Thursday, May 9, 2013

លោក សម រង្ស៊ី នឹង​ឈរ​ឈ្មោះ​នៅ​ខេត្ត​កណ្តាល

130509_04
លោក សម​ រង្ស៊ី ​ប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុ​ជា​​ ដែល​កំពុង​និរទេ​ស​ខ្លួន​
គណបក្ស​សង្គ្រោះ ​ជាតិ​អះអាង​ពី​ម្សិល​មិញ​ថា លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចុះ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត​ ក្នុង​ខេត្ត​កណ្តាល បើ​ទោះ​ជា​លោក​ត្រូវ គ.ជ.ប​សម្រេច​ថា គ្មាន​លក្ខណ​សម្បតិ្ត​ដើម្បី​ឈរ​ឈ្មោះ​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ។
ក្នុង​ករណី​ដែល​ អាច​ចរចា​នឹង​មាន​ការ​ព្រម​ព្រៀង ហើយ​លោក សម រង្ស៊ី ត្រូវ​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ដើម្បី​ឈរ​ឈ្មោះ​បោះ​ ឆ្នោត នោះ​លោក សម រង្ស៊ី​នឹង​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​នៅ​មណ្ឌល​ខេត្ត​កណ្តាល​តទល់​ជាមួយ​នឹង​ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។
លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា គណបក្ស​មិន​ទាន់​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឡើយ​ប៉ុន្តែ​គណបក្ស​នឹង​ចុះ​ ឈ្មោះ​នៅ​ចុង​សប្តាហ៍​នេះ។ នៅ​ពេល​នោះ​ឈ្មោះ លោក សម រង្ស៊ី នឹង​ស្ថិត​ក្នុង​ចំណោម​បេក្ខជន​របស់​គណបក្ស​។
លោក យ៉ែម ប៉ុញ្ញឫទ្ធិ បាន​បន្ត​ថា៖« មូលហេតុ​ដែល​យើង​យឺត​យ៉ាវ ព្រោះ​នៅ​តែ​សិក្សា​ពី​នីតិវិធី​ច្បាប់ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​ដល់​លោក​សម រង្ស៊ី ដើម្បី​គាត់​អាច​ប្រជែង​ជាមួយ​នឹង​លោក ហ៊ុន សែន នៅ​ខេត្ត​កណ្តាល»។
ក្នុង​ពេល​បោះ​ឆ្នោត​លើក​មុន លោក សម រង្ស៊ី បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ខេត្ត​កំពង់ចាម។
វា​មិន​ច្បាស់​ ទេ​ថា​តើ​មធ្យោបាយ​ច្បាប់​នោះ​ជា​អ្វី ហើយ​លោក ប៉ុញ្ញឫទ្ធិ បដិសេធ​មិន​ពន្យល់​បន្ថែម​ឡើយ។ កាល​ពី​មុន គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បាន​សម្រេច​ម្តង​ហើយ​ម្តង​ទៀត​តាម​លក្ខខណ្ឌ​ច្បាប់​ថា​លោក សម រង្ស៊ី ពុំ​មាន​សិទិ្ធ​បោះ​ឆ្នោត​និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ឡើយ។
លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​លើក​ឡើង​ពី​ចំណុច​នេះ​ម្តង​ទៀត កាល​ពី​ម្សិល​មិញ ដោយ​ថ្លែង​ថា លោក សម រង្ស៊ី គ្មាន​សិទិ្ធ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ទេ ដោយ​សារ​តែ​ប្រវត្តិ​ជាប់​ទោស។
លោក ទេព នីថា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​យើង​នឹង​ពិនិត្យ​លើ​បញ្ជី​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពេល​គេ​ដាក់​មក​ហើយ​ប្រសិន​បើ​លោក សម រង្ស៊ី ស្ថិត​ក្នុង​បញ្ជី យើង​នឹង​ស្នើ​សុំ​ឲ្យ​ផ្លាស់​ប្តូរ​ក្នុង​រយៈ​ពេល​៥ថ្ងៃ​»។
យោង​តាម​ច្បាប់​បោះឆ្នោត ជន​ជាប់​ទោស​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​បោះឆ្នោត ឬ​ឈរ​ឈ្មោះ​។
លោក សម រង្ស៊ី​ដែល​បាន​និរទេស​ខ្លួន​ឯង​នៅ​ប្រទេស​បារាំង​បាន​ប្រឈម​នឹង​ទោស​ជាប់​ ពន្ធនាគារ ១២ឆ្នាំ ប្រសិន​បើ​លោក​វិល​មក​កម្ពុជា​វិញ​ក្រោម​ការ​កាត់​ទោស​ពី​បទ​ញុះញង់ ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ​។
ក្រុម​អ្នក​ គាំទ្រ​លោក សម រង្ស៊ី បាន​ទទូច​ថា ការ​កាត់​ទោស​នេះ​គឺ​ដោយ​មូល​ហេតុ​នយោបាយ ហើយ​មន្រ្តី​ជាន់​ខ្ពស់ ដូច​ជា​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បាន​ជំរុញ​រដ្ឋាភិបាល​លើក​ចោល​ការ​ចោទ​ប្រកាន់ និង​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល​រួម​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​។ ប៉ុន្តែ បើ​ទោះ​បទ​ចោទ​ត្រូវ​បាន​លើក​ចោល​ក៏​ដោយ ក៏​ប៉ុន្តែ ឈ្មោះ លោក សម រង្ស៊ី បាន​លុប​ចេញ​ពី​បញ្ជី​អ្នក​បោះឆ្នោត​ជាង​មួយ​ឆ្នាំ​មក​ហើយ​ហើយ​តាម​ច្បាប់​ មិន​អាច​ដាក់​បញ្ចូល​វិញ​បាន​ទេ នៅ​ក្នុង​រយៈ​ពេល​នេះ។
លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ ​មន្រ្តី ថ្លែង​ថា បេក្ខភាព​នេះ​ហាក់​ដូច​ជា​គ្រាន់​តែ​ជា​ឆាក​នយោបាយ។
លោក សុធា បន្ថែម​ថា៖​«ខ្ញុំ​គិត​ថា វា​ជា​រឿង​ល្ងីល្ងើ ដែល​គេ​ផ្គូរ​ផ្គង​លោក សម រង្ស៊ី និង​សម្តេច​តេជោ ហ៊ុន សែន ជា​បេក្ខជន​ប្រជែង​ក្នុង​ខេត្ត​កណ្តាល ព្រោះ​គាត់​ត្រូវ​បាន​គេ​ហាម​ឃាត់​ដោយ​ច្បាប់ ហើយ​គាត់​គ្មាន​សិទិ្ធ​ទេ​»។
លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែង​ថា តាម​ទស្សនៈ​យុទ្ធសាស្រ្ត គណបក្ស​អាច​មាន​ជម្រើស​តិច។
លោក​បន្ថែម​ថា៖ «​គេ​ដឹង​ថា គេ​មិន​អាច​ទទួល​បាន​បែប​នេះ​ទេ ប៉ុន្តែ​យ៉ាង​ហោច​គេ​បង្ហាញ​សាធារណជន​អ្នក​បោះ​ឆ្នោត​ថា ពួកគេ​កំពុង​ព្យាយាម​ថា គេ​ខិត​ខំ​ដើម្បី​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​និង​ឈរ​ឈ្មោះ​ជា​បេក្ខជន»។ លោក​បញ្ជាក់​ថា បើ​សេចក្តី​សម្រេច​នេះ​ផ្អែក​តែ​លើ​ច្បាប់​វា​ច្បាស់​ថា​លោក សម រង្ស៊ី គ្មាន​ផ្លូវ​ឈរ​ឈ្មោះ​បាន​ឡើយ។ ប៉ុន្តែ​ថា គណបក្ស​អាច​កំពុង​មាន​សង្ឃឹម​ថា នឹង​មាន​ការ​សម្រុះ​សម្រួល​នយោបាយ​។ ទោះ​ផ្លូវ​ច្បាប់​ឬ​មិន​មែន​ក្តី​«​នៅ​កម្ពុជា ពេល​ខ្លះ​ការ​សម្រុះ​សម្រួល​នយោបាយ​អាច​កើត​ឡើង​បាន។
លោក​ទទួល​ស្គាល់ ​ថា មាន​ឱកាស​តិច​តួច​ពី​ការ​សម្រុះ​សម្រួល​នេះ តែ​បើ​«​ផ្អែក​លើ​ពាក្យ​សម្តី​គ.ជ.ប​ពី​មុន ឬ​ពាក្យ​សម្តី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ យើង​ពុំ​ទទួល​បាន​សញ្ញា​នៃ​ការ​សម្រុះ​សម្រួល​ផ្លូវ​នយោបាយ​ឡើយ​»។
 

CPP ចំអក​និង​គំរាម​បក្ស​ប្រឆាំង

130508_03
លោក​ជាម យៀប នៅ​ក្នុង​ពិធី​មួយ​កាល​ពី​ពេល​កន្លង​មក​
មន្ត្រី​ជាន់​ ខ្ពស់​រដ្ឋាភិបាល និង​តំណាង​រាស្ត្រ​ដែល​សុទ្ធ​តែ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចំអក​ឡក​ ឡឺយ ដាក់​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា កាល​ពី​ម្សិល​មិញ​មុន​នឹង​ធ្វើ​ការ​គំរាម​កាត់​ប្រាក់​ខែ​ដោយ​សារ​តែ​តំណាង​ រាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​នោះ បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​បង្កើត​ថ្មី។
តំណាង​រាស្ត្រ​ គណបក្ស​សម រង្ស៊ី ចំនួន ២៦ រូប និង​គណបក្ស​សិទ្ធិ​មនុស្ស​ចំនួន ៣ រូប បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​អស់​ហើយ​ជា​គណបក្ស​ដែល​ទើប​តែ​ ត្រូវ​បាន​បង្កើត​ថ្មី​ដោយ​ការ ច្របាច់​បញ្ចូល​គ្នា រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដើម្បី​ចូល​រួម​ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នាថ្ងៃ​ទី២៨ ខែ​កក្កដា​ខាង​មុខ។
លោក ងួន ញិល អនុ​ប្រធាន​ទី​មួយ​រដ្ឋសភា លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ និង​លោក ជាម យៀប តំណាង​រាស្រ្ត បាន​ថ្លែង​ម្តង​ម្នាក់ៗ​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​ដោយ​បាន​ ចំអក​ដាក់​គណបក្ស​ប្រឆាំង​មុន​ពេល​ពួកគេ​បាន​លើក​ឡើង​ថា ភាព​ស្រប​ច្បាប់​នៃ​វត្តមាន​របស់​តំណាង​រាស្ត្រ គណបក្ស​ប្រឆាំង នៅ​ក្នុង​រដ្ឋសភា​គឺជា​ចំណុច​វិវាទ។
លោក ស ខេង បាន​បន្ថែម​ថា៖ «​ក្នុង​ករណី​សមាជិក​គណបក្ស​នយោបាយ​មួយ​ស្នើ​សុំ​លាលែង​ពី​គណបក្ស​នោះ បុគ្គល​នោះ អាច​បាត់​បង់​សមាជិកភាព​តំណាង​រាស្រ្ត ដោយ​ស្វ័យ​ប្រវតិ្ត។ ដូច្នេះ នោះ មាន​ន័យ​ថា គាត់​មិន​មែន​ជា​សមាជិក​តំណាង​រាស្រ្ត​ទៀត​ទេ»។
ដោយ​មិន​បាន​ ថ្លែង​លម្អិត​លោក​ស ខេង បាន​សង្កត់​ធ្ងន់​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ពន្យល់​ពី​បញ្ហា​នេះ​។ លោក ងួន ញ៉ិល បាន​បន្ទរ​តាម​ក្រោយ​លោក​ស ខេង ថា លោក​ចាត់​ទុក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ ប្រជុំ​រដ្ឋសភា កាល​ពី​ម្សិលមិញ​ថា​បាន​ធ្វើ​សកម្មភាព​នៅ​ក្រៅ​ភារកិច្ច​។ លោក ជាម យៀប បាន​ថ្លែង​ថា លោក​កំពុង​ពិចារណា​ផ្ញើ​លិខិត​ស្នើ​សុំ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា កាត់​ប្រាក់​ខែ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។
លោក ជាម យៀប បាន​ពន្យល់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ទាប់​ពី​បិទ​អង្គ​ប្រជុំ​រដ្ឋសភា​ថា៖ «​រាល់​បុគ្គល​ជាប់​ឆ្នោត​ដែល​ផ្តាច់​ខ្លួន​ពី​គណបក្ស​នយោបាយ​មួយ ត្រូវ​តែ​លាលែង​ពី​សមាជិកភាព​ដោយ​ស្វ័យ​ប្រវតិ្ត។ ដូច្នេះ ក្នុង​ឋានៈ​ជា​ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ខ្ញុំ​កំពុង​ត្រៀម​ចេញ​លិខិត​មួយ ស្នើ​សុំ​សម្តេច​ប្រធាន​រដ្ឋសភា​កាត់​ប្រាក់​ខែ​តំណាង​រាស្រ្ត ដែល​ចូល​រួម​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ»។
ការ​វាយ​ប្រហារ​ ខ្លាំងៗ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​កាល​ពី​ម្សិល​មិញ​ហាក់​ដូច​ជា​ជំរុញ​ឡើង​ដោយ ​សារ​ការ​ជជែក​វែក​ញែក​លើ​សេចក្តី​ព្រាង​ច្បាប់​បង្ការ​អគ្គិភ័យ ដែល​ក្នុង​ពេល​ជជែក​ពិភាក្សា លោក យឹម សុវណ្ណ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី បាន​លើក​ឡើង​ថា៖«ក្នុង​ឋានៈ​ជា​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ» លោក​ចង់​ឃើញ​ការ​ការ​ពារ​ល្អ​ប្រសើរ​ជាង​នេះ។ បើ​ទោះ​បី​ជា​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ពុំ​បាន​ខិតខំ​វាយ​បក​វិញ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​វាយ​ប្រហារ​លើ​ខ្លួន​ក៏​ដោយ ក៏​ប៉ុន្តែ លោក សុវណ្ណ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន បន្ទាប់​ពី​កិច្ច​ប្រជុំ​រដ្ឋសភា​ថា លោក​រីក​រាយ​ដោយ​សារ​ប្រតិកម្ម​នេះ។
លោក​បាន​បន្ថែម​ ថា៖ «​ខ្ញុំ​រីករាយ​នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​វាយ​ប្រហារ​បែប​នេះ​»។ លោក​បាន​បន្ថែម​ថា បើ​គិត​ពី​បញ្ញតិ្ត ៦ ខែ ការ​គំរាម​កាត់​ប្រាក់​ខែ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នេះ​គឺ​គួរ​ឲ្យ​ចង់ ​សើច​។ ថ្លែង​តាម​ទូរស័ព្ទ ក្រោយ​មក លោក សុវណ្ណ បាន​ពន្យល់​ថា ឥរិយាបថ​របស់​គណបក្ស​កាន់​អំណាច​បង្ហាញ​ថា ពួកគេ​ពិត​ជា​ខ្លាច​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ​៕

លោកកឹមសុខាប្រធានស្ដីគណបក្សសង្រ្គោះជាតិចុះជួបសំណេះសំណាលជាមួយមហាជនខ្មែរប្រមាណជា២០០០នាក់ក្នុងឃុំកំពែងស្រុកព្រៃកប្បាសខេត្តតាកែវនៅព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៣

លោកកឹមសុខាប្រធានស្ដីទីគណបក្សសង្រ្គោះជាតិចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណជា៥០០នាក់ក្នុងឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាលកាលពីរសៀលថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៣ដែលវេទិការៀបចំដោយគណបក្សសង្រ្គោះជាតិខេត្តកណ្តាល

លោកកឹមសុខាប្រធានស្ដីទីគណបក្សសង្រ្គោះជាតិចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំព្រែកស្ដីស្រុកកោះធំខេត្តកណ្ដាលនៅព្រឹកថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៣

ស្វែងយល់ពីកម្មវិធីនយោបាយសុខមាលភាពសង្គមរបស់គណបក្សសង្គ្រោះជាតិ


គណបក្សប្រជាជនក្តី គណបក្សខឹម វាសនាក្តី ពួកគេរាល់ថ្ងៃគិតថា កម្មវិធីនយោបាយ ផ្តល់​ប្រាក់ ៤០០០០រៀលដល់មនុស្សចាស់ ថាជាកម្មវិធីនយោបាយ បោកប្រាស់ មិនបានការ ហើយ​ពួកគេមិនឲ្យតំលៃ គិតតែពីនិយាយចំអកឡកឡើយ ដោយប្រហែលពួកគេគិតថា​កម្មវិធីនយោបាយ បែបនេះប្រហែលជាគ្មានប្រទេសណាធ្វើទេ។ 

សូមបងប្អូនគិតពិចារណាឡើងវិញ ព្រោះថាអ្វីដែលគណបក្សសង្រ្គោះជាតិសម្រេច​ដាក់រឿង​នេះ​ ក្នុងកម្មវិធីនយោបាយរបស់ខ្លួន មិនមែនជារឿងថ្មីសម្រាប់ប្រទេស ប្រកាន់យករបប​នយោ​បាយសេរីឬសង្គមនិយមបានធ្វើថ្មីនោះទេ។ វាជាគោលនយោបាយ មួយដែលគេហៅថា «គោលនយោបាយ សុខមាលសង្គម- Social Welfare Policy »។ គោលនយោបាយ​នេះនៅ​ប្រទេសសេរីនិងអភិវឌ្ឍន៍មិនត្រឹមតែជួយមនុស្សចាស់ទេ ពោលគេជួយទាំងមនុស្ស៖ (១) អត់​ការងារធ្វើ, (២) ក្មេងកំព្រា, (៣) ជនពិការ, (៤) មនុស្សមានសតិមិនគ្រប់គ្រាន់ ឬមនុស្សវិក​លច​រិក, (៥) អ្នកមានជំងឺធ្វើការមិនកើត ។ល។ ជនទាំងនេះនឹងទទួលបានប្រាក់ ឧប្បត្ថម្ភតាមរបប​នយោបាយប្រទេសនិមួយៗ ប្រកាន់យក (មូលធន, សង្គមនិយម, និងពាក់កណ្តាលសេរី)។ ​​

ជាក់​ស្តែងនៅប្រទេសស៊ុយអែដ ដោយលើកពីអ្នកចូលនិវត្តន៍។ ជាសង្វេបនិងទូទៅអ្នក​ចូល​និវត្តចំពោះ អ្នកដែល មានការងារធ្វើរហូតមកនឹងមិនខ្វល់ពីប្រាក់ចូលនិវត្តន៍ទេ ព្រោះវានឹង​លើសពី គ្រប់គ្រាន់ សម្រាប់ពួកគេរស់នៅ។

តែចំពោះអ្នកដែលធ្វើការបានតិចតួច អ្នកមានជំងីប្រចាំកាយធ្វើការមិនកើតឬអ្នកអត់ធ្វើការសោះតែ ន្តងជាពិសេសជនភាសខ្លួនដែលមកដល់ប្រទេសនេះជាមនុស្សចាស់ ពួកគេក៏ត្រូវ​បាន​ទទួល ប្រាក់ សង្គមផ្តល់ដោយរដ្ឋាភិបាលអាចរស់នៅបានយ៉ាងសមរម្យផងដែរ។ ពោលគឺ​ថ្លៃមិនតិចជាង៨០០០ ក្រោន (ប្រហែលជា១២០០ដុល្លា)ទេសម្រាប់ម្នាក់ក្នុងមួយខែ ហើយ​ថ្លៃ​ពេទ្យ ឬព្យាបាលផ្សេងៗគឺ មិនគិតថ្លៃទេ។ ពួកគាត់អាចរស់នៅផ្ទះខ្លួនឯងឬនៅផ្ទះមនុស្សចាស់តាមចិត្ត។ 

នៅផ្ទះមនុស្សចាស់មានពេទ្យ មានអ្នកជំនាញផ្នែកមនុស្សចាស់ចាំមើលថែរនៅធ្វើការ២៤ម៉ោង ពេញសម្រាប់មើលការខុសត្រូវនឹងជួយពួកគាត់ដែលជាបន្ទុករបស់រដ្ឋាភិបាលទាំងអស់។ ចំពោះ អ្នកបាត់បង់ការ​ងារ​ហើយ​កំពុងស្វែងរកការងារ ពូកគេត្រូវក៏ទទួលបានប្រាក់ឧប្បត្ថម្ភពីមន្ទីរការងារ​ដែលហៅថា​ប្រាក់ទ្រទ្រង់ បើមិនគ្រប់ត្រូវបានបន្ថែមពីមន្ទីរសង្គមកិច្ច ដែលផ្តល់ជូនឲ្យទាំងថ្លៃ ហូប ចុក ថ្លៃ​ទឹកភ្លើង ថ្លៃផ្ទះ និងថ្លៃចំណាយធ្វើដំណើរស្វែងការងារថែមទៀត។ និងមានផលប្រយោជន៍​ ច្រើនទៀតដែលប្រជាជនរបស់គេត្រូវទទួលបានពីគោលនយោបាយសុខមាលភាពសង្គមនេះ។

ជារួមបើគណបក្សសង្គោះជាតិជាប់ឆ្នោត តាមយោបល់ខ្ញុំផ្ទាល់គឺចង់ឲ្យពួកគាត់រហូតដល់ ២០ដុល្លា ឯណោះក្នុងមួយខែ ព្រោះថាចាស់ៗនៅស្រុកយើងនាពេលនេះ អាចនិយាយថា​ជាពិ​សេសអ្នកស្រែ សុទ្ធ តែបានឆ្លងកាត់ជីវិតលំបាក តោកយ៉ាកពេញមួយជីវិត ដូច្នេះយើងជាខ្មែរ ជារដ្ឋាភិបាលគួរខឹត ខំដឹកនាំស្រុក ពង្រឹងតម្លាភាពដឹកនាំ គ្រប់គ្រងសេដ្ឋកិច្ចជាតិ និងជម្រុញវា​ឲ្យមានភាពរឹងមាំដើម្បី ធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចំរើន និងអាចជួយពួកគាត់ឲ្យរស់នៅបានធូរចិត្តនិងមានសង្ឃឹមដោយជួយ សម្រួលទុក្ខលំបាករបស់ពួកគាត់បានខ្លះពេលគាត់ចាស់ជរាធ្វើការ ​មិនកើត។ អ្នកត្រូវចាំថា ចាស់ៗ ស្រុកយើងច្រើន ណាស់រស់ នៅឯកាគ្មានកូនចៅ ដោយរបប​ប៉ុល​ពតបន្សល់ទុក។ជាកាត្វកិច្ច ដែលត្រូវតែបានមើលថែពួកគាត់ដោយរដ្ឋាភិបាលនិងក្នុងនាមជាជាតិសាសន៍តែមួយ។

ស្លាក​សញ្ញា​បក្ស​ប្រឆាំង​៤​ផ្ទាំង​នៅ​បាត់ដំបង​ត្រូវ​គេ​វាយ​បំផ្លាញ

ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​កន្លែង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​វាយ​បំផ្លាញ​ចោល។  មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ អះអាង​ថា មូលហេតុ​នៃ​ការ​លួច​បំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ នេះ កើត​ចេញ​មក​ពី​ការ​ញុះញង់​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ជា​មន្ត្រី​របស់​ គណបក្ស​ប្រជាជន​កម្ពុជា។ 
2013-05-07
ដោយ សួន សុផលមុន្នី
RFA
គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ស្លាក​គណបក្ស​របស់​ខ្លួន​ចំនួន ៤​ផ្ទាំង នៅ​ក្នុង​ស្រុក​ចំនួន​៤ ក្នុង​ខេត្ត​បាត់ដំបង ត្រូវ​គេ​លួច​វាយ​បំផ្លាញ​ចោល​ជា​បន្តបន្ទាប់។ សកម្មភាព​នៃ​ការ​វាយ​បំផ្លាញ​នេះ បាន​កើត​មាន​ក្រោយ​ពេល​ដែល​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស រួប​រួម​គ្នា​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ តែ​មួយ។
សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បាត់ដំបង លោក ជា ជីវ ថ្លែង​នៅ​ថ្ងៃ​ទី៦ ខែ​ឧសភា ថា ស្លាក​គណបក្ស​ទាំង​៤ នោះ មាន​នៅ​ស្រុក​បាណន់ ស្រុក​សង្កែ ស្រុក​រុក្ខគិរី និង​ស្រុក​សំពៅលូន។ លោក​បញ្ជាក់​ថា នៅ​ស្រុក​ចំនួន​ពីរ គណបក្ស​សង្គ្រោះ​ជាតិ ពុំ​អាច​វែក​រក​មុខ​ជន​ប្រព្រឹត្តិ​ឃើញ​នោះ​ទេ ប៉ុន្តែ​នៅ​ស្រុក​ចំនួន​ពីរ​ទៀត អ្នក​ប្រព្រឹត្តិ​គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ។
លោក ជា ជីវ៖ «ស្រុក​បាណន់ ហើយ​និង​ស្រុក​រុក្ខគិរី អត្តសញ្ញាណ​ជន​ដែល​បំផ្លាញ​ហ្នឹង អត់​បាន​ទេ។ រីឯ​នៅ​ស្រុក​សង្កែ ហើយ​និង​ស្រុក​សំពៅលូន អ្នក​ដែល​បាន​បំផ្លាញ គឺ​ជា​ម្ចាស់​ដី​ដែល​លើក​ស្លាក​សញ្ញា​របស់​យើង​ហ្នឹង។ មូលហេតុ​នៃ​ការ​បំផ្លាញ​ស្លាក​សញ្ញា​យើង​ហ្នឹង គឺ​មាន​ការ​ញុះញង់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែល​មាន​និន្នាការ​ទៅ​គណបក្ស​កាន់​ អំណាច ដូចជា​នៅ​ឃុំ​កំពង់ព្រៀង និង​ស្រុក​សំពៅលូន ហ្នឹង អាជ្ញាធរ​មូលដ្ឋាន​បាន​ម្ចាស់​ផ្ទះ​ម្ចាស់​ដី​ហ្នឹង​ដក​ស្លាក​សញ្ញា​របស់​ យើង»
ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក វ៉ា គឹមហេង ថ្លែង​ថា នៅ​ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ​២០១៣ នេះ ជន​មិន​ស្គាល់​មុខ​បាន​ដក និង​យក​ដុំ​ថ្ម​វាយ​បំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ មួយ នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​ថ្មគោល ក្រុង​កំពង់ចាម។ ហើយ​ករណី​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​តាម​ចាប់​ជន​ប្រព្រឹត្តិ​យក​មក​ ផ្ដន្ទាទោស​តាម​ច្បាប់។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​អនុវត្ត​ទៅ​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គ្រប់​គណបក្ស​នយោបាយ ទាំង​ការ​លើក​ស្លាក​គណបក្ស និង​ការ​ជួប​ប្រជុំ​ជាមួយ​សកម្មជន​របស់​គណបក្ស៖ «អាជ្ញាធរ ​មូលដ្ឋាន​យើង​ធ្វើ​ក្នុង​នាម​ប្រយោជន៍​ប្រជាពលរដ្ឋ ហើយ​គ្រប់​គណបក្ស​នយោបាយ​ធ្វើ​ឲ្យ​មាន​ភាព​ស្មើ​គ្នា កុំ​គណបក្ស​កាន់​អំណាច​យើង​បង្ក​លក្ខណៈ​ងាយ​ស្រួល សូម្បី​ពេល​ខ្លះ​លើក​ស្លាក មិន​ចាំបាច់​ជូន​ដំណឹង​ផង គាត់​ដាក់​ដោយ​ឯង ដល់​ពេល​គណបក្ស​ជំទាស់ ឬ​ក៏​គណបក្ស​តូចៗ​គាត់​ស្នើសុំ​ជូន​ដំណឹង អាជ្ញាធរ​មូលដ្ឋាន​មិន​ព្រម​ឲ្យ​គាត់​ធ្វើ អា​ហ្នឹង​ភាព​ផ្ទុយ​គ្នា»
មន្ត្រី​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី កត់​សម្គាល់​ថា ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១២ កន្លង​ទៅ ការ​បំផ្លាញ​ស្លាក​គណបក្ស​នយោបាយ​មាន​ការ​ថយ​ចុះ។ ករណី​ជន​មិន​ស្គាល់​មុខ​វាយ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នេះ សមាគម​អាដហុក ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​រក​មុខ​ជន​ប្រព្រឹត្តិ​ឲ្យ​ឃើញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អ្វី​មួយ​ដែល​គេ​ហៅ​ថា ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល៖ «ពីព្រោះ​អា​នេះ​វា​ពាក់ព័ន្ធ ​ទៅ​ដល់​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព ភូមិ​ឃុំ​មាន​សុវត្ថិភាព​ហ្នឹង បាន​ន័យ​ថា អត់​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​នៅ​ក្នុង​ភូមិ​ឃុំ​ហ្នឹង​អាច​មាន​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​ បំផ្លាញ​ស្លាក​គណបក្ស អ៊ីចឹង​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​សន្តិសុខ​នៅ​ក្នុង​ភូមិ​ឃុំ»
មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​ថា រហូត​មក​ពេល​នេះ​មាន​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ជាង​១០ នៅ​តាម​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​ជន​មិន​ស្គាល់​វាយ​បំផ្លាញ។ គណបក្ស​នយោបាយ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ ក្នុង​ការ​លើក​ស្លាក​សញ្ញា​គណបក្ស។ អាជ្ញាធរ​មូលដ្ឋាន​ដែល​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច មិន​ដែល​ចាប់​ជន​ប្រព្រឹត្តិ​បាន​ឡើយ។ បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធិប្រជាធិបតេយ្យ និង​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

បរិយាកាស​នយោបាយ​មុន​ការ​បោះឆ្នោត

2013-05-07 
ដោយ សេក បណ្ឌិត
RFA




ថ្ងៃ​កំណត់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ សម្រាប់​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ នេះ មិន​ទាន់​ចូល​ជា​ធរមាន​នៅ​ឡើយ​ទេ ប៉ុន្តែ​សកម្មភាព​នេះ​ហាក់​កំពុង​ដើរ​លឿន​ជាង​ពេល​ដែល​កំណត់​ដោយ​ច្បាប់​ទៅ​ ហើយ។
ក្នុង​ដំណាក់​កាល​នេះ អ្នក​វិភាគ​បញ្ហា​សង្គម និង​ក្រុម​និស្សិត​មួយ​ចំនួន បាន​កត់​សម្គាល់​ឃើញ​ថា បក្ស​នយោបាយ​កំពុង​តែ​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​ខ្លួន​ ក្នុង​បរិយាកាស​មួយ​ស្ងប់ស្ងាត់ និង​អហិង្សា។
«សំឡេង​ឃោសនា​របស់​បក្ស​នយោបាយ»
ក្រុម​និស្សិត និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​សង្កេត​ឃើញ​ថា នៅ​ឆ្នាំ​២០១៣ នេះ សកម្មភាព​ឃោសនា​បោះឆ្នោត​ហាក់​មាន​សញ្ញាណ​មួយ​ល្អ​ជាង​ឆ្នាំ​បោះឆ្នោត​កន្លង ​ទៅ ឬ​នៅ​អាណត្តិ​មុនៗ។
និស្សិត​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​ការ​សង្កេត​លើ​កិច្ចការ​បោះឆ្នោត បាន​យល់​ឃើញ​ថា មេ​ដឹកនាំ​នៃ​បក្ស​នយោបាយ​សំខាន់ៗ​ដែល​ត្រូវ​ប្រកួត​ប្រជែង​នៅ​ក្នុង​ អាណត្តិ​ទី៥ ឆ្នាំ​២០១៣ នេះ មាន​ការ​យល់​ដឹង​ច្រើន​ពី​ក្រម​សីលធម៌​ជា​អ្នក​នយោបាយ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​គួរ​ឲ្យ​គោរព។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្តី តាម​វេទិកា​សាធារណៈ​ក្តី ពួក​គេ​ពុំ​សូវ​ឮ​មេ​ដឹកនាំ​គណបក្ស​ប្រើ​ពាក្យ​អសុរោះ​ប្រមាថ​មើល​ងាយ​គ្នា​ ទៅ​វិញ​ទៅ​មក ដើម្បី​ប្រជាប្រិយភាព​ខ្លួន​ឯង ឬ​បង្ហាញ​ពី​អំណាច​របស់​ខ្លួន​នោះ​ទេ។
ពួក​គេ​ចង់​ឲ្យ​មាន​ស្ថានភាព​បែប​នេះ​បន្ត​កើត​មាន​រហូត​ដល់​ចុង​បញ្ចប់​នៃ​យុទ្ធនាការ​នេះ។
ចំណែក​លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​លើ​ការ​អភិវឌ្ឍ​សង្គម​វិញ ក៏​យល់​ឃើញ​ដែរ​ថា ការ​ចាប់​ផ្ដើម​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នា​ពេល​នេះ ទោះ​ហាក់​បី​ដូច​ជា​នាំគ្នា​ដើរ​លឿន​ជាង​ច្បាប់​កំណត់​ក្តី ក៏​ធ្វើ​ឡើង​ជា​ចំហ​ទូលំទូលាយ​ជាង​ពេល​មុន។ ចំពោះ​នីតិវិធី​យុទ្ធសាស្ត្រ​វិញ ហាក់​មាន​ការ​ជឿនលឿន និង​មាន​ភាព​ទាក់ទាញ​ជាង​មុន ចំណែក​សារ​នយោបាយ​វិញ ក៏​មាន​ភាព​ច្បាស់​លាស់ អាច​នឹង​អនុវត្ត​ទៅ​បាន បើ​សិន​ជា​គណបក្ស​ណា​មួយ​ឈ្នះ​ឆ្នោត។
លោក​បន្ត​ថា ការ​ផ្លាស់​ប្ដូរ​នេះ អ្នក​នយោបាយ​អាច​បត់បែន​តាម​គោល​គំនិត និង​តម្រូវ​ការ​របស់​ម្ចាស់​ឆ្នោត​សំខាន់។
ម្ចាស់​ឆ្នោត​ភាគ​ច្រើន បាន​ចាប់​ផ្ដើម​ប្រើ​ភាព​វៃឆ្លាត​របស់​ខ្លួន មុន​នឹង​សម្រេច​ចិត្ត ដោយ​ពឹង​ផ្អែក​លើ​គោល​នយោបាយ​ច្បាស់​លាស់​របស់​បក្ស​នយោបាយ ជាង​ការ​អួតអាង​ដោយ​ប្រើ​ពាក្យ​អសុរោះ និង​ការ​គំរាម​កំហែង​ជាដើម​នោះ។
លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និកហ្វិច (Nicfec)។ លោក​សង្កេត​ឃើញ​ដែរ​ថា ក្នុង​អាណត្តិ​ថ្មី​នេះ អ្នក​នយោបាយ​មាន​ចរិត​ចាស់​ទុំ​ច្រើន ប៉ុន្តែ​ស្ថិត​ក្នុង​អន្តរកាល​នៅ​ឡើយ។ លោក​ថា មន្ត្រី​បក្ស​នយោបាយ​គួរ​តែ​ត្រួត​ពិនិត្យ​លើ​ក្រម​សីលធម៌​របស់​ខ្លួន មុន​ចេញ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដើម្បី​បង្ហាញ​នូវ​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​មក​ទាក់ទាញ​ទឹក​ចិត្ត​ ប្រជាពលរដ្ឋ ប្រសើរ​ជាង​ការ​ប្រើ​អំពើ​ហិង្សា​គំរាម​កំហែង​ដៃគូ​របស់​ខ្លួន។
មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​ថា សកម្មភាព​របស់​បក្ស​នយោបាយ​សព្វថ្ងៃ​នេះ ពុំ​ទាន់​មាន​សកម្មភាព​ណា​មួយ​ចាត់​ទុក​ថា​ខុស​នឹង​ច្បាប់​បោះឆ្នោត​នោះ​នៅ​ ឡើយ​ទេ។ កាល​បរិច្ឆេទ​នៃ​ពេល​វេលា​ឃោសនា​បោះឆ្នោត​ជា​ផ្លូវ​ការ គឺ​ចាប់​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី២៦ ខែ​កក្កដា។ ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត និង​បញ្ជី​ទីតាំង​នៅ​ការិយាល័យ​បោះឆ្នោត និង​នៅ​គណៈកម្មការ​ឃុំ​សង្កាត់ ធ្វើ​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០១៣។ ចំណែក​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​បិទ​ផ្សាយ​លទ្ធផល​បឋម​នៅ​ការិយាល័យ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣៕

គណបក្ស​សង្គ្រោះជាតិ​កំពុង​ពិចារណា​បេក្ខភាព​លោក​ សម​ រង្ស៊ី​

លោក​សម រង្ស៊ី​ ធ្លាប់​ឈរ​ឈ្មោះ​លេខរៀង​ទី​មួយ​នៅ​មណ្ឌល​កំពង់ចាម​
លោក​សម រង្ស៊ី​ ធ្លាប់​ឈរ​ឈ្មោះ​លេខរៀង​ទី​មួយ​នៅ​មណ្ឌល​កំពង់ចាម​ (© សុវណ្ណារ៉ា)
គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​មិន​ទាន់​បាន​ ចុះ​ឈ្មោះ​គណបក្ស និង​បញ្ជី​ឈ្មោះ​បេក្ខភាព​តំណាងរាស្ត្រ ​ទៅ​គណៈកម្មាធិការជាតិ​រៀបចំការ បោះឆ្នោត​នៅឡើយ​រហូត​ដល់ពេលនេះ។ អ្នកនាំពាក្យ​គណបក្ស​នេះ លោក​យ៉ែម ប៉ុញ្ញឬទ្ធិ​ បាន​ប្រាប់អោយដឹងថា គណបក្ស​លោក​កំពុង​ពិចារណា​ថា ត្រូវ​ដាក់ ឬមិនត្រូវ​ដាក់​​បេក្ខភាព​លោក​ សម រង្ស៊ី​ ចូល​ក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ។ ហើយ​ថា​បើ​ត្រូវ​ដាក់បេក្ខភាព​មែននោះ លោក​សម រង្ស៊ី​ ដែល​ធ្លាប់តែ​ឈរ​ឈ្មោះ​លេខរៀង​ទី​មួយ​នៅ​មណ្ឌល​កំពង់ចាម​នោះ ម្តងនេះ​នឹង​ឈឈ្មោះ​នៅ​មណ្ឌល​កណ្តាល​វិញ។
ថ្ងៃ ពុធ 08 ឧសភា 2013
ដោយ លាង ដឺលុច
RFI
មូលហេតុ​មួយ​នៃ​ភាព​យឺតយ៉ាវ​នៃ​ការ​ចុះ​ឈ្មោះ​គណបក្សសង្គ្រោះជាតិ​ និង​បញ្ជីឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​នេះ ​នៅ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោតនោះ គឺ​ការ​ពិចារណា​របស់​គណបក្ស​លើ​លទ្ធភាព​នៃ​ការ​ដាក់​បេក្ខភាព​លោក ​សម រង្ស៊ី​។ នេះ​បើតាម​ការ​អះអាង​របស់​លោក​យ៉ែម ប៉ុញ្ញឬទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ។ អ្នកនាំពាក្យ​រូប​នេះ​បន្តថា ប្រសិនបើ​គណបក្ស​សម្រេច​ថា​នឹង​ដាក់បេក្ខភាព​លោក​សម រង្ស៊ី​ មែននោះ លោក​សម រង្ស៊ី ​នឹង​ត្រូវ​ឈរ​ឈ្មោះ​លេខ​រៀងទីមួយ​ នៅ​មណ្ឌលខេត្ត​កណ្តាល ខុសពីការ​បោះឆ្នោត​មុនៗ​ដែល​លោក​សម រង្ស៊ី​ បាន​ឈរ​នៅ​មណ្ឌល​កំពង់ចាម។
ដោយធ្វើអត្ថាធិប្បាយ​យោងទៅលើបេក្ខភាព​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​ឈ​រ​ឈ្មោះ​នៅ​មណ្ឌល​កណ្តាលនោះ លោកយ៉ែម ប៉ុញ្ញឬទ្ធិ ពន្យល់ថា​ លោក​សម រង្ស៊ី ​ត្រូវឈរ​​ឈ្មោះ​នៅ​មណ្ឌល​ណាដែល​មាន​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ដូចគ្នា។

ការ​ឈរឈ្មោះ​នៅ​មណ្ឌល​ណា​នោះ វា​មិន​សំខាន់​ឡើយ។ បញ្ហានៅ​ត្រង់​ថា លោក​សម រង្ស៊ី​ បានក្លាយ​ជា​ជន​ដែល​មាន​ពិរុទ្ធ​ដែល​ច្បាប់​មិន​អនុញ្ញាត​អោយ​ឈរ​​ឈ្មោះជា​ បេក្ខជន​តំណាងរាស្ត្រ ឡើយ​។

ការ​យឺតយ៉ាវ​នៃ​ការ​ចុះ​ឈ្មោះ​គណបក្ស​​ និង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ របស់​គណបក្ស​សង្គ្រោះជាតិ ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ចំអក​របស់​លោក​នាយក​រដ្ឋមន្ត្រី ​កាលពីពេល​ថ្មីៗនេះ។​ បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយថា គណបក្ស​សង្គ្រោះជាតិ ដែល កើត​ឡើង​ដោយការ​បញ្ចូលគ្នារវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នោះ ​កំពុងតែ​មាន​បញ្ហា​ប្រទាញប្រទង់​បេក្ខភាព​ឈរ​ឈ្មោះ។
គេ​នៅ​តែ​មិនទាន់ដឹងថា តើ​គណបក្ស​ប្រឆាំង​មួយ​នេះ​នឹង​ដាក់​សំណើ​សុំ​ចុះ​ឈ្មោះ​ទៅ​គ.ជ.ប. នៅ​ពេល​ណា​នៅឡើយ​ទេ។

គួរ​រម្លឹក​ថា ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​៥​ដែល​បាន​ស្នើ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​នោះ រហូតដល់​ពេលនេះ​ មាន​គណបក្ស​នយោបាយ​ចំនួន​៣​ហើយដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ប្រកាស​ទទួលស្គាល់​ជាផ្លូវ​ការ និ​ងអនុញ្ញាត​អោយ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ។ គណបក្ស​ទាំង៣​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា​ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ ចំពោះ​គណបក្ស​២​ទៀត គឺ​ហ៊្វុនស៊ីនប៉ិច និង សាធារណរដ្ឋ​ប្រជាធិបតេយ្យ ​គ.ជ.ប.​កំពុង​តែ​បន្ត​ពិនិត្យ។

បើយោងតាម​ប្រសាសន៍​របស់អគ្គលេខាធិការ​​គ.ជ.ប.​ លោក​ទេព​ នីថា ​នៅ​ថ្ងៃ​នេះ គណបក្ស​នយោបាយ​ដែល​នឹង​ប្រកួត​ប្រជែង​ក្នុង​ពេល​ខាង​មុខ​នោះ​ទំនង​ជា​មាន​ មិន​លើស​ពី​៦​ឬ៧​គណបក្ស ឡើយ។ លោកទេព នីថា ​បន្ត​ថា ដោយ​មិន​និយាយ​អំពី​គណបក្ស​សង្គ្រោះជាតិ​ វា​អាច​មាន​គណបក្ស​ខ្មែរឈប់ក្រ​មួយទៀត ដែល​អាច​សុំ​ចុះឈ្មោះ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ដែរ៕

ការក្រាញ​អំណាច​ជា «ជំងឺ» របស់​សង្គម​ខ្មែរ

ប្រមុខ​ដឹកនាំ​ខ្មែរ​និង​វៀតណាម នៅ​វិមាន​សន្តិភាព​ក្រុង​ភ្នំពេញ
ប្រមុខ​ដឹកនាំ​ខ្មែរ​និង​វៀតណាម នៅ​វិមាន​សន្តិភាព​ក្រុង​ភ្នំពេញ (©rfi- បួណា)
សេចក្តីថ្លែងការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើម​សប្តាហ៍​នេះ ​ដែល​ថា លោក​នឹង​បន្ត​កាន់ តំណែង ​រហូតដល់​អាយុ​ជាង​៧០​ឆ្នាំ​នោះ បាន​បង្កើត​ឲ្យ​មាន​ការ​ជជែក​គ្នា​យ៉ាង​ផុលផុស​អំពី​អាណត្តិ​របស់​មេដឹកនាំ​ កម្ពុជា។ មតិ​ខ្លះ​បាន​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ថា​នៅ «ក្រាញ​អំណាច» ទោះបីជា​ខ្លួន​កាន់​តំណែង​យូរហើយ ក៏ដោយ។ ប៉ុន្តែ ប្រសិនបើ​គេ​ពិចារណា​ឲ្យ​ស៊ីជម្រៅ ការ​ក្រាញ​អំណាច ​មិនមែន​ជា​រឿង​ដាច់​ដោយ​ឡែក​របស់ បុគ្គល​ណា​ទេ តែ​វា​ជា «ជំងឺ​សង្គម»​ខ្មែរ​ដែល​ត្រូវតែ​រួមគ្នា​ព្យាបាល។ តើ​ជំងឺ​នេះ​មាន​ឫសគល់​មកពីណា? 
ពុធ 08 ឧសភា 2013
ដោយ ប៉ែន បូណា
RFI
នៅ​កម្ពុជា ផ្លូវ​ឡើងទៅ​កាន់អំណាច​គឺជា​រឿង​ដ៏​លំបាក​មួយ​ទៅហើយ ប៉ុន្តែ ការចាកចេញ​ពី​អំណាច​​វិញ​វា​រឹត​តែ​លំបាក​ថែមទៀត។ លំបាក​នៅ​ត្រង់​ថា «វប្បធម៌​ក្រាញ​អំណាច»​កំពុង​ចាក់ឫស​និង​បាន​ក្លាយជា​«ជំងឺ​សង្គម»​មួយ​ដែល​ គួរតែ​នាំគ្នា​រក​វិធី​ព្យាបាល។

ការ​ចោទ​អ្នក​នេះ​ឬអ្នក​នោះ​ថា​ក្រាញ​អំណាច​ គ្រាន់តែ​ជាការ​បាចទឹក​ដាក់គ្នា​តែប៉ុណ្ណោះ​ ពី​ព្រោះនេះ​មិនមែនជា​បញ្ហា​ដោយឡែក​របស់​បុគ្គល​ណា​ម្នាក់​ឡើយ តែ​វា​ជា​បញ្ហា​រួម​របស់​សង្គម​ខ្មែរ​ទាំងមូល។ នៅក្នុង​រដ្ឋាភិបាល អ្នកដឹកនាំ​តែងតែ​ការពារ​អំណាច​រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ។ នៅក្នុង​បក្ស​ក្រៅ​រដ្ឋាភិបាល​ឯណោះ​វិញ វប្បធម៌​នៃ​ការផ្តល់​តម្លៃ​ទៅលើ​បុគ្គល​ដែល​ជា​«តួឯក»​នយោបាយ​ក៏​កំពុង​ចាក់ ​ឫស​យ៉ាងរឹងមាំ​ណាស់​ដែរ។

ជាក់ស្តែង នៅពេល​គេ​និយាយ​ពី​គណបក្ស​កាន់អំណាច គេ​សំដៅ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នៅក្នុង​គណបក្ស​សម រង្ស៊ី គេ​និយាយ​តែ​ពី​លោក​សម រង្ស៊ី ខណៈដែល​គណបក្ស​សិទ្ធិមនុស្ស​គេ​និយាយ​តែ​ឈ្មោះ​លោក​កឹម សុខា។ តួអង្គ​នយោបាយ​ទាំងនោះ​ត្រូវបាន​គេ​លើក​តម្កើង​ថា​ជា​មនុស្ស​យ៉ាង​សំខាន់។ សំខាន់​រហូត​ដល់​ពេល​ខ្លះ​បញ្ហា​ប្រជាធិបតេយ្យ ឬក៏​ស្ថិរភាព​របស់​ប្រទេស​ទាំងមូល ត្រូវបាន​គេ​ចង​ភ្ជាប់​ជាមួយ​នឹង​បុគ្គល​តែ​ម្នាក់។ នៅ​កម្ពុជា កុំ​ថា​ឡើយ​ដល់​ទៅ​ផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស សូម្បី​តែ​ប្តូរ​មេបក្ស​នយោបាយ​មួយ​ក៏​ជា​បញ្ហា​ដែរ។

នៅក្នុង​ពិភព​សង្គម​ស៊ីវិល​ក៏​មិនសូវ​ជា​ខុសគ្នា​ប៉ុន្មាន​ដែរ។ បុគ្គល​ដែលជា​មេដឹកនាំ​ច្រើនតែ​កាន់អំណាច​រយៈពេល​យ៉ាងយូរ​ ដោយ​មិន​ព្រម​ប្រគល់​ឲ្យ​ទៅ​អ្នកដទៃ​ឡើយ។ តើ​នេះ​មិនមែន​ជា​«វប្បធម៌​លើក​ស្ទួយ​បុគ្គល» ដែល​ជា​ឫសគល់​នៃ​«ជំងឺ​ក្រាញ​អំណាច» នៅក្នុង​សង្គម​ខ្មែរ​ទេ​ឬ?

ដើម្បីស្វែងយល់ពីបញ្ហានេះ គេគួរពិនិត្យមើលមូលហេតុមួយចំនួនដូចតទៅ៖

មូលហេតុទី១ ៖ គឺ​បញ្ហា​មុខមាត់។ ជាទូទៅ សង្គម​ខ្មែរ​ច្រើន​តែ​ឲ្យ​តម្លៃ​ខ្លាំង​ពេក​ទៅលើ​តំណែង។ ក្នុងន័យនេះ ការបាត់បង់​មុខតំណែង​ត្រូវគេ​ចាត់ទុកថា ជា​ការបាក់​មុខមាត់​យ៉ាងខ្លាំង។ ហេតុដូច្នេះ​ហើយ​បានជា​អ្នកមាន​មុខតំណែង​តែង​ក្រាញ​មិន​ចង់​ចុះចេញ​ដោយ​ងាយៗ ​ឡើយ។

មូលហេតុទី២ ៖ ការ​ក្រាញ​អំណាច​ គឺ​ជា​ផលវិបាក​នៃ​នយោបាយ​សងសឹក​គ្នា​តាម​យុទ្ធសាស្ត្រ​«អ្នកឈ្នះ​ជា​វីរជន រីឯ​អ្នកចាញ់​ជា​ជន​ក្បត់ជាតិ»។ ទស្សនៈ​នេះហើយ​ដែល​ជំរុញ​ឲ្យ​មេដឹកនាំ​មិន​ងាយ​បោះបង់​អំណាច។ ប្រសិនបើ​ត្រូវ​បោះបង់​ក៏​ពួកគេ​រៀប​ជើង​ព្រួល​ទុកជាមុន​ឲ្យ​ហើយ​ដែរ។

មូលហេតុទី៣ ៖ ប្រព័ន្ធ​ច្បាប់​ដែល​មិន​បាន​កំណត់​អាណត្តិ​របស់​មេ​ដឹកនាំ​ ក៏​ជា​ឱកាស​ដែល​បើកផ្លូវ​ឲ្យ​អ្នកដឹកនាំ​តោង​អំណាច​តាម​ដែល​អាចធ្វើ​ទៅបាន។

ដូច្នេះ ដើម្បី​ព្យាបាល​«ជំងឺ​ក្រាញ​អំណាច» សង្គម​ខ្មែរ​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​មួយ​ចំនួន​ជា​ចាំបាច់។ ជាបឋម គេ​គួរ​យល់ថា មុខតំណែង​ជាពិសេស​តំណែង​ដឹកនាំ​កំពូល​របស់​ប្រទេស​មិនមែនជា​កម្មសិទ្ធិ​ ផ្តាច់មុខ​របស់​អ្នកណា​ម្នាក់​ឡើយ តែ​វា​គ្រាន់តែ​ជាទី​លាន​បង្ហាញ​សមត្ថភាព​របស់​អ្នកដឹកនាំ​ឲ្យ​ប្រជាពលរដ្ឋ​ បាន​ឃើញ​ក្នុង​រយៈពេល​កំណត់​ណា​មួយ​តែ​ប៉ុណ្ណោះ ពោលគឺ​វា​មិន​ខុសពី​សង្វៀន​ប្រកួត​កីឡា​នោះឡើយ។ ការឡើង​ ឬ​ចុះ​ពីស​ង្វៀន​នេះ​ គឺជា​រឿង​ធម្មតា​ដែល​គ្មានអ្វី​គួរ​ឲ្យ​ខ្មាស់អៀន​ឡើយ។ ផ្ទុយទៅវិញ ការ​ស្ថិតនៅក្នុង​មុខតំណែង​យូរ​ពេក កំហុស​ក៏​អាច​កើតមាន​កាន់តែ​ច្រើន​ដែរ។

ក្នុង​បរិបទ​នេះ កា​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ផ្លាស់ប្តូរ​មេដឹកនាំ​ដោយ​ធានា​បាន​នូវ​ សុវត្ថិភាព​របស់​អ្នក​ចេញពី​អំណាច​ផង និង​ស្ថិរភាព​សង្គម​ទាំងមូល​ផង គឺជា​មូលដ្ឋាន​សំខាន់​ជាងគេ​មួយ។ ប៉ុន្តែ មេដឹកនាំ​ប្រទេស​ក៏​មិនត្រូវ​ប្រព្រឹត្ត​បំពាន​អំណាច​ណា​មួយ​ដែរ​នៅក្នុង​ អាណត្តិ​ដឹកនាំ​របស់ខ្លួន​ដើម្បី ចៀសវាង​ការចោទប្រកាន់​ពេលចេញ​ពីមុខ​តំណែង។ តុលាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែល​កំពុង​ដំណើរការ​នៅ​ពេលនេះ​ គួរតែ​ជា​មេរៀន​សម្រាប់​មេដឹកនាំ​ខ្មែរ ហើយ​ព្រឹតិ្តការណ៍​បែបនេះ​ក៏​មិនគួរ​នឹង​កើតឡើង​ជាថ្មីទៀត​ដែរ។

សរុប​មកវិញ វត្ថុធាតុ​ដើម​សម្រាប់​ផ្សំ​ជា​ឱសថ​ព្យាបាល​«ជំងឺ​ក្រាញ​អំណាច»​នៅក្នុង​ សង្គម​ខ្មែរ​មាន​អស់​ហើយ។ ដូច្នេះ ដល់​ពេល​ហើយ​​ដែល​ត្រូវ​នាំគ្នា​ព្យាបាល​ជំងឺ​នេះ​ឲ្យ​អស់ពី​សង្គម៕

សង្គ្រោះ ឬ សង្រ្គាម?

នេះគឺជាកិច្ចសម្ភាសន៍ ស្តីពី សង្គ្រោះ ឬ សង្រ្គាម របស់លោក កិម​ សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ជាមួយវិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៣ ៕

លោកសម រង្ស៊ី៖​​លើកពេល​បោះឆ្នោត​ប្រសើរ​ជាង​បោះឆ្នោត​អយុត្តិធម៌

កាល​បរិច្ឆេទ​ផ្សាយ​ 09.05.2013
មេដឹក​នាំគណបក្ស​ជំទាស់​គឺ​លោក សម រង្ស៊ី​ ទទូចឲ្យ​មាន​អន្តរាគមន៍​ពី​ស.រ.អា.និង​ សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត​ដើម្បី​ធ្វើឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​ សេរីត្រឹមត្រូវ។​ លោក​សុខ ខេមរា​បាន​រាយ​ការណ៍​ថា​ នៅក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​ មន្ត្រី​អាមេរិកាំង​និង​អ្នក​ចូលរួម​ជាច្រើន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក​សម រង្ស៊ី​ បាន​ព្រមាន​ថា​ ប្រសិន​បើ​សហគមន៍​អន្តរជាតិ​មិន​ធ្វើ​អន្តរាគមន៍​​ទេ​នោះ​សហគមន៍​អន្តរជាតិ​ នឹង​បាត់បង់​កេរ្តិ៍​ឈ្មោះ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​នយោបាយ​ក្នុង​ ប្រទេស​ដទៃ​ទៀត៕

សង្គ្រោះ ឬ សង្គ្រាម? [Rescue or War?]

Tuesday, May 7, 2013

CNRP's Concept on Cooperative Improvement

ទស្សនទាននៃគណបក្សសង្គ្រោះជាតិ 
ស្តីពី 
“ ការលើកកម្ពស់សហករណ៍ ឬសហគមន៍កសិកម្ម ”

Monday, May 6, 2013

លោក​នាយក​រដ្ឋ​មន្ត្រី​ប្រកាស​ថា​​នឹង​កាន់​អំណាច​ដូច​ចិន និង​វៀតណាម

Hun+Sen+-+land+seller+(PPP).jpg
 លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែនថ្លែងក្នុងកម្មពិធីមួយកាលពីម្សិលមិញ។ រូបថត ផា លីណា
Monday, 06 May 2013
លាង ផាន់ណារ៉ា
ភ្នំពេញប៉ុស្តិ៍
កំពង់ស្ពឺៈ នៅមុខ​ចំពោះ​ប្រជាពលរដ្ឋ​ជាង ១​ម៉ឺន​នាក់​ក្នុង​ពិធី​ស្តារ​ផ្លូវ​ជាតិ​លេខ​៤៤ ឡើង​វិញ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​ឲ្យ​ដល់​អាយុ ៧៤​ឆ្នាំ ឲ្យដូច​មេ​ដឹក​នាំ​ចិន និង​វៀតណាម រួច​រូប​លោកនឹង​លាលែង​តំណែង​នៅ​អាយុ​នោះ។
លោក​បាន​មាន​ប្រសាសន៍​ថា​ «ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ដូច​មេដឹក​នាំ​វៀតណាម និង​ចិន ឥឡូវ​ខ្ញុំ​អាយុ​៦១​ឆ្នាំ ឲ្យខ្ញុំ​ទៅ​ណា? ខ្ញុំ​ត្រូវ ការពារ​ខ្សែ​របស់​ខ្ញុំ។ ប្រសិន​បើ​គេ​ផ្ដួល​ខ្ញុំ​ឲ្យដួលហើយ​នោះ គណបក្ស​ប្រជាជន​កម្ពុជា ដូច​ជា​ដាច់​ជើង​ម្ខាង ​ហេតុ​អ្វី​បាន​មួយៗ ចង់​តែ​កម្ចាត់ ហ៊ុន សែន រហូត​ដល់​ប្រើ​ពាក្យ​ថា មាន​ស៊ី អត់សែន មានសែន អត់ស៊ី ដែល​នេះ​គឺជា នយោបាយ​របស់​គេ»។
លោក​បញ្ជាក់​ថា មេដឹកនាំ​ ប្រទេស​ទាំង​នោះ​បាន​កាន់​តំណែង​រហូត​ដល់ អាយុ​៧៤​និង​៧៥​ឆ្នាំ ហើយ​ប្រទេស​ ទាំង​នោះ​សុទ្ធ​តែ​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់។
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន បាន​ក៏​បាន​ប្រៀប​ធៀប​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា បក្ស​ប្រឆាំង​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ធ្វើ​ការ​រិៈគន់ លើ​គណបក្ស​កាន់​អំណាច​ដូច​នៅ​ប្រទេស​កម្ពុជា​ដែរ។
លោក​បាន​លើក​ឡើង​ថា បក្ស​ប្រឆាំង​កម្ពុជា​ចោទ​បក្ស​កាន់​អំណាច​កាន់​អំណាច​យូរ ដូច​បក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី​ចោទ​បក្ស​កាន់​អំណច​ថា កាន់​អំណាច​យូរ​រហូត​ដល់ ៥៦ ឆ្នាំ​មក​ហើយ​ និង​បាន​រិៈគន់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថា​គ្មាន​ យុត្តិធ៌ម​ទៀត​ផង។
លោកបានពន្យល់វិញថា កាន់អំណាចយូរ ឬឆាប់​អាស្រ័យ​លើ​ប្រជាព​លរដ្ឋ​ជា​អ្នក​គាំទ្រ។
សូមបញ្ជាក់ថា ក្រោយ​ពី​កាន់​អំណាច​ជិត ៣០​ឆ្នាំ​មក​នេះ នេះ​គឺជា​លោក​ទី១ ហើយ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ពេល​កំណត់​ដែល​លោក​នឹង​ត្រូវ​ចាក​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋ​ មន្ត្រី។

បក្ស​សង្គ្រោះ​ជាតិ​ចេញ​សារ​ពន្យល់​ពី​អ្វី​ជា​សង្គ្រាម​និង​សង្គ្រោះ

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពិធី​ប្រគល់​រថយន្ត​ដឹក​អ្នក​ជំងឺ និង​សម្ភារៈ​ការិយាល័យ​ជូន​ពលរដ្ឋ នៅ​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ចន្ទ ទី២០ ខែ​កញ្ញា ឆ្នាំ​២០១២។ (RFA/Uon Chhin)
2013-05-04 
ដោយ ខែ សុណង
RFA
គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​រួបរួម​គ្នា​បង្កើត​ឡើង​ដោយ​បក្ស​ប្រឆាំង​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ចេញ​លិខិត​ចំហ​មួយ​ជា​សារ​សម្រាប់​ប្រជាពលរដ្ឋ ដោយ​ពន្យល់​បង្ហាញ​ពី​អ្វី​ទៅ​ជា​សង្គ្រាម? អ្វី​ទៅ​ជា​សង្គ្រាម និង​អ្វី​ទៅ​ហៅ​ថា​ជាតិ?
ការ​ចេញ​នូវ​លិខិត​ចំហ​នេះ មេ​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​មេ​ដឹកនាំ​បក្ស​កាន់​អំណាច ថា​តែង​តែ​ប្រកាស​សង្គ្រាម​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ភ័យ​ខ្លាច។ ប៉ុន្តែ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​នេះ​ទេ។
នៅ​ក្នុង​ពេល​ការ​បោះឆ្នោត​រើស​សមាជិក​សភា​អាណត្តិ​ទី៥ កាន់​តែ​ខិត​ជិត​មក​ដល់ អ្នក​នយោបាយ​ក៏​ចាប់​ផ្ដើម​ប្រើ​វោហារសាស្ត្រ ដើម្បី​បង្អាប់​គូប្រកួត​របស់​ខ្លួន ដោយ​ពាក្យ​សម្ដី​ប្លែកៗ។
អ្នក​នយោបាយ​ខ្លះ​បាន​ព្រមាន​ថា បើ​គណបក្ស​ខ្លួន​មិន​ជាប់​ឆ្នោត ស្រុក​អាច​កើត​មាន​សង្គ្រាម។ អ្នក​នយោបាយ​ខ្លះ​បាន​ពន្យល់​អ្នក​ស្រុក​ថា បើ​មិន​មាន​ការ​ប្ដូរ​អ្នក​កាន់​អំណាច​បច្ចុប្បន្ន​ទេ ជីវភាព​អ្នក​ស្រុក​នៅ​តែ​ក្រ​លំបាក ទឹក​ដី​បន្ត​បាត់បង់​ជាដើម។
ប្រជាពលរដ្ឋ​បាន​ដឹង​ថា គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​និយាយ​អំពី​អនាគត​មិន​ល្អ​របស់​ប្រទេស បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឈ្នះ​ឆ្នោត ឬ​រូប​លោក​មិន​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត។ លោក ហ៊ុន សែន បាន​ប្រកាស​សារ​នយោបាយ​របៀប​នេះ​ជា​ច្រើន​លើក និង​ច្រើន​កន្លែង​ដែល​លោក​អញ្ជើញ​ទៅ។
ដោយ​មិន​អាច​ទ្រាំ​បាន​ចំពោះ​ការ​បង្អាប់​បន្តុះ​នេះ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លើយ​តប​ទៅ​នឹង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ការ​ចេញ​ឃោសនា​ទៅ​កាន់​សាធារណជន​កន្លង​មក គឺ​ជា​ការ​ប្រកាស​សង្គ្រាម​គំរាម​កំហែង​បំភិតបំភ័យ​ប្រជាពលរដ្ឋ នៅ​មុន​ការ​បោះឆ្នោត ថ្ងៃ​ទី២៨ កក្កដា ឆ្នាំ​២០១៣ មក​ដល់។
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៤ ឧសភា ថា ការ​ចេញ​លិខិត​ចំហ​នេះ គឺ​មាន​គោល​បំណង​ឆ្លើយ​តប​ទៅ​កាន់​គណបក្ស​កាន់​អំណាច និង​ប្រជាពលរដ្ឋ​បាន​យល់​ពី​អ្វី​ទៅ​ជា​សង្គ្រាម។ លោក​ថា នេះ​ក៏​ជា​ឱកាស​ដើម្បី​បង្ហាញ​ពី​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្មាន​ផែន​ការ​សង្គ្រាម​ឡើយ។ លោក​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត និង​គ្មាន​សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​ខ្មែរ និង​ខ្មែរ​ទេ។
ក្នុង​លិខិត​ចំហ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សរសេរ​ជូន​ទៅ​កាន់​ជន​រួម​ជាតិ​ខ្មែរ ស្ដីពី​សង្គ្រាម និង​សង្គ្រោះ។ លិខិត​នេះ​បាន​សរសេរ​ចោទ​ជា​សំណួរ​ផង និង​ឆ្លើយ​ផង​ថា អ្វី​ទៅ​សង្គ្រាម? អ្វី​ទៅ​សង្គ្រោះ? និង​អ្វី​ទៅ​ហៅ​ថា​ជាតិ? ក្នុង​លិខិត​បាន​បង្ហាញ​ពី​ទស្សនវិស័យ​រួម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ចង់​ផ្លាស់​ប្ដូរ​របៀប​ដឹកនាំ​សព្វថ្ងៃ ដែល​ថា​កំពុង​នាំ​ឲ្យ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ទៅ​រក​របប​ផ្ដាច់​ការ ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​ដោយ​អំពើ​ពុក​រលួយ ភាព​អយុត្តិធម៌​សង្គម ការ​រំលោភ​សិទ្ធិ​មនុស្ស រំលោភ​ដីធ្លី​របស់​ពលរដ្ឋ ពិសេស​មិន​អើពើ​នឹង​ការ​ឈ្លាន​ពាន​របស់​បរទេស និង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ដែល​កំពុង​ហូរ​ចូល​យ៉ាង​អានាធិបតេយ្យ។
លិខិត​ចំហ​នោះ បាន​សរសេរ​ទៀត​ថា ជាក់ស្ដែង ការ​លើក​ឡើង​ពី​សង្គ្រាម ពី​ការ​មិន​បន្ត​ធ្វើ​បុណ្យ ការ​ដក​យក​ម៉ាស៊ីន​បូម​ទឹក​វិញ ការ​មិន​បន្ត​កសាង​ផ្លូវ និង​ប្រព័ន្ធ​ធារាសាស្ត្រ ការ​កម្ទេច​ចោល​ស្នាដៃ​ដែល​មាន​ឈ្មោះ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ និង​ការ​ភ័យ​ខ្លាច​កម្លាំង​គណបក្ស​សង្គ្រោះ​ជាតិ ការ​លើក​ឡើង​បែប​នេះ គឺ​ជា​ការ​គំរាម​កំហែង និង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ផ្លាស់​ប្ដូរ។
ការ​សរសេរ​នៅ​ក្នុង​លិខិត​ចំហ អំពី​ការ​មិន​បន្ត​ធ្វើ​បុណ្យ និង​ការ​ដក​យក​ម៉ាស៊ីន​បូម​ទឹក​វិញ គេ​ដឹង​ជា​ទូទៅ​ថា ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
ប៉ុន្តែ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស្មាន ទៀត តប​វិញ​ថា នេះ​ជា​សិទ្ធិ​សេរីភាព និង​ជា​ទស្សនៈ​របស់​គណបក្ស​ប្រឆាំង។ ជា​ការ​ពិត គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឡើង​ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ពីព្រោះ​គណបក្ស​ប្រជាជន បច្ចុប្បន្ន បាន​គិតគូរ​ពី​ប្រជាពលរដ្ឋ​ណាស់។
យ៉ាង​នេះ​ក្ដី គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​ក្នុង​លិខិត​ចំហ​នេះ​ថា នឹង​ប្ដូរ​ពី​ប្រាក់​ខែ​តិច​មក​ប្រាក់​ខែ​ច្រើន ប្ដូរ​ពី​ការងារ​បម្រើ​បក្ស​មក​បម្រើ​ជាតិ ប្ដូរ​ពី​ការ​ព្យាបាល​អ្នក​ក្រ​យក​ប្រាក់ ដោយ​មិន​បង់​ប្រាក់​វិញ ប្ដូរ​ពី​សាំង​ថ្លៃ​មក​ថោក​ដូច​ប្រទេស​ជិត​ខាង និង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​តឹងរ៉ឹង ហើយ​ប្ដូរ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​មក​ការពារ។ ជាង​នេះ​ទៅ​ទៀត ប្ដូរ​តំណាង​រាស្ត្រ​មន្ត្រី​នយោបាយ និង​ប្ដូរ​ពី​នាយក​រដ្ឋមន្ត្រី​គ្មាន​អាណត្តិ ទៅ​ជា​មាន​អាណត្តិ​ត្រឹម ១០​ឆ្នាំ​យ៉ាង​យូរ៕

លិខិតចំហ ជូនចំពោះជនរួមជាតិខ្មែរ ស្តីពី “ សង្គ្រាម និង សង្គ្រោះ ”

លោកកឹម សុខា៖« បើ​រដ្ឋាភិបាល​ចិត្តសឿង កុំរារំាង​សកម្មជន​របស់​គណបក្សប្រឆំាង »

លោក កឹម សុខា​ អនុប្រធាន​គណបក្សសង្រ្គោះជាតិ
លោក កឹម សុខា​ អនុប្រធាន​គណបក្សសង្រ្គោះជាតិ © សុវណ្ណារ៉ា
សៅរ៍ 27 មេសា 2013
ដោយ គួច គន្ធារ៉ា
RFI

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុ​បារំាងអន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍ ទី២៧ មេសា​នេះ គឺ​លោក​កឹម សុខា អនុប្រធាន​គណបក្សសង្គ្រោះជាតិ។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ា លោក​កឹមសុខា​បាន​បញ្ជាក់​ថាចម្លើយ​របស់​គណៈកម្មាធិការជាតិ​​រៀបចំការបោះឆ្នោត​តប​ទៅ​នឹង​ញត្តិ​ទាមទារ​គណបក្សសង្រ្គោះ ជាតិ​ក្នុង​ក្បួនបាតុកម្ម​កាល​ពី​ថ្ងៃទី ២៤ មេសា​កន្លង​ទៅ គឺ​ជា​ចម្លើយ​មិនពិត និង​មាន​ការ​បោកប្រាស់។ ទន្ទឹម​គ្នា​នេះ លោក​កឹម សុខា​បាន​អះអាង​ថា បើ គ.ជ.ប​នៅ​តែ​មិន​ព្រម​ធ្វើ​ការ​កែប្រែ​តាម​ការ​ទាមទារ​របស់​គណបក្សប្រឆំាង​ ទេ លោក​នឹង​បន្ត​ចាត់វិធានការ​តាម ២ផ្លូវ ទីមួយ គឺ​បន្ត​សិទ្ធិនយោបាយ​ការទូត​ជាមួយ​នឹង​ប្រទេស​មហាអំណាច​នានា និង​ទីពីរ គឺ​បន្ត​ការ​ទាមទារ​តាម​រូបភាព​កម្លំាង​មហាជន​ដោយ​អហិង្សា។ 
 

ចំណុច​ខ្លាំង-ខ្សោយ​របស់​បក្ស​នយោបាយ​និង​អ្នក​បោះឆ្នោត​

ការបោះឆ្នោត​ជ្រើសរើសសមាជិកព្រឹទ្ធសភា​នីតិកាលទី៣ កន្លងទៅ
 ការបោះឆ្នោត​ជ្រើសរើសសមាជិកព្រឹទ្ធសភា​នីតិកាលទី៣ កន្លងទៅ (RFI/Siv Channa)
មុនការ​បោះឆ្នោត​ជាតិ​ជាង​២ខែ អ្នកស្រាវជ្រាវ​សង្គម​នយោបាយ នៅក្នុង​ប្រទេស​​កម្ពុជា​ធ្វើ​អត្ថាធិប្បាយ​​​  ទៅលើ​ចំណុច​ខ្លាំង​ និង​​ចំណុចខ្សោយ​របស់​គណបក្ស​នយោបាយ និង​អ្នកបោះឆ្នោត។ អ្នកបោះឆ្នោត​ខ្មែរ​មួយ​ចំនួន​ ត្រូវ​បាន​គេមើលឃើញថា សម្រេចចិត្ត​បោះឆ្នោត​ដោយ​ខ្វះការពិចារណា​ច្បាស់លាស់។
ថ្ងៃ អាទិត្យ 05 ឧសភា 2013
ដោយ គី សុខលីម
RFI
លោក កែម ឡី អ្នក​ស្រាវជ្រាវ​សង្គម​នយោបាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ អត្ថាធិប្បាយ ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ទាំង​អ្នកបោះឆ្នោត​ ទាំង​គណបក្ស​ប្រឆាំង ទាំង​គណបក្ស​កាន់​អំណាច​​ មាន​​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​រៀង​ៗ​ខ្លួន ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​  ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។
លោក កែម ឡី បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​សារ​នយោបាយ​​ និង​ចំណុចខ្លាំង​មួយ​ចំនួន​ ក្នុងនោះ​មាន៖ ការ​បែង​ចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ ការ​កែ​ទម្រង់​នយោបាយឡូតិ៍​នេសាទ គោល​នយោបាយ​មិន​យក​ពន្ធ​លើ​ដី​កសិកម្ម នយោបាយ​នាំចេញ​អង្ករ​​១​លាន​តោន​​នៅ​ឆ្នាំ​២០១៥ គោល​នយោបាយ​គាំពារ​ជន​ក្រីក្រ​ គោល​នយោបាយ​ពង្រីក​សេវាមីក្រូ​ហិរញ្ញវត្ថុ។ល។

បើ​ទោះ​បី​ជា​គណបក្ស​កាន់​អំណាច​បាន​បង្ហាញ​គោល​នយោបាយ​យ៉ាង​នេះ​ក៏​ដោយ​ ក្តី ក៏​លោក កែម ឡី បាន​កត់​សម្គាល់​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​គោល​នយោបាយ​ល្អ​មែន ប៉ុន្តែ​យន្តការ​នៃ​ការ​អនុវត្ត​ន៍​គោល​នយោបាយ​ទាំង​នោះ​នៅ​មាន​បញ្ហា​នៅ​ ឡើយ។ ហើយ​នេះ​គឺ​ជា​ចំណុច​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច។

ងាកមក​និយាយ​ពី​គណបក្ស​ប្រឆាំង​សង្រ្គោះ​ជាតិ​ឯណេះ​វិញ លោក កែម ឡី បាន​បញ្ជាក់​ថា គណបក្ស​នេះ​បាន​បង្ហាញ​សារ​នយោយ​គួរ​អោយ​ចាប់​អារម្មណ៍​ទាក់ទង​ទៅ​នឹង​បញ្ហា ​សង្គមកិច្ច​មួយ​ចំនួន​ ក្នុង​នោះ​មាន​ ៖ ការ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ មន្ត្រី​រាជការ​ ការ​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​មិន​គិត​ប្រាក់ ការ​កំណត់​តម្លៃ​សេវាកម្ម​សាធារណៈ​ទាប​ជា​ដើម។ ប៉ុន្តែ ​បើទោះ​បី​ជា​យ៉ាង​នេះ​ក្តី ក៏​លោក កែម ឡី បាន​បន្ត​ទៀត​ថា គណបក្ស​ប្រឆាំង​នៅ​មាន​ចំណុច​កង្វះខាត​មួយ​ចំនួន​ ដូចជា​កង្វះខាត​ធនធាន​មនុស្ស​ និង​កង្វះខាត​យុទ្ធសាស្រ្ត​ថ្មី​ៗ​ទាក់ទង​ទៅ​នឹង​ការ​ស្វែង​រក​សន្លឹក​ឆ្នោត ​ជាដើម។

សម្រាប់​អ្នក​បោះឆ្នោត​វិញ លោក កែម ឡី បាន​រិះគន់​ថា ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​បន្ត​បោះឆ្នោត​តាម​ការ​សម្រេចចិត្ត​របស់​មេ ​គ្រួសារ។ អ្នក​បោះឆ្នោត​មួយ​ចំនួន​​មិន​ចេះ​វាយ​តម្លៃ​គណបក្ស​នយោបាយ​អោយបាន​ ត្រឹមត្រូវ។ អ្នក​បោះឆ្នោត​មិនតាម​ដាន​ព័ត៌មាន ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​​អោយ​ ត្រឹមត្រូវ។ និយាយ​ជារួម​ អ្នក​បោះឆ្នោត​ខ្មែរ​មួយ​ចំនួន​បោះឆ្នោត​ដោយ​ខ្វះ​ការ​​ពិចារណា​គ្រប់​ជ្រុង ​ជ្រោយ។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង្កេតការណ៍​បោះឆ្នោត​ Nifec កត់​សម្គាល់​ឃើញ​ថា ប្រជាពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​បន្ត​បោះឆ្នោត​តាម​សមាជិក​គ្រួសារ​ដដែល។ ហើយ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ គឺ​ឪពុកម្តាយ​មួយ​ចំនួន​លែង​មាន​ឥទ្ធិពល​លើកូន​ចៅ​ទៀត​ហើយ។ ផ្ទុយ​ទៅ​វិញ កូន​ចៅ​​ដែល​ជា​បញ្ញា​វន្ត​ចាប់​ផ្តើម​មាន​ឥទ្ធិពល​លើ​ការ​សម្រេចចិត្ត​របស់ ​ឪពុក​ម្តាយ​វិញ​ សម្រាប់ការបោះឆ្នោត​នៅ​ពេល​នេះ៕

បញ្ជីឈ្មោះ​បោះឆ្នោត​ជា​ប្រធានបទ​ក្តៅ​មុន​ការ​បោះឆ្នោត

ថ្នាក់ដឹកនាំ​អង្គការ​សង្គមស៊ីវិល​កម្ពុជា
 ថ្នាក់ដឹកនាំ​អង្គការ​សង្គមស៊ីវិល​កម្ពុជា (RFI/Delux Leang)
សមាគម​អាដហុក អង្គការ​និកហ្វិក អង្គការ​ខុមហ្វ្រែល និង​អង្គការ​លីកាដូ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍រួម​មួយ នៅថ្ងៃទី​២ឧសភា​នេះ អំពាវនាវ​អោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ រៀបចំផ្សព្វ ផ្សាយ​​ បញ្ជីឈ្មោះ​អ្នកបោះឆ្នោត​ឡើងវិញ ដើម្បី​អោយ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​អាច​ពិនិត្យ​ទិន្នន័យ​អត្តសញ្ញាណ​របស់ខ្លួន​។ អង្គការ​សង្កេត ការណ៍​បោះឆ្នោត​កំពុង​សម្តែង​ការ​ព្រួយ​បារម្ភអំពីបញ្ជី​ ឈ្មោះ​បោះ ឆ្នោត​នេះ បន្ទាប់​ពី​ពួកគេ​រក​ឃើញ​ថា បញ្ជី​ឈ្មោះ​នេះ​បាន​ធ្វើ​អោយ​ប៉ះពាល់​សិទ្ធិ​អ្នក​បោះឆ្នោត​ជាង​មួយ​លាន​ នាក់​។
ថ្ងៃ ព្រហស្បតិ៍ 02 ឧសភា 2013
ដោយ លាង ដឺលុច
RFI
បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោតកំពុង​តែក្លាយ​ជា​របៀបវារៈក្តៅគគុក​នៅ​ មុន​ការ​បោះឆ្នោត​មកដល់។ អង្គការ​សង្កេតការណ៍​បោះឆ្នោត​បាន​ផ្សព្វផ្សាយ​អំពី​ការ​រកឃើញ​កំហុស​ ជាច្រើននៅ​ក្នុង​បញ្ជី​ឈ្មោះ​ ដែល​ធ្វើ​​អោយ​ប៉ះពាល់​សិទ្ធិ​អ្នកបោះឆ្នោត​ជាង​មួយ​លាន​នាក់។ គណបក្ស​ប្រឆាំង​បាន​រៀបចំ បាតុកម្ម​ទាមទារអោយគណៈកម្មាធិការជាតិ​រៀបចំ​ការ​ បោះឆ្នោត (គ.ជ.ប.) រៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឡើងវិញ។
នៅ​ថ្ងៃទី​២​ឧសភា​នេះ អង្គការ​សង្កេតការ​បោះឆ្នោត ខុមហ្វ្រែល និកហ្វិក សមាគម​អាដហុក និង​អង្គការ​លីកាដូ​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​រួមគ្នា​ទៀត ទាមទារ​អោយ​គ.ជ.ប.​បិទ​បញ្ជីឈ្មោះអ្នកបោះឆ្នោត​ឡើងវិញ។ អង្គការ​សង្កេតការណ៍​បោះឆ្នោត​បាន​ស្នើអោយ​គ.ជ.ប.​បិទ​បញ្ជី​ឈ្មោះ​នេះ​នៅ​ តាម​ភូមិ​តែម្តង ដើម្បី​ងាយស្រួល​ដល់​អ្នកបោះឆ្នោត​ក្នុង​ការ​ត្រួត​ពិនិត្យ​អត្តសញ្ញាណ​របស់ ​ពួកគេ។ នេះ​គឺ​ជា​ការ​ទាមទារ​មួ​យ​ក្នុង​ចំណោម​២​ចំណុច​​ ដែល​អង្គការ​សង្កេត​ការណ៍​បោះឆ្នោត​ខាងលើ​បាន​លើកឡើង​នៅថ្ងៃ​នេះ។ ចំណុច​ទី២​នោះ អង្គការ​ដដែលបានស្នើធ្វើ​យ៉ាងណា​អោយ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ ហើយ​ដែល​បាន​ចុះ​ឈ្មោះ​ប្រជែង​ក្នុង​ការបោះឆ្នោត​ដែរ​នោះ ដាក់​បេក្ខភាពទៅ​ក្នុង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ សង្កាត់  និង​គណៈ​​កម្មការតាម​​ការិ​យាល័យ​បោះ​ឆ្នោត​ និង​រាប់​សន្លឹកឆ្នោត​។

ចំពោះ​អង្គការ​ទាំងនេះ ប្រសិនបើគ.ជ.ប មិនយក​អនុសាសន៍​ទាំងពីរ​ខាងលើ​នេះទៅ​ដោះស្រាយ​ឲ្យ​បាន​មុន​ការបោះឆ្នោត​ ទេនោះ គ.ជ.ប.​​អាចប្រឈមមុខ​នឹង​ការបាត់បង់​ជំនឿ​ទៅ​លើ​ខ្លួន។

លោក​គល់​ បញ្ញា​ នាយកប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល​បាន​រម្លឹក​ឡើងវិញថា ការ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកបោះឆ្នោត​ដែល​ត្រូវបាន​រក​ឃើញ​ថា មាន​ដល់​ជាង​មួយលាននាក់​នោះ គឺជាទំហំធំធេង ហើយថា​ នេះ​វា​មិន​មែន​តែ​ជា​បញ្ហា​ត្រឹម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ទេ ប៉ុន្តែ​វា​ជា​បញ្ហាសិទ្ធិ​អ្នក​បោះឆ្នោត​​ដែល​ជា​បញ្ហា​ធំ​បំផុត។

វិទ្យុបារាំងអន្តរជាតិ​​មិន​អាច​ទាក់ទង​តំណាង​គ.ជ.ប. ដើម្បី​សួរ​អំពី​ប្រតិកម្ម​បាន​ឡើយ ប៉ុន្តែ​អគ្គលេខាធិការ​គ.ជ.ប. លោក​ទេព នីថា ​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ស្រង់សម្តី​ដែល​និយាយថា គ.ជ.ប.​បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោតច្រើន​មក​ហើយ ហើយ​ថា​គ.ជ.ប.​ក៏​បាន​បង្កើត ប្រព័ន្ធ​ទូរស័ព្ទឥតគិតថ្លៃ ​ដើម្បី​ផ្តល់​ឱកាស​អោយ​ប្រជាពល​រដ្ឋ​សួរ​ព័ត៌មាន​អំពី​អត្តសញ្ញាណ​របស់​ ពួកគេ​ក្នុង​បញ្ជីឈ្មោះ​អ្នក​បោះឆ្នោត​ដែរ៕

គណបក្ស​សង្រ្គោះ​ជាតិ​មិន​ទាន់​សម្រេច​ចិត្ត​ចុះ​បញ្ជី​នៅ គ.ជ.ប.

លោក​កឹម សុខា និង​លោក​សម រង្ស៊ី ពេល​ជួបគ្នា​នៅ​ម៉ានីល ប្រទេស​ហ្វ៊ីលីពីន 
លោក​កឹម សុខា និង​លោក​សម រង្ស៊ី ពេល​ជួបគ្នា​នៅ​ម៉ានីល ប្រទេស​ហ្វ៊ីលីពីន (samrainsyparty.org)
គណបក្ស​សង្រ្គោះជាតិ​មិនទាន់សម្រេចចិត្ត​ ចុះ​បញ្ជី​នៅ​គណៈកម្មា ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) ក្នុង​ខណៈពេល​ ដែល​​គណបក្ស​​ប្រជាជន​កម្ពុជា​​ បាន​​ចុះ​បញ្ជី​នៅ​គណៈកម្មាធិការ​ជាតិរៀប ចំការបោះឆ្នោត​​រួចហើយ។ លោក កឹម សុខា អនុប្រធាន​​គណបក្ស​សង្រ្គោះជាតិ​​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោក​ចង់ឃើញ​ គ.ជ.ប. កែទម្រង់ មុន​ពេល​គណបក្ស​សង្រ្គោះ​ជាតិ​សម្រេច​ចុះ​បញ្ជី។
ថ្ងៃ សៅរ៍ 04 ឧសភា 2013
ដោយ គី សុខលីម
RFI
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បាន​មាន​ប្រសាសន៍​នៅថ្ងៃ​សៅរ៍​នេះ​ថា គណបក្ស​របស់​លោក​មិន​ទាន់​បាន​គិត​ពី​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​ចុះ​បញ្ជី​បេក្ខជន ឈរ​ឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ​នៅ​គណៈកម្មាធិការ​ ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ឡើយ​ទេ។

មូលហេតុ​នៃ​ការ​ពន្យាពេល​នៃ​ការ​ចុះបញ្ជី​គណបក្ស​នៅ​ស្ថាប័ន​រៀបចំ​ការ​បោះ​ ឆ្នោត​គឺ​ដោយសារ គណបក្ស​សង្រ្គោះជាតិ​ចង់​ទាមទារ​អោយ​ស្ថាប័ន​មួយ​នេះ​ធ្វើ​​ការ​កែ​ទម្រង់​ ជា​មុន​សិន មុន​ពេល​ដែល​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​សម្រេច​ចិត្ត​ចុះ​បញ្ជី​ជា​ ផ្លូវការ។ លោក កឹម សុខា បាន​បញ្ជាក់​ថា៖«យើង​ចូល​រួម​ការបោះ​ឆ្នោត​ដោយ​ទើសទាល់​ពីព្រោះ​ការ​រៀបចំ​ ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​មិន​បាន ត្រឹមត្រូវ​ទេ»។

កាល​ពី​ពេល​កន្លងមក គណបក្ស​សង្រ្គោះជាតិ​ដែល​កើត​ចេញ​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​ សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បាន​ចោទ​ប្រកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត​ថា ធ្វើ​ការ​មិន​ឯករាជ្យ មិន​មាន​តម្លាភាព និង​បាន​ធ្វើ​អោយ​បាត់​ចំនួន​អ្នក​បោះឆ្នោត​ជាង​១​លាន​នាក់។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ទាត់​ចោល​​ទាំង​ស្រុង។

បើយោង​តាម​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោតគិត​ត្រឹម​ថ្ងៃទី​២ខែ​ ឧសភាឆ្នាំ​២០១៣​កន្លង មកនេះ មាន​គណបក្សនយោបាយ​ចំនួន៥ បាន​ដាក់​ពាក្យ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​។គណបក្ស​ទាំង៥នោះរួមមាន​៖ ទី​១ គណបក្ស​ប្រជាជន​កម្ពុជា។ ទី​២ ​គណបក្ស​សញ្ជាតិ​កម្ពុជា។ ទី​៣ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ទី​៤ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​ទី​៥ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។​
សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា ត្រូវ​បន្ត​ឈរ​លេខ​រៀង​ទី​១ នៅ​ខេត្ត​កណ្តាល​។ លោក ជា ស៊ីម  ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ឈរ​ឈ្មោះ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ភ្នំពេញ និង​ លោក ហេង សំរិន ប្រធាន​កត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ឈរ​ឈ្មោះ​​លេខ​រៀង​ទី​១ នៅ​ខេត្ត​កំពង់ចាម​។

សម្រាប់​គណបក្ស​សង្រ្គោះជាតិ​ឯណេះ​វិញ ​បើទោះ​បី​ជា​ការ​ចុះ​បញ្ជី​មិនទាន់​បាន​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​ក៏ ដោយក្តី ក៏​គណបក្ស​បាន​អោយ​ដឹង​ថា លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​ឈរ​ឈ្មោះ​លេខ​ទីមួយ​នៅ​ខេត្ត​ កំពង់ចាម។ លោក ស្រី ជូឡុង ស៊ូមួរ៉ា ភរិយា​លោក សមរង្ស៊ី​ ត្រូវ​ឈរ​ឈ្មោះ​លេខ​រៀង​ទី១​នៅ​មណ្ឌលក្រុង​ភ្នំពេញ។ លោក ស្រី មួរ សុខហួរ ត្រូវ​ឈរ​ឈ្មោះ​លេខ​រៀង​ទី​មួយ​ទៅ​ក្នុង​ខេត្ត​បាត់​ដំបង។

រីឯ ព្រះ​អង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ដែល​ទើប​ចូលរួម​ជា​មួយ​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​ឈរ​ឈ្មោះ​លេខ​រៀង​ទី​១​នៅ ​ខេត្ត​ព្រះសីហនុ៕

គណបក្ស​​ប្រឆាំង​​សន្យា​​អនុវត្ត​​នូវ​​ការ​​ទាមទារ​​របស់​​កម្មករ​​កាត់ដេរ​​

កម្មករ​បាន​ជុំគ្នា​នៅ​មុខ​រដ្ឋសភា កាលពី​ព្រឹក​មិញ
 កម្មករ​បាន​ជុំគ្នា​នៅ​មុខ​រដ្ឋសភា កាលពី​ព្រឹក​មិញ (RFI/Siv Channa)
ដូច​ការ​គ្រោងទុក នៅព្រឹក​ថ្ងៃ​១​ឧសភា ទិវា​ពលកម្ម​អន្តរជាតិ នៅ​ថ្ងៃនេះ ក្រុម​សហជីព​កម្មករ បាន​ដើរ​ហែក្បួន​ជួបជុំ​ថ្លែងការណ៍​ដាក់ញត្តិ​ទៅកាន់​រដ្ឋសភា រាជរដ្ឋាភិបាល និង​តំណាង​គណបក្ស​​នយោបាយ។ ញត្តិ​របស់​សហជីព​កម្មករ​សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ នៅថ្ងៃ​ទី​១​ឧសភា​នេះ មាន ១៤ ចំណុច ដែល​រួមមាន​៖ ការទាមទារ​តម្លើង​ប្រាក់ខែ​កម្មករ​យ៉ាង​តិច ១៥០ ដុល្លារ បញ្ចុះ​តម្លៃ​ប្រេងសាំង ព្រមទាំង​ទាមទារ​ល័ក្ខខ័ណ្ឌ​ការងារ​មួយចំនួន​ទៀត​។​ នៅព្រឹក​មិញ មានតែ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច តែ​ពីរ​បក្ស​ប៉ុណ្ណោះ បាន​ចេញមក​ទទួល​ញត្តិ​កម្មករ ហើយ​សន្យា​អនុវត្ត​តាម​ការ​ចង់បាន​របស់​កម្មករ បើសិន​ជា​គណបក្ស​នេះ​ឈ្នះឆ្នោត នៅ​ខែ​កក្កដា។
ថ្ងៃ ពុធ 01 ឧសភា 2013
ដោយ លី ម៉េងហួរ
RFI

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រុម​សហជីព​កម្មករ​ដឹកនាំ​ដោយ​លោក អាត់ ធន់ និង​លោក ​រ៉ុង​ ឈុន ជាដើម បានដើរ​ហែ​ក្បួន​លើក​បដា និង​ស្រែក​មេក្រូ​ដើម្បី​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា​ ក្រោម​ប្រធានបទ “ប្រាក់ឈ្នួល​​ត្រូវតែ​ធានា​ការរស់នៅ​សមរម្យ​សម្រាប់​កម្មករ និយោជិត និង​មន្ត្រី​រាជការ”។
ក្រុម​សហជីព​កម្មករ​បាន​ជួបជុំគ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ មុន​នឹង​ដើ​រហែ​ក្បួន​បាតុកម្ម​ទៅ​កាន់​​​​រដ្ឋ​សភា នៅ​ព្រឹកមិញ ដោយ​មិន​មាន​ការរំខាន​ណាមួយ​ពី​អាជ្ញាធរ​ឡើយ។​
ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​រួបរួម​រវាង​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស ព្រមទាំង​តំណាងរាស្ត្រ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​ឈរ​ចាំ នៅមុខ​វិមាន​រដ្ឋ​សភា ដើម្បី​ទទួល​ញត្តិ​ពី​ក្រុម​សហជីព​កម្មករ នា​ព្រឹក​ថ្ងៃទី​១​ឧសភា​នេះ។​

នៅមុខ​​រដ្ឋ​សភា មេដឹកនាំ​សហជីព​កម្មករ​បាន​ឡើង​ថ្លែងការណ៍​បង្ហាញ​ពី​ការទាមទារ​របស់​កម្មករ ​​​កាត់ដេរ ១៤ ចំណុច ដែល​មាន​ជាអាទិ៍ ការទាមទារ​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ​យ៉ាង​តិច ១៥០ ដុល្លារ ការ​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ ២ លាន​រៀល ការបញ្ចុះ​តម្លៃ​ប្រេងសាំង កែលម្អ​​ល័ក្ខខ័ណ្ឌ​ការងារ ផ្តល់ឱកាស​និង​បើក​សេរីភាព​សម្រាប់​កម្មករ​និង​សហជីព ព្រម​ទាំង​ការទាមទារ​ឲ្យ​កាត់ទោស​តាម​ច្បាប់ លើ​ករណី លោក ឈូក បណ្ឌិត ដែល​បាន​បាញ់​កម្មករ ជាដើម។

ក្នុង​ញត្តិ សហជីព​ក​ម្មករ​ក៏​បាន​អំពាវនាវ​អោយ​ក្រុមហ៊ុន​យីហោ​សំលៀកបំពាក់​អន្តរជាតិ​ ល្បីៗ ធ្វើ​ការ​ទាមទារ​រក​យុត្តិធម៌ ​សម្រាប់​ករណី​របស់ ប៊​ន សំណាង សុខ សំអឿន ក្នុង​សំណុំរឿង​ឃាត​កម្ម​សម្លាប់​លោក ជា វិជ្ជា ផងដែរ។​

តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​និង​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ ចូលរួម​ក្នុង​ពិធី​ជួបជុំ​របស់​កម្មករ ហើយ​ទទួល​យក​ញត្តិ​កម្មករ នៅ​ព្រឹកមិញ។ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​បាន​ឡើង​ថ្លែងការណ៍ និងផ្តល់​ការសន្យា​ធ្វើ​​តាម​សំណើ​​របស់​ក្រុមកម្មករ បើសិនជា​បក្សប្រឆាំង​ឈ្នះ​ការបោះឆ្នោត ​នៅ​ខែ​កក្កដា។ លោក កឹម សុខា ក៏បាន​ប្រកាស​ដាក់​បញ្ចូល​សំណើ​របស់​កម្មករ ចូលក្នុង​កម្មវិធី​នយោបាយ​របស់​បក្សប្រឆាំង ដែល​រួមមាន៖ ការតម្លើង​ប្រាក់ខែ​កម្មករ ១៥០ ដុល្លារ តម្លើងប្រាក់ខែ​មន្ត្រី​រាជការ ១លាន​រៀល និង​ការបញ្ចុះ​តម្លៃ​ប្រេងសាំង។ល។ និង។ល។

ដោយឡែក ​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ជួបជុំ​ថ្លែងការណ៍​ទៅកាន់ក្រុម​កម្មករ​​កំពង់ផែ ​ខេត្ត​ព្រះសីហនុ។
ក៏​ប៉ុន្តែ លោក​នាយករដ្ឋមន្ត្រី​មិន​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ក្រុម​កម្មករ​ ប្រមាណ​១​ម៉ឺន​នាក់ ដែល​បាន​ចុះផ្លូវ ហែក្បួន​បាតុកម្ម​ នៅ​ទីក្រុង​ភ្នំពេញ​ទេ។ លោក​ថា នៅថ្ងៃ​១​ឧសភា​នេះ ក៏​មាន​​​កម្មករ​កាត់ដេរ​ជាង​៣​​សែន​នាក់ បាន​ជួបជុំ​តាមរោងចក្រជាង​២០០ ដើម្បី​សប្បាយ​កំសាន្ត។ កម្មករជាង​៣​សែននាក់​ដែល​មិន​ធ្វើ​បាតុកម្ម​នោះ មុខជា​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី៕

បទ​វិភាគ៖ ស្ថានភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា

បុរស​វ័យ​៣២​ឆ្នាំ កំពុង​អាន​កាសែត​នៅ​តូប​លក់​កាសែត​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ៧ ឧសភា ២០០៧។ (AFP Photo)
2013-05-05 
ដោយ វោហារ ជាតិ
RFA
ថ្ងៃ​ទី​៣ ឧសភា ឆ្នាំ​នេះ គឺ​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​អន្តរជាតិ​​លើក​ទី​២០។ អ្នក​កាសែត​មួយ​ចំនួន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថ្លែង​ថា ច្បាប់​និង​គោលការណ៍​មួយ​ចំនួន​សម្រាប់​ការ​ការពារ​សុវត្ថិភាព​អ្នក​កាសែត​ នៅ​កម្ពុជា សព្វថ្ងៃ​នៅ​​តែ​​​មាន​បញ្ហា​នៅ​ឡើយ ជា​ពិសេស​​ច្បាប់​សារព័ត៌មាន​ដែល​​ចែង​​​ពី​បទ​បរិហារកេរ្តិ៍ ​មិន​បាន​បញ្ជាក់​ន័យ​​​ច្បាស់​លាស់ បណ្ដាល​​​​ឲ្យ​អ្នក​សារព័ត៌មាន​​ងាយ​ប្រឈម​​គ្រោះ​ថ្នាក់។
នេះ​មិន​មែន​ជា​លើក​​ដំបូង​ទេ​ដែល​ក្រុម​អ្នក​កាសែត និង​អង្គការ​អន្តរជាតិ​នានា ទាមទារ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ ចំណែក​ការ​រឹត​បន្តឹង​សេរីភាព​សារព័ត៌មាន​​របស់​រដ្ឋាភិបាល ក៏​មិន​មែន​មាន​តែ​ក្នុង​រដ្ឋាភិបាល​ជំនាន់​នេះ​ដែរ គឺ​កើត​​មាន​តាំង​ពី​ជំនាន់​មុនៗ​​មក​ម្ល៉េះ។
ហេតុ​អ្វី​បាន​ជា​អ៊ីចឹង? ព្រោះ​ថា ការ​ផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន ដូច​ជា​កាសែត វិទ្យុ ទូរទស្សន៍ ជាដើម មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ក្នុង​សង្គម​ជាតិ​​​​នីមួយៗ ដូច្នេះ​ហើយ​ទើប​អ្នក​ដឹក​នាំ​រដ្ឋាភិបាល​​​គ្រប់​ជំនាន់ តែងតែ​ប្រុង​ប្រយ័ត្ន​ជានិច្ច។ ទន្ទឹម​ការ​​​រឹត​បន្តឹង​នេះ​ដែរ ​រដ្ឋាភិបាល​គ្រប់​ជំនាន់​ក៏​តែង​​ព្យាយាម​កៀរគរ​សារព័ត៌មាន​ឲ្យ​គាំទ្រ​ ខ្លួន​ដែរ។
មើល​ទៅ​​សេរីភាព​សារព័ត៌មាន​នៅ​ស្រុក​​ខ្មែរ​ប្រហែល​ជា​មិន​​​អាច​ប្រសើរ ​បាន​ទេ ដោយសារ​​កត្តា​​​មួយ​ចំនួន ដូច​ជា​វប្បធម៌​ខ្មែរ គឺ​អ្នក​តូច​គោរព​កោត​ខ្លាច​អ្នក​ធំ។ ដូច​សុភាសិត​ខ្មែរ​​អប់រំ​កូន​ចៅ​​ថា «ពង​មាន់​កុំ​ជល់​នឹង​ថ្ម» ឬ​ក៏ «អ្នក​ធំ​ថា អ្នក​តូច​តវ៉ា អ្នក​ធំ​ធាក់»។ ទាំង​នេះ​បង្ហាញ​ថា ​សង្គម​ខ្មែរ​បាន​ដិតដាម​នូវ​​វប្បធម៌​គាប​សង្កត់ និង​​គោរព​កោត​ខ្លាច មិន​ថា​តែ​អ្នក​ដឹក​​នាំ​ក្នុង​ស្ថាប័ន​សង្គម​ទេ សូម្បី​តែ​ក្នុង​គ្រួសារ​ក៏​ដូច្នេះ​ដែរ។ ហើយ​វប្បធម៌​នេះ​បាន​ចាក់​ឫស​យ៉ាង​​ជ្រៅ​​នៅ​ក្នុង​សង្គម​​យូរ​លង់​មក​ហើយ ហើយ​នេះ​​ជា​កត្តា​រួម​ផ្សំ​​មួយ​​​​បន្ទច់បង្អាក់​​សេរីភាព​បញ្ចេញ​មតិ​ ដែរ។
ម្យ៉ាង​ទៀត ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​ដោយ​ប្រើ​ច្បាប់​សារព័ត៌មាន ជា​កត្តា​មួយ​​នាំ​ឲ្យ​​​ប៉ះ​ពាល់​សេរីភាព​សារព័ត៌មាន​​ដែរ ជា​ពិសេស​ត្រង់​ចំណុច​បរិហារ​កេរ្តិ៍ ព្រោះ​​មិន​បាន​ចែង​ន័យ​ច្បាស់លាស់ ដែល​​ងាយ​​ធ្វើ​ឲ្យ​​​​អ្នក​សារព័ត៌មាន​​ជាប់​ទោស។ ជាក់​ស្ដែង​មាន លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ​​ស្រាប់ បើ​ទោះ​បី​ពេល​នេះ លោក ម៉ម សូណង់ដូ ត្រូវ​​បាន​គេ​​ដោះលែង​ហើយ​ក្ដី។
មូល​ហេតុ​​ទាំង​នេះ​ហើយ​ដែល​អង្គការ​ការពារ​សេរីភាព​សារព័ត៌មាន​ឈ្មោះ​ថា ហ្វ្រីដឹម ហោស (Freedom House) បាន​ចាត់​ទុក​ថា សេរីភាព​សារព័ត៌មាន​កម្ពុជា ឆ្នាំ​២០១៣ ធ្លាក់​ចុះ ដោយ​ដាក់​ចំណាត់​ថ្នាក់​​ស្ថិត​​ក្នុង​ប្រភេទ​ប្រទេស​មាន​ពណ៌​ក្រហម ជា​ប្រទេស​គ្មាន​សេរីភាព​​សារព័ត៌មាន​ទាំង​ស្រុង។ ហើយ​របាយ​ការណ៍​នេះ ត្រូវ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​តប​វិញ​ថា មិន​មាន​ការ​ពិត។
បើ​និយាយ​អំពី​ការ​គាប​សង្កត់ ការ​គំរាម​កំហែង​អ្នក​សារព័ត៌មាន​នោះ គឺ​កើត​មាន​ច្រើន​ជំនាន់​មក​ហើយ ​តាំង​​​ពី​ជំនាន់​អាណានិគមនិយម​​បារាំង មក​ម្ល៉េះ ​វា​ហាក់​​ក្លាយ​​ជា​ប្រពៃណី​​​​ទៅ​ហើយ។
គេ​នៅ​ចាំ​បាន​ថា ក្នុង​ទសវត្ស​ឆ្នាំ​១៩៦០ លោក ខៀវ សំផន អតីត​មេ​ខ្មែរ​ក្រហម ដែល​​កាល​នោះ​បង្កើត​កាសែត​មួយ​ឈ្មោះ​ជា​​ភាសា​បារាំង ថា ឡបស្ហ៊ើវាទ័រ (L’Observateur) ប្រែ​ថា «អ្នក​សង្កេត​ការ» ត្រូវ​បាន​​ប៉ូលិស​របប​សង្គម​​រាស្ត្រ​និយម វាយ​​សម្រាត​ខោ ហើយ​ថត​រូប ដោយសារ​​រិះគន់​​​​របប​សង្គម​និយម​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ ក្រៅ​​ពី​នេះ​​មាន​កាសែត​មួយ​ចំនួន​ត្រូវ​បិទ​ទ្វារ ហើយ​ អ្នក​កាសែត​ខ្លះ​ត្រូវ​​គេ​ចាប់​ដាក់​គុក​ដែរ។
រដ្ឋាភិបាល​ក្រោយ​មក​ទៀត​ក៏​ដូច​គ្នា។ ជំនាន់​លោក​សេនា​ប្រមុខ លន់ នល់ ដែល​ជា​របប​សេរី​ផង​នោះ នៅ​​តែ​ជា​រដ្ឋាភិបាល​​​បិទ​សិទ្ធិ​សេរីភាព​​សារព័ត៌មាន។ រដ្ឋាភិបាល​លោក លន់ នល់ បាន​​បង្កើត​ច្បាប់​សារព័ត៌មាន​​នៅ​ឆ្នាំ​១៩៧២ ដោយ​ចែង​​ត្រង់ៗ​តែម្ដង ហាម​អ្នក​កាសែត​រិះគន់​រូប​លោក​ផ្ទាល់ រួម​ទាំង​ថ្នាក់​ដឹក​​ជាន់​​ខ្ពស់​ដទៃ​ទៀត។ ដូច​ជា​មាត្រា ៣២ ចែង​ថា ហាម​ប្រើ​សារព័ត៌មាន​ប្រមាថ​ដូច ប្រធានាធិបតី​នៃ​សាធារណរដ្ឋ អនុ​ប្រធានាធិបតី និង​មេដឹកនាំ​ដទៃ​ៗ​ទៀត។
ក្នុង​របប​​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ នល់ ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ កាសែត​ប្រហែល ២០ បាន​បើក​ តែ​បិទ​ទ្វារ​​វិញ​ដោយ​ខ្លួន​ឯង នៅ​សល់ ៤ ឬ ៥ ប៉ុណ្ណោះ​ ដោយ​សារ​តែ​មិន​អាច​​ទ្រាំ​ទ្រ​នឹង​​ការ​គាប​សង្កត់​ពី​សំណាក់​រដ្ឋាភិបាល​ បាន។ ច្បាប់​សារព័ត៌មាន​ក្នុង​របប លន់ នល់ មិន​ត្រឹម​ហាម​សរសេរ​ប៉ះពាល់​ថ្នាក់​ដឹក​នាំ​ទេ តែ​ថែម​ទាំង​ជំរុញ​អ្នកសារព័ត៌មាន​​ឲ្យ​​សរសេរ​អំពី​​គោលនយោបាយ និង​ចំណាត់​ការ​ល្អ​របស់​​រដ្ឋាភិបាល​​ទៀត​ផង។
សាហាវ​ជាង​នេះ​​ទៅ​ទៀត​នោះ គឺ​របប​​​​ខ្មែរ​ក្រហម ដែល​​​​គេ​ហៅ​ឈ្មោះ​​របប​នយោបាយ​​ផ្លូវការ​ថា «កម្ពុជា​ប្រជាធិបតេយ្យ» ដឹក​នាំ​ដោយ ប៉ុល ពត។ ពេល​វាយ​ឈ្នះ​របប លន់ លន់ ឆ្នាំ​១៩៧៥ ភ្លាម កុំ​ថា​ឡើយ​ត្រឹម​​​​​​គាប​សង្កត់​សេរីភាព​សារព័ត៌មាន ឬ​បិទ​បណ្ដាញ​សារព័ត៌មាន​ទាំង​ស្រុង​នោះ រដ្ឋាភិបាល​ខ្មែរ​ក្រហម​ដឹក​នាំ​ដោយ ប៉ុល ពត ​ដែល​គេ​ហៅ អង្គការ​នោះ បាន​កាប់​​សម្លាប់​អ្នក​សារព័ត៌មាន​ស្ទើរ​ផុត​ពូជ។
ក្នុង​របប ប៉ុល ពត ​ដែល​មេដឹកនាំ​របប​នោះ​​ចាត់​ទុក​សារព័ត៌មាន​ជា បិសាច​នៃ​ពួក​បស្ចឹម​ប្រទេស បំផ្លាញ​របប​នយោបាយ​ផ្ដាច់​ការ​របស់​ខ្លួន។ ប៉ុល ពត កម្ទេច​​បណ្ដាញ​ព័ត៌មាន​​ទាំង​អស់ ទុក​តែ​ស្ថានីយ​វិទ្យុ​របស់​រដ្ឋ​មួយ​គត់ ដែល​ឃោស​នា​​ឲ្យ​អង្គការ​រដ្ឋាភិបាល​របស់​ខ្លួន។ ចំណែក​ប្រជាពលរដ្ឋ​ធម្មតា រស់​នៅ​​រួម ដេក​រួម ហូប​បាយ​រួម ធ្វើ​ការ​រួម មិន​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​អ្វី​ទាំ​អស់ ក្រៅ​​​តែ​ស្ដាប់​​មេក្រូ​ដែល​សមមិត្ត​កម្មាភិបាល​ចាក់​​ផ្សាយ​តាម​ការដ្ឋាន ឬ​ស្ដាប់​​​​បទ​ឧទ្ទេសនាម​​កម្មាភិបាល​​​​ខ្មែរ​ក្រហម តាម​រយៈ​កិច្ច​ប្រជុំ​​តែ​ប៉ុណ្ណោះ។ អ្នក​ណា​​ហ៊ាន​និយាយ​ការ​ពិត ឬ​បញ្ចេញ​មតិ​​រិះគន់​របប​នោះ នឹង​ត្រូវ​បាត់​​ខ្លួន ឬ​យក​ទៅ​វ៉ៃ​ចោល​តែម្ដង គ្មាន​តុលាការ​​​ជំនុំ​ជម្រះ​​ទេ។
អ្នក​សារព័ត៌មាន​និង​បុគ្គលិក​រោង​ពុម្ព​ជាង ៣០០​នាក់ ត្រូវ​គេ​សម្លាប់​ក្នុង​របប ប៉ុល ពត។ ក្រោយ​​កងទ័ព​វៀតណាម ផ្ដួល​រំលំ​របប ប៉ុល ពត ពី​អំណាច​ឆ្នាំ​១៩៧៩ គេ​ឃើញ​មាន​អ្នក​កាសែត​តែ​​ពីរ​បី​នាក់​ប៉ុណ្ណោះ​សល់​ពី​ស្លាប់។ គិតៗ​​​ទៅ មេដឹកនាំ​ប៉ុន្មាន​ជំនាន់​មក​នេះ មិន​ខុស​ពី​ពាក្យ​ស្លោក​​​ខ្មែរ​​​ថា​ទេ គឺ «អ្នក​ធំ​ថា អ្នក​តូច​តវ៉ា អ្នក​ធំ​ធាក់»។ មែន! អ្នក​កាសែត​គេ​ធាក់​តែ​រហូត។
ប្រទេស​កម្ពុជា បាន​​ឆ្លង​កាត់​របត់​នយោបាយ​ជា​ច្រើន​ជំនាន់ ដូច​ជា​របប​​នាយ​ទុន​សង្គម​សក្ដិភូមិ អាណា​និគម​​បារាំង រាជា​និយម របប​សាធារណរដ្ឋ ​របប​កុម្មុយនិស្ត ប៉ុល ពត ប្រកាន់​លទ្ធិ​ម៉ៅ បន្ទាប់​មក​គឺ​​របប​លោក ហេង សំរិន ដែល​ជា​របប​កុម្មុយនិស្ត​​បែប​ម៉ាកឡេនីន ក្រោម​ការ​ត្រួតត្រា​របស់​កង​ទ័ព​​​វៀតណាម ​ហើយ​ក្រោយ​​មក​គឺ​​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២។
នៅ​ក្នុង​របប​លោក ហេង សំរិន ក្រោយ​ឆ្នាំ​១៩៧៩ គេ​អាច​និយាយ​បាន​ថា ជា​ការ​រស់​ឡើង​វិញ​នៃ​​សារព័ត៌មាន បន្ទាប់​ពី​របប ប៉ុល ពត បាន​បំផ្លាញ​ធនធាន​សារព័ត៌មាន និង​​វិស័យ​អ្វី​​ទាំង​អស់​​​​ដល់​ចំណុច​សូន្យ​រួច​មក។ ក៏​ប៉ុន្តែ សារព័ត៌មាន​ជំនាន់​នោះ គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​បែប​កុម្មុយនិស្ត​ទាំង​​ ស្រុង មិន​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​សរសេរ​ព័ត៌មាន​ពិត ក្រៅ​តែ​ពី​ការ​សរសើរ​បក្ស។
ឆ្នាំ​១៩៩៣ កម្ពុជា​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នក​ដឹក​នាំ​ខ្មែរ​ដែល​រៀប​ចំ​ឡើង​ ដោយ​អង្គការ​សហប្រជាជាតិ ហៅ​ថា អ៊ុនតាក់ (UNTAC)។ ចាប់​តាំង​ពី​ពេល​នោះ​មក កម្ពុជា​​ប្រកាន់​យក​របប​នយោបាយ​ដឹក​នាំ​ប្រទេស​បែប​លទ្ធិ​ប្រជាធិបតេយ្យ​​ ហើយ​រដ្ឋធម្មនុញ្ញ ​ធានា​ឲ្យ​ប្រើ​ប្រាស់​​​របប​សារព័ត៌មាន​សេរី ជំនួស​ការ​គ្រប់​គ្រង​បែប​កុម្មុយនិស្ត​​វិញ។
មក​ដល់​​​ពេល​នេះ​មាន​រយៈ​ពេល​ ២០​ឆ្នាំ​ហើយ ​ដំណើរ​ឈ្មោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​គេ​បក​ស្រាយ​ខុស​គ្នា។ ខ្លះ​ថា ប្រជាធិបតេយ្យ​អាស្រ័យ​កុម្មុយនិស្ត។ ទោះ​យ៉ាង​ណា លទ្ធិប្រជាធិបតេយ្យ​​​នៅ​កម្ពុជា ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ច្រើន​​ហើយ​ដែរ។ ក៏​ប៉ុន្តែ កម្ពុជា​នៅ​មាន​ផ្លូវ​ដ៏​ឆ្ងាយ​ត្រូវ​ដើរ​បន្ត​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ។ ក្នុង​ដំណើរ​នេះ សារព័ត៌មាន​​មាន​តួនាទី​យ៉ាង​សំខាន់ ជា​យាន​ចម្លង​ទៅ​កាន់​ត្រើយ​​​ប្រជាធិបតេយ្យ គឺ​ជា​សារព័ត៌មាន​សេរី ឯករាជ្យ និង​អាជីព​​​​ផ្សាយ​ព័ត៌មាន​ពិត មិន​​លម្អៀង ​បម្រើ​ផលប្រយោជន៍​សង្គម សម​ជា​ស្ថាប័ន​អំណាច​ទី​៤។
ក្នុង​រយៈ​ពេល ២០​ឆ្នាំ​កន្លង​ទៅ​នេះ ក្នុង​​ដំណាក់​កាល​កម្ពុជា ផ្លាស់​ប្ដូរ​ពី​របប​កុម្មុយនិស្ត​មក​ប្រជាធិបតេយ្យ សារព័ត៌មាន​​ខ្មែរ​មាន​ចម្រុះ​គ្នា គឺ​មាន​សារព័ត៌មាន​ឯករាជ្យ សារព័ត៌មាន​របស់​បក្ស​ឯកជន ក្រុមហ៊ុន ហើយ​​ជួនកាល​សារព័ត៌មាន​ខ្លះ បាន​​ទៅ​ហួស​ព្រំដែន​​នៃ​វិជ្ជាជីវៈ ខ្វះ​ក្រម​សីលធម៌ ធ្វើ​ឲ្យ​ប៉ះ​​ពាល់​សង្គម ក្រុម​អ្នក​នយោបាយ ឬ​ថ្នាក់​ដឹក​នាំ​ជាដើម។
២០​ឆ្នាំ​​កន្លង​ទៅ​នេះ ​សារព័ត៌មាន​ខ្លះ​​ដួល​រលំ​ដោយ​ហេតុផល​​ផ្សេងៗ ដូចជា ខ្វះ​វិជ្ជាជីវៈ បញ្ហា​​​សេដ្ឋកិច្ច​ នយោបាយ ការ​គំរាម​កំហែង​ជាដើម។ អ្នក​កាសែត​​ប្រហែល ១០​នាក់​ត្រូវ​គេ​សម្លាប់ អ្នក​កាសែត​ខ្លះ​​ទៀត​ប្ដូរ​​មុខ​របរ ខ្លះ​កំពុង​ជាប់​បណ្ដឹង​តុលាការ​នៅ​ឡើយ ក្នុង​ពេល​ដែល​សារព័ត៌មាន​ខ្លះ​ទៀត​​​បាន​ជោគជ័យ អនុវត្ត​តាម​​​វិជ្ជាជីវៈ មាន​​ក្រមសីលធម៌​​​ខ្ជាប់ខ្ជួន និង​​​ឯករាជ្យ ក៏​ប៉ុន្តែ​ប្លែក​ត្រង់​ថា សារព័ត៌មាន​ទាំង​​នោះ​ភាគ​ច្រើន​គ្រប់​គ្រង​ដោយ​ជន​បរទេស។
កម្ពុជា​សព្វថ្ងៃ​មាន​កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ បោះ​ពុម្ព​ជា​ភាសា​ខ្មែរ​ចំនួន​ជាង ៦០០​អង្គភាព។ មាន​វិទ្យុ អេហ្វអឹម ជាង ១០០​ស្ថានីយ ទូរទស្សន៍​ជាតិ និង​ឯកជន ជិត ២០។
២០​ឆ្នាំ​កន្លង​ទៅ ​​ឃើញ​ថា វិស័យ​សារព័ត៌មាន​ខ្មែរ​បាន​អភិវឌ្ឍន៍​​​តាម​វិជ្ជាជីវៈ​បាន​ច្រើន បើ​ទោះ​បី​​ជួប​ឧបសគ្គ និង​ការ​លំបាក​ច្រើន​ក៏ដោយ ដូច​ជា​កញ្ញា ឈាង បុប្ផា អ្នក​យក​ព័ត៌មាន​កាសែត កាំបូដ ស័រ (Cambodge Soir) ក្នុង​ចំណោម​អ្នក​​សារព័ត៌មាន ៣៤​រូប មក​ពី​ប្រទេស ១៩ ទទួល​រង្វាន់​​ប្រកប​​ដោយ​កិត្យានុភាព​របស់​អ្នក​និពន្ធ ហែលមែន/ហាំម៉េត (Hellman/Hammett) ឆ្នាំ​២០០៨ នៅ​ទីក្រុង​ញីវយ៉ក ក្នុង​សេចក្ដី​ក្លាហាន​ក្នុង​ការ​ប្រឈម​ធ្វើ​ទុក្ខបុកម្នេញ​​នយោបាយ។
លោក សំ រិទ្ធ អ្នក​សារព័ត៌មាន​កាសែត​ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) ទទួល​រង្វាន់​ពី​វិទ្យាស្ថាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នា​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ស្ដី​អំពី​សិទ្ធិ​នារី និង​មាន​អ្នក​សារព័ត៌មាន​ខ្មែរ​ខ្លះ​​បាន​ទទួល​រង្វាន់​ស្នាដៃ​​ផ្សេង​គ្នា​ ដែរ។ តែ​នៅ​សល់​ពេល​វែង​ឆ្ងាយ​​ទៀត ​​ដែល​​អ្នក​សារព័ត៌មាន​នឹង​​ត្រូវ​ប្រឈម ​​និង​​​​បង្កើន​​គុណភាព​វិជ្ជាជីវៈ​របស់​ខ្លួន។
នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៣ នេះ ឃើញ​ថា អង្គការ​សហប្រជាជាតិ រួម​​ទាំង​អង្គការ​សារព័ត៌មាន​​ផ្សេងៗ ​​លើ​សកលលោក រួម​​​ទាំង​កម្ពុជា​ផង ព្យាយាម​តស៊ូ​មតិ​ជាមួយ​រដ្ឋាភិបាល​​​ណា​ដែល​​គាប​សង្កត់​សេរីភាព​ សារព័ត៌មាន សុំ​​​​ឲ្យ​បន្ធូរ​ដៃ ដោយ​​ជ្រើស​យក​ប្រធាន​បទ​មួយ​​ហៅ​ថា «និយាយ​ដោយ​សុវត្ថិភាព»។
សេរីភាព​សារព័ត៌មាន​នឹង​ធូរ​ស្រាល ឬ​រឹតតែ​តានតឹង​ជាង​​សព្វថ្ងៃ​នេះ ឬ​យ៉ាង​នោះ អា​ស្រ័យ​ទៅ​លើ​កត្តា​ថា តើ​កម្ពុជា​អាច​ហ៊ាន​ផ្លាស់ប្ដូរ​ទម្លាប់ «ពង​មាន់​កុំ​ជល់​នឹង​​ថ្ម» បាន​ឬ​ទេ? គឺ​មាន​ន័យ​ថា រិះគន់​ក្នុង​ន័យ​ស្ថាបនា។ ឯ​កត្តា​សំខាន់​មួយ​ទៀត​នោះ ថា​តើ​ថ្នាក់​ដឹក​នាំ​​​​រដ្ឋាភិបាល​ហ៊ាន​ទទួល​ស្គាល់​ថា សារព័ត៌មាន​សេរី ឯករាជ្យ ពិត​ជា​ដៃគូ​អភិវឌ្ឍន៍​ប្រទេស​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ដែរ​នោះ​ ដែរ ឬ​ទេ?

ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ

ប្រជាពលរដ្ឋប្រមាណជាង១០០០នាក់ មកពីស្រុកភ្នំស្រួច ស្រុកសំរោងទង ស្រុកបរសេដ្ឋ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានមកស្វាគមន៍ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដឹកនាំ​ដោយលោក កឹម សុខា ប្រធានស្តីទីគណបក្ស នៅក្នុងវេទិកាសាធារណ:មួយកាលពីថ្ងៃទី០៥ ខែឧសភានេះ ។

សូមបញ្ជាក់ថា នេះគឺជាវត្តមានរយ:ពេលពីរថ្ងៃជាប់គ្នារបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស​សង្គ្រោះជាតិ នៅក្នុងវេទិកាសាធារណ:នៅលើទឹកដីខេត្តកំពង់ស្ពឺ ដែលវត្តមាននេះទទួលបាន​ការ​ស្វាគមន៍ និងគាំទ្រយ៉ាងផុលផុសពីសំណាក់ប្រជាពលរដ្ឋរាប់ពាន់នាក់ ។
វេទិកាសាធារណ:របស់គណបក្ស សង្រ្គោះជាតិ គឺជាវេទិកាផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោតជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកំពូលៗ អំពីគោលនយោបាយរបស់​គណបក្ស​សង្រ្គោះជាតិ ៕

Wednesday, May 1, 2013

កម្មករ​​ប្រមាណ​១​ម៉ឺន​​នាក់​ហែ​ក្បួន​ដាក់​ញត្តិ​នៅ​រដ្ឋ​សភា

កម្មករ​កម្មការិនី​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ លើក​បដា​ហែ​ញត្តិ​យក​ទៅ​ដាក់​នៅ​រដ្ឋសភា នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា។ (RFA/Den Ayuthyea)
2013-05-01 
ដោយ ខែ សុណង
RFA
កម្មករ​កម្មការិនី​រាប់​ពាន់​នាក់​ដែល​ដឹក​នាំ​ដោយ​សហជីព​កម្មករ​ជាង ១០០​ស្ថាប័ន ជួបជុំ​គ្នា​លើក​បដា​នៅ​ទីលាន​ប្រជាធិបតេយ្យ រួច​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋ​សភា ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ និង​មន្ត្រី​រាជការ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​ឧសភា នេះ។
ញត្តិ​របស់​សហជីព​កម្មករ​សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ​នេះ មាន ១៤​ចំណុច។ ក្នុង​នោះ​រួម​មាន​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​យ៉ាង​ហោច​ណាស់ ១៥០​ដុល្លារ សម្រាប់​មន្ត្រី​រាជការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន ១​លាន​រៀល ស្នើ​ឲ្យ​ក្រុមហ៊ុន​ដាក់​ប្រាក់​តម្កល់​នៅ​ធនាគារ​ជាតិ ដើម្បី​បើក​ឲ្យ​កម្មករ​នៅ​ពេល​ក្រុមហ៊ុន​បិទ​ទ្វារ បញ្ចុះ​តម្លៃ​សាំង ព្រម​ទាំង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​បន្ថែម...

CNRP's Statement on 127th Labor Day

127th Labor Day in Cambodia

 Mr. Kem Sokha meet with Cambodian Workers

30 April 2013: Townhall meeting at Daunkeo, Takeo

 
 សង្គ្រោះជាតិជាបក្សសង្គ្រោះ មិនជាបក្សសង្គ្រាម