Monday, June 30, 2014

ប៉ះ​ទង្គិច​គ្នា​រវាង​អ្នក​គាំទ្រ​គណបក្ស​ទាំង​ពីរ​ពេល​ចុះ​ពិនិត្យ​តំបន់​ព្រំដែន

ស្វាយរៀងៈ ក្រុម​អ្នក​គាំទ្រ​ប្រហែល​ជាង ១០០ នាក់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់​ដំបង​ឈើ​ដោយ​ព្យាយាម រារាំង​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​និង​យុវជន​ដែល​ចុះ​ទៅ​ទស្សន​កិច្ច​ សិក្សា​តំបន់​ព្រំដែន កម្ពុជា-វៀតណាម បណ្តាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រយៈ​ពេល​ខ្លី​កាល​ពី​ថ្ងៃ​ម្សិលមិញ។
អ្នក​គាំទ្រ​គណបក្ស​ប្រជាជន ដែល​បាន​មក​រាំង​ស្ទះ​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន ពួក​គេ​មិន​បាន​ប្រាប់​អំពី​មូល​ហេតុ​ដែល​ពួក​គេ​បាន​រារាំង​គណបក្ស​ សង្គ្រោះ​ជាតិ មិន​ឲ្យ​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​គ្រាន់​តែ​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ គេ​មិន​អនុញ្ញាត​ឲ្យ​ទៅ​កាន់​បង្គោល​ព្រំដែន។
ខណៈ​ដែល​ភាគី​ទាំង​ពីរ​ប៉ះទង្គិច​គ្នា​ខាង​គណបក្ស​ប្រជាជន​ជាច្រើន​នាក់​ បាន​យក​ឈើ​វែង និង​ធំ​ទៅ​ដាក់​លើ​ស្ពាន ដើម្បី​ទប់​ស្កាត់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ឈើ​ទាំង​នោះ​ត្រូវ​បាន​យក​ចេញ​ហើយ​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹក ដោយ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ។
អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​បាន​ស្រែក​ទៅ​រក​អ្នក​គាំទ្រ ​គណបក្ស​សង្គ្រោះ​ជាតិ​ថា៖ «យើង​មិន​អនុញ្ញាត [អ្នក​ទាំង​អស់​គ្នា] ឲ្យ​ទៅ​ទេ។ ឥឡូវ​នេះ យើង​រស់​នៅ​យ៉ាង​សុខ​សប្បាយ»។
បើ​ទោះ​បី​ជា​មាន​ការ​រារាំង​យ៉ាង​ណា ក៏​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បំបែក​ការ​រាំង​ស្ទះ​របស់​អ្នក​គាំទ្រ ​គណបក្ស​ប្រជាជន ប៉ុន្តែ​បាន​ចុះ​ទៅ​ដល់​បង្គោល​ព្រំដែន។
លោក រៀល ខេមរិន្ទ តំណាង​រាស្រ្ត​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល ស្វាយរៀង ដែល​បាន​ដឹក​នាំ​ប្រតិភូ បាន​ស្ដី​បន្ទោស​លើ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ចំពោះ​ការ​រាំង​ស្ទះ​នេះ។​លោក​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​ថ្កោល​ទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​ប្រើ​ប្រាស់​កម្លាំង​រាំង​ស្ទះ​យើង​មិន​ឲ្យ​ចុះ​ទៅ​ពិនិត្យ​បង្គោល​ ព្រំ​ដែន»។
លោក​បន្ថែម​ថា មាន​ប្រជាជន​ខ្មែរ​ជា​ច្រើន​នាក់ ដែល​បាន​បាត់​បង់​ដី​ទៅ​ឲ្យ វៀតណាម ដោយ​សារ​តែ​ការ​បោះ​បង្គោល​ព្រំដែន ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​រដ្ឋាភិបាល វៀតណាម។ លោក​បន្ថែម​ថា៖ «ប្រជាជន​ដែល​បាត់​បង់​ដី​បាន​ប្រាប់​ពី​ការ​ពិត ដូច្នេះ ខ្ញុំ​សូម​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មេត្តា​ពិចារណា»។
លោក ញៀន លន ដែល​រស់​នៅ ឃុំ​ថនថ្នុង ស្រុក​រំដួល ដែល​ជា​តំណាង​ប្រជាជន ១២ គ្រួសារ​បាន​អះអាង​ថា ដី​ទំហំ​ជាង ៣០ ហិកតា​របស់​គ្រួសារ​ទាំង​នេះ បាន​បាត់​បង់​ដី​របស់​ខ្លួន​ទៅ​ខាង វៀតណាម។ លោក​ថា៖ «ខ្ញុំ​បាន​បាត់​បង់​ដី​ទំហំ ៣ ហិកតា។ គេ​ប្រាប់​យើង​ថា គេ​ចាត់​ទុក​តំបន់​នេះ​តំបន់​ស ប៉ុន្តែ គេ​ដាំ​បង្គោល​នៅ​លើ​ដី​យើង»។
លោក រតន៍ នៀន ដែល​កំពុង​រស់​នៅ​ក្នុង​ឃុំ​ខាង​លើ​បាន​អះអាង​ថា លោក និង​សាច់​ញាតិ ៥ នាក់​ទៀត បាន​បាត់​បង់​ដើម​ត្នោត​ប្រហែល ១០០ ដើម​ហើយ​គាត់​បាន​បាត់​បង់​ដី ២ ហិកតា។ លោក​បន្ថែម​ថា៖ «ខ្ញុំ​បាន​ធ្វើ​ស្រែ​លើ​ដី​ខ្ញុំ​ចាប់​តាំង​ពី ឆ្នាំ​១៩៧៩។ ពួក​គេ​បាន​ហាម​ឃាត់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ​ប្រហែល ១០ ឆ្នាំ​មុន»។
ក្រុម​ប្រឹក្សា ឃុំ​ដូង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សូ សុត ឲ្យ​ដឹង​ថា កម្លាំង​ប៉ូលិស និង​ទាហាន ដែល​ដាក់​ពង្រាយ​តាម​ជាយ​ដែន​នោះ ជា​កម្លាំង​របស់​សមត្ថកិច្ច ស្រុក​រមាស​ហែក ដែល​បាន​ដាក់​ពង្រាយ​តាំង​ពី​រសៀល​ថ្ងៃ ទី​២៧ រហូត​មក។ លោក​បាន​ថ្លែង​ថា៖ «ពួក​គេ​មាន​គោល​បំណង​រារាំង​ក្រុម​ការងារ​របស់​គណបក្ស​មិន​ឲ្យ​ជួប​សំណេះ​ សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ»។
គម្រោង​ចុះ​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ ស្រុក​រមាស​ហែក ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា ប្រជា​ពលរដ្ឋ​ចំនួន ២ គ្រួសារ រស់​នៅ ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន កម្ពុជា វៀតណាម ត្រូវ​អាជ្ញាធរ វៀតណាម ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន​ដោយ​ចាត់​ទុក​ជា​តំបន់​ស។
លោក ជៀង អំ អភិបាល ខេត្ត​ស្វាយរៀង មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ ប៉ុន្តែ លោក មាស ឆក អធិការ ស្រុក​រំដួល បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ ដោយ​អះអាង​ថា អាជ្ញាធរ​មិន​បាន​រាំង​ស្ទះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ចុះ​ទៅ​បង្គោល​ ព្រំដែន​ទេ ផ្ទុយ​ទៅ​វិញ នគរបាល​តាម​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក​បន្ថែម​ថា៖ «គ្មាន​អ្នក​ណា​រាំង​ស្ទះ​ទេ គណបក្ស​សង្គ្រោះ​ជាតិ​ទេ គាត់​តែង​តែ​និយាយ​បែប​នេះ តាម​ពិត នគរបាល​តាម​ការពារ ក្នុង​ករណី​មាន​អ្វី​កើត​ឡើង»។
លោក​ថា អ្នក​គាំទ្រ​បក្ស​ប្រជាជន​បាន​កាន់​ដង​ទង់​ជាតិ​ដែល​ពួក​គាត់​ទើប​មក​ពី​ចូល ​រួម​ក្នុង​ពិធី​គម្រប់​ខួប​គណបក្ស​ប្រជាជន​នៅ​ក្បែរ​តំបន់​នោះ»៕

No comments: