Friday, July 20, 2012

លោក សម រង្ស៊ី អំពាវនាវ​ពី​ចំងាយ ​ឲ្យ​មានការ​ចូលរួម ក្នុង​ចលនា​បង្កើត​ថ្ម ី​របស់ខ្លួន​

DSC_0974-800.jpg
ថ្ងៃទី 19 កក្កដា 2012
ដោយ: លីនណា
Cambodia Express News
ភ្នំពេញ: ​ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរ​ង្ស៊ី និង​ជា​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​ទើ​បង្កើត​ថ្មី​រវាង​គណបក្ស​សមរ​ង្ស៊ី និង​សិទ្ធិមនុស្ស បាន​អំពាវនាវ​ពី​ចំងាយ​ដល់​គណបក្សនយោបាយ អ្នកស្នេហាជាតិ និង​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ទាំងអស់ មក​ចូលរួម​កម្លាំង​ជាមួយ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដើម្បី​ផ្លាស់ប្ដូរ​ការដឹកនាំ​បច្ចុប្បន្ន​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្ដីអំពាវនាវ​របស់ លោក សម រង្ស៊ី ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១២​។​
​លិខិត​អំពាវនាវ​លោក សម រង្ស៊ី បាន​លើកឡើងថា “​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជីវិត គឺជា​ចលនា​មួយ ដែល​រៀបចំ​បង្កើតឡើង ដោយ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ក្នុង​ជំហាន​ឆ្ពោះ ទៅរក​ការរៀបចំ​បង្កើត​គណបក្ស​ថ្មី​មួយ ក្នុងពេល​វេលា​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​ដណ្ដើមយក​ជ័យជំនះ​ផ្ដាច់ព្រ័ត្រ លើ​គណបក្សកាន់អំណាច​បច្ចុប្បន្ន តាមរយៈ​ការបោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌ ដោយមាន​វត្តមាន​ប្រធាន​គណបក្សប្រឆាំង​ចូលរួម​ជា​ផ្លូវការ និង​យ៉ាងសកម្ម​”​។​
​លោក សម រង្ស៊ី លើកឡើង​ទៀតថា កា​រួបរួម​រវាង​គណបក្ស​ស​មរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស គឺជា​ការឆ្លើយតប​ទៅនឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​។​
​ចំពោះ​ការរួបរួម​ឡើងវិញ​របស់​គណបក្សប្រឆាំង​ទាំងពីរ​នេះ ត្រូវបាន​លោក ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើងថា ការ​ចងសម្ព័ន្ធ និង​ការបង្កើត​គណបក្ស​តែមួយ​រវាង​គណបក្ស​ស​មរ​ង្ស៊ី និង​សិទ្ធិមនុស្ស នៅពេល​ខាងមុខ វា​មិនមាន​គុណបំណាច់​អ្វី​ជួយ​ដល់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ដូច​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។​
​លោក​បន្តថា គណបក្ស​ប្រជាជន​បាន​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ហើយ​ផ្សាភ្ជាប់​នូវ​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​បញ្ជាក់​ស្ដែង​។ ដូច្នេះ​អ្វី ដែល​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​នោះ គឺ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រសើរឡើង ការធានា​នូវ​ស្ថិរភាព សន្តិភាព និង​ការអភិវឌ្ឍ​។​
​លោក​ទិ​ត​សុធា បាន​បញ្ជាក់ថា “​ការរួបរួម​គ្នា​នេះ មិន​ជះឥទ្ធិពល​ណាមួយ រាំងស្ទះ​ដល់​សំឡេងឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ពីព្រោះ​ការសម្រេច​ជោគវាសនា​ប្រទេសជាតិ និង​ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ គឺ​មិន​អាស្រ័យទៅលើ​គណបក្ស​ទាំងពីរ​នេះ​ទេ អាស្រ័យ​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ហើយ​គណបក្ស​ប្រជាជ​កម្ពុជា បាន និង​កំពុង​នាំមុខ​នូវ​ការគោរព​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​នីតិរដ្ឋ​”៕​

No comments: