ព្រះភិក្ខុ លួន សាវ៉ាត ប្រោះព្រំដល់សកម្មជនការពារព្រៃឡង់។ រូបថត ជីវ័ន |
Tuesday, 30 August 2011
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
To help or contribute to Ven. Loun Savath, please contact him at: sovath_loun
សៀមរាបៈ សកម្មជនការពារសិទ្ធិមនុស្សព្រះតេជគុណ លួន សាវ៉ាត បានអំពាវនាវរកជំនួយដើម្បីគាំទ្រសកម្មភាពព្រះអង្គក្នុងការ ការពារសិទ្ធិមនុស្សនិងព្រៃឈើ បន្ទាប់ពីព្រះអង្គត្រូវរារាំងពីរលើកមិនឲ្យគង់នៅក្នុងវត្ត នានានៅភ្នំពេញ និងខេត្តសៀមរាប។
ព្រះសង្ឃ លួន សាវ៉ាត ដែលសកម្មការពារសិទ្ធិមនុស្សនិងការពារព្រៃឈើ ក្រោយសាច់ញាតិព្រះអង្គមានវិវាទដីធ្លីនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដែល បច្ចុប្បន្នពុំមានវត្តគង់នៅមានថេរដីកាថា បច្ចុប្បន្នព្រះអង្គអនុវត្តតាមឱវាទព្រះពុទ្ធជាម្ចាស់ ទីណាប្រជាជនជួបទុក្ខលំបាក ព្រះអង្គនឹងមានវត្តមាននៅទីនោះ។ បើទោះជាព្រះអង្គពុំមានវត្តសម្រាប់គង់នៅក្តី ប៉ុន្តែ វត្តអារ៉ាមស្ថិតក្នុងចិត្តរបស់ព្រះអង្គទៅហើយ។
ព្រះអង្គបានបន្តថា ព្រះអង្គបួសជាសង្ឃពុំមែនដើម្បីអំណាចទេ ព្រះអង្គចូលបួសដើម្បីជួយជាតិ អ្នកភូមិដែលរងគ្រោះ និងការពារព្រៃឈើ ហើយទ្រង់ក៏ពុំពាក់ព័ន្ធនឹងនយោបាយដែរ។ ព្រះអង្គបន្តថា៖«ពីថ្ងៃនេះទៅអាត្មានឹងត្រាច់ចរនៅគ្រប់ទី កន្លែងដើម្បីជួយអ្នកភូមិដែលរងទុក្ខដោយសារក្រុមហ៊ុនឬអាជ្ញាធរ យក ដីធ្លីពួកគេ»។
ព្រះអង្គមានថេរដីកាថា ទង្វើរបស់សមត្ថកិច្ចគឺខុសនឹងច្បាប់កម្ពុជា ក្នុងនាមព្រះអង្គជាកូនខ្មែរព្រះអង្គមានសិទ្ធិសម្តែងមតិ និងនិមន្តទៅគ្រប់ទីកន្លែង និងមានសិទ្ធិគង់នៅគ្រប់វត្ត ដើម្បីផ្តល់ឱវាទល្អៗដល់ប្រជាជន ដូច្នេះការដែលគណៈសង្ឃចេញលិខិតហាមព្រះអង្គគឺជាការខុសច្បាប់។
ព្រះអង្គមានថេរដីកាថា៖«មូលហេតុពិត ដែលគេចេញលិខិតហាមប្រាមគ្រាន់តែគំរាមអាត្មាឲ្យបញ្ឈប់សកម្ម ភាពតាមឃ្លាំមើលប្រជាជនដែលធ្វើការតវ៉ាអាត្មាពុំខ្លាចឡើយ អាត្មាពុំបានប្រព្រឹត្តបទឧក្រិដ្ឋកម្មឯណា»។
គណៈសង្ឃខេត្តសៀមរាបបានចេញលិខិតហាមមិនឲ្យសង្ឃអង្គនោះ គង់នៅតាម វត្តក្នុងខេត្តសៀមរាបទេ ពីថ្ងៃទី ១៩សីហា ហើយពីថ្ងៃទី២៦ មេសា សម្តេចសង្ឃនាយក នន្ទ ង៉ែត ក៏បានហាមគ្រប់វត្តអារ៉ាមនៅរាជធានីដូចគ្នាដែរ។ មន្ត្រីមន្ទីរធម្មការខេត្តសៀមរាបថ្លែងថា ជាសង្ឃព្រះអង្គមិនអាចទៅតវ៉ាឬបង្កអសន្តិសុខសង្គមទេ ដូច្នេះទើបមេគណខេត្តហាម។
លោក អំ សំអាត មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូថ្លែងថា ព្រះ អង្គលួន សាវ៉ាត ពុំបានធ្វើខុសទៅនឹងពុទ្ធឱវាទទេ ព្រះអង្គព្យាយាមជំរុញអ្នកភូមិកុំឲ្យប្រើហិង្សា និងបានជួយលើកតម្កើងសិទ្ធិមនុស្សនិងការពារព្រៃឈើ៕ CR
No comments:
Post a Comment