Thursday, November 24, 2011

លោក​កឹម សុខា​នឹង​បោះឆ្នោត​អោយ​គណបក្ស​សម រង្ស៊ី​ក្នុង​ការ​បោះឆ្នោត​

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី (©វណ្ណារ៉ា)

ដោយ លាង ដឺលុច
RFI

គណបក្ស​សម រង្ស៊ី ​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​​មួយ​​ចោទ​ប្រកាន់​​សកម្មជន​​គណបក្ស​​សិទ្ធិ​ មនុស្ស​​៥​​នាក់​​នៅ​​ខេត្ត​​កំពង់ចាម​ ​ថា​​ពួក​គេ​​កំពុង​​ជួយ​​រក​​សំឡេង​​ឆ្នោត​​អោយ​​គណបក្ស​​ប្រជាជន​កម្ពុជា​ ​​សម្រាប់​​ការ​​បោះ​ឆ្នោត​​ព្រឹទ្ធសភា​​ខាង​មុខ​នេះ។ ​ប្រធាន​​គណបក្ស​​សិទ្ធិមនុស្ស​ ​​លោក ​កឹម​ សុខា​​មិន​​បាន​​បញ្ចេញ​​ប្រតិកម្ម​​ខ្លាំង​ក្លា​​​ប្រឆាំង​​សេចក្តី​ ថ្លែងការណ៍​​របស់​​គណបក្ស​​សម រង្ស៊ី​​ទេ​ ប៉ុន្តែ​​បាន​​អះអាង​​ថា​ អ្នក​តំណាងរាស្ត្រ ​៣​​រូប​​របស់​​គណបក្ស​​សិទ្ធិ​មនុស្ស​​ដែល​​ក្នុង​​នោះ​ ​មាន​​រូប​លោក​​ដែរ​​នោះ​ នឹង​​បោះឆ្នោត​​គាំទ្រ​​គណបក្ស​​សម រង្ស៊ី​​នៅ​​ក្នុង​​ការ​​បោះឆ្នោត​​ព្រឹទ្ធ​សភា​​​ក្នុង​​ខែ​​មករា​​ដើម​​ ឆ្នាំ​​ក្រោយ។​

មិន​​មាន​​ប្រតិកម្ម​​ខ្លាំង​ក្លា​​​ច្រានចោល​​​ការ​​ចោទ​​ប្រកាន់ ​​របស់​​គណបក្ស​ ​សម ​រង្ស៊ី​​ពី​​លោក ​កឹម​​ សុខា​ ប្រធាន​​គណបក្ស​​សិទ្ធិមនុស្ស​​ឡើយ។ ​គណបក្ស​​​សម រង្ស៊ី​ ដែល​ចោទ​ថា​សកម្មជន​៥​នាក់​របស់​គណបក្ស​សិទ្ធិមនុស្ស ​ក្នុង​​ខេត្ត​​ កំពង់ចាម​ បាន​យក​លុយ​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​​ទិញ​ ទឹកចិត្ត​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​គណបក្ស​សម រង្ស៊ី​អោយ​បោះឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ការ​បោះឆ្នោត​ ព្រឹទ្ធសភា​ក្នុង​ខែ​មករា​ខាង​មុខ​នេះ។

លោក​កឹម សុខា​បែរ​ចាត់ទុក​ថា​ការ​ចោទប្រកាន់​របស់​គណបក្ស​សម រង្ស៊ី​មិន​បាន​បាញ់​ឆ្ពោះ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​ទេ តែ​តម្រង់​តែ​លើ​សកម្មជន​គណបក្ស​​៥​នាក់​ប៉ុណ្ណោះ​ហើយដែល​អ្នក​ទាំង​៥​នេះ បើតាម​ការ​បញ្ជាក់​របស់​លោក​កឹម​សុខា ពួកគេ​នឹង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​​ច្រានចោល​ការ​ចោទប្រកាន់​ពី​គណបក្ស ​ សម រង្ស៊ី​ដោយខ្លួនឯង។

ផ្ទុយទៅវិញ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ លោក​កឹម សុខា​ បាន​បង្ហើប​អោយដឹងថា​លោក​នឹង​ធ្វើ​​សេចក្តីប្រកាស​អោយ​សមាជិករដ្ឋសភា​ ៣​រូប​របស់​គណបក្ស​សិទ្ធិមនុស្ស​ដែល​ក្នុង​នោះ​ក៏​មាន​​រូប​លោកដែរ​នោះ បោះឆ្នោត​គាំទ្រ​គណបក្ស​សម រង្ស៊ី​នៅក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា។

កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៣ ​នៅ​ថ្ងៃ​ទី ​២៩ ​ខែ​មករា​​ឆ្នាំ​​២០១២។ ការ​បោះឆ្នោត​នេះ​ ប្រព្រឹត្តទៅ​ដោយ​ប្រព័ន្ធ ​អសកល​​ដែល​មាន ​អង្គ​បោះ​ ឆ្នោត​​​ ជា​​សមាជិក​​ឃុំ សង្កាត់​​​​និង​​អ្នក​តំណាងរាស្ត្រ។ នៅ​ក្នុង​​ការ​​បោះឆ្នោត​​ព្រឹទ្ធសភា​ខាងមុខ​នេះ ​មាន​​តែ​​គណបក្ស ​២ ​ ប៉ុណ្ណោះ​​ដែល​​ចូល​​រួម​​គឺ​ គណបក្ស​​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សម រង្ស៊ី៕

No comments: