លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស (RFI/Ly Meng Hour)
ថ្ងៃ សៅរ៍ 16 មីនា 2013គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបែងចែកលេខរៀងឈរឈ្មោះសម្រាប់គណបក្ស សង្រ្គោះជាតិ ក្នុងការបោះឆ្នោតខែ កក្កដា ឆ្នាំ ២០១៣ខាងមុខនេះ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់នៅថ្ងៃសៅរ៍នេះថា តំណាងរាស្រ្តគណបក្សសម រង្ស៊ី នឹងទទួលបានលេខរៀងល្អៗក្នុងខេត្តភាគខាងលិចនៃប្រទេសកម្ពុជា រីឯលេខរៀងល្អៗក្នុងខេត្តភាគខាងកើតប្រទេស អាចត្រូវបានគេប្រគល់ជូនគណបក្សសិទ្ធមនុស្ស ។
ដោយ គី សុខលីម
គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលបានច្របាច់បញ្ចូលគ្នាបង្កើតគណបក្សសង្រ្គោះជាតិដើម្បីចូលរួម ការប្រកួតប្រជែងបោះឆ្នោតតំណាងរាស្ត្រ នៅខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះបានចាប់ផ្តើមគិតគូរពីការបែងចែកលេខរៀងសម្រាប់ ការឈរឈ្មោះបេក្ខជនតំណាងរាស្រ្តនៃគណបក្សនីមួយៗហើយ។
ឧបសគ្គនានាដែលគណបក្សទាំងពីរប្រឈមមានច្រើន។ ប៉ុន្តែការបែងចែកលេខរៀងឈរឈ្មោះសម្រាប់គណបក្សថ្មី គឺជារឿងស្មុគស្មាញជាងគេ។ តែទោះជាយ៉ាងនេះក្តី ក៏មេដឹកនាំគណបក្សសង្គ្រោះជាតិបាននិយាយថា ការបែងចែកលេខរៀងនឹងត្រូវធ្វើឡើងដោយការគោរពគ្នាទៅវិញទៅមក។
លោក ប៉ុល ហម អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងប្រាប់ នៅថ្ងៃសៅរ៍ ពីខេត្តតាកែវ ទីដែលលោកចុះជួបប្រជាពលរដ្ឋមកថា គណបក្សសង្រ្គោះជាតិអនុញ្ញាតអោយតំណាងគណបក្សសម រង្ស៊ី ឬគណបក្សសិទ្ធិមនុស្សឈរលេខរៀងទី១ឬទី២ ត្រូវធ្វើឡើងដោយផ្អែកលើប្រជាប្រិយភាពនៃគណបក្សក្នុងខេត្តនោះ។
ឧទាហរណ៍ថា ប្រសិនបើគណបក្សសម រង្ស៊ីទទួលបានការគាំទ្រច្រើនក្នុងខេត្តណាមួយ គណបក្សនេះត្រូវដាក់តំណាងរាស្រ្តរបស់ខ្លួនឈរលេខរៀងទី១ ទី២ និងទី៣សម្រាប់គណបក្សសង្គ្រោះជាតិ និងលេខរៀងជាបន្តត្រូវផ្តល់ជូនបេក្ខជនតំណាងរាស្រ្ត
គណបក្សសិទ្ធមនុស្ស។ ហើយបើខេត្តណាដែលគណបក្សសិទ្ធិមនុស្សមានប្រជាប្រិយភាពខ្លាំងជាង លេខរៀងទី១ ទី២ឬទី៣ ត្រូវប្រគល់ជូនគណបក្សសិទ្ធិមនុស្ស និងលេខរៀងជាបន្តត្រូវប្រគល់ជូនគណបក្សសម រង្ស៊ី។ គោលការណ៍នេះត្រូវធ្វើឡើងនៅគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។
ចំណុចមួយទៀតដែលគណបក្សប្រឆាំងទាំងពីរព្រមព្រៀងគ្នាដែរនោះ គឺខេត្តភាគខាងលិចនៃប្រទេសកម្ពុជាដែលគណបក្សសិទ្ធិមនុស្សមិនសូវ ទទួលបានការគាំទ្រ ដោយសារតែកង្វះខាតបណ្តាញព័ត៌មាននោះ បេក្ខជនឈរឈ្មោះលេខរៀងល្អៗត្រូវប្រគល់ជូនគណបក្សសម រង្ស៊ី។ ចំណែកឯខេត្តមួយចំនួននៅភាគខាងកើតនៃប្រទេសដែលគណបក្សសិទ្ធិ មនុស្សទទួលបានការគាំទ្រច្រើន លេខរៀងល្អៗត្រូវប្រគល់ជូនបេក្ខជនតំណាងរាស្រ្តគណបក្សសិទ្ធិមនុស្ស។
លោក ប៉ុល ហម អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបន្តទៀតថា គោលការណ៍បែងចែកលេខរៀងបេក្ខជនឈរឈ្មោះសម្រាប់គណបក្សថ្មី ត្រូវបានធ្វើឡើងដោយមានការយោគយល់គ្នាជាទីបំផុត ពោលគឺមិនមានការទាស់ទែងខ្វែងគំនិតគ្នានោះទេ។ ដោយសារតែគណបក្សសម រង្ស៊ី មានអាសនៈ២៦កៅអី នៅក្នុងរដ្ឋសភាជាតិ រីឯគណបក្សសិទ្ធិមនុស្សមានតែ៣កៅអីនៅក្នុងសភាជាន់ទាបប៉ុណ្ណោះ ដូច្នេះអាទិភាពលេខរៀងល្អភាគច្រើនត្រូវប្រគល់ជូនគណបក្សសម រង្ស៊ី។
លោក ប៉ុល ហម បានបន្តទៀតថា បេក្ខជនឈរឈ្មោះតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិត្រូវមានលក្ខណៈ សម្បត្តិ៤យ៉ាងធំៗ។ ទីមួយ ប្រជាប្រិយភាព។ ទីពីរ សមត្ថភាព។ ទី៣លទ្ធភាព និងទី៤គំនិតស្នេហាបក្ស និងស្នេហាជាតិ។
គួរកត់សម្គាល់ថា សម្រាប់ការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០១៣នេះ គណបក្សសម រង្ស៊ី បានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតគណបក្សសង្រ្គោះជាតិ។ គណបក្សនរោត្តមរណឫទ្ធិ បានច្របាច់បញ្ចូលជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយគ្មានវត្តមានព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ តែដោយរក្សាឈ្មោះគណបក្សហ្វ៊ុនស៊ិនប៉ិចដដែល៕
No comments:
Post a Comment