Wednesday, December 28, 2011

ជន​រងគ្រោះ​បារម្ភ បន្ទាប់​ពី​ ការ​ដោះលែង​ជន​រំលោភ​លើ​កុមារ

Wednesday, 28 December 2011 12:02
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post

ព្រះសីហនុៈ អ្នក​ភូមិ​រងគ្រោះ បាន​អះអាង​កាល​ពី​ថ្ងៃ​អង្គារ​ថា ជន​រងគ្រោះ ២២​គ្រួសារ ដោយ​សារ​តែ​លោក Alexader Trofimov អតីត​ប្រធាន​ក្រុមហ៊ុន​វិនិយោគ​កោះ​ពស់ ក្នុង​រឿង​រំលោភ​កុមារ​នៅ​កម្ពុជា បាន​បារម្ភ​អំពី​សុវត្ថិភាព​កូនៗ​ពួក​គេ បន្ទាប់​ពី​លោក Alexader ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​នា​សប្តាហ៍​មុន។

ម៉ៅ រិន វ័យ ១៧ ឆ្នាំ ជា​ឈ្មោះ​ជន​រងគ្រោះ​ដែល​សន្មត​ដាក់​ឲ្យ​ដែល​ត្រូវ​លោក Alexader Trofimov រំលោភ​នាង កាល​នៅ​វ័យ​៨-៩​ឆ្នាំ បាន​ឲ្យ ដឹង​ថា នាង​បារម្ភ អំពី​សុវត្ថិភាព បន្ទាប់​ពី​ឮ​អំពី​ការ​ដោះលែង​បុរស​ម្នាក់​នេះ​ពី​ពន្ធនាគារ។ នាង​និយាយ​ថា ៖ «នៅ​ពេល​ដែល​ខ្ញុំ​ទទួល​ដំណឹង​នោះ ខ្ញុំ​នឹក​ឃើញ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​គាត់​បាន​ធ្វើ​មក​លើ​រូប​ខ្ញុំ កាល​ពី​ខ្ញុំ​នៅ​វ័យ​ក្មេង»។

នាង​អះអាង​ថា នាង​ចង់​ឲ្យ​អាជ្ញាធរ​ឃុំ​ខ្លួន លោក Alexander ក្នុង​ពន្ធនាគារ​មួយ​ជីវិត ឬ​បណ្តេញ​គាត់​ចេញ​ពី​ប្រទេស​កម្ពុជា ព្រោះ​នាង​ខ្លាច​ថា គាត់​នឹង​សងសឹក​ជាមួយ​មនុស្ស​ដែល​ប្តឹង​គាត់។ នាង​ថា ៖ «ខ្ញុំ មិន​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាងម៉េច​ទេ បើ​គាត់​មក​គំរាម​កំហែង​អាយុ​ជីវិត​គ្រួសារ​ខ្ញុំ»។ នាង​បន្ត​ថា​៖ «ខ្ញុំ ​មិន​អាច​រក​ពាក្យ​អ្វី​មក​និយាយ​បាន​ទេ ជុំវិញ​រឿង​គួរ​ឲ្យ​រន្ធត់​របស់​ខ្ញុំ។ ជានិច្ច​កាល ខ្ញុំ​តែង​សុបិន​ឃើញ​រឿងរ៉ាវ​ខ្ញុំ​កាល​នៅ​ពី​ក្មេង។ ខ្ញុំ ខ្លាច​ថា វា​នឹង​កើត​ឡើង​ចំពោះ​ខ្ញុំ​ម្តង​ទៀត»។

នាង​បន្ថែម​ថា ថ្មី​ៗ​នេះ នាង​បាន​ស្នើ​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្លាប់​ជួយ​នាង​ឲ្យ​តាម​ឃ្លាំ ​មើល​ក្រុម​គ្រួសារ​នាង​ផង ចៀសវាង​មាន​រឿង​កើត​ឡើង។

រស់ សាសនា វ័យ ៤៧ ឆ្នាំ ជា​រហ្សសនាម​ដែល​ដាក់​ឲ្យ​ជា​ម្តាយ​ជន​រងគ្រោះ នៅ​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ថា អ្នក​ស្រី​បារម្ភ​អំពី​សុវត្ថិភាព​កូន នៅ​ពេល​ដែល​ទទួល​ដំណឹង​ថា ជន​រុស្ស៊ី​នេះ​ត្រូវ​គេ​ដោះលែង​ពី​ពន្ធនាគារ។ អ្នក​ស្រី​ថា ៖ «ខ្ញុំ​បារម្ភ​ថា​គាត់​មិន​បញ្ឈប់​មារយាទ​អាក្រក់​របស់​គាត់ ហើយ​ដើរ​រុករាន​ក្នុង​ខេត្ត ទៅ​លួងលោម​ឲ្យ​ក្មេង​ៗ រួម​ភេទ​ជាមួយ​គាត់​ជា​ថ្មី​ទៀត»។ អ្នក​ស្រី​បញ្ជាក់​ថា គាត់​បាន​ប្រាប់​កូន​ៗ​ទាំង​អស់ ត្រូវ​តែ​ត្រឡប់​មក​ផ្ទះ​ភ្លាម​បន្ទាប់​ពី​ចេញ​ពី​សាលារៀន និង​ពី​កន្លែង​ធ្វើ​ការ។ អ្នក​ស្រី​ថា ៖ «ខ្ញុំ នៅ​ចាំ​គាត់ នៅ​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ»។

អ្នក​ស្រី​រំឭក​ថា នៅ​ពេល​ដែល​អ្នក​ស្រី​ប្តឹង​ទៅ​តុលាការ អំពី​រឿង​គាត់​រួមភេទ​ជាមួយ​កូន​ស្រី វ័យ​៩​ឆ្នាំ អ្នក​ស្រី​មិន​ចាំ​ថា គេ​កាត់​ឲ្យ​គាត់​ជាប់​គុក​ប៉ុន្មាន​ឆ្នាំ​ទេ ប៉ុន្តែ នៅ​ចាំ​ថា កាល​នោះ​គាត់​ទទួល​បាន​សំណង ៥ លាន​រៀល។

សែន សុខ វ័យ ៤០​ឆ្នាំ​ជា​ឈ្មោះ ដែល​សន្មត​ដាក់​ឲ្យ​ជា​ម្តាយ​ជន​រងគ្រោះ​ម្នាក់​ដែរ អះអាង​ថា អ្នក​ស្រី​បារម្ភ​អំពី​សុវត្ថិភាព​គ្រួសារ ពីព្រោះ​ផ្ទះ​គាត់​នៅ​តែ​កន្លែង​ដដែល ហើយ​ថា ជន​រុស្ស៊ី​ម្នាក់​នេះ​ស្គាល់​ផ្ទះ​គាត់​ច្បាស់​ណាស់ ប៉ុន្តែ សំណាង​ត្រង់​ថា កូន​ស្រី​កំពុង​សិក្សា​នៅ​ភ្នំពេញ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល។

លោក សំលៀង សិលា នាយក អង្គការ​សកម្មភាព​ដើម្បី​កុមារ ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងថា បន្ទាប់​ពី​លោក Alexader Trofimov ត្រូវ​ដោះលែង​ពី​ពន្ធនាគារ គ្រួសារ​ជនរងគ្រោះ ៧​នាក់ នៅ​ខេត្ត​ព្រះសីហនុ បារម្ភ​អំពី​សុវត្ថិភាព​ពួក​គេ ហើយ​បាន​ស្នើ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​គាំពារ​ពួក​គេ​ផង។

លោក តាក វណ្ណ​ថា ស្នងការ នគរបាល​ខេត្ត​ព្រះសីហនុ បាន ថ្លែង​ថា លោក​ឲ្យ​មន្ត្រី​ប៉ូលិស​ឃ្លាំ​មើល​សកម្មភាព Alexader Trofimov តាំង​ពី​គាត់​ត្រូវ​បាន​ដោះលែង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ថ្មី​ៗ​នេះ​គាត់​នៅ​តែ​ក្នុង​ខេត្ត​ព្រះសីហនុ ទី​ដែល​លោក​ធ្លាប់​នៅ​ក្នុង​សង្កាត់​លេខ​២ ហើយ​គាត់ បាន​ប្រើ​រថយន្ត​ឡិចស៊ីស ប៉ុន្តែ គាត់​មិន​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន​វិនិយោគ​កោះពស់​ទេ គាត់​គ្រាន់​តែ​បើក​ឡាន​ជុំវិញ​ក្រុង​នេះ​។ លោក​ថា៖ «យើង​តាម​ដាន​សកម្មភាព​គាត់ ថា​តើ​គាត់​ធ្វើ​ដូច​មុន​ឬ​យ៉ាង​ណា? ហើយ​ថា គាត់​នឹង​ធ្វើ​អ្វី​ទៀត​ទេ?»។

ជនបរទេស​រំលោភ​កុមារ​បី​នាក់​ត្រូវ​បាន​គេ​ដោះលែង​ពី​ពន្ធនាគារ​បន្ទាប់​ពី​ទទួល​បាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​៕ NR

No comments: