Wednesday, 18 April 2012 12:03
សូ វិសាល
The Phnom Penh Post
សូ វិសាល
The Phnom Penh Post
ដូង/ស្វាយរៀងៈ អ្នកស្រី ម៉ៅ សយ មានភាពស្រងូតស្រងាត់ និងមើលទៅ
ហាក់បីដូចជាកំពុងមានទុក្ខព្រួយយ៉ាងខ្លាំង
ខណៈអ្នកស្រីកំពុងសំឡឹងទៅកាន់ចំការអំពៅ និងចំការដំឡូងមី
ដ៏ធំល្វឹងល្វើយ របស់វៀតណាម ដែលត្រូវបានដាំ
នៅលើអតីតដីស្រែរបស់អ្នកស្រី នៅខាងកើតឈៀងខាងជើង
វត្តភូមិដូងចាស់ ក្នុងឃុំ ដូង ស្រុករមាសហែក។
អ្នកស្រី សយ ដែលមានអាយុ ៥៥ ឆ្នាំ បានធ្វើចំណាកស្រុក
ទៅរស់នៅក្នុងភូមិតាំងទីលំនៅថ្មីមួយ នៅជាប់ព្រំដែនខ្មែរ-ថៃ
ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០០០
គឺបន្ទាប់ពីដីស្រែរបស់អ្នកស្រី ត្រូវបានគ្រឿងចក្ររបស់វៀតណាម
ចូលមកឈូសឆាយដំណាំអំពៅ និងដំឡូងមីកាលពីឆ្នាំ ១៩៩១។
ប្រទេសវៀតណាម បានប្រើគ្រឿងចក្រ ចូលមកឈូសឆាយដីព្រៃ និងដីស្រែ
នៅតាមព្រំដែនក្នុងឃុំដូង ដែលត្រូវបានអះអាងថា
ជាដីរបស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងឆ្នាំ ១៩៩១-៩២-៩៣ និង ៩៤
បើទោះបីជាមានការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា
ពីប្រជាពលរដ្ឋខ្មែរម្ចាស់ស្រែក៏ដោយ។
នៅក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ
ដែលកាលណោះ ជានាយករដ្ឋមន្ត្រីទី ១ ក៏បានបញ្ចេញប្រតិកម្ម
យ៉ាងខ្លាំងក្លាផងដែរ
ចំពោះសកម្មភាពឈូសឆាយដីស្រែរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមព្រំដែន
ក្នុងឃុំដូងនេះ។
លោក ហូរ សុខ ដែលកាលណោះ ជាបេសកជនពិសេស
របស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ
និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃផងនោះ
បានចុះទៅពិនិត្យស្ថានភាពព្រំដែន នៅក្នុងឃុំដូងជាញឹកញាប់
ដោយបាននាំយកអង្ករ និងអំណោយផ្សេងៗ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ
ជាមួយនិងការផ្តល់កម្លាំងចិត្ត កុំឲ្យប្រជាពលរដ្ឋ
ដកថយចេញពីដីស្រែរបស់ខ្លួន។ ប៉ុន្តែ ជាអកុសល លោក ហូរ សុខ
ត្រូវបានគេបាញ់សម្លាប់ នៅក្នុងក្រសួងមហាផ្ទៃ
នៅក្រោយព្រឹត្តិការណ៍វាយប្រយុទ្ធគ្នានៅកណ្តាលទីក្រុងភ្នំពេញ
កាលពីថ្ងៃទី ៥-៦ កក្កដា ឆ្នាំ ១៩៩៧។ ចាប់តាំងពីពេលនោះមក
គេមិនឃើញមានមន្ត្រីរដា្ឋភិបាលណាផ្សេងទៀត យកចិត្តទុកដាក់
ចំពោះទុក្ខវេទនារបស់ពលរដ្ឋនៅឃុំដូងទៀតឡើយ។
អ្នកស្រី ម៉ៅ សយ ខានមកលេងស្រុកកំណើត អស់រយៈពេល ប្រមាណ១២
ឆ្នាំមកហើយ ដោយសារតែអ្នកស្រី មានការមមាញឹកយ៉ាងខ្លាំង
ក្នុងការរុករានដី និងកសាងភូមិដ្ឋាន នៅកន្លែងតាំងទីលំនៅថ្មី
ក្នុងស្រុកម៉ាឡៃ ដោយមានការលំបាកយ៉ាងខ្លាំងខាងជីវភាព។
នៅក្នុងឱកាស វិលត្រឡប់មកលេងស្រុកកំណើតជាលើកដំបូង
នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ ២០១២ នេះ
បន្ទាប់ពីបានបង្ខំចិត្ត ឃ្លាតចាកឆ្ងាយពីស្រុកកំណើត ប្រមាណជិត១២
ឆ្នាំមកនោះ អ្នកស្រី សយ បានចំណាយពេលទៅគយគន់មើល
អតីតដីស្រែរបស់អ្នកស្រី កាលពីថ្ងៃសៅរ៍ ដែលជាថ្ងៃទី២
នៃពិធីបុណ្យចូលឆ្នាំខ្មែរ។
ក្នុងសភាព អាឡោះអាល័យ និងស្តាយស្រណោះ ទឹកដីយ៉ាងខ្លាំងនោះ
អ្នកស្រី សយ ដែលទទូរក្រមា បិទបាំងសក់កន្ទើងរ៉ើងរបស់ខ្លួន
បាននិយាយថា៖«មើលចុះដីខ្មែរយើងត្រូវយួនយកអស់ហើយ
ប្រហែលជាគ្មានសង្ឃឹមនឹងអាចយកបានមកវិញទេ»។ អ្នកស្រីសយ
បានលើកដៃចង្អុល និងនិយាយរៀបរាប់ឲ្យដឹងថា
នៅហួសដីស្រែរបស់អ្នកស្រីប្រមាណជាជិត ២ គីឡូម៉ែត្រ កាលពីមុន
(ក្រោយឆ្នាំ ១៩៧៩) គឺជាព្រៃក្រាស់ និងព្រៃឫស្សី
លាតសន្ធឹងល្វឹងល្វើយ ដែលខ្មែរហៅថា ជាព្រៃបទឈ្ងោគ
ព្រៃត្រពាំងប្រាសាទ និងព្រៃញ៉ាវង់
ដែលខ្មែរតែងតែទៅកាប់ឈើយកមកសង់ផ្ទះ ធ្វើអុស
រុករកអនុផលព្រៃឈើ ជីកត្រពាំង
ដើម្បីបម្រើសេចក្តីត្រូវការប្រចាំថ្ងៃ។ ប៉ុន្តែព្រៃឈើទាំងនោះ
ត្រូវបានវៀតណាមប្រើគ្រឿងចក្រ ឈូសឆាយ
ឲ្យអន្តរាយទាំងស្រុងក្នុងអំឡុងឆ្នាំ ១៩៩៤។
អ្នកស្រីបានបញ្ជាក់ទៀតថា៖«នៅក្នុងព្រៃត្រពាំងប្រាសាទ
មានប្រាសាទបុរាណខ្មែរតូចៗជាច្រើនកន្លែង ប៉ុន្តែឥឡូវនេះ
ត្រូវយួនឈូសរាបអស់ហើយ ដោយពុំឃើញមានអាជ្ញាធរខ្មែរណា អើពើឡើយ
គួរឲ្យសោកស្តាយខ្លាំងណាស់»។
ចំណែកអ្នកស្រី ព្រំ ណាន អាយុ ៥០ ឆ្នាំ ដែលបាត់បង់ដីស្រែសរុប
ប្រមាណជា ៤ ហិកតាកន្លះ ក្នុងចំណោមដីស្រែទាំងអស់ ៥ ហិកតា
បានក្រាញននៀល មិនព្រមធ្វើចំណាកស្រុក ទៅកាន់ខេត្តផ្សេង
ដូចអ្នកស្រី ព្រំ សយ ឡើយ។ អ្នកស្រី ព្រំ ណាន បាននិយាយថា៖
«ដីកេរឪ ម៉ែខ្ញុំ ចែកឲ្យ ៣ ហិកតា និងដីខាងប្តីខ្ញុំ ២ ហិកតាទៀត
ត្រូវយួនយកអស់សព្វថ្ងៃនៅសល់តែស្រែមួយចំហៀង
កន្លះហិកតាប៉ុណ្ណោះ គឺខ្ញុំធ្វើមួយចំហៀង យួនភ្ជួរដាំអំពៅ
មួយចំហៀង»។ ចាប់តាំងពីបាត់បង់ដីស្រែស្ទើរតែទាំងស្រុង
នៅក្នុងឆ្នាំ ១៩៩៤ មក អ្នកស្រីព្រំ ណាន បានពង្រីកការចិញ្ចឹមជ្រូក
ហើយប្តីរបស់អ្នកស្រី បានចាប់យកមុខរបរឡើងត្នោត
ដើម្បីទប់ទល់ជីវភាព ដែលត្រូវចិញ្ចឹមកូនក្នុងបន្ទុកដល់ទៅ ៦
នាក់។ អ្នកស្រីបានបញ្ជាក់ពីគោលជំហរ
របស់អ្នកស្រីថា៖«បើទោះបីជាខ្ញុំមានការលំបាកយ៉ាងណាក៏ដោយ
ក៏ខ្ញុំមិនព្រមធ្វើចំណាកស្រុក ទៅកាន់ខេត្តផ្សេង
ចោលទឹកដីដូនតារបស់ខ្ញុំឡើយ។ ខ្ញុំទន្ទឹងរង់ចាំ
ដូចកូនរង់ចាំម្តាយមកពីផ្សារ គឺសង្ឃឹមថា ថ្ងៃណាមួយ
ខ្ញុំនឹងបានដីរបស់ខ្ញុំត្រឡប់មកវិញ»។
បើតាមអ្នកភូមិដូង វត្តខ្មែរចំនួន ២ មួយមានឈ្មោះ វត្តឆ្កោ
នៅប៉ែកខាងកើត ភូមិតាសួស និងវត្តឈើទាលចាស់ នៅប៉ែកខាងកើត
នៃភូមិឈើទាល ក៏ត្រូវបានវៀតណាមឈូសវាទយកអស់ដែរ។
អ្នកភូមិឲ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៩១ អាជ្ញាធរខ្មែរ
និងអាជ្ញាធរវៀតណាម បានហាមប្រជាពលរដ្ឋខ្មែរ
មិនឲ្យធ្វើស្រែនៅតាមព្រំដែនឡើយ ដោយសម្អាងថា
ដីស្រែរបស់ប្រជាពលរដ្ឋខ្មែរ
ដែលធ្លាប់ធ្វើស្រែតាំងពីជីដូនជីតាមកនោះ ស្ថិតនៅក្នុងតំបន់ស
(តំបន់ដែលមិនទាន់កំណត់ច្បាស់ថា ជាដីរបស់ខ្មែរ ឬវៀតណាម)។
ប៉ុន្តែស្របពេលជាមួយគ្នានោះ
វៀតណាមបែរជាអាចចូលមកឈូសឆាយដាំដំឡូង អំពៅ កៅស៊ូ
និងដំណាំផ្សេងៗទៀតនៅលើដីស្រែទាំងនោះ ទៅតាមអំពើចិត្ត
ដោយគ្មានការហាមឃាត់ទៅវិញ។
ដោយសារតែបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម ជាបញ្ហារសើបខ្លាំង
ហើយជាញឹកញាប់ តែងតែមានការចាប់ឃុំខ្លួន
ទៅលើអ្នកដែលហ៊ាននិយាយពីបញ្ហានេះ អ្នកភូមិនៅឃុំដូង បច្ចុប្បន្ន
មិនសូវហ៊ាននិយាយពីបញ្ហានេះជាចំហនោះទេ។
នៅក្រោមផ្ទះឈើប្រក់សង្ក័សីមួយខ្នង នៅក្បែរវត្តភូមិដូងថ្មី
អ្នកភូមិមួយក្រុម ដែលទើបមកពីធ្វើបុណ្យចូលឆ្នាំខ្មែរនៅឯវត្ត
កាលពីថ្ងៃសៅរ៍ បានជជែកគ្នាដោយប្រុងប្រយ័ត្ន ពីបញ្ហាព្រំដែន
និងដំណើរការបោះឆ្នោត។
បុរសចំណាស់ម្នាក់ ដែលមានវ័យប្រមាណជា ៦០ ឆ្នាំ
ដោយគ្រាន់តែប្រាប់ថា ឈ្មោះ ឯម
ចង់ឲ្យដំណើរការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម
ត្រូវបានបោះបញ្ចប់ឲ្យបានឆាប់
ក្រែងលោបានដីស្រែរបស់លោកខ្លះមកវិញ។
លោកបន្តថា៖«នៅម្តុំស្រែរបស់ខ្ញុំមិនទាន់មានគេបោះបង្គោល
ព្រំដែនទេ។ ប្រសិនបើបង្គោលព្រំដែនត្រូវបានគេបោះ
ខ្ញុំប្រហែលជាអាចបានដីខ្លះមកវិញ»។
ប៉ុន្តែអ្នកភូមិផ្សេងទៀតបានជំទាស់ ដោយលើកឡើងថា «ឯម
អើយសូមកុំសង្ឃឹមឲ្យសោះ កុំឲ្យតែយួន
វាតចូលមកបន្ថែមទៀតទៅបានហើយ»។ លោក ឯម បានបាត់បង់ដីស្រែ
ប្រមាណជា ៣ ហិកតា ជាដីដែលលោកអះអាងថា ជាដីកេរ ដែលឪពុក
ម្តាយបង្កើត និងឪពុកម្តាយក្មេករបស់លោកចែកឲ្យ។
មិនមែនអ្នកភូមិទាំងអស់ សុទ្ធតែអស់សង្ឃឹមនោះទេ។
ស្ត្រីវ័យកណ្តាលម្នាក់ ដែលមានអាយុ ប្រមាណ ៣៥ ឆ្នាំ
បាននិយាយកាត់ក្រុមអ្នកភូមិថា បញ្ហាព្រំដែន អាចមានការកែប្រែ
បើមានការផ្លាស់ប្តូរមេដឹកនាំ
នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ ស្ត្រី ដែលប្រាប់ថា ឈ្មោះ យ៉ែម
វ៉ាន រូបនេះ និយាយថា ៖«ការបោះបង្គោលព្រំដែន ជាមួយនិងយួន
វាមានការមិនចុះសម្រុងគ្នារួចទៅហើយ រវាងរដ្ឋាភិបាល
និងគណបក្សប្រឆាំង។ ដូច្នេះវាត្រូវតែមានការសើរើឡើងវិញ
ប្រសិនបើគណបក្សផ្សេងជាប់ឆ្នោត»។
នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ២ ក្នុងឆ្នាំ ២០០៧
គណបក្សសមរង្ស៊ី ទទួលបានអាសនៈ ៥ ក្នុងចំណោមអាសនៈចំនួន ១១
នៅក្នុងឃុំដូង។ ប៉ុន្តែគណបក្សប្រឆាំង ពុំទទួលបានអាសនៈមួយទេ
ក្នុងខេត្តស្វាយរៀង នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៤ ឆ្នាំ
២០០៨។
មិនអាចទាក់ទង លោក នាងសាមាន មេឃុំ ដូង
ដើម្បីសុំសេចក្តីអធិប្បាយបានទេ។ ប៉ុន្តែលោក ប្រាក់ ស៊ុត
ដែលជាអតីតមេឃុំដូង ហើយបច្ចុប្បន្នជាជំទប់ទី ១ ឃុំដូង
បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ដោយថ្លែងថា៖
«ខ្ញុំមិនអាចមានយោបល់អីបានទេ
ពីព្រោះខ្ញុំធ្លាប់មានបញ្ហាម្តងរួចមកហើយ
នៅពេលដែលខ្ញុំនិយាយពីបញ្ហាព្រំដែននេះ»។ បើតាមលោកប្រាក់ ស៊ុត
ក្នុងមួយថ្ងៃ មានពលរដ្ឋខ្មែរ ប្រមាណជាង ១០០ នាក់
បានទៅស៊ីឈ្នួលធ្វើស្មៅអំពៅ ដំឡូង ឲ្យវៀតណាម
ដែលដាំនៅលើអតីតដីស្រែរបស់រដ្ឋខ្មែរដោយទទួលបានប្រាក់កម្រៃ
ពី ១៥០០០ ទៅ២០០០០ រៀលក្នុងមួយថ្ងៃ។
លោក ជាង អំ អភិបាលខេត្តស្វាយរៀង
មិនអាចទាក់ទងដើម្បីសុំសេចក្តីអធិប្បាយបានទេ ពីម្សិលមិញ
ដោយទូរស័ព្ទរបស់លោក បានរោទិ៍ជាច្រើនលើក តែពុំមានអ្នកទទួល។
តាមគម្រោង រដ្ឋាភិបាលកម្ពុជា និងវៀតណាម
នឹងបញ្ចប់ដំណើរការបោះបង្គោលព្រំដែនដែលមានភាពចម្រូងចម្រាស
នេះនៅត្រឹមបំណាច់ឆ្នាំ ២០១២។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន របស់រដ្ឋាភិបាល ក៏មិនអាចទាក់ទងសុំការអធិប្បាយបានដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងថា
ក្រោមការដឹកនាំរបស់លោក មិនបានធ្វើឲ្យបាត់បង់ដីខ្មែរ
នៅតាមព្រំដែន សូម្បីតែមួយចំអាមនោះឡើយ។ ប៉ុន្តែ ក្រុមអ្នកភូមិ
នៅឃុំដូង បានអះអាងថា វាប្រាកដហើយ ដីខ្មែរនៅតាមព្រំដែន
មិនបានបាត់ត្រឹម ១ ចំអាមនោះទេ ប៉ុន្តែវាបានបាត់បង់ ដល់ទៅជាង ២
គីឡូម៉ែត្រ គ្រាន់តែនៅក្នុងឃុំដូង៕
No comments:
Post a Comment