Friday, June 8, 2012

ហេតុ ​អ្វី​ក៏​គ្មាន​ស្ថាប័ន​ណា ​មើល​ឃើញ​ពី​ទុក្ខ​សោ​​កក្មេង​បឹង​កក់​? [– Why n o one wants to look at the suffering of Boeung Kak Lake children?]

BKL+children+protest+02+%28PPP%29.jpg
ក្មេង​ៗ​កូន​អ្នក​ភូមិ​បឹង​កក់​​ស្រែក​យំ​នៅ​មុខ​ក្រសួង​យុត្តិ​ធម៌​។ រូបថត គីម​ឡុង​
Thursday, 07 June 2012 13:22
កាន់ វិរៈ
The Phnom Penh Post
សូម​បញ្ឈប់​ធ្វើ​បាប​ អ្នក​ទន់​ខ្សោយ​ទៀត​ទៅ ហើយ​សូម​ធ្វើ​អ្វីៗ​ទៅ​តាម​ច្បាប់​ ដើម្បី​ភាព​រីក​ចម្រើន​រុង​រឿង​ទាំង​អស់​គ្នា ទាំង​រដ្ឋ ទាំង​ប្រជា​ពលរដ្ឋ និង​ទាំង​ក្រុម​ហ៊ុន និង​ក៏​ដើម្បី​កេរ្តិ៍​ឈ្មោះ និង​មុខ​មាត់​របស់​ប្រទេស​យើង​ផង​ដែរ
គោរ​ពជូន លោក​ចាង​ហ្វាង
យោង​តាម​រដ្ឋ​ធម្ម​នុញ្ញ ទោះ​ជា​គ្មាន​អំណាច ក៏​ព្រះ​មហាក្ស​ត្រ​អាច​ព្រះ​រាជ​ទាន​ការ​លើក​លែង​ទោស​បាន​ដែរ
តើ​សម្តេច ហ៊ុន សែន នៅ​មាន​ឥទ្ធិ​ពល​ដូច​មុនដែរឬ​ទេ?
ជំពូក ២ មាត្រា ៧ វាក្យ​ខណ្ខ​ទី ១ នៃ​រដ្ឋ​ធម្ម​នុញ្ញចែង​ថា ព្រះ​មហា​ក្សត្រ​ទ្រង់​គ្រង​រាជ្យ​សម្បត្តិ តែមិន​កាន់​អំណាច​ទេ​ ប៉ុន្តែ​មាត្រា ២៧ នៃ​រដ្ឋ​ធម្មនុញ្ញ​ដដែល​នេះ ​ចែង​ថា​ព្រះ​ មហាក្សត្រ​ មាន​ព្រះ​រាជ​សិទ្ធិ​បន្ធូរ​បន្ថយទោស​ និង​លើក​លែង​ទោស​ អត់​មាន​ចែង​ថា ទាល់​តែ​មាន​ការ​ស្នើ​សុំ​ពី​នាយក​រដ្ឋ​មន្ត្រី​ពីតុ​លា​ការ ឬ​ពី​នាយក​ពន្ធ​នាគារ​នោះ​ឡើយ។ យោង​តាម​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នេះ ព្រះ​មហាក្ស ​ត្រ ធ្លាប់​បាន​ព្រះ​រាជ​ទាន​ការ​លើក​លែង​ទោសឲ្យ​ទណ្ឌិត​រាប់​រយ​នាក់​មក​ហើយ នា​ពេល​កន្លង​មក​នេះ ហើយ​ទណ្ឌិត​ទាំង​នោះ សុទ្ធ​តែ​មាន​ទោស​ដោយ​សារ ការ​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែងដូច​ជា លួច ឆក់ ប្លន់ សម្លាប់​៘ ទណ្ឌិត​ខ្លះ​ជាប់​គុក​មិន​ទាំង​គ្រប់ ២​ ភាគ ៣ នៃ​ទោស​ផង​ ឯជន​ល្មើស​ខ្លះ​ ជាប់​គុក​មិន​ទាន់​បាន ១០ ​ថ្ងៃ​ផង ក៏​ត្រូវ​បាន​ព្រះ​ មហាក្សត្រ​ ព្រះ​រាជ​ទាន​លើក​លែង​ទោស​ដែរ ដូច​ជា ជន​ជាតិ​ថៃ ពាក់​ពន្ធ័​នឹង​ការ​ធ្វើ​ចារ​កម្ម​នៅ​ព្រលាន​យន្ត​ហោះ​ពោធិ​ចិន​តុង និង​ជន​ល្មើស​ម្នាក់ទៀត ​ជា​ជន​ជាតិ រុស្ស៊ី ឈ្មោះ ត្រូហ្វី​ម៉ូវ ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​កាល​ពី​ឆ្នាំ ២០១១ ជា​ដើម
អ្នក​ទាំ​ងអស់​នោះ​ សុទ្ធ​តែ​ជា​អ្នក​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង សុទ្ធតែ​ត្រូវ​បាន​ព្រះ​រាជ​ទាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្ស​ត្រ ដោយ​ មិន​ដែល​ឃើញ​កូនៗ​នៃ​ជន​ល្មើស​ទាំង​នោះ​ មក​ស្រែក​យំ លុត​ជង្គង់ លន់​តួ សុំ​អង្វរ​ករឲ្យ​លើក​លែង​ទោស​ ដូច​កូនៗ​អាយុ​ក្រោម ១៥ ឆ្នាំ​ ដែល​ជាកូនៗ​នៃ​ស្ត្រី​បឹង​កក់​នោះ​ទេ
យោង​តាម​រដ្ឋ​ធម្មនុញ្ញ​ដដែល មាត្រា ៣៥ វាក្យ​ខណ្ឌទី ២ ​ចែង​ថា សេច ​ក្តី​ស្នើ​ទាំង​ឡាយ​របស់​ប្រជាជន​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះ​ស្រាយ​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែចំពោះកូនៗអ្នកបឹងកក់វិញ​មាន​ទេ? ពុំ​ត្រឹម​តែ​ស្នើ​សុំ​ទេ គឺ​លុត​ជង្គង់​បង្ហូរ​ទឹក​ភ្នែក ស្រែក​យំ​ដង្ហោយ ស្នើ​សុំទៅ​ស្ថា​ប័ន​ពាក់​ព័ន្ធ ដែល​ស្ថិត​នៅ​ក្រោម​អំណាច​រដ្ឋ​ធម្មនុញ្ញ​ឲ្យ​ជួយ​ដោះ​ស្រាយ​…តើ​មាន​បាន ​ទទួល​ដោះ​ស្រាយ​ហ្មត់​ចត់ ឲ្យ​ពល​រដ្ឋ​រង​គ្រោះ​នៅ​បឹង​កក់​ជា​ពិសេស​កូន​តូច​ៗ​ របស់​ពួក​គេ​ដែល​ស្រែក​ទ្រហោយំ​រក​យុត្តិធម៌​រាល់​ថ្ងៃ​នេះ​ ទាំង​ក្រសួង​យុត្តិ​ធម៌ ទាំង​រដ្ឋ​សភា ទាំង​នាយក​រដ្ឋ​មន្ត្រី ទាំង​ព្រះមហា​ក្សត្រ? ចម្លើយគឺ ឆ្លើយ​ថា​អត់​មាន​ទេ សូម្បីតែញត្តិក៏មិនទទួលយកផង។
មា​ត្រា ៣៨ នៃ​ច្បាប់​កំពូល​នេះ​ក៏​បាន​ចែង​ដែរ​ថា ច្បាប់​រ៉ាប់ ​រង​មិន​ឲ្យ​មាន​ការ​រំលោភ​បំពាន​លើ​រូប​រាង​កាយ…តែ​ធាតុពិត ​ជាក់​ស្តែង​អត់​ទេ ពុំ​មែន​ត្រឹម​តែ​រំលោភ​លើ​រូប​រាង​កាយ​តែ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​អាជ្ញា​ធរវាយ​បែក​ក្បាល ឆក់​សន្លប់ និងថែម​ទាំង​ប្រើ​កម្លាំង​មក​ចាប់​រាស្ត្រ​ដាក់​គុក​ទាំង​បំពាន​ច្បាប់​លើ​ គោក​ដ៏​គួរ​ឲ្យ​អា​ក្រក់​មើល​បំផុត​ថែម​ទៀត។
តើ​ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ទាំង​អស់​នោះ​ខុស​ស្អី? ការពារ​ដី​ ខ្លួន​ឯង​ត្រូវ​តែ​ជាប់​គុកអ៊ីចឹង​ឬ? ​វាក្យ​ខណ្ឌទី ២ នៃ​មាត្រា​នេះ​ ចែង​ទៀត​ថា (ច្បាប់​ការ​ពារ​ជីវិត កិត្តិ​យស និង​សេច​ក្តី​ថ្លៃ​ថ្នូរ​របស់​ប្រជា​រាស្ត្រ)​ តើ​មាន​ទេ ? កិត្តិយស​របស់​ប្រជារាស្ត្រ​នៅ​ត្រង់​កន្លែង​ណា បើ​ចាប់​សែង​បោះ​ដាក់​ឡាន​ ដូចជ្រូក ឬក៏​ថ្លៃ​ថ្នូរ​ នៅ​ត្រង់​កន្លែង​ក្មេងៗ លុត​ជង្គង់​ដង្ហោយ​យំ​ស្រែក​រក​ម៉ែ នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​នោះ?
មាត្រា ៤៤ នៃ​រដ្ឋ​ធម្មនុ​ញ្ញចែង​ថា កម្ម​សិទ្ធិ​ឯក​ជន​ស្រប​ច្បាប់ ស្ថិត​នៅ​ក្រោម​ការ​គាំ​ពារ​នៃ​ច្បាប់ និង ចែង​ទៀត​ថា​ ការ ​ដក​ហូត​សិទ្ធិ​ពី​ជន​ណា​ម្នាក់​ លុះ​ត្រា​តែ​ប្រយោ​ជន៍​សា​ធា​រណៈ​តម្រូវ​ឲ្យ​ធ្វើ​ ក្នុង​ករណី​ដែល​ច្បាប់ បាន​បញ្ញតិ្ត តែ​ត្រូវ​ផ្តល់​សំណង​ជា​មុនដោយ​សម​រម្យ និង​យុត្តិ​ធម៌។
មាត្រា​នេះ​ចែង​ច្បាស់​ណាស់​ថា លុះ​ត្រា តែ​ដើម្បី​ប្រយោ​ជន៍​សាធារណៈ តម្រូវ​ឲ្យ​ធ្វើ​តាម​ច្បាប់ និង​ផ្តល់​សំណង​ជា​មុន​សម​រម្យ និង​យុត្តិ​ធម៌ តែ​ករណី​បឹង​កក់​នេះ​តើ​មាន​ទេ? តើ​ច្បាប់​ណា មាត្រា​ប៉ុន្មាន មាន​បាន​ឆ្លង​កាត់​ការ​យល់​ព្រម​ពី​សភា​ឬទេ​ មុន​នឹងផ្តល់​បឹង​កក់​ទៅ​ឲ្យ​នីតិ​បុគ្គល​សា​ធារ​ណៈ​នោះ? មាន ​បាន​ផ្តល់​សំណង​សមរម្យ និង​យុត្តិ​ធម៌​តាម​ផ្លូវ​ច្បាប់​ឬទេ? ដី​តាម​តម្លៃ​ទីផ្សារ ១ ​ម៉ែត្រ​ការ៉េ ៥០០​ ដុល្លារ តែ​ឲ្យ​ប្រជា​ជន ២០០​ ដុល្លារ បើ​មិន​ព្រម​បូម​ខ្សាច់លុប និង​ចាប់​ដាក់​គុក តើ​នោះ​ឬជា​យុត្តិ​ធម៌?
មាត្រា​ ៤៨ នៃ​រដ្ឋ​ធម្មនុ​ញ្ញ​ចែង​ថា រដ្ឋ​ធានា​ការ​ពារ​សិទ្ធិ ​កុមារ សិទ្ធិ​មាន​ជីវិត​រស់​នៅ សិទ្ធិ​ទទួល បាន​ការ​អប់រំ រៀន​សូត្រ និង​ប្រឆាំង​ការ​ងារ​ទាំង​ឡាយ ដែល​អាច​ធ្វើ​ឲ្យ​ខូច​ដល់​ការ​អប់រំ ការ​រៀន​សូត្រ ឬ​ដែល​នាំ​ឲ្យ​អន្ត​រាយ- ដល់​សុខ​ភាព និង​សុខុមាល​ភាព។ តែ​ផ្ទុយ​ទាំង​អស់ ការ​ពារ​តាំង​ពី​មាន​ផ្ទះ​រហូត​ដល់អស់​ផ្ទះ ការ​ពារ​ការ​អប់​រំរៀន​សូត្រ តែ​សព្វ​ថ្ងៃ​ក្មេងៗ​ដែល​មាន​ម្តាយ​កំពុង​ជាប់​ពន្ធនា​គារ​ទាំង​អស់​នោះ​ បាន​រៀន​សូត្រ​ទេ? មាន​សុខ​ភាព និង​មាន​សុខុមាល​ភាព​ល្អ​ឬ​ទេ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​យំ​រាល់​ថ្ងៃ លុត​ជង្គង់​រាល់​ថ្ងៃ នឹក​ម៉ែ​រាល់​ថ្ងៃ​នោះ? ខ្លះ​មាន​បង​ប្អូន ៣ នាក់ បង​អាយុ ១១ ​ឆ្នាំ និង​ប្អូនៗ ម្នាក់​មានអាយុ​ត្រឹម៩​ ឆ្នាំនិង​ម្នាក់​ទៀត​មាន​អាយុ​ត្រឹម៦​ឆ្នាំ។ តើ​នេះ​ជា​របប​អី សង្គម​ប្រជា​ធិបតេ​យ្យ និង​ជា​ប្រទេស​នីតិរដ្ឋ​អី​?
ឯ​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក៏​ដូច្នោះ​ដែរ តើ​អំណាច ភាព​ឈ្លាស​វៃ និង​សេច​ក្តី​មេត្តា​កុរណា​ ដែល​សម្តេចមាន​សព្វ​ថ្ងៃ​នោះ​ទៅ​ណា​អស់​ហើយ? ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី និង​ជា​មេធាវី ដែល​មាន​អត្ត​លេខ ៣៥០ និង​ធ្វើ​សច្ចា​ប្រណិ​ធាន​កាល​ពី​ថ្ងៃ ១៥ ខែ កញ្ញា ឆ្នាំ ២០០៤ សម្តេច​ដឹង​ច្បាស់​ណាស់​ថា​ រឿង​នេះ ​វា យុត្តិ​ធម៌ ឬ​មិន​យុត្តិ​ធម៌ ទោះ​បីជា​សម្តេច​ មិន​អាច​លូក​លាន់​កិច្ច​ការ​តុលា​ការក្តី​ តែ​សម្តេច​ក៏​អាច​ធានា​យុត្តិ​ធម៌​ឲ្យ​ស្ត្រី ទាំង​អស់​នោះ​បាន​ដែរ។ ការ​ដែល​តុលា​ការ​យក​មា​ត្រា​៣៤​និង​២៥៩​មក​កាត់​ទោស​ម្ចាស់​ដី​ដែល​ត្រូវ​ គេរំលោភ​បំពាន​នោះ តើ​ត្រឹម​ត្រូវ​ទេ?ចុះ​កាល​ពី​ក្រុម​ហ៊ុន​បូម​ខ្សាច់​លុប​ផ្ទះ​របស់​ ប្រជា​ជន​ហេតុ​អ្វី​ក៏​គ្មាន​កំហុស​?
បើ​អស់​លោក លោក​ស្រី ត្រូវ​គេ​បូម​ដី​លុប​ផ្ទះ ហើយ​ចាប់​ដាក់​គុក​ទាំង​អយុត្តិ​ធម៌​ទុក​ឲ្យ​កូនៗ​ នៅ​ដើរ​តត្រុក​លុត​ជង្គង់​ ស្រែក​យំ​តាម​ចិញ្ចើម​ផ្លូវ​ជា​រៀង​រាល់​ថ្ងៃ តើ​អស់​លោក​ឈឺ​ចាប់​ទេ​? សូម​បញ្ឈប់​ធ្វើ​បាប​អ្នក​ទន់​ខ្សោយ​ទៀត​ ទៅ ហើយ​សូម​ធ្វើ​អ្វីៗ​ទៅ​តាម​ច្បាប់​ ដើម្បី​ភាព​រីក​ចម្រើន​រុង​រឿង​ទាំង​អស់​គ្នា ទាំង​រដ្ឋ ទាំង​ប្រជា​ពលរដ្ឋ និង​ទាំង​ក្រុម​ហ៊ុន និង​ក៏​ដើម្បី​កេរ្តិ៍​ឈ្មោះ និង​មុខ​មាត់​របស់​ប្រទេស​យើង​ផង​ដែរ៕
ដោយកាន់ វិរៈ ពល​រដ្ឋ​ម្នាក់​

No comments: