ហ៊ុនសែន ហាមមិនឲ្យប្រៀបធៀបគាត់ ជាមួយកាដាហ្វី តែគាត់ មិនបានហាម ការប្រៀបធៀបគាត់ ជាមួយ សាដាមហ៊ុសេនឡើយ! |
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៣ កាលពីថ្ងៃចន្ទម្សិលមិញ។ (រូបថត ម៉ៃ វីរៈ) |
លោកហ៊ុនសែនព្រមានអ្នកប្រដូចលោកនឹងកាដាហី្វ
Tuesday, 15 November 2011
គឹម យុទ្ធណា
The Phnom Penh Post
ភ្នំពេញ: លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាថ្មីម្តងទៀតបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ដល់អ្នកដែលនិយាយរិះគន់រូបលោក ដែលបានប្រដូចការដឹកនាំប្រទេសរបស់លោក ទៅនឹងការស្លាប់របស់មេដឹកនាំប្រទេសលីប៊ីនាពេលថ្មីៗនេះ។
លោកនាយករដ្ឋមន្ត្រី បានហៅការប្រៀប ធៀបនេះថា ៖ «ជាការប្រៀបធៀបអាក្រក់បំផុត ស្មើនឹងការប្រមាថនិងប៉ុនប៉ងសម្លាប់ជីវិត» ខណៈដែលលោកបានចាត់ទុកថា លោក កាដាហ្វី ត្រូវគេសម្លាប់ដោយសារតែ«ចម្បាំង»។
ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន យ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣ តភ្ជាប់ពីក្រុងភ្នំពេញទៅកាន់ខេត្ត កំពត កាលពីថ្ងៃទី១៤ វិច្ឆិកា ម្សិលមិញនេះ។
ទោះយ៉ាងណា ប្រតិកម្មតបជាថ្មីរបស់លោកនាយករដ្ឋមន្ត្រីត្រូវគេសង្កេតឃើញថា បានធ្វើឡើងនៅបន្ទាប់ពីមានការរិះគន់ពីមន្ត្រីអង្គការសង្គមស៊ីវិល អ្នកវិភាគនយោបាយមន្ត្រីគណបក្សប្រឆាំង ដែលត្រូវស្រង់សម្តីធ្វើការចាក់ផ្សាយជាបន្តបន្ទាប់តាមរយៈវិទ្យុ អាស៊ីសេរី ដោយបានលើកឡើងថា ការស្លាប់របស់អតីតមេដឹកនាំផ្ដាច់ការនៅប្រទេសលីប៊ីគឺលោកមួម៉ារ កាដាហ្វី ជាសារមួយដ៏សំខាន់សម្រាប់មេដឹកនាំផ្ដាច់ការមួយចំនួននៅក្នុងប្រទេស ខ្លះ ក្នុងពិភពលោក ជាពិសេស ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងប្រទេសកម្ពុជា ដូចពេលសព្វថ្ងៃនេះ ដែលមានអំពើពុករលួយ បក្ខពួកនិយម និងការរំលោភសិទ្ធិមនុស្ស ជាដើម។
លោក ហ៊ុន សែន បានថ្លែងព្រមានថា ៖«ខ្ញុំសូមផ្តាំត្រឡប់ទៅវិញ! ហើយសុំឲ្យមានត្រណម កុំណា! កុំលេងប្រៀបធៀបទៅនឹង កាដាហ្វី ខ្ញុំនឹងធ្វើសកម្មភាព! អត់ឱនមិនបានទេ អាហ្នឹង! ព្រោះ វាជាការប្រមាថអាយុជីវិត!។ ទោះយ៉ាងណា ខ្ញុំមិនធ្វើសកម្មភាពហិង្សាទេ គឺធ្វើសកម្មភាពទៅតាមផ្លូវច្បាប់»។ លោកនាយករដ្ឋមន្ត្រី បានថ្លែងរិះគន់ដោយប្រយោលដល់អ្នកដែលជេរប្រមាថ រិះគន់រូបលោក តាមរយៈវិទ្យុអាស៊ីសេរី ដោយលោកបានបន្តជំរុញឲ្យវិទ្យុមួយនេះផ្សាយ« ជេរ» តទៅទៀត ដោយចាត់ទុកអ្នកជេររូបលោកថា« ជេរកាន់តែខ្លាំង ខុសកាន់តែច្រើន»។
កាលពីថ្ងៃសុក្រ ទី៤ ខែ វិច្ឆិកា កន្លងទៅនេះលោក គង់ គាំ ប្រធានស្ដីទីគណបក្សសមរង្ស៊ី ប្រកាសទទួលស្គាល់តាមវិទ្យុអាស៊ីសេរីថា លោកមិនបដិសេធការចោទប្រកាន់ថា លោកជាអ្នកបានប្រៀបប្រដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនឹងអតីតមេដឹកនាំប្រទេសលីប៊ី លោក មួម៉ារ កាដាហ្វី ដែលត្រូវបានបាញ់សម្លាប់ កាលពីដើមខែតុលា នោះទេ។
លោកបណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយបានថ្លែងថា ដើម្បីឲ្យអ្នកនយោបាយមានក្រមសីលធម៌ ក្នុងកាប្រកួតប្រជែងអំណាចនយោបាយ អ្នកនយោបាយគួរត្រូវធ្វើដោយការប្រៀបធៀបគ្នា ដោយលើកយកកម្មវិធីនយោបាយរបស់គណបក្សរៀងៗខ្លួនមកជជែកចៀសវាងការក្រកួត ប្រជែងដែលបង្កទៅជាអំពើហិង្សា។ លោកបានបន្តថា ការប្រៀបធៀបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹងលោក កាដាហ្វី គឺជាការប្រៀបធៀបមួយដែលខុសគ្នាឆ្ងាយដូចមេឃ និងដី។
លោក សុខ ទូច បានបញ្ជាក់ថា៖ «រឿង កាដាហ្វី កាន់អំណាច ៤២ឆ្នាំ ៤៩ថ្ងៃ អត់មានច្បាប់ធម្មនុញ្ញដែលចែងពីការបោះឆ្នោតទេ គឺបានកើតឡើងដោយការធ្វើរដ្ឋប្រហារ ចំណែកលោកនាយករដ្ឋមន្ត្រី គឺកើតចេញពីការបោះឆ្នោតដែលតុលាការប្រជាជនបានផ្តល់អំណាចរបស់គាត់ តាមរយៈការបោះឆ្នោតក្នុងរយៈពេល៥ឆ្នាំម្តង»។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកការព្រមានរបស់ រដ្ឋាភិបាលថា មិនមានអ្វីប្លែកនោះទេ ដោយលោកបានថ្លែងថា ៖ «រដ្ឋាភិបាលខ្លាចស្រមោលខ្លួនឯង»។ ប៉ុន្តែ លោកបានបន្តថា តាមផ្លូវច្បាប់រដ្ឋាភិបាលត្រូវមានកាតព្វកិច្ចការពារសិទ្ធិប្រជាពលរដ្ឋក្នុងការសម្តែងមតិ។
លោកបានបន្តថា រដ្ឋាភិបាលគួរតែចេះធ្វើការឆ្លើយតបតាមលទ្ធិប្រជាធិបតេយ្យ មានន័យថា «គាត់ត្រូវពន្យល់ថា ហេតុអ្វីបានការចោទប្រកាន់នោះមានលក្ខណៈ មិនត្រឹមត្រូវ ជាដើម»៕
No comments:
Post a Comment