Wednesday, December 5, 2012

គណបក្ស​ប្រឆាំង​លើក​បង្ហាញ​ពី​ប្រភព​ចំណូល​សម្រាប់​រដ្ឋាភិបាល

លោក​សុន ឆ័យ​ផ្តល់​បទសម្ភាសន៍​​នៅសភា
លោក​សុន ឆ័យ​ផ្តល់​បទសម្ភាសន៍​​នៅសភា

អង្គារ 04 ធ្នូ 2012
ដោយ លី ម៉េងហួរ
RFI
 
គណបក្ស​ប្រឆាំង សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ទទូច​ចង់ឲ្យ​រដ្ឋសភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កែប្រែ​មាត្រា​មួយចំនួន ក្នុង​សេចក្តីព្រាង​ច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៣ តាមរយៈ​ការកាត់បន្ថយ​ការខ្ចី​បំណុល ហើយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ពន្ធ ជំនួស​វិញ។ តាម​លោក​តំណាងរាស្ត្រ សុន ឆ័យ រដ្ឋាភិបាល​អាច​រកបាន​ដោយ​ស្រួល នូវ​ទឹកប្រាក់​ជាង ១.០០០ លាន​ដុល្លារ ដើម្បី​ដាក់ចូល​ក្នុង​ថវិកាជាតិ តាមរយៈ​ការយកពន្ធ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ពន្ធ​លើ​កាស៊ីណូ ការនាំ​ចូល​ប្រេង និង​ចំណូល​ពី​អ្នកទេសចរ នៅ​អង្គរវត្ត ជាដើម។ យ៉ាងណា​ក៏ដោយ សំណើ​របស់​គណបក្ស​ប្រឆាំង ត្រូវបាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា ច្រានចោល ខណៈ​ដែល​សេចក្តីព្រាង​ច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៣ នឹង​ត្រូវ​រដ្ឋសភា បើក​កិច្ចប្រជុំ ពិភាក្សា និង​អនុម័ត នា​ថ្ងៃ​ទី​៦​ធ្នូ ខាងមុខនេះ។
បន្ទាប់​ពី​ស្ងាត់ស្ងៀម​មួយរយៈ នៅ​ព្រឹក​ថ្ងៃទី​៤​ធ្នូ​នេះ តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​ជួបជុំ​អ្នកកាសែត លើក​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន ដែល​នៅតែ​បន្ត​ស្នើ​ដល់​រដ្ឋសភា ឲ្យធ្វើ​វិសោធនកម្ម កែប្រែ​មាត្រា​មួយចំនួន នៃ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៣។ សំណើ​របស់​បក្ស​ប្រឆាំង ផ្តោតលើ ៥ ចំណុច​សំខាន់ៗ ក្នុងនោះ មាន​ទាំង​ការកាត់បន្ថយ​នូវ​ការខ្ចី​បំណុល​បរទេស ពី ៦០០ លាន SDR មក​នៅត្រឹម ១៣០ លាន SDR ហើយ​រដ្ឋាភិបាល​ត្រូវ​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ពន្ធ។​

ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ បាន​លើក​បង្ហាញ​ពី​សំណើ​រួមគ្នា​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស ដែល​ដាក់​ទៅ​កាន់​គណៈកម្មការ​ជំនាញ​រដ្ឋសភា ចំនួន ៥ ចំណុច សំខាន់ៗ គឺ​ទី១-ការពង្រឹង​នូវ​លទ្ធភាព​នៃ​ការប្រមូល​ពន្ធ។ ទី​២-​រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​ថវិកា​ជាតិ ឲ្យមាន​ប្រសិទ្ធភាព តាមរយៈ​ការជួយ​ដល់​កសិករ។ ទី​៣-​ច្បាប់​ថវិកា​នោះ ត្រូវ​ជួយ​ដល់​មន្ត្រីរាជការ គ្រូបង្រៀន។ ទី៤-​ស្នើ​សុំ​បន្ថែម​ថវិកា​លើ​វិស័យ​អាទិភាព មួយចំនួន ដូចជា វិស័យ​អប់រំ សុខាភិបាល វិស័យ​កសិកម្ម និង​វិស័យ​អភិវឌ្ឍន៍ជនបទ និង​ចំណុច​ទី​៥-​គណបក្សប្រឆាំង ទាមទារ​ឲ្យ​រដ្ឋាភិបាល កាត់បន្ថយ​ការខ្ចីប្រាក់​បរទេស។

ក៏ប៉ុន្តែ​សំណើ ៥ ចំណុច របស់​អ្នកតំណាងរាស្ត្រ ៧ រូប របស់​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ត្រូវបាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា មិន​ទទួលយក​ឡើយ។

យ៉ាងណាក៏ដោយ នៅ​ព្រឹកមិញ លោក សុន ឆ័យ បាន​លើកឡើង​ថា ក្នុង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៣ ដែល​បាន​កំណត់​ការចំណាយ​ជិត ៣.០០០ លាន​ដុល្លារ​អាមេរិក គឺ​មាន​ទឹកប្រាក់​ប្រមាណ ៨០% បានមក​ពី​ការខ្ចីបុល។ ប្រាក់កម្ចី ដែល​រដ្ឋាភិបាល​កម្ពុជា ជំពាក់​បរទេស ត្រូវបាន​លោក សុន ឆ័យ អះអាងថា រហូត​ដល់​បំណាច់​ឆ្នាំ​២០១២ នឹង​កើនឡើង​ដល់ ៧.៣០០ លាន​ដុល្លារ​អាមេរិក ហើយ​នៅ​ឆ្នាំ​២០១៣ អាច​នឹង​កើន​ដល់ ៨.០០០ ទៅ ៩.០០០ លាន​ដុល្លារ​អាមេរិក​។ ដូច្នេះ លោក សុន ឆ័យ បាន​គូសបញ្ជាក់ថា តាម IMF និង ធនាគារ​ពិភពលោក​WB គឺ​បំណុល​របស់​កម្ពុជា ដល់​ដំណាក់កាល​គ្រោះថ្នាក់។

លោក សុន ឆ័យ បាន​ផ្តល់​យោបល់​ទៅ​កាន់​គណៈកម្មការ​ជំនាញ​រដ្ឋសភា ឲ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ការខ្ចីបុល ហើយ​រក​ប្រភព​លុយ​ជំនួស​ការខ្ចី​បំណុល តាមរយៈ​ការប្រមូល​ពន្ធ ឲ្យបាន​ត្រឹមត្រូវ។

សមាជិកសភា​គណបក្ស​ប្រឆាំង លោក សុន ឆ័យ បញ្ជាក់ថា "​បើសិនជា​រដ្ឋាភិបាល ខិតខំ​ប្រមូល​ពន្ធ​ឲ្យបាន​ត្រឹមត្រូវ តែ ១៥ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប នោះ​នឹង​បាន​ចំណូល​ប្រមាណ ២.២៥០ លាន​ដុល្លារ​អាមេរិក។ តែ​ក្នុង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៣​នេះ រដ្ឋាភិបាល កំណត់​ការប្រមូល​ពន្ធ​បានតែ ១.៧០០ លាន​ដុល្លារ​ប៉ុណ្ណោះ។ ដូច្នេះ​វា​បាត់ ៥០០ លាន​ដុល្លារ​អាមេរិក"។

តាម​លោក សុន ឆ័យ ប្រភព​ចំណូល​របស់​រដ្ឋាភិបាល បានមក​ពី​៖ ទី​១-​ដី​សម្បទាន​សេដ្ឋកិច្ច អាច​នឹង​ទទួល​ចំណូល ១៨៩ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។ ទី​២-​ពន្ធ​លើ​ប្រាក់​ចំណេញ​ពី​កាស៊ីណូ បនល្បែង គឺ​រដ្ឋាភិបាល​អាច​ទទួល​បាន​ចំណូល ៣០០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ដែល​សព្វថ្ងៃ រដ្ឋាភិបាល​កំណត់​ថា ប្រមូល​បាន​តែ ២០ លាន​ដុល្លារ។ ទី​៣-​ពន្ធ​ពី​ការនាំ​ចូល​ប្រេង គឺ​រដ្ឋាភិបាល​គួរតែ​ទទួលបាន ៤៨១ លាន​ដុល្លារ តែ​ច្បាប់​ថវិកា​កំណត់​ថា ទទួលបាន​តែ ១៦១ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។ ទី​៤-​ពន្ធ​ប្រាក់ចំណូល ដែល​អ្នកទេសចរ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត គឺ​រដ្ឋាភិបាល​នឹង​ទទួល​យ៉ាងតិច ពី ១៤០ លាន​ដុល្លារ ទៅ ១៥០ លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​សព្វថ្ងៃ ក្រុមហ៊ុន​បង់​ចូល​រដ្ឋ ត្រឹមតែ ៤០ លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​ចំណូល​ពី​គយ និង​ពន្ធដារ ដែល​រដ្ឋាភិបាល អាច​ទទួលបាន​យ៉ាងតិច ២០០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។ ដូច្នេះ​គិតតែ​លើ​ចំណុច​ត្រួសៗ​នេះ លោក​សុន​ឆ័យ​អះអាងថា រដ្ឋាភិបាល អាច​រក​បាន​ជាង ១.០០០ លាន​ដុល្លារ ដើម្បី​ដាក់ចូល​ក្នុង​ថវិកា​ជាតិ បាន​ដោយស្រួល។

យ៉ាងណា​ក៏ដោយ ក្នុង​លិខិត​ឆ្លើយតប​ទៅ​កាន់​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ចុះ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១២ លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម របស់​រដ្ឋសភា បានបញ្ជាក់​ថា រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់ និង​បាន​អនុវត្ត​ក្នុង​ការបន្ថែម​ប្រាក់​លើ​វិស័យ​អាទិភាព បាន​ច្រើន​ឆ្នាំ​រួចមកហើយ ហើយ​ពី​នេះ​តទៅ ក៏​ធ្វើ​កិច្ចការ​នេះ បន្ត​ទៀត​ដែរ។ ចំពោះ​ការស្នើសុំ​កាត់បន្ថយ​ការខ្ចីប្រាក់​ពី​បរទេស​ពី ៦០០.០០០.០០០ SDR មក​ត្រឹម ១៣០.០០០.០០០ SDR គឺ ពុំ​អាច​កាត់បន្ថយ​បាន ដោយ​ជា​ភាពចាំបាច់ សម្រាប់​យក​មក​បំពេញ​ការចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជាតិ ធានា​បាន​សន្តិសុខ ការអភិវឌ្ឍ​សំដៅ​ធ្វើ​ឲ្យ​មាតុភូមិ​សម្បូរ​រុងរឿង៕

No comments: