Thursday, February 2, 2012

ចាប់​ខ្លួន​ស្រ្តី​អ្នក​ភូមិ​ប ុរីកីឡា ៦ នាក់ ​កំហឹង​ដល់​ក​ ដោះ​អាវ ​តតាំង ​សមត្ថកិច្ច

Borei+Keila+-+Police+violence+arresting+protesting+women+01Feb2012+%28PPP%29+1.jpg

ស្រ្តី​អ្នក​ភូមិ​បុរី​កីឡា​ម្នាក់​នេះ ដោះ​អាវ​តតាំង​​ជាមួយ​សមត្ថកិច្ច ដែល​ព្យាយាម​​បង្ក្រាប​​ការ​តវ៉ា​របស់​​គាត់​​រួម​ជាមួយ​អ្នក​ភូមិ​បុរី​ កីឡា​​ដទៃ​​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​​ពុធ​​ម្សិលមិញ​។ រូបថត ផា លីណា
Borei+Keila+-+Police+violence+arresting+protesting+women+01Feb2012+%28PPP%29+2.jpg
ស្ត្រី​អ្នក​ភូមិ​បុរី​កីឡា យក​អាវ​គ្រវែង​ដាក់​សមត្ថ​កិច្ច ដែល​រា​រាំង​ការ​តវ៉ា​របស់​ពួក​គាត់​​។ រូបថត ​ផា លីណា
Borei+Keila+-+Police+violence+arresting+protesting+women+01Feb2012+%28PPP%29+3.jpg
ក្រុម​សមត្ថ​កិច្ច​ ទប់​បារ៉ាស់​ឃាំង​ផ្លូវ​ ការ​តវ៉ា​របស់​អ្នក​ភូមិ​បុរី​កីឡា។ រូបថត ​ផា លីណា​
Borei+Keila+-+Police+violence+arresting+protesting+women+01Feb2012+%28PPP%29+4.jpg
សមត្ថ​កិច្ច ចាប់​រុញ​ស្ត្រី​​បញ្ចូល​ឡាន​របស់​ប៉ូលិស។ រូបថត ​ផា លីណា

Borei+Keila+-+Police+violence+arresting+protesting+women+01Feb2012+%28PPP%29+5.jpg
ទោះ​បី​ជា​អា​ក្រាត​កាយ​បែប​នេះ​​ក៏​ដោយ​ក៏មិន​មាន​ការ​លើក​លែង​ដែរ​។
Borei+Keila+-+Police+violence+arresting+protesting+women+01Feb2012+%28PPP%29+6.jpg
អ្នក​ភូមិស្រែក​ទាម​ទារ​ឲ្យ​លោក​កែប​ ជុតិមា ចេញ​មក​ដោះ​ស្រាយ​​។ លីណា

Borei+Keila+-+Police+violence+arresting+protesting+women+01Feb2012+%28PPP%29+7.jpg
សមត្ថកិច្ច​រាជ​ធានី សង្រ្គុបចាប់​ស្ត្រី​យក​ទៅ​រុញ​បញ្ចូល​ឡាន​​។ រូបថត លីណា
Borei+Keila+-+Police+violence+arresting+protesting+women+01Feb2012+%28PPP%29+8.jpg
សង្គ្រុបសង្កត់​ក​ចាប់​ យក​ទៅ​រុញ​បញ្ចូល​ឡាន​​កុំ​ឲ្យ​តវ៉ា​ទៀត​។ រូបថត ​លីណា

Thursday, 02 February 2012
ឃុត សុភចរិយា
The Phnom Penh Post​

ភ្នំពេញៈ យ៉ាង​ហោច​ណាស់ មាន​ស្ត្រី​ចំនួន ៦ ​នាក់​ក្នុង​ចំណោម​ស្ត្រី​ជាង ​៥០​ នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​សង្គ្រុប​ចាប់​ខ្លួន ​កាល​ពី​ម្សិលមិញ ​ខណៈ​ពួក​គាត់ កំពុង​ធ្វើ​ការ​តវ៉ា​ នៅ​មុខ​សាលា​រាជធានី​ដើម្បី​​ទាមទារ​ឲ្យ​លោក​កែប ជុតិមា អភិបាល​រាជធានី ចេញ​មុខ​មក​ដោះស្រាយ អំពី​ការ​ឈូស​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ហើយ​ចាប់​ពួក​គាត់ ៧​នាក់​ដាក់​ពន្ធនាគារ​ថែម​ទៀត​។

ក្នុង​ចំណោម​ស្ត្រី​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​ មាន​ម្នាក់​ជា​អតីត​ពល​រដ្ឋ​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹងកក់​ និង​ស្ត្រី​ ៥​នាក់​ទៀត គឺជា​អតីត​ប្រជាសហគមន៍​បុរី​កីឡាដែល​សមត្ថកិច្ច​ធ្លាប់​បាន​ចាប់​ឃុំ​ខ្លួន​ នៅ​មជ្ឈ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ កាល​ពី​ថ្ងៃ​ទី​ ១១ ​ខែ​មករា កន្លង​ទៅ ព្រោះ​តែ​ការ​តវ៉ា​ទាមទារ​ដូច​គ្នា​នេះ។

អតីត​ស្ត្រី​ក្នុង​សហគមន៍​បុរីកីឡា ដែល​មាន​ស្នាម​រលាត់​ដៃ ជើង​ និង​ខ្នង ដោយសារ​បាន​រើ​បម្រះ​រួច​ខ្លួន​ពី​ការ​សង្គ្រុប​ចាប់​របស់​សមត្ថកិច្ច រុញ​បញ្ចូល​ក្នុង​ឃ្លុប​រថយន្ត​របស់​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ម្សិល​មិញ​ អ្នក​ស្រី​ជុំ ង៉ាន់​ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ ទាំង​សំឡេង​រអាក់​រអួល​ថា ពួក​គាត់​គ្រាន់​តែ​តវ៉ា​សុំ​ឲ្យ លោក​អភិបាល​ កែប ជុតិមា​ ជួយ​អន្តរាគមន៍​ដោះ​លែង អ្នក​ភូមិ​ចំនួន​ ៧​ នាក់ និង​សុំឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ ក្នុង​ការ​ផ្ដល់​លំនៅ​ដ្ឋាន​សមរម្យ​ព្រម​ទាំង​សំណង​មួយ​ចំនួន ដល់​ពួក​គាត់ ប៉ុន្តែ​អាជ្ញាធរ​បែរ​ជា​ប្រើ​វិធាន​ការ​បង្ក្រាប​«ដ៏​ហិង្សា» មក​លើ​ពួក​គាត់​ជា​ស្ត្រី​ទៅ​វិញ​។ អ្នក​ស្រី​បាន​ថ្លែង​ថា​៖«ទោះ​ជា​មាន​ការ​បង្ក្រាប​យ៉ាង​ណា​ក៏​ដោយ ក៏យើង​ខ្ញុំ​នៅ​តែ​បន្ត​ការ​តវ៉ា​ដោយ​មិន​រួញរា​រហូត​ដល់​ទទួល​បាន​ ដំណោះស្រាយ ពី​អាជ្ញាធរ​រាជធានី»។

មុន​ពេល​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ និង​ចាប់​ខ្លួន ​ស្ត្រី​ទាំង​នោះ បាន​នាំ​គ្នា​កាន់​សំណើ​មួយ​ច្បាប់​ដោយ​ភ្ជាប់​ជាមួយ​នូវ​លិខិត​អន្តរាគមន៍​ របស់​លោក​ប្រធាន​រដ្ឋ​សភា​ជាតិ​ ហេង សំរិន ដែល​សុំ​ឲ្យ​លោក​អភិបាល​រាជធានី ដោះស្រាយ​សំណើ​របស់​ពល​រដ្ឋ ដែល​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង អ្នក​ភូមិ ៧​ នាក់ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី ៣ មករា និង​សុំ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច សង់​អគារ​ចំនួន​២ បន្ថែម ដើម្បី​បង្គ្រប់​ចំនួន ១០ អគារ​តាម​កិច្ច​សន្យា កាល​ពី​ឆ្នាំ ២០០៤ និង​ទាមទារ​សំណង​មួយ​ចំនួន ដែល​បាន​បាត់​បង់​ក្នុង​ពេល​ដែល​ក្រុម​ហ៊ុន ​និង​អាជ្ញាធរ បាន​វាយ​កម្ទេច​និង​បំផ្លិច​បំផ្លាញ​ផ្ទះ​របស់​ពួក​គាត់ កាលពី​ថ្ងៃទី​៣-៤ មករា។

ក្រោយ​មក​ក្រុម​ស្ត្រី​តវ៉ា​ទាំង​នោះ​បាន​នាំ​គ្នា ដើរ​ទៅ​ខាង​មុខ​ច្រក​ទ្វារ​ធំ​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​លើក​បដា​មួយ​ផ្ទាំង​ដែល​មាន​រូបភាព​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ផាន អ៊ីម៉ិច​កំពុង​ឈូស​កម្ទេច​លំ​នៅ​ដ្ឋាន​របស់​ពួក​គាត់​។ ដោយ​មាន​កំហឹង​ចំពោះ​សមត្ថកិច្ច​ដែល​បាន​ទប់​ស្កាត់​ និង​ដណ្តើម​យក​បដា​របស់​ពួក​គាត់ ​ស្ត្រី​ ២​ នាក់ បាន​ដោះ​អាវ លែង​ខ្លួន​មួយ​កំណាត់​លើ រួច​ប្រើ​អាវ​ វាយ​ទៅ​លើ​សមត្ថកិច្ច ហើយ​បាន​ស្រែក​ជេរ​ប្រមាថ​ដល់​សមត្ថកិច្ច។ ការ​ប្រទូស​រ៉ាយ​គ្នា បាន​ចាប់​ផ្ដើម​ឡើង​កាន់​តែ​ខ្លាំង​ ក្រុម​សន្តិសុខ​ស្លៀក​ពាក់​ឯកសណ្ឋាន​ពណ៌​ខៀវ ដែល​គាំទ្រ​ដោយ​កម្លាំង​នគរបាល​ចម្រុះ បាន​សង្គ្រុប​ចាប់​អូស​ដៃ និង​ក្រៀក​ខ្លួន​ស្ត្រី​ដែល​មាន​កម្លាំង​ទន់ខ្សោយ​មួយ​ចំនួន រុញ​បញ្ចូល​រថយន្ត​ឃ្លុប​របស់​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ។

នៅ​ក្នុង​ការ​វាយ​ប្រតប់​គ្នា​នោះ​ស្ត្រី​ម្នាក់​ឈ្មោះ​សេង រ៉ានី បាន​របួស​ក្បាល​ស្រាល អ្នក​ស្រី​ទូច​វណ្ណា​បាន​សន្លប់ និង​សន្តិសុខ​ម្នាក់​ក៏​បាន​សន្លប់​ផង​ដែរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ពី​ស្ថានភាព​នេះ បាន​សម្ដែង​នូវ​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ចំណាត់​ការ​នេះ។

លោក​ចាន់ សូវ៉េត មន្ត្រី​ស៊ើប​អង្កេត​របស់​អង្គការ​អាដហុក​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ពេល​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ អាជ្ញាធរ​ តែង​តែ​ជ្រើស​រើស​ការ​ដោះស្រាយ​ដោយ​ការ​បង្ក្រាប​ដ៏​ហិង្សា ដែល​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​។ លោក​ថ្លែង​ថា៖«យើង​ពិត​ជា​មាន​ការ​ខក​ចិត្ត​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​អាជ្ញាធរ​របស់​យើង​ប្រើ​វិធី​បង្ក្រាប​ដោយ​ហិង្សា​ជា​មធ្យោបាយ​ ដើម្បី​ដោះស្រាយ​បំបែក​ការ​តវ៉ា​ទាមទារ​របស់​ប្រជាពលរដ្ឋ»។

លោក សៀ ភារម្យ ប្រធាន​លេខាធិការ​ដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន និយាយ​ថា៖«ខ្ញុំ​យល់​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​លើ​ប្រជា​ពលរដ្ឋ គឺជា​ការ​រំលោភ​សិទ្ធិម​នុស្ស​»។

នៅ​ឯ​កន្លែង​ដែល​មាន​ការ​ប្រទូសរ៉ាយ​គ្នា​រវាង​សមត្ថកិច្ច​និង​ ប្រជាពលរដ្ឋ ​ លោក​កើត​ ឆែ អនុប្រធាន​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ ការ​ផ្ដល់​អត្ថាធិប្បាយ ជុំវិញ​បញ្ហា​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ ដោយ​លោក​បាន​និយាយ​ថា ៖«​ខ្ញុំ​មាន​ភ្នែក​ពីរ លោក​ក៏​មាន​ភ្នែក​ពីរ លោក​ឃើញ​យ៉ាង​ម៉េច​ខ្ញុំ​ក៏​ឃើញ​​យ៉ាង​នោះ…»។

កាល​ពីម្សិលមិញ​ អតីត​អ្នក​ភូមិ​ក្នុង​តំបន់​បឹងកក់ ដែល​បាន​ទទួល​សំណង ជា​ប្រាក់ ៨៥០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ចាកចេញ ពី​តំបន់​បឹងកក់ ក៏​បាន​នាំ​គ្នា​មក​តវ៉ា ទាមទារ​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពួក​គាត់ មួយ​ចំនួន​ថែម​ទៀត ដោយ​ពួក​គាត់​អះអាង​ថា ថវិកា​គោល​នយោបាយ​ដែល​ពួក​គាត់​ព្រម​ទទួល​ដោយ​បង្ខំ​កាល​ពី​មុន​នោះ ពួក​គាត់​ទិញ​បាន​តែ​ដី​ប៉ុណ្ណោះ ដូច្នេះ​ពួក​គាត់​ត្រូវ​ចង​ការ​ប្រាក់​គេ​បន្ថែម​ដើម្បី​ទិញ​ឈើ​ធ្វើ​ផ្ទះ។

តែ​ទោះ​ជា​បែប​ណា ការ​តវ៉ា​របស់​ពួក​គាត់​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ ពី​មន្ត្រី​រាជធានី​ទេ។ រហូត​មក​ដល់​យប់​ម្សិលមិញ គេ​មិន​មាន​ព័ត៌​មាន​ទាក់ទង​នឹង​ស្រ្តី​ទាំង​ ៦ នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ឡើយ៕

No comments: