Tuesday, September 6, 2011

សកម្ម​ជន​បក្ស​សិទ្ធិ​មនុស្ស​២​នាក់​នៅ​កំពង់ចាម​ត្រូវ​ចាប់​ខ្លួន

ដោយ ឱ ភារិទ្ធ
2011-09-04

តុលាការ​ខេត្ត​កំពង់ចាម​បាន​សម្រេច​ឃុំ​ខ្លួន​សកម្ម​ជន​គណ​បក្ស​សិទ្ធិ​មនុស្ស ២​នាក់ រង់ចាំ​ការ​កាត់​ទោស​នៅ​ពេល​ខាង​មុខ។

RFA/Den Ayuthyea

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា

លោក កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ កញ្ញា ថា លោក​កំពុង​ឲ្យ​គ្រួសារ​សកម្ម​ជន​របស់​លោក​ទាំង​ពីរ​នាក់ ដែល​តុលាការ​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​នោះ ផ្ដិត​មេ​ដៃ​ស្នើ​សុំ​មេធាវី​ដើម្បី​ការ​ពារ​ក្ដី​ឲ្យ​ពួក​គេ​តាម​ផ្លូវ​ ច្បាប់ ដោយ​លោក​យល់​ឃើញ​ថា ការ​ចាប់​មនុស្ស​នៅ​ថ្ងៃ​ឈប់​សម្រាក ហើយ​បញ្ជូន​ទៅ​តុលាការ​ភ្លាម គឺ​ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​មាន​ការ​អន្តរាគមន៍​ពី​ថ្នាក់​លើ​ណា​មួយ​សិន ៖ "មិន ​ទាន់​ឆ្លើយ​ស្អី​ផង ស្រាប់​រុញ​ទៅ​ដាក់​គុក​ភ្លាម​ឲ្យ​ផុត​ពី​ដៃ​គេ ដើម្បី​គេ​ឆ្លើយ​ដាក់​តុលាការ ល្បិច​របស់​គេ​តែ​ប៉ុណ្ណឹង​ហើយ ថ្ងៃ​ច័ន្ទ​នេះ​ខ្ញុំ​ស្នើ​មេធាវី​ដោយ​សារ​ចំ​ថ្ងៃ​អាទិត្យ មេធាវី​យក​ពី​អង្គការ​លោក សុខ សំអឿន ជា​អង្គការ​មេធាវី​ការ​ពារ​ក្ដី​មិត្ត​កម្ពុជា គេ​ឃុំ​ខ្លួន​ហ្នឹង​គឺ​ដោយ​សារ​ខាង​ប៉ូលិស​គេ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ គេ​សម្រេច​ឃុំ​ខ្លួន​អ៊ីចឹង​ហើយ ប៉ុន្តែ​យើង​គេ​អត់​មាន​បង្ហាញ​ដីកា​អី​ទាំង​អស់ ដោយ​សារ​តែ​យើង​អត់​មាន​មេធាវី​ឆ្លៀត​ពេល​ចំ​ថ្ងៃ​សៅរ៍​អាទិត្យ​តែ​ម្ដង អ៊ីចឹង​គេ​យក​ទៅ​ឃុំ​អត់​មាន​ដីកា​អី​ទាំង​អស់"

លោក កឹម សុខា បញ្ជាក់​បន្ថែម​ថា លោក​បាន​ជួប​ជា​មួយ​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង ដែរ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។ ប៉ុន្តែ​លោក ស ខេង ឆ្លើយ​តប​ថា​ចាំ​លោក​ពិនិត្យ​មើល​លើ​ករណី​នេះ​សិន។

លោក សេង គិមលី តំណាង​គណ​បក្ស​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា លោក ផាន ផា និង​លោក ភូ យាន ជា​សកម្ម​ជន​ធម្មតា​របស់​គណ​បក្ស​សិទ្ធិ​មនុស្ស​នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃាត់ និង​បញ្ជូន​ខ្លួន​ទៅ​ស្នង​ការដ្ឋាន​នគរបាល កាល​ពី​រសៀល​ថ្ងៃ​ទី​១ កញ្ញា នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​នោះ​បាន​ចែក​ចាយ​ខិត្តប័ណ្ណ​ផ្សព្វ​ផ្សាយ​ស្ដីពី​ ការ​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ដី​ដែល​ប៉ះពាល់​ដល់​ថ្នាក់​ដឹក​នាំ​ រដ្ឋាភិបាល​បច្ចុប្បន្ន។ បញ្ហា​នេះ តុលាការ​ខេត្ត​កំពង់ចាម​បាន​សម្រេច​ឲ្យ​ឃុំ​ខ្លួន​តាម​សំណុំ​រឿង​របស់​ ប៉ូលិស​តែ​ម្ដង។

លោក ជឹម សេង​ហុង ស្នងការ​រង​នគរបាល​ខេត្ត​ដែល​ជា​អ្នក​កាន់​សំណុំ​រឿង​នេះ​ទៅ​តុលាការ បាន​បដិសេធ​មិន​បំភ្លឺ​ពី​បញ្ហា​នេះ​ទេ ៖ "មិន​មែន​ផែនការណ៍​របស់​ខ្ញុំ​លោក​ទាក់​ទង​ទៅ​តុលាការ​តែ​ម្ដង​ទៅ ព្រោះ​តុលាការ​គេ​សម្រេច​សួរ​ស្ថាប័ន​តុលាការ​ទៅ"

លោក នាង សាវ៉ាត មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៤ កញ្ញា ថា​ជិត​ដល់​ពេល​បោះ​ឆ្នោត​តែង​តែ​មាន​ការ​ប្រកាន់​បក្ស​រៀង​ៗ​ខ្លួន ហើយ​សុំ​ឲ្យ​មាន​ការ​បក​ស្រាយ​រក​ហេតុ​ផល​ដែល​នៅ​ក្នុង​លិខិត​ដែល​ចែក​ចាយ​ នោះ ៖ "ប្រធាន​គណ​បក្ស​គួរ​តែ​ចេញ​មុខ​ដើម្បី​ធ្វើ​ការ​បក​ស្រាយ​អំពី​ ឯកសារ​ដែល​បាន​ផ្ញើ​មក​សកម្ម​ជន​ហ្នឹង​មក ព្រោះ​អី​ថា​ការ​បាត់​បង់​ទឹក​ដី​ហ្នឹង ពី​ត្រឹម​ណា​អី​ត្រឹម​ណា ព្រោះ​អី​កន្លង​មក​មេៗ គណ​បក្ស​ទាំង​អស់​ហ្នឹង​គាត់​និយាយ​ក៏​អត់​អី​ដល់​សកម្ម​ជន​យើង​យក​ទៅ​វា​ទៅ ​ជា​មាន​ការ​ចាប់​ខ្លួន​វិញ"

លោក សេង គឹមលី តំណាង​គណ​បក្ស​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ធ្លាប់​តែ​មាន​ការ​គំរាម​កំហែង និង​បំភិត​បំភ័យ​ពី​អាជ្ញាធរ ប៉ុន្តែ​មិន​ដែល​មាន​ការ​ចាប់​ខ្លួន​ដូច​លើក​នេះ​ឡើយ៕

No comments: