Monday, June 30, 2014

យុវជន​បក្ស​សង្គ្រោះ​ជាតិ​ចុះ​ពិនិត្យ​តម្រុយ​បង្គោល​ព្រំដែន​​នៅ​ស្វាយ​រៀង​ដែល​ទើប​បោះ​ថ្មី

ដោយ វោហារ ជាតិ 
2014-06-29
RFA
ក្រុម​យុវជន និង​ក្រុម​ហ្វេសប៊ុក (Face Book) របស់​បក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​ព្រះសង្ឃ​មួយ​ចំនួន នៅ​ថ្ងៃ​ទី​២៩ មិថុនា បាន​ចុះ​ទៅ​ពិនិត្យ​មើល​តម្រុយ​បង្គោល​ព្រំដែន​មួយ​ចំនួន នៅ​ព្រំដែន កម្ពុជា-វៀតណាម ដែល​គេ​ទើប​បោះ​ថ្មីៗ ចូល​ក្នុង​ទឹកដី​ខ្មែរ ស្ថិត​នៅ​ក្នុង​ភូមិ​ធ្នង់ ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង។
ប្រធានប្រតិបត្តិ​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល ដែល​បាន​ចុះទៅ​​ចំណុច​ព្រំដែន​នោះ ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ មិថុនា ថា តម្រុយ​បង្គោល​ព្រំដែន​ថ្មី​ប្រហែល​៦ កន្លែង ត្រូវ​បាន​គេ​បោះ​ចូល​ដី​កម្ពុជា ប្រមាណ​ពី ១៥០​ម៉ែត្រ ​ទៅ ២០០​ម៉ែត្រ ពី​បង្គោល​ព្រំដែន​ចាស់ រំលោភ​ចូល​ដី​ស្រែ​​អ្នក​ស្រុក​​ចំនួន ១២​គ្រួសារ ​ដែល​មាន​​ទំហំប្រហែល ៤០​ហិកតារ។
លោក​បន្ត​ថា អ្នក​គាំទ្រ​បក្ស​ប្រជាជន បាន​ព្យាយាម​រារាំង​ក្រុម​យុវជន​បក្ស​សង្គ្រោះ​ជាតិ ពេល​ចុះ​ទៅ​ពិនិត្យ​មើល​តម្រុយ​បង្គោល​ព្រំដែន​ថ្មី​នោះ ដោយ​បិទ​ផ្លូវ​បិទ​ស្ពាន​ជាដើម តែ​ទី​បំផុត​ក្រុម​យុវជន​បក្ស​សង្គ្រោះ​ជាតិ​បាន​ជម្នះ ហើយ​ទៅ​ដល់​កន្លែង​កើត​ហេតុ​នោះ ដូច​ការ​គ្រោង​ទុក។
 

No comments: