Tuesday, June 19, 2012

មន្ត្រី​ថា ភូមិ​កំណើត ហេង សំរិន ជា​ភូមិ​ស្ថិត​ក្នុង​ទឹក​ដី​វៀតណាម

Viet+soldiers+looking+at+SRP+MPs+at+border+post+%28PPP%29.jpg
សមត្ថ​កិច្ច​វៀត​ណាម ​ឈ​​រ​មើល​គណ​បក្ស​ប្រឆាំង​​ទៅ​​ពិនិត្យ​​​បង្គោល​ព្រំ​ដែន​​​ក្នុង​ស្រុក​ ពញា​ក្រែក​កាល​ពី​ឆ្នាំ ២០១០​។ រូប​ថត ហេង ជីវ័ន​

18 June 2012
មាស សុខ​ជា
The Phnom Penh Post​
«គេ ​ (វ៉ា គឹមហុង​) ថា ភូមិ​របស់​ លោក​ហេង សំរិន ជា​ភូមិ​របស់​វៀតណាម​យូរ​ហើយ មិន​អាច​ទេ​…ខ្ញុំ​ធ្លាប់​ចុះ​ទៅ​ផ្ទាល់​ជួប​ចាស់​ទុំ​នៅ​ទី​នោះ​ គាត់​ប្រាប់​ខ្ញុំ​ថា កាល​ពី​អំឡុង​ឆ្នាំ ៦០ ដី​ខ្មែរ​ទៅ​ពី​ព្រំ​ដែន​បច្ចុប្បន្ន​ ៣-៤ គីឡូម៉ែត្រ​ទៀត»
ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​នៃ​គណៈ​កម្មាធិការ​កិច្ចការ​ព្រំ​ដែន​ បាន​ថ្លែង​ថា កម្ពុជា ​ កំពុង​ត្រៀម​រៀបចំ​ភូមិ​​ចំនួន​ពីរ​ ក្នុង​ខេត្ត​កំពង់ចាម ដើម្បី​ស្នើ​ទៅ​វៀតណាម​ដោះដូរ ដើម្បី​រក្សា​ភូមិ​ ២ ដែល​គេ​ស្គាល់​ថា ជា​ភូមិ​របស់​លោក ហេង សំរិន ​ប្រធាន​រដ្ឋ​សភា ដែល​ជា​ភូមិ​របស់​វៀតណាម​។
លោក វ៉ា គឹមហុង ​ទេស​រដ្ឋ​មន្រ្តី​ ទទួល​បន្ទុក​កិច្ចការ​ព្រំ​ដែន របស់​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ភូមិ​ពីរ គឺ​ភូមិ​ថ្លុក​ត្រាច ​និង​អន្លង់​ជ្រៃ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ​ដែល​គេ​ស្គាល់​ថា​ ជា​ស្រុក​កំណើត​របស់​លោក ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​នោះ ជា​អតីត​ភូមិ​របស់​វៀតណាម ដោយ​លោក​អះអាង​ថា ភូមិ​ទាំង​ ២ ត្រូវ​បាន​ដាក់​ចូល​ក្នុង​ទឹក​ដី​វៀត​ណាម ​តាំង​ពី​កម្ពុជា​ ស្ថិត​ក្រោម​អាណា​និគម​បារាំង​មក​ម្ល៉េះ​។ ​លោក​បាន​អះអាង​បន្ត​ទៀត​ថា វៀត​ណាម​ ប្រគល់​ភូមិ​ថ្លុក​ត្រាច និង​អន្លង់​ជ្រៃ មក​ឲ្យ​កម្ពុជា​ តាំង​ពី​អាណានិគម​បារាំង ហើយ​ថា ​ក្នុង​ការ​ដោះ​ដូរ​ភូមិ​រវាង​ប្រទេស​ទាំង​ពីរ ប្រសិន​បើ​កម្ពុជា​ចង់​រក្សា​ភូមិ​ទាំង​នេះ កម្ពុជា​ត្រូវ​រក​ភូមិ​ផ្សេង​ទៀត​ដើម្បី​ប្រគល់​ឲ្យ​វៀតណាម​វិញ។ ​លោក វ៉ា គឹម​ហុង បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «​យើង​នៅ​តែ​រក្សា​ភូមិ​ទាំង​ពីរ​ដដែល ប៉ុន្តែ​យើង​ត្រូវ​មាន​កាតព្វ​កិច្ច​រក​តំបន់​មួយ​ទៀត​ក្នុង​ខេត្ត​កំពង់ចាម ដើម្បី​ប្រគល់​ទៅ​ឲ្យ​វៀតណាម​វិញ​។ នេះ​យើង​ហៅ​ថា ការ​សម្រុះ​សម្រួល»។ ​ទោះជា​យ៉ាង​ណា លោក វ៉ា គឹម​ហុង មិន​បាន​ប្រាប់​កាល​បរិច្ឆេទ​ពិត​ប្រាកដ​ នៃ​ការ​ដោះ​ដូរ​ភូមិ​រវាង​កម្ពុជា និង​វៀតណាម​នៅ​ឡើយទេ​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ដំណើរ​ការ​ដោះ​ដូរ​ភូមិ​ នឹង​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​នេះ។​
ប៉ុន្តែ​លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នៅ​ប្រទេ​សបារាំង​ បាន​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង ​លើ​គម្រោង​ការ​ដោះ​ដូរ​ភូមិ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម​នេះ ដោយ​លោក​អះអាង​ថា ការ​ដោះ​ដូរ​នេះ​ មិន​អាច​ទទួល​យក​បាន​ទេ ប្រសិន​បើ​ដំណើរ​ការ​ គ្មាន​ការ​ចូល​រួម​ពី​ប្រជាជន ព្រោះ​ការ​ដោះ​ដូរ​នេះ​ នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​ដីទៅ​វៀត​ណាម។ ​លោក​បាន​បញ្ជាក់​ថា៖ «​ដូច​ដែល​ខ្ញុំ​បាន​ដឹង ​ផែនទី​ ដែល​បារាំង​បាន​រក្សា​ឲ្យ​យើង​ប្រើប្រាស់​រហូត​មក​ដល់​ពេល​នេះ ស្រុក​ពញាក្រែក ជា​របស់​ខ្មែរ​»។ លោក​បាន​បន្ត​ថា ប្រសិន​បើ​ភូមិ​ទាំង​ពីរ​ ក្នុង​ស្រុក​ពញាក្រែក​ ត្រូវ​បាន​ដាក់​ជា​ដី​វៀតណាម តាំង​ពី​សម័យ​អាណានិគម​បារាំង ​ម្ល៉េះ​សម​ជន​ជាតិ​វៀតណាម​នឹង​ចូល​មក​រស់​នៅ​ក្នុង​ភូមិ​ទាំង​នោះ​ពេញ​ ហើយ មិន​អាច​ខ្មែរ​យើង​រស់​នៅ​បាន​ទេ​។ ​លោកស៊ាន ប៉េងសែ ​បន្ត​ថា៖ «​បញ្ហា​ទឹក​ដី មិន​ដែល​អាច​ដោះ​ដូរ ដូច​ជា​ដោះ​ដូរ​នំប៉័ង​ នឹង​ផ្លែ​ក្រូច​នោះ​ទេ។ យើង ត្រូវ​មាន​ការ​យល់​ព្រម​ពី​ប្រជា​ជន​ទាំង​អស់​ព្រោះ​ដី​នោះ​មិន​មែន​ កម្មសិទិ្ធ​របស់​លោក វ៉ា គឹមហុង និង​លោក ហ៊ុន សែន​ទេ»។
លោក ហេង សំរិន ​ប្រធាន​រដ្ឋ​សភា មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ​ ប៉ុន្តែ​លោក ជាម យៀប តំណាង​រាស្ត្រ​ពី​គណបក្ស​ប្រជាជន បាន​ថ្លែង​ថា ភូមិ​ខាង​លើ​ជា​ស្រុក​កំណើត​របស់​លោក ហេង​ សំរិន ដែល​គាត់​ធ្លាប់​រស់​នៅ​តាំង​ពី​កំណើត​ រហូត​ដល់​គាត់​មាន​អាយុ​ជិត ៨០ ឆ្នាំ​។ ​ប៉ុន្តែ​លោក​បន្ត​ថា មុន​ពេល​លោក ហេង សំរិន កើត​ លោក​មិន​បាន​ដឹង​ទេ​ថា ទី​នោះ​ ជា​របស់​កម្ពុជា ឬ​វៀតណាម​។ លោក ​លើក​ឡើង​ថា៖ «​ភូមិ​របស់​សម្តេច​ពញា​ចក្រី ​ខ្ញុំ​ធ្លាប់​ទៅ​ទី​នោះ​ជា​ញឹកញាប់​។ វា​នៅ​ក្បែរ​ព្រំដែន សម្តេច​ ហេង សំរិន បាន​ប្រកាស​រួច​ហើយ​ថា តាំង​ពី​សម្តេច​ចាប់​កំណើត សម្តេច​បាន​រស់​នៅ​ទី​នោះ​»។ ទោះ​យ៉ាង​ណា លោក​បាន​បន្ថែម​ថា ​ការ​ដោះ​ដូរ​នេះ ត្រូវ​មាន​ការ​សម្រុះ​សម្រួល​ឲ្យ​បាន​ត្រឹម​ត្រូវ​រវាង​កម្ពុជា និង​វៀតណាម និង​ថា ប្រសិន​បើ​ភូមិ​លោក​ ហេង សំរិន ជា​របស់​វៀតណាម កម្ពុជា​គួរ​មាន​កន្លែង​ផ្សេង​ទៀត​ប្រគល់​ឲ្យ​វៀតណាម​វិញ។
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​ថ្លែង​ថា វៀតណាម គេ​បាន​រៀបចំ​ផែន​ការ​កាត់​ច្រឹប​យក​ទឹក​ដី​ខ្មែរ​នៅ​តាម​ព្រំ​ដែន តាំង​ពី​ក្រោយ​ឆ្នាំ​ ១៩៧៩ មក​ម្ល៉េះ គឺ​មាន​លោក​ប៉ែន សុវណ្ណ ដែល​កាល​នោះ​ជា​នាយក​រដ្ឋ​មន្ត្រី ​ជា​សាក្សី គឺ​គាត់​បាន​ប្រឆាំង​ជំទាស់​ រហូត​ដល់​មាន​ការ​ទម្លាក់​គាត់​ចេញ​ពី​តំណែង​។ លោក​កឹម សុខា បាន​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា ព្រម​កាត់ (ភូមិ​ខ្មែរ​) ឲ្យ​គេ (វៀតណាម​) នោះ​ប្រវត្តិ​សាស្ត្រ​ នឹង​ចារ​ទុក…ជា​កំហុស​ធ្ងន់​ណាស់​»។
លោក រស់ វ៉ា អាយុ ៧១ ឆ្នាំ និង​លោក ជុំ ជិន អាយុ ៧១ ឆ្នាំ ជា​អ្នកភូមិ​ពោធិ៍ព្រឹក ក្នុង​ស្រុក​ពញា​ក្រែក​​ក្បែរ​ភូមិ​ទាំង​ពីរ បាន​អះអាង​ថា ភូមិ​ថ្លុកត្រាច និង​អន្លង់​ជ្រៃ ពិត​ជា​របស់​កម្ពុជា ដែល​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ជា​ច្រើន​ជំនាន់​មក​ហើយ​និង​ថា ទាហាន​វៀតណាម​ធ្លាប់​ពួន​ក្នុង​ព្រៃ​ក្បែរ​នោះ នៅ​ពេល​ពួក​គេ​ប្រយុទ្ធ​ជាមួយ​នឹង​ទាហាន​អាមេរិក។ លោក រស់ វ៉ា បាន​បញ្ជាក់​ថា៖ «ភូមិ​ទាំង​នោះ​ពិត​ជា​ដី​ខ្មែរ​។ វា​មិនមែន​ជា​ការ​ភាន់ច្រឡំ​ទេ»។
លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​ធ្លាប់​ត្រូវ​បាន​ជាប់​ពន្ធនាគារ ដោយ​សារ​​ការ​បញ្ចេញ​មតិ​លើ​បញ្ហា​ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា-​វៀតណាម ដោយ​ផ្អែក​ទៅ​លើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ដ៏​ចម្រូង​ចម្រាស បាន​ថ្លែង​ថា បញ្ហា​ព្រំ​ដែន ​ជា​បញ្ហា​អាយុ​ជីវិត​របស់​ជាតិ​ទាំង​មូល​ ដែល​មុន​នឹង​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​ណា​មួយ​ គឺ​ត្រូវ​តែ​មាន​ការ​ពិភាក្សា​ហ្មត់ចត់​ពី​រដ្ឋ​សភា និង​ត្រូវ​ស្វែងរក​ការ​ឯកភាព​ជាតិ​ មិន​មែន​ត្រូវ​ពឹង​ផ្អែក​តែ​ទៅ​លើ​គណៈកម្មាធិការ​ព្រំ​ដែន​តែ​មួយ​នោះ​ទេ ​។ លោក​បន្ត​ថា៖«គេ​ (វ៉ា គឹមហុង​) ថា ភូមិ​របស់​ លោក​ហេង សំរិន ជា​ភូមិ​របស់​វៀតណាម​យូរ​ហើយ មិន​អាច​ទេ​…ខ្ញុំ​ធ្លាប់​ចុះ​ទៅ​ផ្ទាល់​ជួប​ចាស់​ទុំ​នៅ​ទី​នោះ​ គាត់​ប្រាប់​ខ្ញុំ​ថា កាល​ពី​អំឡុង​ឆ្នាំ ៦០ ដី​ខ្មែរ​ទៅ​ពី​ព្រំ​ដែន​បច្ចុប្បន្ន​ ៣-៤ គីឡូម៉ែត្រ​ទៀត»។ លោក​បញ្ជាក់​ថា ការ​កំណត់​ព្រំដែន គេ​មិន​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​តែ​ទៅ​លើ​ផែន​ទី​នោះ​ទេ គឺ​គេ​ត្រូវ​តែ​ពិនិត្យ​មើល​ពី​ភូមិសាស្ត្រ​ជាក់​ស្តែង ដែល​ប្រជា​ជន​ក្នុង​ប្រទេស​នីមួយៗ​រស់​នៅ​តាំង​ពី​ដូន​តា​របស់​ពួក​គេ​មក​ ផង​ដែរ​៕TK
រាយការណ៍​បន្ថែម​ដោយ​ សូ វិសាល

No comments: