ថ្ងៃ ពុធ 13 មីនា 2013ចាប់ពីចុងសប្តាហ៍នេះទៅ គណបក្សនយោបាយនឹងរៀបចំសមាជថ្នាក់ជាតិជាបន្តបន្ទាប់គ្នា ដើម្បីអនុម័តកម្មវិធីនយោបាយសម្រាប់ការចូលរួមប្រកួតក្នុងការ បោះឆ្នោតនៅថ្ងៃទី២៨កក្កដាខាងមុខនេះ។ គណបក្សទាំងនោះរួមមានគណបក្សប្រជាជកម្ពុជា, គណបក្សហ៊្វុនស៊ីនប៉ិច, គណបក្សសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិ។
ដោយ លាង ដឺលុច
RFI
គណបក្សប្រជាជនកម្ពុជានឹងធ្វើមហាសន្និបាតនៅថ្ងៃទី១៦ និង១៧មីនាចុងសប្តាហ៍នេះ ដើម្បីបូកសរុបការងារ៥ឆ្នាំកន្លងមក ក្នុងនាមគណបក្សកាន់អំណាចដឹកនាំប្រទេស និងទិសដៅការងារសម្រាប់៥ឆ្នាំខាងមុខ។ នេះបើតាមការអះអាងរបស់លោកជាម យៀបសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា។
លោកជាម យៀបបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា ក្នុងនាមជាគណបក្សកាន់អំណាច គណបក្សរបស់លោកនឹងពិភាក្សាអំពីការពង្រឹងសន្តិសុខសម្រាប់ការ បោះឆ្នោតខាងមុខនេះផងដែរ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាក៏មិនភ្លេចបញ្ជាក់ទេថា «គណបក្សប្រជាជនកម្ពុជានឹងប្រកាស គាំទ្របេក្ខភាពលោកហ៊ុន សែនជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៥ និងនីតិកាលក្រោយៗទៀត»។
បន្ទាប់មកនៅថ្ងៃទី២៣មីនា គណបក្សហ៊្វុនស៊ីនប៉ិចក៏នឹងរៀបចំសមាជវិសាមញ្ញរបស់ខ្លួនដែរ ដើម្បីកែប្រែលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ហើយឈានទៅបោះឆ្នោតជ្រើសតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី ជាប្រធានគណបក្សនេះ ដែលត្រូវបានបង្កើតឡើងដោយសម្តេចឪនរោត្តម សីហនុ។ លោកញឹក ប៊ុនឆៃធ្លាប់បានបញ្ជាក់ប្រាប់ហើយថា ការសម្រេចជ្រើសតាំងព្រះអង្គម្ចាស់អនុជអារុណ រស្មី ជាប្រធានគណបក្សជាស្ត្រីដំបូងគេរបស់គណបក្សហ៊្វុនស៊ីនប៉ិច ក៏ជាយុទ្ធសាស្ត្ររបស់គណបក្សនេះដែរ។
នៅថ្ងៃទី៣១ចុងខែមីនានេះ នឹងដល់វេនគណបក្សសិទ្ធិមនុស្សម្តង។ លោកកឹម សុខាបានថ្លែងប្រាប់អោយដឹងថា គឺនៅក្នុងសមាជនោះហើយ ដែលលោកនឹងប្រកាសលាលែងពីតួនាទីជាប្រធានគណបក្សសិទ្ធិមនុស្ស ដើម្បីទៅចូលរួមក្នុងគណបក្សសង្គ្រោះជាតិ ដែលនៅទីនោះលោកនឹងមានតួនាទីជាអនុប្រធាន។ ចំណែកនៅក្នុងគណបក្សសិទ្ធិមនុស្សឯណេះវិញ គណបក្សនេះនឹងត្រូវបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានថ្មីក្នុងចំណោម ឥស្សរជនជាច្រើន។ ប៉ុន្តែថា លោកសឺន ស៊ូប៊ែរ្តិ៍ ទំនងជាមានលទ្ធភាពច្រើនក្នុងការក្លាយខ្លួនជាប្រធានថ្មីរបស់ គណបក្សសិទ្ធិមនុស្ស។
ចុងក្រោយនោះ គឺនៅថ្ងៃទី៧មេសា គឺជាសមាជរបស់គណបក្សសង្គ្រោះជាតិដែលបានកើតចេញពីការរួមគ្នារវាង គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ លោកកឹម សុខាបានប្រាប់អោយដឹងថា គឺនៅថ្ងៃទី៧មេសានោះហើយដែលរចនាសម្ព័ន្ធពិតប្រាកដ និងកម្មវិធីនយោបាយរបស់គណបក្សនេះនឹងត្រូវផ្សព្វផ្សាយជាផ្លូវការ។ លោកសម រង្ស៊ី ជាបេក្ខជននាយករដ្ឋមន្ត្រី និងលោកកឹម សុខាជាបេក្ខជនប្រធានរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិក៏ត្រូវគេគ្រោង ប្រកាសនៅថ្ងៃនោះដែរ។ នេះបើតាមការបញ្ជាក់របស់លោកកឹម សុខា៕
No comments:
Post a Comment