ក្រុមមន្ត្រីរដ្ឋាភិបាល ដែលមានងារជាឯកឧត្តមនៅក្នុងពិធីមួយកាលពីថ្ងៃអង្គារ។ រូបថត ហេង ជីវ័ន |
អត្ថន័យនៃពាក្យឯកឧត្តមក្នុងសង្គមបច្ចុប្បន្ន
Thursday, 01 March 2012 12:00
សុចរិត
The Phnom Penh Post
កាលពីសម័យព្រះរាជាណាចក្រទី ១ (សង្គមរាស្ត្រនិយម) និងសម័យសាធារណរដ្ឋខ្មែរ (របប លន់ នល់) ចំនួនឯកឧត្តម នៅក្នុងរាជការ-រដ្ឋការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ មានដោយកម្រ កត្តានេះ មិនមែនដោយសារតែជំនាន់នោះ មានចំនួនប្រជាជនតិចនោះទេ សំខាន់ដោយសារគេ ចេះថ្លឹងថ្លែង គិតទៅលើរចនាសម្ព័ន្ធច្បាស់លាស់ គិតទៅលើប្រយោជន៍ជាតិជាធំ ទើបមិនងាយតែងតាំងងារជាឯកឧត្តមងាយៗឡើយ ធ្វើឲ្យឯកឧត្តមម្នាក់ៗ នៅក្នុងសម័យកាលនោះ មានតម្លៃជាពន់ពេកដែលនរណាៗ ក៏ស្រម័យចង់បានងារនេះដែរ។
មកដល់សម័យកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត ដ៏មហិមា) ពាក្យឯកឧត្តមលែងមានទៀតហើយ កម្មសិទ្ធិឯកជនក៏គ្មានដែរ គឺលះបង់អ្វីៗទាំងអស់ ដើម្បីអង្គការ លះបង់ប្រយោជន៍សួនតួ ដើម្បីប្រយោជន៍សួនរួម មនុស្សម្នាក់ៗ គឺស្មើភាពគ្នា (សមមិត្ត)។ ដោយសារតែសមភាពហួសហេតុ គ្មានខ្ពស់គ្មានទាបនេះហើយ ទើបប្រជាជនជិត ២ លាននាក់ត្រូវបានសម្លាប់ផ្តាច់ផ្តិលជីវិត និងបាន រុញច្រានប្រទេសឲ្យធ្លាក់ចូលទៅក្នុងក្តីវិនាសអន្តរាយ ដ៏មហាសែនសោកស្តាយ ជាទីបំផុត។
បន្ទាប់មករបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានចាប់បដិសន្ធិឡើង ដែលពួកអ្នកមានបញ្ញាឈ្លាសវៃយល់ឃើញថា ជាការ វិវត្តន៍ពីរបបកុម្មុយនីស្តបែបតឹងរឹងមកកុម្មុយនីស្តបែបធូរ ស្រាលបន្តិច តែប៉ុណ្ណោះ គឺផ្ទេរការកាច់ចង្កូត ដោយមហាមិត្តចិន មកកាច់ចង្កូត ដោយមហាមិត្តម៉ឺនឆ្នាំវៀតណាមវិញ ពីការកាប់សម្លាប់មនុស្សមកឈប់កាប់សម្លាប់ ពីហូបមិនឆ្អែតមកឆ្អែតជាងមុនបន្តិចម្តងៗ និងបានបន្ធូរបន្ថយការរឹតត្បិតសេរីភាពដើរហើរ និងនិយាយស្តី មានការបោះពុម្ពក្រដាសប្រាក់ចាយវាយឡើងវិញ តែស្ថិតនៅក្រោមអាណានិគមដោយផ្ទាល់ ពីទីក្រុងហាណូយ។
របបនេះ ក៏ពុំទាន់មានងារ ឯកឧត្តមដែរ គឺគេនៅតែប្រើពាក្យថា (សមមិត្ត) ដដែល ទាំងប្រធានក្រុមប្រឹក្សារដ្ឋ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី…រហូតដល់មន្ត្រីរដ្ឋការធម្មតា។
នៅក្រោយការបោះឆ្នោតសាកលឆ្នាំ១៩៩៣ (ព្រះរាជាណាចក្រទី ២) ងារឯកឧត្តម ត្រូវបានបង្កើតឡើងវិញ ទោះបីមានការធ្វើសមាហរណកម្មក្រុមចលនាតស៊ូទ្វេភាគី ពីតាមបណ្តោយព្រំដែនថៃមកទៀតក៏ដោយ ក៏ចំនួនឯកឧត្តម មិនទាន់សម្បូរណាស់ណាដែរ ព្រោះជាសម័យកាលចាំមើលបំណាំគ្នា(រដ្ឋាភិបាលក្បាលពីរ)។ ប៉ុន្តែពីមួយអាណត្តិទៅមួយអាណត្តិ ចំនួនឯកឧត្តមកើនឡើងរហូត បើកើនដោយសារតែការពង្រីករចនាសម្ព័ន្ធ ឬបន្ថែមក្រសួង ស្ថាប័ន វាមិនជាបញ្ហាទេ តែបញ្ហាត្រង់ឯកឧត្តមនៅក្រៅប្រអប់តែម្តង។ ជាធម្មតានៅថ្នាក់រាជធានី-ខេត្តនីមួយៗ មានឯកឧត្តមតែម្នាក់គត់ គឺអភិបាលរាជធានី ឬអភិបាលខេត្ត ព្រោះគាត់ជា ឧត្តមមន្ត្រី ប៉ុន្តែសព្វថ្ងៃនេះ ក្រុមប្រឹក្សាខេត្តជិត ២០នាក់ ក៏ជាឯកឧត្តមស្វ័យប្រវត្តិ អភិបាលរងរាជធានី-ខេត្ត ស្ទើរតែទាំងអស់ក៏ជា ឯកឧត្តមដែរ ដូច្នេះក្នុងមួយរាជធានី ឬមួយខេត្ត មានឯកឧត្តមជិត ៣០ នាក់ទៅហើយ។
នៅឯថ្នាក់ជាតិឯណេះវិញ គឺរឹតតែមិនធម្មតាទៅទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ ច្រើនគគោក មិនតែប៉ុណ្ណោះ ទីប្រឹក្សា ជំនួយការតាតា ជំនួយការក្រសួង ក៏សុទ្ធតែឯកឧត្តមដែរ គឺងារជាឯកឧត្តមនេះ មានច្រើនសម្បើមខ្លាំងណាស់ ហើយឥឡូវនេះ នៅពេលអគ្គនាយក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរ៘ ចូលនិវត្តន៍ នឹងត្រូវបានតែងតាំងជាទីប្រឹក្សា ជំនួយការឯកឧត្តមនេះ ឯកឧត្តមនោះ ឬទីប្រឹក្សាក្រសួងព្រោងព្រាត មានងារ ជាឯកឧត្តម ហើយប្រាក់ខែគាត់ កាន់តែកើនច្រើនជាងមុនទៅទៀត ពេលចូលនិវត្តន៍។
ដោយសារតែឯកឧត្តមច្រើនពេកដូច្នេះទើបម្តងនោះ មានឯកឧត្តមម្នាក់ ជាទីប្រឹក្សាក្រសួងមួយ បានមកទាក់ទងការងារនៅក្រសួងដែលខ្ញុំធ្វើការ។ គាត់សួរមកខ្ញុំថា សូមទោសប្អូន តើឯកឧត្តម (ក) នៅទេ? ខ្ញុំបានជម្រាបគាត់វិញថា (គាត់ជាប្រធាន នាយកដ្ឋាន និងមិនទាន់រត់ការជាទីប្រឹក្សាអ្នកធំនៅឡើយ មិនទាន់មានងារជាឯកឧត្តមទេបាទ)។
គាត់ក៏ឆ្លើយតបមកខ្ញុំវិញថា ប្អូន! សព្វថ្ងៃនេះ ឯក ឧត្តមមានច្រើនពេក ខ្ញុំទៅដល់មូលដ្ឋាន ក៏ឮគេហៅគ្នាថា ឯកឧត្តមៗដែរ ដូច្នេះ ខ្ញុំហៅគេឯងឯកឧត្តមគ្រប់ៗគ្នា ដូចពាក្យ សមមិត្ត អញ្ចឹងទៅ។ ពេលគាត់ត្រលប់ទៅវិញ ខ្ញុំសញ្ចឹងគិតមួយស្របក់ ហើយផ្ទុះសំណើចម្នាក់ឯង (Burst out laughing) ឱ! ស្រុកខ្មែរហ្អើយ អីក៏សម្បូរអ្នកធំច្រើនយ៉ាងនេះ តើអត្ថន័យនៃពាក្យឯកឧត្តម មានន័យត្រឹមស្មើនឹងពាក្យ សមមិត្ត មែនឬ?
ពី លោក សុចរិត
No comments:
Post a Comment