Friday, November 18, 2011

តំណាង​រាស្ត្រ​ SRP នឹង​លាលែង​ជា​ ក្រុម – SRP MPs group to resign


Sam+Rainsy+press+conference+on+16Nov2011+%2528Siv+Channa%252C+RFI%2529.jpg
លោក ​សម រង្ស៊ី ​ក្នុង​សន្និ​សីទ​កា​សែត​ តាម​វី​ដេ​អូ​ខន់​ហ្វឺរេន ពី​ប្រទេស​បារាំង​ម្សិល​មិញ។ រូបថត RFI

Thursday, 17 November 2011
មាស សុខជា
The Phnom Penh Post

យោង​ទៅ​តាម​ច្បាប់ គណបក្ស​ប្រជាជន​ មិន​អាច​យក​អាសនៈ​គណបក្ស សម រង្ស៊ី បែង​ចែក​បាន​ទេ ប្រសិន​បើ​គណបក្ស​ប្រឆាំង​នេះ​ ពុំ​រំលាយ​ខ្លួន​ឯង ឬ​សុខ​ចិត្ត​ផ្តល់​អាសនៈ​របស់​ពួក​គេ ទៅ​ឲ្យ​គណបក្ស​ណា​មួយ​នោះ ហើយ​ថា បើ​សភា​បើក​សម័យ​ប្រជុំ វា​ប៉ះពាល់​ដល់​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ដែល​តម្រូវ​ឲ្យ​សភា​មាន​​សមាជិក ១២០ រូប​ដើម្បី​បើក​សម័យ​ប្រជុំ​ – គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ខុម ហ្វ្រែល

According to the law, the CPP cannot divide the SRP seats if the SRP does not dissolve itself up or if the SRP does not agree to give up its seats to another political party, and National Assembly meetings will affect the constitution which requires that the National Assembly has a quorum of 120 – Koul Panha, Comfrel executive director

ភ្នំពេញៈ គណ​បក្ស​សម រង្ស៊ី បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ម្សិល​មិញ​ថា តំណាង​រាស្ត្រ​របស់​ខ្លួន នឹង​ធ្វើការ​លា​លែង​ពី​រដ្ឋ​សភា​ជា​ក្រុម ជា​អ្វី​ដែល​គណ​បក្ស​ប្រឆាំង​មួយ​នេះ អធិប្បាយ​ថា ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​មិន​ដែល​អើ​ពើ​ទៅ​នឹង​សិទ្ធ និង​តែង​តែ​រុក​កួន ​ទៅ​លើ​គណ​បក្ស ដែល​មាន​សំឡេង​ភាគ​តិច។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ដែល​ត្រូវ​បាន​ចែក​ចាយ​ នៅ​​ក្នុង​សន្និសីទ​កាសែត​ ​កាល​ពី​ម្សិលមិញ លោក សម រង្ស៊ី បាន​ថ្លែង​ថា គណបក្ស​ប្រជាជន​ កំពុង​ដឹក​នាំ​ប្រទេស​ដោយ​មិន​អើ​ពើ​ទៅ​នឹង​សិទ្ធិ​របស់​គណបក្ស​សំឡេង​ភាគ​ តិច ហើយ​រដ្ឋ​សភា​គ្រាន់​តែ​ជា​សភា​ឡប់​ឡែ​ប៉ុណ្ណោះ​ ខណៈ​ប្រព័ន្ធ​តុលាការ​ ជា​ឧបករណ៍​នយោបាយ ដើម្បី​រក្សា និង​ពង្រឹង​អំណាច​របស់​មេ​ដឹក​នាំ​ផ្តាច់​ការ​។ សេចក្តី​ថ្លែង​ការណ៍​​បន្ត​​ថា៖​«ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​មិន​អាច ទទួល​យក​បាន និង​ការ​រំលោភ​ផ្សេង​ៗ​ទៀត​របស់​រដ្ឋា​ភិបាល​ ត្រូវ​តែ​បញ្ឈប់»។

លោក សម រង្ស៊ី បាន​ព្រមាន​ថា លទ្ធ​ផល​ទាន់​ហន់​នឹង​កើត​ឡើង​ ចំពោះ​រដ្ឋា​ភិបាល ប្រសិន​បើ​មិន​បំពេញ​ទៅ​តាម​ការ​ទាម​ទារ​របស់​គណបក្ស​ប្រឆាំង​ ដោយ​អះ​អាង​ថា សេចក្តី​ព្រាង​ច្បាប់​ថវិកា​សម្រាប់​​ឆ្នាំ ២០១២ នឹង​មិន​អាច​ត្រូវ​បាន​អនុម័ត​ឡើយ ហើយ​កិច្ច​ព្រមព្រៀង​ខ្ចី​ប្រាក់​ ដែល​រដ្ឋា​ភិបាល​បាន​ចុះ​ហត្ថ​លេខា​ថ្មី​ៗ​នេះ​ជាមួយ​បរទេស និង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរជាតិ​នានា​ ក៏​នឹង​មិន​អាច​ទទួល​បាន​ការ​ផ្តល់​សច្ចាប័ន​ តាម​រដ្ឋ​ធម្មនុញ្ញ​ដែរ។ គណបក្ស ​ប្រឆាំង បាន​សច្ចា​ថា ខ្លួន​នឹង​បន្ត​រារាំង​ការ​បោះ​ឆ្នោត ឬ​ការ​សម្រេច​ណា​មួយ​របស់​រដ្ឋ​សភា​ រហូត​ដល់​រដ្ឋាភិបាល យល់​ព្រម​ផ្អាក​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ធ្លី និង​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ទាំង​បង្ខំ​ដែល​ស្រប​ទៅ​តាម​ការ​អំពាវនាវ​កាល​ ពី​ពេល​ថ្មី​ៗ​នេះ​ ពី​អង្គការ​សហ​ប្រជាជាតិ និង​រហូត​ដល់​គណបក្ស​ប្រជាជន ​ផ្លាស់​ប្តូរ​សមាស​ភាព​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​ បោះ​ឆ្នោត​ ទៅ​តាម​អនុសាសន៍​របស់​សហគមន៍​អឺរ៉ុប​។ លោក សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា៖​ «លួច​ដី​យើង​ គឺ​លួច​ជីវិត​យើង។ លួច​សន្លឹក​ឆ្នោត​យើង ​គឺ​លួច​ជីវិត​យើង និង​អនាគត​យើង»

តាម​រយៈ​វីឌីអូ​ខន់ហ្វឺរិន​ពី​ប្រទេស​បារាំង លោក សម រង្ស៊ី បាន​ថ្លែង​ដោយ​លើក​ជា​ឧទាហរណ៍​ថា រថយន្ត​មួយ​គ្រឿង​ដែល​ផលិត​ចេញ​ពី​រោង​ចក្រ ​ត្រូវ​តែ​មាន​កង់ ៤ បើ​មិន​អ៊ីចឹង​ទេ រថយន្ត​នោះ​ មិន​អាច​បើក​បរ​ទៅ​មុខ​បាន​ទេ ហើយ​ដូច្នេះ​រដ្ឋ​សភា​គឺ​ដូច​គ្នា ក្រោយ​ស្ថាប័ន​នេះ​ត្រូវ​បាន​បង្កើត ស្ថាប័ន​នេះ ​ត្រូវ​តែ​មាន​សមាជិក​សភា​យ៉ាង​តិច ១២០ រូប​ ដើម្បី​សម្រេច​លើ​ច្បាប់​អ្វី​មួយ។

លោក សម រង្ស៊ី បាន​បន្ត​ថា៖​«គណបក្ស សម រង្ស៊ី ពុំបណ្តោយ​ឲ្យ​សភា​ឡប់​ឡែ​ធ្វើ​បែប​នេះតទៅទៀត​ទេ។ បើ​យើង​ចូល​រួម​បោះ​ឆ្នោត​ដូច​នេះ វា​ដូច​យើង​ចូល​រួម​បំផ្លាញ​ជាតិអញ្ចឹង»។

យ៉ាង​ណា​ក្តី លោក ជាម យៀប សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​ការ​ចោទ​ប្រកា​ន់​របស់​លោក សម រង្ស៊ី ថា គ្រាន់​តែ​ជា​ភាព​ទាល់​ច្រក​នយោបាយ និង​ការ​រវើ​រវាយ​ប៉ុណ្ណោះ​ ហើយ​ថា គណបក្ស​កាន់​អំណាច​ ពុំ​ខ្លាច​ការ​លើក​ឡើង​របស់​គណបក្ស​ប្រឆាំង​ឡើយ ដោយ​អះ​អាង​ថា ទោះ​បី​គណបក្ស សម រង្ស៊ី ពហិការ ឬ​លា​លែង គណបក្ស​ប្រជា​ជន​​នៅ​តែ​ទៅ​មុខ​ជាមួយ​សម័យ​ប្រជុំ​សភា។ លោក​បន្ត​ថា៖​«បើ​សមាជិក​គណបក្ស​ប្រឆាំង លោក​ធ្វើ​តាម​គាត់ ពួក​គេ​ង៉េង​ង៉ាង​ដូច​គ្នា​អ៊ីចឹង​»​។ លោក​​បន្ថែម​ថា បើ​សមាជិក​សភា​គណបក្ស​ប្រឆាំង​នេះ​លា​លែង អាសនៈ​គណបក្ស​ប្រឆាំង​នេះ​ទាំង​អស់​ នឹង​ត្រូវ​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​ ដែល​មាន​អាសនៈ​ក្នុង​សភា​ ដើម្បី​បំពេញ​អាសនៈ ១២៣ ក្នុង​សភា។

ប៉ុន្តែ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ខុម ហ្វ្រែល បាន​ថ្លែង​ថា យោង​ទៅ​តាម​ច្បាប់ គណបក្ស​ប្រជាជន​ មិន​អាច​យក​អាសនៈ​គណបក្ស សម រង្ស៊ី បែង​ចែក​បាន​ទេ ប្រសិន​បើ​គណបក្ស​ប្រឆាំង​នេះ​ ពុំ​រំលាយ​ខ្លួន​ឯង ឬ​សុខ​ចិត្ត​ផ្តល់​អាសនៈ​របស់​ពួក​គេ ទៅ​ឲ្យ​គណបក្ស​ណា​មួយ​នោះ ហើយ​ថា បើ​សភា​បើក​សម័យ​ប្រជុំ វា​ប៉ះពាល់​ដល់​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ដែល​តម្រូវ​ឲ្យ​សភា​មាន​​សមាជិក ១២០ រូប​ដើម្បី​បើក​សម័យ​ប្រជុំ​៕

No comments: