កម្ពុជា-ចិន ទំនាក់ទំនងដល់កម្រិតកំពូលមួយ
សៅរ៍ 31 មីនា 2012ដោយ ប៉ែន បូណា
RFI
នៅពេលដែលចិននិង សហរដ្ឋអាមេរិកកំពុងដណ្តើមឥទ្ធិពលគ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និយាយជារួម និងតំបន់អាស៊ីប៉ែកអាគ្នេយ៍និយាយដោយឡែក ទីក្រុងប៉េកាំងត្រូវការចាំបាច់សម្ពន្ធ័មិត្តជិតស្និទ្ធដូចជា កម្ពុជា ខណៈដែលសមាជិកអាស៊ានមួយចំនួនជាពិសេសវៀតណាម និងហ្វីលីពីនជាដើមមាននិន្នាការទៅរកសហរដ្ឋអាមេរិក។ ដូច្នេះ ការធ្វើឲ្យមានតុល្យភាពនៃឥទ្ធិពលមហាអំណាចនៅក្នុងតំបន់គឺជារឿង សំខាន់មួយ។ ប៉ុន្តែគេគួរចងចាំថា ការប្រកាន់នយោបាយផ្កាប់មុខទៅរកម្ខាងៗមិនមែនជានយោបាយដ៏ឆ្លាតវៃ នោះឡើយ។
លោក ហ៊ូ ជិនតាវ ( Hu Jintao )
ប្រធានាធិបតីចិនកំពុងតែបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល៤ថ្ងៃនៅ
កម្ពុជា ចាប់ពីថ្ងៃទី៣០ខែមីនា ដល់ថ្ងៃទី២ ខែមេសា
ឆ្នាំ២០១២នេះ។វត្តមានជាលើកទី១របស់មេដឹកនាំកំពូលបំផុតនៃមហាយក្ស
ចិនលើទឹកដីកម្ពុជាក្នុងអំឡុងពេលជាងមួយទសវត្សរ៍ចុងក្រោយនេះបាន
កើតឡើងជួនចំពេលដែលកម្ពុជាកំពុងតែរៀបចំជំនួបកំពូលអាស៊ានក្នុង
ឋានៈជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីប៉ែកអាគ្នេយ៍។
ទស្សនកិច្ចនេះត្រូវគេមើលឃើញថា
បានផ្តល់រូបភាពនៃទំនាក់ទំនងកម្រិតកំពូលមួយរវាងទីក្រុងប៉េកាំង
និងភ្នំពេញដែលមេដឹកនាំទាំងពីរតែងចង់បាន។
ចិននិងកម្ពុជាបាននិងកំពុងពូនជ្រំចំណងទាក់ទងរបស់ខ្លួនឲ្យឈាន
ដល់កម្រិតកំពូលមួយ។
នេះជាពាក្យដែលគេធ្លាប់បានលឺជាញឹកញាប់ចេញពីបបូរមាត់របស់
មេដឹកនាំប្រទេសទាំងពីរ។
ក្តីប្រាថ្នានេះហាក់បានសម្រេចហើយតាមរយៈដំណើរទស្សនកិច្ចនៅ
កម្ពុជារបស់មេដឹកនាំកំពូលបំផុតនៃទីក្រុងប៉េកាំង
គឺលោកប្រធានាធិបតី ហ៊ូ ជិនតាវ។
វត្តមានរបស់លោក ហ៊ូ
នៅកម្ពុជានាពេលនេះប្រហែលជាមិនមែនជារឿងចៃដន្យឡើយ។
មិនចៃដន្យដោយហេតុថា ម្យ៉ាង
ដំណើរទស្សនកិច្ចនេះបានកើតឡើងចំពេលដែលកម្ពុជាកំពុងធ្វើជាប្រធាន
អាស៊ាន
ជាពិសេសចំថ្ងៃដែលកិច្ចប្រជុំកំពូលអាស៊ានបានចាប់ផ្តើមឡើងតែម្តង។
និងម្យ៉ាងទៀត នេះជាដំណើរទស្សនកិច្ចចុងក្រោយសម្រាប់លោក ហ៊ូ
ជិនតាវ
មុនពេលដែលលោកត្រូវចាកចេញពីតំណែងមេដឹកនាំកំពូលនៃមហាយក្សចិននា
ខែតុលាខាងមុខនេះ។ នៅក្នុងបរិបទនៃកិច្ចប្រជុំកំពូលអាស៊ាន
ដំណើរទស្សនកិច្ចរបស់លោក ហ៊ូ ជិនតាវ
នៅកម្ពុជានាពេលនេះពិតជាមានអត្ថន័យធំធេងមួយដែលបញ្ជាក់យ៉ាង
ច្បាស់អំពីទំនាក់ទំនងចាក់ទឹកមិនលិចរវាងភ្នំពេញនិងប៉េកាំង។
អ្វីដែលគេអាចកត់សម្គាល់បានជាបឋមបំផុតនោះគឺ
ខុសពីជំនួបកំពូលនៅវៀតណាម និងនៅឥណ្ឌូនេស៊ី កាលពីដំបូងឡើយ
ប្រធានបទស្តីពីជម្លោះក្នុងដែនសមុទ្រចិនប៉ែកខាងត្បូងគ្មានឡើយនៅ
ក្នុងរបៀបវារៈនៃជំនួបកំពូលអាស៊ាននៅភ្នំពេញ(មុនការមកដល់របស់លោក
ហ៊ូ ជិនតាវ)។
អវត្តមាននៃរបៀបវារៈដ៏រសើបមួយនេះបានបង្ហាញឲ្យឃើញពីជំហររបស់
កម្ពុជាដែលស្របទៅនឹងការចង់បានរបស់ចិន។ ប៉ុន្តែ ទីបំផុតទៅ
ទីក្រុងប៉េកាំងបានសុខចិត្តផ្តល់សិទ្ធិឲ្យអាស៊ានជាអ្នកសម្រប
សម្រួលដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងពីព្រោះទោះជាគ្មានរបៀបវារៈ
ផ្លូវការក៏ដោយ
ក៏បញ្ហានេះគង់តែត្រូវគេលើកមកនិយាយក្នុងអង្គប្រជុំតែដដែលទេ។
ម្យ៉ាងទៀត
ប្រធានអាស៊ាននៅពេលនេះគឺជាប្រទេសកម្ពុជាដែលចិនទុកចិត្តបំផុត។
ងាកទៅមើលកិច្ចសហប្រតិបត្តិការខាងវិស័យពាណិជ្ជកម្ម
និងវិនិយោគនៃប្រទេសទាំងពីរវិញក៏កំពុងបាញ់ព្រួញឡើងលើយ៉ាងលឿន
ណាស់ដែរ។ ជាក់ស្តែង ទំហំនៃពាណិជ្ជកម្មរវាងចិននិងកម្ពុជា
បានកើនពី ២២៤ លានដុល្លារនៅឆ្នាំ២០០០រហូតដល់ជិត ២.៥០០
លានដុល្លារអាមេរិកនៅឆ្នាំ២០១១ពោលគឺកើន១១ដងក្នុងអំឡុងមួយ
ទសវត្សរ៍។ គិតត្រឹមចុងឆ្នាំ២០១១
ក្រុមហ៊ុនចិនដែលចូលមកបណ្ដាក់ទុននៅកម្ពុជាមានចំនួន៣៧១
ក្រុមហ៊ុន ដែលមានសាច់ប្រាក់វិនិយោគជិត៩ ០០០លានដុល្លារអាមេរិក
ផ្ដោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វារីអគ្គិសនី កសិកម្ម រ៉ែ
តំបន់សេដ្ឋកិច្ចពិសេស រោងម៉ាស៊ីនកិនស្រូវជាដើម។
ទាំងនេះគឺជាផ្លែផ្កានៃចំណងទាក់ទងយ៉ាងស្អិតល្មួតរវាងកម្ពុជាចិន
ដែលតែងគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។
កិច្ចព្រមព្រៀងមួយចំនួនទៀតនឹងត្រូវចុះហត្ថលេខាក្នុងអំឡុងពេល
ទស្សនកិច្ចរបស់លោក ហ៊ូ ជិនតាវ នៅពេលនេះ។
អ្វីដែលរដ្ឋាភិបាលកម្ពុជាពេញចិត្តជាងគេ
គឺជំនួយរបស់ចិនមិនដែលភ្ជាប់ដោយលក្ខខណ្ឌសាំញ៉ាំដូចជាជំនួយមក
ពីបណ្តាប្រទេសលោកខាងលិចមួយចំនួននោះឡើយ។ យ៉ាងណាក៏ដោយ
មជ្ឈដ្ឋានមួយចំនួនបានសម្តែងការព្រួយបារម្ភពីព្រោះថា
នៅលើលោកនេះ ប្រហែលជាគ្មានឡើយជំនួយឥតចំណង។
នេះក៏ជាទស្សនទានមួយដែលកម្ពុជាគួរពិចារណា។
ក្រៅពីផលប្រយោជន៍ទ្វេភាគី
ទំនាក់ទំនងចាក់ទឹកមិនលិចរវាងកម្ពុជាចិនក៏ត្រូវគេមើលឃើញថា
កំពុងតែស្ថិតក្នុងបរិបទនៃនយោបាយក្នុងតំបន់ និងពិភពលោកផងដែរ។ នៅ
ពេលដែលចិននិងសហរដ្ឋអាមេរិកកំពុងដណ្តើមឥទ្ធិពលគ្នានៅក្នុងតំបន់
អាស៊ីប៉ាស៊ីហ្វិក និយាយជារួម
និងតំបន់អាស៊ីប៉ែកអាគ្នេយ៍និយាយដោយឡែក
ទីក្រុងប៉េកាំងត្រូវការចាំបាច់សម្ពន្ធ័មិត្តជិតស្និទ្ធដូចជា
កម្ពុជា ខណៈដែលសមាជិកអាស៊ានមួយចំនួនជាពិសេសវៀតណាម
និងហ្វីលីពីនជាដើមមាននិន្នាការទៅរកសហរដ្ឋអាមេរិក។ ដូច្នេះ
ការធ្វើឲ្យមានតុល្យភាពនៃឥទ្ធិពលមហាអំណាចនៅក្នុងតំបន់គឺជារឿង
សំខាន់មួយ។ ប៉ុន្តែគេគួរចងចាំថា
ការប្រកាន់នយោបាយផ្កាប់មុខទៅរកម្ខាងៗមិនមែនជានយោបាយដ៏ឆ្លាតវៃ
នោះឡើយ។
No comments:
Post a Comment