Tuesday, October 15, 2013

ការស្វែងរក​​ការ​គាំទ្រ​​របស់ CNRP ឲ្យ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​​


ការប្រមូល​ស្នាម​មេដៃពលរដ្ឋរបស់គណបក្ស​សង្គ្រោះជាតិ (រូបថត​ តាំង វីដា)
ថ្ងៃចន្ទ ទី14 ខែតុលា ឆ្នាំ2013
ដោយ៖​ អ៊ឹង​ ប៊ុន​ថន
VOD
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​ កំពុង​ធ្វើ​យុទ្ធនាកា​រទាំង​​ក្នុង​​និង​ក្រៅ​ប្រទេស ​នៅ​​ដំណាក់​កាល​​ចុងក្រោយ​នេះ មុន​នឹង​​ដាក់​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​​ប្រមាណ​​៣​លាន​នាក់ នៅ​ថ្ងៃ​ទី​២៣​ខែតុលា ជា​ថ្ងៃ​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត។​
ខ្លឹមសារ​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា បានចែង​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស​។ ច្បាប់​កំពូល​នេះ ត្រូវបាន​អនុម័ត​ឡើង​​ដោយ​យោង​​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ ទីក្រុង​ប៉ារីស​។​
​ផ្អែក​លើ​ស្មារតី​នៃ​ថ្ងៃ​២៣​តុលា​ឆ្នាំ​ ១៩៩១ ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត កំពុង​ធ្វើ​យុទ្ធនាការ​ស្វែងរក​ការ​គាំទ្រ​ពី​សហគមន៍​​អន្តរ​ជាតិ ឲ្យ​ដាក់​សម្ពាធ​​លើ​មេដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​។ ជា​រដ្ឋាភិបាល​​ថ្មី​មួយ​​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​​ ហៅ​ថា បង្កើត​ឡើង​​ដោយ​​ផ្ទុយ​​នឹង​​រដ្ឋ​ធម្មនុញ្ញ​​កម្ពុជា និង​​ប្រាស់​ចាក​​ពី​ស្មារ​តី​​នៃ​កិច្ចព្រមព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស ​នោះ​។​
ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​សមាជិក​គណបក្ស​មួយចំនួនទៀត ​កំពុង​ស្វែងរក​ការគាំទ្រ​ជា​ស្នាម​មេដៃ​ពី​ប្រជា​ពលរដ្ឋ​​ខ្មែរ​ឲ្យបាន​ យ៉ាងតិច​៣​លាន​នាក់​ ដាក់​ជូន​អង្គការ​សហប្រជាជាតិ​​នៅ​ថ្ងៃទី​២៣​ខែតុលា​។ គោល​បំណង​គឺ​ជំរុញ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​យុត្តិធម៌​ជូន​​ម្ចាស់​ ឆ្នោត​។​
​តើ​យុទ្ធនាការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នកគាំទ្រ​ជិត​៣​លាន​នាក់ នឹង​មាន​ឥទ្ធិពល​កម្រិតណា​?
​អ្នកវិភាគ​ឯករាជ្យ​​ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា បើ​ការស្វែងរក​ការ​គា​ទ្រ ពី​អន្តរជាតិ​ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​រឿង​បោះ​ឆ្នោត​​មិន​​ ប្រក្រតី​​នោះ ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​គេ​នឹង​យកចិត្តទុកដាក់​ ៖ "ហើយ​​សំខាន់​បំផុតនោះ កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ដែល​គេចង​ហើយ​ចង​ទៀត ហើយ​មក​ទល់​ឥឡូវ​នេះ មានអ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ស្តីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​​កម្ពុជា ហើយ​និង​ការិ​យាល័យរបស់​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រ​ ជា​ជាតិ​ អាហ្នឹង​គឺ​នៅ​ប្រ​ទេស​កម្ពុជា​​ ។អាហ្នឹង​វា​ជាប់​ទាក់​ទង​ មាន​មូលដ្ឋាន​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីសហ្នឹង​ម៉ង ហើយវា​សំខាន់​​ ព្រោះអី​នៅក្នុង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស គេ​ថា​ម៉េច​ ដោយ​សារតែ​ប្រ​វត្តិ​សាស្ត្រ​​របស់​ខ្មែរហ្នឹង​​មាន​ការ​រំលោភសិទ្ធិ​ ធ្ងន់ធ្ងរហ្នឹង​ គេ​ឲ្យ​មាន​វិធាន​ការ​ពិសេសដើម្បីការ​ពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ ហ្នឹង​ ព្រោះអាហ្នឹង​វា​អត់​ចប់​​​ទេ យន្ត​ការ​ការ​ពារ ហើយ​និង​កាតព្វ​កិច្ច​​របស់​ប្រទេស​កម្ពុជា ធានា​ការ​ពារសិទិ្ធ​មនុស្ស​នៅកម្ពុជា ភាព​មិន​ប្រក្រ​តី​ក្នុងការ​បោះឆ្នោតហ្នឹង វា​ប៉ះ​ពាល់​ទៅ​ដល់​សិទ្ធិ​​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ គិត​មើល​ទៅ​ វា​ខ្ទង់បីលាន​នាក់​ដែរ"។
​ប៉ុន្តែ​លោក ឡៅ ម៉ុងហៃ អះអាងថា បើ​ពឹង​​អន្តរជាតិ​ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ ​រឿង​បង្កើត​សភា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ​ហៅ​ថា​ឯក​បក្ស​នោះ នឹង​​មិន​មាន​ប្រសិទ្ធិភាព​ទេ ៖ "អត់មាន​រឿង​ឯកបក្ស រឿង​សភា​ឯក​បក្ស​ទេ​ ប្រព័ន្ធ​ហ្នឹង​ឥឡូវ​ហ្នឹង វាមាន​នៅ​ព្រឹទ្ធ​សភា​មិន​ពហុ​បក្ស ក្រុម​ប្រឹក្សា​​​ឃុំ​សង្កាត់​នេះ​មិន​ពហុ​បក្ស ការ​បោះ​ឆ្នោត​ថ្មី​ៗ​នេះមិន​ពហុ​បក្ស វា​ទាស់​គ្នា​ត្រង់​តែ​ថា រឿង​ភាព​មិន​ប្រក្រ​តី​ក្នុង​ការ​បោះឆ្នោត​តា​​ដែល​​ដោះស្រាយ​មិន​បាន យល់​ថា​អាហ្នឹង​វា​ឯកបក្ស ប្រទេស​ឯក​បក្ស​ខុស​បាត់"។​
​​សម្រាប់ លោក​មេធាវី សុក សំអឿន បកស្រាយ​ខុសពី​លោក បណ្ឌិត ឡៅ ម៉ុងហៃ​បន្តិច​ ៖ "ព្រោះជួន​កាល​ឧបមា​ថា​ឥឡូវមាន​ពីរ​បី​បក្ស​អញ្ចឹង​មែន ប៉ុន្តែ​វិធីនៃការ​បញ្ចេញ​សំឡេង​នៅ​ក្នុង​សភា​ បើ​សិន​ជា​យើង​ទុក​ថា​របៀប​របប​ដូច​បច្ចុប្បន្ន​ គណបក្ស​ដែលមាន​សំឡេង ទៅ​ជា​បិទ​មិន​អាច​បង្កើត​មួយ​ក្រុម​បាន​អញ្ចឹង ហើយ​គណបក្ស​ទីពីរ អត់មាន​សំឡេង​សោះ គ្មាន​ការចាប់​អារម្មណ៍​សោះ​ គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​មតិ​ភាគ​ច្រើន ហើយ​ម៉្យាង​ទៅ​ទៀត យោង​ទៅតាម​រដ្ឋ​ធម្ម​នុញ្ញ កែ​ទាំង​ប៉ុន្មាន​ហ្នឹង មើល​ឃើញ​ទៅ ក្នុង​ទម្រង់នៃ​ការ​ដឹក​នាំ​ប្រទេសមាន​សំឡេង​តែមួយ​ដដែល​ហ្នឹង មាន​គណបក្ស​ដដែល​ ដូច្នេះ​ចំណុច​ទាំង​អស់​នេះ​​​ត្រូវ​គិត​គូរ​ដែរ ពីព្រោះកន្លង​មក កាល​ពីមុន​ដែល​មិន​ទាន់​កែ​រដ្ឋ​ធម្មនុញ្ញ ទោះបីជាសំឡេង ៥០បូក១ ក៏​ប៉ុន្តែវា​ត្រូវ​ការ​ការ​ប្រ​ជុំ​មួយ​ភាគបី"។
​ការបរាជ័យ ហើយ​អូស​បន្លាយ​នៃ​ការចរចា​រក​ដំណោះស្រាយ​រវាង​មេដឹកនាំ​គណបក្ស​ឈ្នះឆ្នោត​ ទាំង​ពីរ​កន្លង បាន​ធ្វើឲ្យ​ម្ចាស់​ឆ្នោត​មួយ​ចំនួន​ខកចិត្ត​។
ទោះជា​យ៉ាងណា លោក សុក សំអឿន គិតថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​បាន​គ្រប់​ចំនួន ​​នៃ​ការរំពឹង​ទុក​មែន នោះ ប្រាកដ​ជា​មាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល និង​ធ្វើឲ្យ​សហគមន៍​អន្តរជាតិ​ចាប់អារម្ម​ណ៍​។ លោក​បញ្ជាក់ថា បើ​ទោះ​ជា​ពួកគេ​មិន​មាន​ដំណោះ​ស្រាយ​នៅ​អាណត្តិ​នេះ​ក៏​ដោយ​តែ​ជា​ភស្តុតាង ​សំខាន់​ទៅ​ការបោះឆ្នោត​ក្រោយៗ​ទៀត ៖ "អ្វីដែលការ​ទាម​ទារ​របស់​គណបក្ស​សង្គ្រោះជាតិ កាល​​ពី​លើក​​មុន ពីរឿង​សុំ​ឲ្យ​ពិនិត្យ​មើលវិវាទ ឬ​ក៏​ស៊ើប​អង្កេត​​ភាព​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​​ហ្នឹង​ វា​រឹត​ជា​ការ​ពិត​ ព្រោះហេតុ​អី ព្រោះបើសិនជាគាត់​គាំ​ទ្រ​បាន ដូច​អ្វីដែលគាត់គិតមែន អាហ្នឹង​មាន​ន័យ​ថា​ វាអាច​ជា​កម្លាំង​ទម្ងន់​​ទៅលើ​អ្វីដែលទាមទារ​ពីមុន​មក ហើយ​ក្នុង​ករណី​បែប​​ហ្នឹង​វា​អាច​ប៉ះ​ពាល់​ទៅ​ដល់​និត្យានុ​កូលភាព​របស់​ រាជរដ្ឋា​ភិបាល ហេតុ​ដូច្នេះក្នុង​ករណី​បែប​នេះ វា​ជៀស​មិន​ផុត​ពីការ​ចរចា​ដោះស្រាយផ្លូវ​នយោ​បាយ​ទេ​​"។
​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ សន្តិភាព​ក្រុងប៉ារីស​ដូចជា សហរដ្ឋអាមេរិក និង ​ប្រទេស​ប្រជាធិបតេយ្យ​គំរូ​ផ្សេងទៀត នៅ​មិនទាន់​ទទួលស្គាល់​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​​អាណត្តិ​ទី​៥​នេះ​ ទេ​។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ជំរុញ​គណបក្ស​ទាំងពី​បន្ត​កាចរ​ចា​គ្នា​ដោយ​សន្តិវិធី ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​៕

No comments: