Saturday, March 30, 2013

បទ​វិភាគ៖ តើ​បក្ស​សង្គ្រោះ​ជាតិ​ជា​បក្ស​ព្យុះ​ក្នុង​ក្អម​ឬ​ក្រៅ​ក្អម?

 លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១២​ឆ្នាំ ពី​បទ​បំផ្លាញ​បង្គោល​ព្រំដែន បទ​ក្លែង​បន្លំ​ឯកសារ​ផែនទី បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត។
2013-03-30
ដោយ ទេព សុរ៉ាវី
RFA
ខណៈ​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់ លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី បាន​ព្យាយាម​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស សិទ្ធិ​មនុស្ស និង​បង្កើត​គណបក្ស​ថ្មី​ដែល​មាន​ឈ្មោះ​ថា "គណបក្ស​សង្គ្រោះ​ជាតិ"។ គណបក្ស​ថ្មី​នេះ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​រិះគន់​ថា គ្រាន់​តែ​ជា​គណបក្ស​ព្យុះ​ក្នុង​ក្អម​ប៉ុណ្ណោះ និង​គ្មាន​ឥទ្ធិពល​អ្វី​ទាក់ទាញ​រក​សំឡេង​ឆ្នោត​ឲ្យ​គាំទ្រ​បាន​ទេ។
តើ​គណបក្ស​សង្គ្រោះ​ជាតិ ពិត​ជា​គណបក្ស​ព្យុះ​ក្នុង​ក្អម​ដូច​ការ​លើក​ឡើង​មែន​ឬ​ទេ?
គណបក្ស​កាន់​អំណាច​តែង​ឡកឡឺយ​ចំពោះ​គណបក្ស​ប្រឆាំង ជួន​កាល​ថា​ជា​គណបក្ស​បញ្ឆោត ឬ​ជា​គណបក្ស​ដែល​មិន​អាច​មាន​ឥទ្ធិពល​អ្វី​ធំដុំ ប្រៀប​ដូច​ជា​ព្យុះ​ក្នុង​ក្អម​ជាដើម។
ក្នុង​ចំណោម​គណបក្ស​នយោបាយ​នានា​ដែល​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ កន្លង​មក​នៅ​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ជា​គណបក្ស​ប្រឆាំង និង​ជា​គូ​ប្រជែង​លេចធ្លោ​ធំ​តែ​មួយ​គត់​ជាមួយ​គណបក្ស​កាន់​អំណាច។ រីឯ​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ ថ្វី​តែ​ធ្លាប់​ជា​គូ​ប្រជែង​សំខាន់​ជាមួយ​គណបក្ស​ប្រជាជន កាល​ពី​បោះឆ្នោត​ជាតិ​សម័យ​អ៊ុនតាក់ (UNTAC) ក្នុង​ឆ្នាំ​១៩៩៣ នៅ​ពេល​នេះ​លែង​ជា​គណបក្ស​ប្រឆាំង​ទៀត​ហើយ។ លោក ហ៊ុន សែន នា​ពេល​ថ្មីៗ​នេះ​បាន​ញាក់​រួច​ទៅ​ហើយ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចូល​រដ្ឋាភិបាល​ចម្រុះ​ម្តង​ទៀត​ក្រោយ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា។
តើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​តែ​កកើត​នេះ អាច​មាន​ឥទ្ធិពល​ទាញ​រក​ប្រជាប្រិយភាព​ពី​ម្ចាស់​ឆ្នោត​នោះ​ទេ? ការ​ដែល​លោក សម រង្ស៊ី មិន​ពើង​ទ្រូង​ដាក់​លោក កឹម សុខា ទៀត ហើយ​ងាក​ទៅ​បន្ទន់​ឥរិយាបថ​ព្រម​ជ្រក​ដំបូង​ស្លាក​គណបក្ស​តែ​មួយ​វិញ គឺ​ជា​ការ​បង្រួប​បង្រួម​កម្លាំង​មួយ​ដែល​មជ្ឈដ្ឋាន​នានា​ចាត់​ទុក​ថា​ជា​ កត្តា​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​អោយ​មាន​តុល្យភាព​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។
ការ​ចង​សម្ព័ន្ធភាព​រវាង​គណបក្ស​ប្រឆាំង​ធំ​ពីរ​នៅ​ពេល​នេះ ទោះ​ចង់​មិន​ចង់ ក៏​អាច​ធ្វើ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​យូរ​ជាង​គេ​ក្នុង​តំបន់​អាស៊ី ក៏​អាច​ព្រឺព្រួច​ខ្លះ​ដែរ។ ការ​កាត់​ទោស​លោក សម រង្ស៊ី អោយ​ជាប់​ឈ្មោះ​ជា​ទណ្ឌិត ដែល​ឈាន​ទៅ​ដល់​ការ​លុប​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ជាដើម ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​ការ​បញ្ចៀស​ឥទ្ធិពល​របស់​គណបក្ស​ប្រឆាំង​នោះ​ឯង។
ដូច​នេះ តើ​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ព្យុះ​ក្នុង​ក្អម ឬ​ក្រៅ​ក្អម?
នោះ ចម្លើយ​អាច​និយាយ​បាន​ថា ប្រសិន​បើ​សម្ព័ន្ធភាព​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នៅ​តែ​មាន​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​នោះ គណបក្ស​សង្គ្រោះ​ជាតិ អាច​ជា​គណបក្ស​ព្យុះ​ក្រៅ​ក្អម និង​មាន​ឥទ្ធិពល​ឲ្យ​គណបក្ស​ប្រជាជន ជ្រុះ​កៅអី​ខ្លះ​ក្នុង​រដ្ឋសភា​បាន។
គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស មាន​ហ៊ុន​តែ​រៀងៗ​គ្នា​នៅ​ក្នុង​ដៃ។ គណបក្ស​ទាំង​ពីរ​មាន​អាសនៈ​ចំនួន ២៩​រួច​ទៅ​ហើយ​ក្នុង​រដ្ឋសភា​សព្វថ្ងៃ ដូច្នេះ​អាច​និយាយ​បាន​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​មាន​សំឡេង​គាំទ្រ និង​អាសនៈ​ចំនួន ២៩ បាន​ដែរ។ នេះ​មិន​គិត​ពី​ក្បួន​ខ្នាត​នៃ​ការ​គណនា​រក​ចំនួន​អាសនៈ​ផង។
បើ​គិត​រូបមន្ត​នៃ​ការ​គណនា​រក​អាសនៈ ឬ​កៅអី​ក្នុង​រដ្ឋសភា​វិញ គណបក្ស​ប្រជាជន រឹត​តែ​ព្រួយ​ថែម​ទៀត។ ព្រួយ​ត្រង់​ថា នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ធំ​ពីរ​រួម​គ្នា​តែ​មួយ និង​មាន​ការ​គាំទ្រ​ច្រើន​នោះ សំណល់​នៃ​ការ​គណនា​រក​ចំនួន​អាសនៈ អាច​នឹង​ទទួល​ផល​ច្រើន​ទៅ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ធ្វើ​ឲ្យ​គណបក្ស​នេះ​កើន​អាសនៈ​បន្ថែម​លើ​អាសនៈ​ដែល​មាន​ស្រាប់។
ជា​ទូទៅ រូបមន្ត​នៃ​ការ​គណនា​រក​ចំនួន​អាសនៈ ត្រូវ​មើល​ឃើញ​ថា ជា​រូបមន្ត​អយុត្តិធម៌​សម្រាប់​គណបក្ស​តូច​តាច។ សំណល់​នៃ​លទ្ធផល​គុណ​ចែក​ទាំង​នោះ ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់ សំឡេង​ឆ្នោត​របស់​គណបក្ស​ឯ​ទៀត​ដែល​មាន​ចំនួន​គាំទ្រ​មិន​គ្រប់​មួយ​អាសនៈ នឹង​ត្រូវ​បង្វិល​ឲ្យ​ទៅ​គណបក្ស​ដែល​មាន​សំឡេង​គាំទ្រ​ច្រើន។ ភាគ​ច្រើន គណបក្ស​ប្រជាជន តែង​ចំណេញ​ពី​សំណល់​ទាំង​នោះ​រហូត​ធ្វើ​ឲ្យ​កើន​ចំនួន​អាសនៈ​ដោយ​មិន​ខំ​ ប្រឹង។ យ៉ាង​ហោច​ណាស់ ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​តូច​តាច ឬ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ អាច​ប្រមូល​សំឡេង​គាំទ្រ​របស់​ម្ចាស់​ឆ្នោត ចេញ​ពី​ការ​ក្ដោបក្ដាប់​របស់​គណបក្ស​កាន់​អំណាច​បាន​ខ្លះ​ដែរ។
តាម​មើល​ទៅ គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​រក្សា​សន្លឹក​ឆ្នោត​គាំទ្រ​ដដែល ប៉ុន្តែ​អាច​នឹង​បាត់​អាសនៈ​ខ្លះ​ក្នុង​រដ្ឋសភា​ទៅ​ឲ្យ​គណបក្ស​សង្គ្រោះ​ ជាតិ។
ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ដង្ហើម​ដល់​នាទី​ចុង​ក្រោយ​នៃ​ការ​បោះឆ្នោត វា​អាច​នឹង​ក្លាយ​ជា​ព្យុះ​ក្រៅ​ក្អម និង​មាន​ផល​ចំណេញ​ច្រើន​ដល់​ប្រជាពលរដ្ឋ។ តែ​វា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​គណបក្ស​កាន់​អំណាច។
គណបក្ស​កាន់​អំណាច មិន​មែន​មិន​បារម្ភ​ពី​រឿង​ចង​សម្ព័ន្ធភាព​របស់​គណបក្ស​ប្រឆាំង ដូច​ការ​អះអាង​ជា​ញឹកញយ​នោះ​ទេ។ តែ​គណបក្ស​កាន់​អំណាច មាន​ភាព​ឆ្លាតវៃ និង​ប្ដូរ​យុទ្ធសាស្ត្រ​លឿន​រហ័ស ដើម្បី​ផ្ដួល​ដៃគូ​ប្រជែង​របស់​ខ្លួន។ យុទ្ធសាស្ត្រ​ទាំង​នោះ​ដែល​គេ​ច្រើន​តែ​ធ្វើ​នៅ​មុន​រដូវ​បោះឆ្នោត​ម្តងៗ រួម​មាន ការ​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ប្ដូរ​យុទ្ធសាស្ត្រ​ពង្រឹង​ឡូត៍​នេសាទ ការ​ប្ដូរ​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​មូលដ្ឋាន និង​ប្ដូរ​យុទ្ធសាស្ត្រ​ផ្សេងៗ​ទៀត ដែល​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជាក់ស្តែង​ដែល​មិន​មែន​ជា​ អំណោយ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មិន​មាន​នរណា​អាច​ទស្សន៍ទាយ​ចរិត​របស់​អ្នក​នយោបាយ​បាន​ទេ។ នៅ​នាទី​ចុង​ក្រោយ បើ​គណបក្ស​សង្គ្រោះ​ជាតិ ចែក​ចាន​ចែក​ឆ្នាំង​គ្នា​នោះ គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ អាច​នឹង​បាត់បង់​សំឡេង​គាំទ្រ និង​ធ្លាក់​ប្រជាប្រិយភាព​ភ្លាមៗ ហើយ​អាច​នឹង​ទទួល​អាសនៈ​សភា​តិចតួច​ដូច​ការ​បោះឆ្នោត​មុនៗ​ដែរ។ នៅ​ពេល​នោះ ពាក្យ​ថា​គណបក្ស​ព្យុះ​ក្នុង​ក្អម ឬ​គណបក្ស​បញ្ឆោត អាច​គេ​និយាយ​ត្រូវ​តែ​ម្តង៕

No comments: