Source: Cambodia Express News
ភ្នំពេញ: លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងជាសមាជិកសភាមណ្ឌលកំពង់ចាម បានត្រូវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ ចោទប្រកាន់ពីបទបរិហាកេរ្តិ៍ ដោយភ្ជាប់យកបណ្តឹងរបស់អតីតបុគ្គលិក មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា ជាដើមចមដាក់បន្ទុកក្នុងការចោទប្រកាន់នេះ រួចបញ្ជូនទៅជំនុំជម្រះផ្ទាល់ ក្រោយពីបានបើកការស៊ើបអង្កេតបឋមជិត ៤ឆ្នាំកន្លងមកហើយ ។
ទន្ទឹមនឹងការសម្រេចខាងលើនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើលិខិត ទៅរដ្ឋសភាជាតិ តាមរយៈក្រសួងយុត្តិធម៌ ដែលមានកម្មវត្ថុស្នើ សុំព្យួរអភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា ដើម្បីបើកច្រកឲ្យតុលាការចាត់ការរឿងក្តី នេះ តាមនីតិវីធី ។
ដើមចមនៃការចោទប្រកាន់នេះបានកើតឡើង កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០០៦ កន្លងទៅ ក្នុងខណៈពេលដែលលោក កឹម សុខា កាលនោះជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានផ្តល់បទសម្ភាស៍ជាមួយលោក យន់ សាមៀន អ្នកយកព័ត៌មានកាសែតខាំបូឌាដេលី ។ ក្នុងបទសម្ភាស៍នេះត្រូវបានបុគ្គលិក ១៦នាក់ ជាគណៈកម្មការ ស្វែងរកការពិតនៃ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចាត់ទុកថាជាការបរិហាកេរ្តិ៍ លើពួកគេ ។ ដូច្នេះមនុស្ស ៥នាក់តំណាងឲ្យបុគ្គលិកទាំង ១៦នាក់នេះ បានដាក់ពាក្យបណ្តឹងមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការលោក កឹម សុខា តាមច្បាប់ ។ ក្រោយពីទទួល និងបានពិនិត្យពាក្យបណ្តឹងនេះរួចហើយ លោក គ្រី សុខអ៊ី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការជាបន្តបន្ទាប់តាមនីតិវីធី ពោលគឺអញ្ជើញដើមបណ្តឹងចុងចោទ ព្រមទាំងសាក្សីមួយចំនួនមកបំភ្លឺរួចហើយ ៕
No comments:
Post a Comment