អ្នកភូមិកំពុងរៀបចំសែងសពស្ត្រីអ្នកភូមិបឹងកក់ចេញពីទន្លេ។ រូបថត ជីវ័ន |
Monday, 28 November 2011
តុង សុប្រាជ្ញ
The Phnom Penh Post Khmer
ហ្នឹងហើយ ពូជខ្មែរ ពូជអ្នកចំបាំង ដែលខ្លាំងបានតែជាមួយ រាស្រ្តទន់ខ្យោយ ជាមួយនឹង បរទេស វិញរួញមិនហ៊ានទេ?
កើត ចាស់ ឈឺ ស្លាប់ គឺជាវដ្តរបស់មនុស្សលោក ហើយការស្លាប់ទៀតសោធ ក៏មានលក្ខណៈខុសៗគ្នាដែរ ខ្លះស្លាប់នឹងអត់បាយ ខ្លះស្លាប់ដោយការធ្វើទារុណកម្ម ខ្លះស្លាប់ដោយសារឃាតកម្ម ខ្លះដោយសារសង្គ្រាម ទំាងនេះ គឺជាការស្លាប់ ដែលគេធ្វើឲ្យស្លាប់។ តើការស្លាប់ដោយអត្តឃាតខ្លួនឯងសោះ ចំពោះបុគ្គលដែលហ៊ានដល់ការសម្រេចចិត្តចុងក្រោយបែបនេះ វាបណ្តាលមកពីគេធ្វើឲ្យស្លាប់ដែរឬទេ?
ការស្លាប់ដោយអត្តឃាត គឺអាស្រ័យទៅនឹងឆន្ទៈរបស់បុគ្គល ទៅនឹងវប្បធម៌ ជំនឿ និងបុព្វហេតុអ្វីមួយ របស់បុគ្គលនោះ នៅតាមប្រទេសផ្សេងៗគ្នា។ ឧទាហរណ៍ នៅប្រទេសជប៉ុន ការធ្វើអត្តឃាត សឹងតែក្លាយទៅជាវប្បធម៌ទៅហើយ នៅពេលប្រឡងម្តងៗ ឪពុកម្តាយ មិនហ៊ានទៅណាឆ្ងាយពីកូនទេ ព្រោះព្រួយបារម្ភខ្លាចកូនធ្វើអត្តឃាត នៅពេលដែលពួកគេប្រឡងធ្លាក់ ឬក៏ពិន្ទុចាញ់គេ ហើយកាលពីឆ្នាំទៅ មានអតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ១ រូប បានធ្វើអត្តឃាត ដោយលោតពីលើអគារដ៏ខ្ពស់មួយ។(Reuters) នេះបង្ហាញថា សុខចិត្តស្លាប់ ប្រសើរជាងរស់នៅ ដោយគ្មានកិត្តិយស ឬក៏ពាក់ព័ន្ធនឹងពុករលួយ ។ វប្បធម៌របៀបនេះ គឺមានតាំងពីដូនតារបស់ជនជាតិជប៉ុន កាលពីសម័យកាប់ដាវសាមូរ៉ាយមកម្ល៉េះ ឲ្យតែច្បាំងចាញ់ គេគឺតែងតែធ្វើអត្តឃាតខ្លួនឯង។ បើនិយាយពីសម័យសង្រ្គាមលោកលើកទី២ អ្នកបើកយន្តហោះចំបាំងជប៉ុន ហ៊ានធ្វើអត្តឃាត ដោយបើកបុកចូលបំពង់សឺម៉ាំងនាវាចំបាំងទី ៧ របស់អាមេរិក។
ក្នុងសង្រ្គាមនៅប្រទេសអ៊ីរ៉ាក់ជិត១០ឆ្នំា ការធ្វើអត្តឃាត ដោយបំផ្ទុះគ្រាប់បែក កើតឡើងស្ទើរតែរាល់ថ្ងៃ ដោយអ្នកកាន់សាសនាងប់ងុល ដើម្បីបូរណភាពទឹកដី ប្រឆំាងនឹងទ័ពអាមេរិក លើដីអ៊ីរ៉ាក់។ ក្រៅពីនេះ ក៏មានការធ្វើអត្តឃាត ដុតខ្លួន របស់ជនជាតិទីបេ និងអ៊ុយគ័រ ដោយសារការធ្វើបាបពីសំណាក់អាជ្ញាធរចិន។ ដូចគ្នានេះដែរ ក៏មានខ្មែរកម្ពុជាក្រោម ធ្វើអត្តឃាតដុតខ្លួន ដោយសារការទាមទារបូរណភាពទឹកដី និងសិទ្ធិសេរីភាពដែរ ដោយសារការធ្វើទុក្ខបុកម្នេញ ពីអាជ្ញាធរវៀតណាម។
ឯនៅស្រុកខ្មែរ ក៏ចាប់ផ្តើមមានការធ្វើអត្តឃាត ដោយសារការរុកកួនពីរដ្ឋាភិបាល តាមរយៈអាជ្ញាធរដែនដី ដោយការបណ្តេញចេញ និងបាត់បង់ដីធ្លី ផ្ទះសម្បែងរបស់ពួកគេផងដែរ ឬទេ? ឧទាហរណ៍៖ អ្នកភូមិបឹងកក់ម្នាក់ កាលពីខែមេសា បានធ្វើអត្តឃាត ហើយកាលពីសប្តាហ៍មុននេះ ក៏មានស្រី្តអ្នកភូមិនេះម្នាក់ទៀត ដែលបានធ្វើអត្តឃាត ដោយលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ដែលត្រូវបានគេអះអាងថា ដោយសារមានការអស់សង្ឃឹម ដែលផ្ទះរបស់គាត់ នឹងត្រូវគេបណ្តេញចេញក្នុងពេលឆាប់ៗនេះ។ នៅមានមួយគ្រួសារផ្សេងទៀត ប៉ុនប៉ងសម្លាប់ខ្លួនមួយគ្រួសារតែម្តង ដោយសារការរំលោភដីធ្លីនេះដែរ។ តើហេតុអ្វី បានជារាជរដ្ឋាភិបាល មិនព្រមដោះស្រាយបញ្ហាដីធ្លីមួយប្រាវឲ្យចប់ទៅ មុនពេលបោះឆ្នោតដូចរាល់ដង? ហើយធ្វើឲ្យដូចអ្វីដែលបានសន្យាមុនពេលបោះឆ្នោត មិនប៉ះពាល់ដីធ្លីពលរដ្ឋ ដីបឹង ដីព្រៃ..។ល។
អីចឹងហើយ បានជាមានមតិរិះគន់ជាច្រើន និយាយថា កាលពីសម័យលោក ជា សុផារ៉ា ដែលមានរហ័សនាមថា បុរសលក់សួនច្បារ ធ្វើការ៉ាស់សាំង ក៏មិនដល់សម័យតំបន់អភិវឌ្ឍន៍របស់លោក កែប ជុតិម៉ា ដែរ ដែលធ្វើឲ្យរាស្រ្តនៅទីក្រុងភ្នំពេញ ជាពិសេស អ្នកភូមិបឹងកក់ ដែលស្រែកទ្រហោយំស្ទើរខ្សោះអស់ទឹកភ្នែក ហើយដេកតែភ័យព្រួយ ខ្លាចមិនដឹងថា ថ្ងៃណាគេដេញ និងឈូសកម្ទេចផ្ទះចោលទេ ហើយក៏មិនដឹងថា ទៅរស់នៅឯណាដែរ ដែលផ្ទះសព្វថ្ងៃថ្លៃម្លឹងៗ។ អ្នកភូមិបឹងកក់ខ្លះ ពេលបុណ្យទាន ចូលឆ្នាំ និងភ្ជុំភ្ជរម្តងៗ មិនហ៊ានទៅលេងស្រុកទេពីព្រោះខ្លាចគេបូមខ្សាច់កប់ពន្លិច ផ្ទះ ឬឈូសផ្ទះកម្ទេចចោល រំលោភយកដីធ្លី សុខចិត្តទៅវត្តក្បែរៗផ្ទះហ្នឹងទេ ហើយប្តូរវេនគ្នា យាមចំាផ្ទះទៀត។ ការតាមយាយី ញាំញីពីក្រុមហ៊ុននិងអាជ្ញាធរទៅលើអ្នកភូមិទាំងនេះកើតឡើង ស្ទើរតែរាល់ថ្ងៃ ប្រមាណជា ៥ ឆ្នាំមកហើយ ធ្វើឲ្យពួកគាត់ខ្លះ គិតខ្លីថា សុខចិត្តធ្វើអត្តឃាតវិញ ប្រសើរជាងរស់នៅទាំងឈឺចាប់ ដោយមិនមានសិទ្ធិ មានទីជម្រកសមរម្យ ដែលជាសិទ្ធិមូលដ្ឋាន របស់មនុស្សជាតិ។
ឱលោកអើយ! កើតមកមានឈាមជ័រជាខ្មែរដូចគ្នា ហេតុអ្វីបានអ្នកធំ និងអ្នកមានខ្លះ មានវីឡាជិត ១០ ខុនដូ ៥-៦ កន្លែង ឬមានច្រើនជាងនេះ និងមានដីរាប់ពាន់ហិកតា ហើយខ្លះទៀត គ្រាន់តែដីផ្ទះនៅសោះ ធំជាង ពហុកីឡដ្ឋាន ក្លិបបាល់ទាត់ ប្រឺម្ញ៉លីក នៅប្រទេសអង់គ្លេសទៅទៀត ចំណែកឯខ្មែរខ្លះ ក្រសែនក្រ ក្ររកតែអង្ករច្រកឆ្នាំងគ្មានផង ហើយខ្លះទៀត មានផ្ទះសម្បែងហើយ តែត្រូវគេរំលោភយកទៅបាត់ទៀត។ តើឯណាទៅយុត្តិធម៌សង្គម សម្រាប់សង្គមខ្មែរបច្ចុប្បន្ន?
ហេតុអ្វីបានជាអាជ្ញាធររបស់រដ្ឋាភិបាល រុករាន ទន្ទ្រានយកតែដីធ្លីផ្ទះសម្បែង តែរបស់ខែ្មរគ្នាឯងបែបនេះ? ពូកែបានតែគ្នាឯងទេ ត្រង់ជនអន្តោប្រវេសន៍បរទេសមួយចំនួនធំ រស់នៅស្រុកខ្មែរទាំងស្របច្បាប់ ទាំងខុសច្បាប់ ទាំងនៅលើគោកផង នៅលើទឹកផង ឥឡូវនេះ នៅក្នុងព្រៃទៀត ក៏មិនដែលនឹកនាទៅរករឿងគេដែរ? ហេតុអ្វីបានជាមិនហ៊ានប៉ះពួកទាំងនោះ តើមានអ្វីជាអាថ៌កំបាំង នៅពីក្រោយ? ស្រុកខ្មែរមានច្បាប់អន្តោប្រវេសន៍ ហេតុអ្វីមិនហ៊ានអនុវត្តច្បាប់? ឬមួយអនុវត្តច្បាប់នេះ ក្នុងគោលបំណងនយោបាយតែប៉ុណ្ណោះ? ឬអនុវត្តបានតែអន្ទិតមេដឹកនាំអាវលឿងថៃត្រឹម ២ នាក់ នៅព្រៃស ទេ? បើច្បាប់កម្មសិទ្ធិដីធ្លី សម្រាប់ផ្ទះជនបរទេសវិញ គឺទិញបានតែផ្ទះចាប់ពីជាន់ទី ១ ឡើងទៅ តែមានជនបរទេសខ្លះ ដើរទិញ និងនៅម៉ាសេរី ហើយនៅលើទូក តាមទឹក មិនចាំបាច់មានប្លង់ផង ក៏បានដែរ មិនដែលឃើញអាជ្ញាធរទៅឈឺក្បាលវិលមុខជាមួយពួកគេទេ។
នេះអាចនិយាយបានថា ហ្នឹងហើយពូជខ្មែរ ពូជអ្នកចំបាំង ដែលខ្លាំងបានតែជាមួយរាស្រ្តទន់ខ្យោយ ជាមួយនឹងបរទេសវិញរួញមិនហ៊ានទេ?
ម្នាក់ៗខំអរណាស់ បានរំដោះចេញពីរបបមួយៗ ដោយសង្ឃឹមថា បានរស់ស្រួល តែទៅជួបរបបមួយទៀតលំបាកដដែល គ្រាន់តែទម្រង់នៃការលំបាក មានសភាពខុសគ្នាៗតែប៉ុណ្ណោះទេ ជាង ៤០ ឆ្នាំទៅហើយ។ បើចុះទឹកទៅក្រពើ ឡើងលើទៅជួបខ្លា ចូលព្រៃបន្លា ចូលផ្សារប៉ូលិសបែបនេះ តើពេលណា ទើបប្រជារាស្រ្តខ្មែរ បានរស់សុខស្រួល បើពីរបបមួយ ទៅរបបមួយ ឃើញតែប្រជាពលរដ្ឋមួយចំនួនធំ នៅតែវេទនា នៅតែស្រែកយំដដែល? ហេតុ ដូច្នេះហើយ ការស្លាប់ដោយធ្វើអត្តឃាត មិនមែនសុទ្ធតែបណ្តាលមកពីអំពើ ដែលខ្លួនឯងចង់នោះទេ គឺក៏មានបរិស្ថានខាងក្រៅបង្ខំផងដែរ៕
No comments:
Post a Comment