Tuesday, March 12, 2013

តុលាការសាលាឧទ្ធរណ៍ លុបចោលសវនាការកាត់ទោសលោក សម រង្ស៊ី

(ថ្ងៃទី 12 មីនា 2013, ម៉ោង 09:45:AM) | ដោយ: រតនា CEN
ភ្នំពេញ: ចៅក្រមតុលាការសាលាឧទ្ធរណ៍ បានសម្រេចលុបចោលសវនាការកាត់ទោសលើលោក សម រង្ស៊ី នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣។ មូលហេតុ មកពីមេធាវីរបស់លោក សម រង្ស៊ី បានដកពាក្យបណ្តឹងឈប់ប្តឹងជំទាស់នឹងករណីតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសលោកសម រង្ស៊ី ក្នុងសំណុំរឿងក្តីបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

លោកមេធាវី ជូង ជូងី បានប្រាប់អ្នកកាសែតថា កាលពីថ្ងៃចន្ទម្សិលមិញ លោកបានទៅតុលាការសាលាឧទ្ធរណ៍ដកពាក្យបណ្តឹង ឈប់ប្តឹងជំទាស់នឹងសាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ពីព្រោះថា លោក សម រង្ស៊ី មិនចង់មានរឿងវែងឆ្ងាយជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរត់ភៀសខ្លួននៅក្រៅប្រទេស គេចពីសំណាញ់ច្បាប់កម្ពុជា
សូមរម្លឹកថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ គណបក្សសមរង្ស៊ី បានផ្សព្វផ្សាយនូវដីការបស់លោក ង៉ែត សារ៉ាត់ ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដែលកោះហៅលោក សម រង្ស៊ី ឲ្យចូលទៅកាន់សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង ៨ ព្រឹក ដើម្បីចូលរួមសវនាការ ពីដំណើររឿងបរិហារកេរ្តិ៍ និងការផ្សព្វផ្សាយព័ត៌មានមិនពិត។
ដីកាកោះហៅលោក សមរង្ស៊ី ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ដើម្បីជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១១។ ជាសំណុំរឿងក្តីដែលលោក សម រង្ស៊ី បរិហារកេរ្តិ៍លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ថាជាអតីតមេគុកបឹងត្របែក ក្នុងសម័យខ្មែរក្រហម។
សំណុំរឿងនោះ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១ ត្រូវបានចៅក្រមជំនុំជម្រះតុលាការសាលាដំបូងរាជធានីភ្នំពេញ លោកចៅក្រម សេង នាង បានប្រកាសសេចក្តីសម្រេច ដោយតម្កល់នូវសេចក្តីសម្រេចរបស់ចៅក្រមលើកមុន។ នោះគឺតុលាការបានសម្រេចផ្តន្ទាទោសកំបាំងមុខលោក សម រង្ស៊ី ដាក់ពន្ធនាគារ ២ ឆ្នាំ។
ក្នុងពិធីរម្លឹកខួបដល់អ្នកស្លាប់នៅសម័យប៉ុលពត នៅសារមន្ទីរជើងឯក កាលពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០០៨ លោក សម រង្ស៊ី បានថ្លែងរិះគន់រាជរដ្ឋាភិបាល ដោយលើកឡើងថា មានឧបនាយករដ្ឋមន្ត្រីពីរនាក់ ជាអតីតមេដឹកនាំខ្មែរក្រហម។ លោកសមរង្ស៊ី បានលើកឡើងចំឈ្មោះ លោក ហោ ណាំហុង និងលោក គាត ឈន់។
កាលណោះ លោកសមរង្ស៊ី បានថ្លែងចោទប្រកាន់ថា លោក ហោ ណាំហុង ជាមេគុកបឹងត្របែក ក្នុងសម័យខ្មែរក្រហម ដែលនាំឲ្យមានការកាប់សម្លាប់បញ្ញវន្ត និងរាជវង្សានុវង្សជាច្រើនទៀត។
ក៏ប៉ុន្តែលោកហោ ណាំហុង បានបដិសេធ ហើយថាលោក និងក្រុមគ្រួសារ ក៏ជាជនរងគ្រោះ និងត្រូវខ្មែរក្រហមចាប់ប្អូនស្រីពីរនាក់របស់លោកយកទៅសម្លាប់ចោលផងដែរ៕ S

No comments: