Monday, November 17, 2014

ហ៊ីង សុខសាន្ត និង​ប្រវត្តិ​តស៊ូ​វែង​ឆ្ងាយ​ក្លាយ​ជា​អ្នក​នយោបាយ​វ័យក្មេង





ក្នុង​វ័យ​៣៥​ឆ្នាំ លោក​ហ៊ីង សុខសាន្ត ថ្មីៗ​នេះ​ត្រូវ​បាន​តែងតាំង​ជា​អគ្គលេខាធិការរង​នៃ​រដ្ឋសភា។ ទម្រាំ​តែ​មក​ដល់​ដំណាក់កាល​នេះ លោក​បាន​តស៊ូ​ឆ្លងកាត់​ការ​លំបាក​មិន​តិច​ឡើយ​។ នេះ​មិនមែន​ជា​ស្នាដៃ​ដំបូង​ឡើយ​ដែល​លោក​ទទួល​បាន ដោយ​ហេតុ​ថា លោក​ធ្លាប់​ជា​ជ័យលាភី​ផ្នែក​ជជែក​ដេញដោល​តស៊ូ​មតិ ក្នុង​កម្មវិធី «យុវជន​ឆ្នើម» កាលពី​ឆ្នាំ​២០០៦ និង​ក្នុង​កម្មវិធី «អ្នក​បន្តវេន» កាលពី​ឆ្នាំ​២០១៣​ផង​ដែរ។ ក្រៅពី​នេះ​លោក សុខសាន្ត ក៏​ជា​អ្នក​សម្របសម្រួល​ក្រុម​បច្ចេកទេស ដែល​ផលិត​តាក់តែង​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់​គណបក្ស​នយោបាយ​ផង​ដែរ​។
មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ​ដែល លោក ហ៊ីង សុខសាន្ត បាន វិវត្ត​ខ្លួន​លោក​ក្លាយ​ជា​អ្នក​នយោបាយ​វ័យក្មេង​បែប​នេះ​។
លោក​សុខសាន្ត មាន​ឪពុក ជា​អតីត​ជំនួយការ​របស់​លោក អ៊ិន តាំ អតីត​មេដឹកនាំ​កំពូល​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនាប្រមុខ លន់ នល់ នៅ​មុន​ឆ្នាំ​១៩៧៥។
នា​សម័យ​ខ្មែរក្រហម​ក្រុមគ្រួសារ​លោក​សុខសាន្ត ត្រូវ​បាន​គេ​ជម្លៀស​ទៅ​រស់នៅ​ឯ​ស្រុករវៀង ខេត្ត​ព្រះវិហារ ជា​ទីកន្លែង​ដែល​លោក​បាន​ប្រសូត ក្នុង​ពេល​បី​ខែ​ក្រោយ​វៀតណាម​ផ្ដួល​ខ្មែរក្រហម។
លោក សុខសាន្ត ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​ឆ្មប​ដាក់​ឲ្យ​ដោយសារ​លោក​កើត​ចំ​ពេល​ដែល​របប​កាប់ ​សម្លាប់​បាន​ដួលរលំ បាន​ថ្លែង​ថា៖ «ឪពុក​ខ្ញុំ​មាន​ស្រុក​កំណើត​នៅ​ជាប់​ព្រំដែន​វៀតណាម (ស្រុក​គិរីវង់ ខេត្ត​តាកែវ) គាត់​ចេះ​ភាសា​វៀតណាម​ទាំង​អក្សរ ទាំង​និយាយ គាត់​ក៏​ធ្វើ​ជា​អ្នក​បកប្រែ​ឱ្យ​ក្រុម​ជំនាញការ​វៀតណាម​ផង​ដែរ»។
ក្នុង​ឆ្នាំ​១៩៧៩ ក្រុម​គ្រួសារ​លោក បាន​ផ្លាស់​មក​នៅ​ភ្នំពេញ។ ដោយ​លេចឮ​ថា គេ​មាន​គម្រោង​នឹង​ចាប់​ខ្លួន ឪពុក​របស់​លោក បាន​ភៀស​ខ្លួន​ចេញ​ទៅ​ចូលរួម​នឹង​ចលនា​តស៊ូ​ប្រឆាំង​វៀតណាម​របស់​លោកតា សឺន សាន ក្នុង​ឆ្នាំ​១៩៨១ ហើយ​ក៏​បាត់​ដំណឹង​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​។
បើ​ទោះ​ជា​ឪពុក​លោក​បាន​បាត់​ខ្លួន​មែន តែ​កេរដំណែល​ទស្សនៈ​របស់​គាត់​បាន​បន្សល់​ដល់​ក្រុម​គ្រួសារ ដែល​លោក សុខសាន្ត បាន​រំឭក​ពី​សម្ដី​ឪពុក​លោក​ផ្ដែផ្ដាំ​ម្ដាយ​លោក​ថា៖ «វេជ្ជបណ្ឌិត​ល្អ​ម្នាក់​សង្គ្រោះ​អ្នក​ជំងឺ​បាន​រាប់រយ​នាក់ តែ​អ្នក​នយោបាយ​ល្អ​ម្នាក់​សង្គ្រោះ​ប្រជាជន​ខ្មែរ​បាន​រាប់​លាន​នាក់»។
មួយ​ឃ្លា​នេះ​ហើយ ដែល​នាំ​ឱ្យ​លោក សុខសាន្ត ដាក់​គោលដៅ និង​តាំង​ចិត្ត​ប្រាថ្នា​ធ្វើ​ជា​អ្នក​នយោបាយ​តាំងពី​ក្មេង។ ក្រោយពី​ឪពុក​លោក​បាត់​ខ្លួន ម្ដាយ​លោក​បាន​នាំ​ក្រុម​គ្រួសារ​ទៅ​រស់នៅ​ស្រុក​កំណើត​នៅ​គិរីវង់​ខេត្ត​ តាកែវ​វិញ។ ប៉ុន្តែ នៅពេល​លោក​មាន​អាយុ​១០​ឆ្នាំ ដំណាក់កាល​លំបាក​លំបិន​ក្នុង​ជីវិត​លោក​ក៏​ចាប់ផ្ដើម។
ម្ដាយ​របស់​លោក​បាន​ចែកឋាន ពេល​លោក​មាន​អាយុ​ដប់​ឆ្នាំ ហើយ​ជីវិត​របស់​លោក​ក៏​ត្រូវ​រសាត់​តែលតោល​ផ្លាស់ទី​ពី​កន្លែង​មួយ​ទៅ​ កន្លែង​មួយ តាំងពី​ស្រុក​កំណើត​មក​ដល់​រាជធានី​ភ្នំពេញ។
ក្នុង​ឆ្នាំ​១៩៩៦ លោក សុខសាន្ត បាន​ផ្លាស់​មក​សិក្សា​នៅ​វិទ្យាល័យ​មួយ​ក្នុង​ក្រុង​តាខ្មៅ ហើយ​ក៏​ក្នុង​ពេល​នោះ​ហើយ​ដែល​លោក​មាន​ឱកាស​បាន​ចូលរួម​ក្នុង​សកម្មភាព​ នយោបាយ​នានា ប្រឆាំង​នឹង​រដ្ឋាភិបាល។
យ៉ាង​ណា​ក្ដី ប៉ុន្មាន​ឆ្នាំ​ដំបូង​នៃ​ការ​មក​នៅ និង​សិក្សា​នៅ​សាលា​ច្បាប់​ក្រុង​ភ្នំពេញ ជីវភាព​លោក សុខសាន្ត ហាក់​មាន​សភាព​តោកយ៉ាក និង​ខ្វះខាត​ជា​ខ្លាំង​រហូត​ពេល​ខ្លះ​លោក​ត្រូវ​ដាច់បាយ​មួយ​ពេលៗ។
លោក សុខសាន្ត បាន​រំឭក​ប្រវត្តិ​ជូរចត់​ថា៖ «បើ​ខ្ញុំ​គ្មាន​លុយ​ទិញ​បាយ ខ្ញុំ​ត្រូវ​យក​ដុំស្ករ​ដែល​ខ្ញុំ​សន្សំ​ប្រមូល​ពី​សិក្ខាសាលា និង​កម្មវិធី​ផ្សេងៗ​ដែល​ខ្ញុំ​ចូលរួម​ដើម្បី​ឆុង​នឹង​ទឹកក្ដៅ​ហូប​ទ្រាប់​ ពោះ និង​អាន​សៀវភៅ​បន្លប់​ការ​ស្រេកឃ្លាន»។
លោក​ថា ពេល​ខ្លះ​លោក​បារម្ភ​ថា លោក​អាច​នឹង​គេង​ស្លាប់​ដោយ​អត់បាយ​នៅ​គ្រា​នោះ។
ក្រោយមក​ជីវិត​លោក​សុខសាន្ត បាន​ផ្លាស់ប្ដូរ នៅពេល​លោក​ផ្លាស់​មក​នៅ​កំពង់ផែ​ទេសចរណ៍​ក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ២០០២។ នៅពេល​នោះ​ហើយ​ដែល​លោក​ចាប់ផ្ដើម​ចេញ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ខ្លួន​ដោយ​ ប្រើ​ចំណេះវិជ្ជា​របស់​លោក។
លោក សុខសាន្ត ដែល​បាន​បញ្ចប់​បរិញ្ញាបត្រ​ជំនាញ​ច្បាប់​ក្នុង​ឆ្នាំ​២០០៣ បាន​ធ្វើ​ជា​គ្រូបង្រៀន​អង់គ្លេស​នៅ​សាលា​នរោត្តម។ ភាសា​អង់គ្លេស​ដែល​លោក​លួច​រៀន​គេច​ពី​ការ​ហាមប្រាម​របស់​អាជ្ញាធរ​តាំងតែ​ ពី​ឆ្នាំ​១៩៨៩ និង​សុំ​គេ​រៀន​នៅ​សាលា​បាក់ទូក​ជា​បន្តបន្ទាប់​មក​ពេល​លោក​ផ្លាស់​មក​នៅ​ ភ្នំពេញ។ ក្រៅពី​នោះ​លោក​ក៏​ដាក់​ខ្លួន​ទៅ​ធ្វើ​បុគ្គលិក​ផ្នែក​សេវាកម្ម​នៅ​សណ្ឋាគារ ​មួយ​ជាមួយ​នឹង​ប្រាក់ខែ​ត្រឹម​តែ​៥០​ដុល្លារ។
លោក សុខសាន្ត បាន​រំឭក​ថា៖ «[ទោះ]​យើង​រៀន​ចប់​បរិញ្ញាបត្រ​ហើយ មក​រត់​តុ​ហើយ​ប្រាក់ខែ​តែ​៥០​ដុល្លារ [ក៏]​ខ្ញុំ​ដាក់​ចិត្ត​ធ្វើ​ទៀត»។
ក៏​ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ដោយ​ម្ចាស់​សណ្ឋាគារ​នោះ​មើល​ឃើញ​ពី​សក្ដានុពល​នៃ​បុគ្គលិកភាព​របស់​លោក​ ទាក់ទង​នៃ​ទេពកោសល្យ​នៃ​ការ​និយាយ​រាក់ទាក់ និង​ទំនាក់ទំនង លោក សុខសាន្ត បាន​ឡើង​តំណែង​ជា​បន្តបន្ទាប់​រហូត​ក្លាយ​ជា​ជំនួយការ​ផ្ទាល់​ទទួល​បន្ទុក​ កិច្ចការ​របស់​សណ្ឋាគារ​នោះ​ទាំង​មូល​តែ​ម្ដង។
អំឡុង​គ្រា​ដ៏លំបាក​នៃ​ការ​រស់នៅ​តោកយ៉ាក​ខ្វះមុខ​ខ្វះក្រោយ​នៅ​ក្រុង​ ភ្នំពេញ​ដើម្បី​រៀនសូត្រ និង​ធ្វើការ លោក សុខសាន្ត បាន​ក្លាយ​ជា​សមាជិក​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​នាំឱ្យ​លោក​មាន​ឱកាស​ចូលរួម​សកម្មភាព​នយោបាយ​នានា​ជាមួយ​គណបក្ស​ប្រឆាំង ហើយ​ក៏​បាន​ទទួល​បទពិសោធ​ពី​មនុស្ស​ជំនាញៗ​ជាច្រើន តាមរយៈ​សិក្ខាសាលា និង​វគ្គសិក្សា​នយោបាយ​នានា​ដែល​លោក​បាន​ចូលរួម។
លោក​បាន​ប្រាប់​ថា៖ «​អ្វី​ដែល​មាន​មក​ដល់​ថ្ងៃ​នេះ​ដោយសារ ខ្ញុំ​ចេះ​មក​ដោយសារ​ការ​អាន ការ​ស្រាវជ្រាវ​របស់​ខ្ញុំ ហើយ​និង​ការ​រៀនសូត្រ​ពី​រៀមច្បង​ចាស់ៗ​ដែល​គេ​ណែនាំ យើង​យក​បទពិសោធ​ពី​គេ​យក​មក​អភិវឌ្ឍ​ខ្លួន​ឯង»។ លោក​ថា ក្នុង​ការ​រៀនសូត្រ លោក​ប្រកាន់​នូវ​ទស្សនៈ​របស់​គ្រូ​លោក​ម្នាក់​ដែល​ទូន្មាន​ថា ត្រូវ​រៀន​លំដាប់​ពី​ទាប​ទៅ​ខ្ពស់ រៀន​ពី​មនុស្ស​ជុំវិញ​ខ្លួន និង​រៀន​ពី​ការងារ និង​បទពិសោធ​ដែល​ខ្លួន​ជួប។
ដោយ​មាន​គ្រឹះ​ផ្នែក​ចំណេះដឹង​ទស្សនវិជ្ជា​ដែល​ខ្លួន​លោក​ប្រកាន់ខ្ជាប់​ នេះ និង​ចំណេះ​ជំនាញ​ខាង​ភាសា​អង់គ្លេស​ផង​នោះ លោក សុខសាន្ត បាន​ឈ្នះ​លេខ​មួយ​ក្នុង​កម្មវិធី​យុវជន​ឆ្នើម ក្នុង​ឆ្នាំ​២០០៦ ហើយ​បាន​ទៅ​រៀន​វគ្គ​បំពាក់បំប៉ន​ផ្នែក​ភាព​ជា​អ្នក​ដឹកនាំ​នៅ​ សហរដ្ឋអាមេរិក ព្រម​ទាំង​បាន​ចូល​បំពេញ​កម្មសិក្សា​នៅឯ​ការិយាល័យ​កណ្ដាល​របស់​វិទ្យាស្ថាន ​សាធារណរដ្ឋ​អន្តរជាតិ (IRI) នៅឯ​ ក្រុងវ៉ាស៊ីនតោន ផង​ដែរ។
ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០០៨ លោក សុខសាន្ត បាន​ចូល​ធ្វើការ​នៅឯ​ធនាគារ​ពិភពលោក​ជាមួយ​នឹង​ប្រាក់​ចំណូល​ច្រើន​ជាង​១​ ពាន់​ដុល្លារ​ក្នុង​១​ខែ តែ​លោក​បាន​លា​ឈប់​វិញ ហើយ​ចូលរួម​សកម្មភាព​នយោបាយ​ពេញទី​ជាមួយ​នឹង​គណបក្ស​សិទ្ធិមនុស្ស ចាប់តាំង​ពី​ពេល​នោះ​មក។
ដើម្បី​រក​ចំណូល​ចិញ្ចឹម​គ្រួសារ លោក ត្រូវ​ដើរ​បង្រៀន​ថ្នាក់​ឧត្តម​ផ្នែកច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ ដែល​ប្រាក់​ចំណូល​ប្រចាំ​ខែ​តិច​ជាង​ពេល​លោក​ធ្វើការ​ឱ្យ​ធនាគារ​ពិភពលោក​ ពាក់កណ្ដាល។
ដោយ​ក្លាយ​ជា​មនុស្ស​ជំនិត​ដែល​ត្រូវ​បាន​អ្នក​នយោបាយ​លេចធ្លោ​ម្នាក់​ ទុកចិត្ត​ឱ្យ​ធ្វើ​ជា​ជំនួយការ លោក សុខសាន្ត បាន​តំណាង​ជា​យុវជន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ដេញដោល​គោល​នយោបាយ​ក្នុង​ កម្មវិធី​អ្នក​បន្តវេន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ហើយ​ឈ្នះ​លេខ​១​តាមរយៈ​ការ​បោះឆ្នោត​ពី​មហាជន។
អគ្គលេខាធិការរង​ថ្មីថ្មោង​របស់​រដ្ឋសភា​រូប​នេះ ដែល​បាន​ចំណាយពេល​ជិត​១០​ឆ្នាំ​ក្នុង​នយោបាយ បាន​ស្នើ​ថា យុវជន​ងាក​មក​ចាប់​អារម្មណ៍​តាមដាន និង​ចូលរួម​នយោបាយ​ស្រុកទេស​ឱ្យ​បាន​ដិតដល់ ព្រោះ​លោក​ថា៖ «បើ​យុវជន​មិន​ខ្វល់​ពី​នយោបាយ ជា​សារ​លើក​ទឹកចិត្ត​ដល់​អ្នក​នយោបាយ​មួយ​ចំនួន​ក្នុង​ការ​បំពុល​យុវជន»។
លោក​ថា៖ «យុវជន​ទាំងឡាយ​ត្រូវ​ត្រៀម​ខ្លួន​ជាស្រេច ទាំង​ផ្នែក​សមត្ថភាព និង​ស្មារតី ដើម្បី​បន្តវេន និង​ទទួល​នូវ​តំណែង​សង្គម​ណា​មួយ​ក្នុង​ពេល​អនាគត។ ត្រូវ​ចេះ​ចាប់ និង​រត់​រក​ឱកាស បើ​គ្មាន​ឱកាស​ត្រូវ​ចេះ​បង្កើត​ឱកាស...ហើយ​ត្រូវ​មាន​សមត្ថភាព ឆន្ទៈ និង​ការ​លះបង់។ ម្យ៉ាង​ត្រូវ​មាន​ភាព​ស្មោះត្រង់ និង​ប្រសិទ្ធភាព​ការងារ​ជា​ដុំកំភួន​ផង​ដែរ»៕

No comments: