
ការប្រឈមមុខដាក់គ្នាងាយណាស់នឹងនាំដល់អំពើហិង្សា (ស៊ីវ ចាន់ណា)
ពុធ 22 កុម្ភៈ 2012
ដោយ ប៉ែន បូណា
Radio France Internationale
ការបាញ់ប្រហារទៅលើកម្មការិនីរោងចក្រដែលធ្វើបាតុកម្មទាមទារ សិទ្ធិនៅឯទីក្រុងបាវិតខេត្តស្វាយរៀងកាលពីថ្ងៃចន្ទគឺជាឧទាហរណ៍ ថ្មីបំផុតចុងក្រោយមួយទៀតដែលជាលទ្ធផលនៃភាពយឺតយ៉ាវក្នុងការដោះស្រាយបញ្ហា។ ប៉ុន្តែ បន្ទាប់ពីអំពើហិង្សាបានកើតឡើងភ្លាម ការទាមទាររបស់កម្មករត្រូវបានដោះស្រាយភ្លាមៗដែរ។ ចំណែកឯក្រសួងសមត្ថកិច្ចនានាក៏បញ្ចេញប្រតិកម្មយ៉ាងលឿនរហ័សដើម្បី សម្រួលសភាពការណ៍។ យ៉ាងណាក៏ដោយ គេមិនអាចប្រែក្លាយបាយឲ្យទៅជាអង្ករវិញបានឡើយ។ តើអ្វីទៅជាដើមហេតុបណ្តាលឲ្យផ្ទុះហិង្សាជាបន្តបន្ទាប់បែបនេះ?
ការបាញ់ប្រហារទៅលើអ្នកភូមិដែលតវ៉ារឿងដីធ្លីក្នុងខេត្តក្រចេះមិនទាន់ទាំងដោះស្រាយចប់ផង ករណីបាញ់ប្រហារមួយទៀតទៅលើក្រុមកម្មការិនីអ្នកតវ៉ានៅខេត្តស្វាយរៀង ក៏បាន កក្រើកឡើងម្តងទៀត។ កម្មការិនី៣នាក់បានរងរបួសធ្ងន់ដោយសារគ្រាប់កាំភ្លើងរបស់ជន ប្រដាប់អាវុធ។ ព្រឹត្តិការណ៍នេះអាចឆ្លុះបញ្ចាំងបាននូវទិដ្ឋភាពច្រើនយ៉ាងនៅ ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
ទិដ្ឋភាពទី១៖ អាវុធនៅតែជាឧបករណ៍ដ៏គ្រោះថ្នាក់និងត្រូវបានគេប្រើប្រាស់បានយ៉ាងងាយនៅគ្រប់ស្ថានភាព។ ត្រង់ចំណុចនេះ គេគួរកត់សម្គាល់ថា ក្រោយការផ្ទុះអាវុធទៅលើក្រុមកម្មករ ភាពច្របូកច្របល់បានកើតឡើង។ ទាំងសមត្ថកិច្ច ទាំងកងសន្តិសុខក្រុមហ៊ុនសុទ្ធតែអះអាងថា ខ្លួនមិនបានបាញ់ទៅលើកម្មករទេ។ ពួកគេបែរជាទម្លាក់ទំនួលខុសត្រូវទៅលើជនមិនស្គាល់មុខថា ជាអ្នកបាញ់ទៅវិញ។ ទោះជាដោយចេតនាឬអចេតនាក្តី បញ្ហានេះអាចសបញ្ជាក់ឲ្យឃើញថា ការគ្រប់គ្រងអាវុធគឺជារឿងធូររលុងដែលមិនគួរបណ្តែតបណ្តោយ។
ទិដ្ឋភាពទី២៖ នៅក្រោយពេលផ្ទុះអាវុធកើតឡើង គេសង្កេតឃើញសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ហាក់បានដុតដៃដុតជើង យ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហា។ ក្រសួងការងារនិងអាជ្ញាធរខេត្តស្វាយរៀងបានជួបប្រជុំគ្នាជា បន្ទាន់និងបានដោះស្រាយការទាមទាររបស់កម្មករយ៉ាងឆាប់រហ័សប្រៀបដូច ផ្លេកបន្ទោរ។ ជនរងគ្រោះបានទទួលការឧបត្ថម្ភភ្លាមៗដែរពីអាជ្ញាធរខេត្ត ខណៈដែលចំណាត់ការរបស់សមត្ថកិច្ចក្រសួងមហាផ្ទៃក៏ត្រូវបានចាត់ឡើង ជាបន្ទាន់ដើម្បីតាមចាប់ជនដៃដល់។ ទាំងនេះជារឿងត្រឹមត្រូវដែលអាជ្ញាធរត្រូវធ្វើ។ ប៉ុន្តែ ភាពរហ័សរហួនរបស់សមត្ថកិច្ចក្នុងដំណាក់កាលនេះមិនខុសអ្វីពី ស្ថានភាព«គោស៊ីស្រូវរួចទើបធ្វើរបង»នោះឡើយ។ ប្រសិនបើសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួសរាន់ដោះស្រាយបញ្ហាមុននេះ បន្តិចប្រហែលជារឿងនេះមិនបានកើតឡើងឡើយ។ ប៉ុន្តែ ជាទូទៅ ការដោះស្រាយបញ្ហាមានសភាពយឺតយ៉ាវដូចអូសឫស្សីបញ្ច្រាសចុង។ រោងចក្រខ្លះ កូដកម្មបានកើតឡើងរាប់សប្តាហ៍នៅតែគ្មានដំណោះស្រាយ។ ទំនាស់ដីធ្លីរឹតតែអូសបន្លាយវែងជាងនេះទៅទៀតពោលគឺ ទំនាស់ខ្លះអូសបន្លាយរាប់ឆ្នាំនៅតែដោះស្រាយមិនចេញ។
ទិដ្ឋភាពទី៣៖ ការប្រឈមមុខដាក់គ្នាងាយណាស់នឹងនាំដល់អំពើហិង្សា ជាពិសេសអ្នកកាន់អាវុធងាយណាស់នឹងកេះកៃនៅពេលមានបញ្ហាបន្តិចបន្តួច នេះជាចរិកធម្មជាតិរបស់មនុស្សមួយចំនួនដែលមានអាវុធនៅក្នុងដៃ។ នៅក្នុងសង្គមកម្ពុជា អ្នកកាន់អាវុធច្រើនតែគិតថាខ្លួនមានអំណាចដែលអ្នកផ្សេងត្រូវខ្លបខ្លាច និងមិនត្រូវតតាំងជាមួយ។ ហេតុដូច្នេះហើយបានជាពួកគេមិនញញើតនឹងបាញ់ឡើយនៅពេលដែលមានអ្នក ណាធ្វើឲ្យឃ្នើសចិត្ត។ ដូច្នេះ មុននឹងប្រគល់អាវុធឲ្យអ្នកណាម្នាក់ប្រើ អ្នកនោះគួរតែបានរៀនសូត្រឲ្យច្បាស់លាស់ពីច្បាប់អាវុធ។ អ្វីដែលខ្មាន់កាំភ្លើងទាំងឡាយគួរចងចាំគឺ អាវុធមិនមែនសម្រាប់ដោះស្រាយបញ្ហាជាមួយពលរដ្ឋស្លូតត្រង់ឡើយ។
សរុបមកវិញ រាល់បញ្ហាអ្វីក៏ដោយ ការរួសរាន់ដោះស្រាយគឺជាមធ្យោបាយល្អបំផុតដើម្បីបញ្ចៀសកុំឲ្យបញ្ហា តូចក្លាយជាបញ្ហាធំ។ ការដោះស្រាយបញ្ហា តាមរបៀប«គោស៊ីស្រូវរួចទើបនាំគ្នាធ្វើរបង»គឺជារឿងហួសពេលដែល មិនអាចកែប្រែបាន។ យ៉ាងណាមិញ ការបាញ់ប្រហារទៅលើអ្នកតវ៉ានៅក្រចេះ នៅស្វាយរៀងក៏ដូចជាករណីជាច្រើនទៀតកាលពីពេលកន្លងទៅនេះដែរ វាប្រហែលជាអាចចៀសវាងបានប្រសិនបើគេរួសរាន់ដោះស្រាយបញ្ហាជាមុន នោះ។ និយាយតាមបែបផ្សេង គេហាក់ដូចជានាំគ្នាចាំព្យាបាលជាជាងរកវិធីការពារ។ នេះជានិន្នាការខុសឆ្គងមួយដែលគួរតែកែតម្រូវជាចាំបាច់ពីព្រោះ ចូរកុំភ្លេចថា បញ្ហាទាំងនេះជាដុំពពកខ្មៅដែលបិទបាំងពន្លឺរស្មីប្រទេសកម្ពុជា ទាំងសម្រាប់នយោបាយផ្ទៃក្នុង ទាំងនៅលើឆាកអន្តរជាតិ៕
No comments:
Post a Comment