Post a Comment