Wednesday, March 27, 2013

បុណ្យផ្កាប្រមូល​មូលនិធិដើម្បី​ជួយ​គណបក្ស​ប្រឆាំង

25 មិនា 2013 
អ៊ឹម សុធារិទ្ធ
VOA Khmer

ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៣ ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ​រដ្ឋធានីវ៉ាស៊ីនតោន បាន​ប្រារព្ធ​ពិធី​បុណ្យផ្កែ​មួយ​ឈ្មោះ​ បុណ្យ​​សាមគ្គី​សង្គ្រោះ​ជាតិ នៅ​វត្ត​ខ្មែរ​មួយ​នៅ​រដ្ឋ​Virginia សហរដ្ឋ​អាមេរិក ដើម្បី​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ដំណើរ​ ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៨ ខែកក្កដា​​ខាង​មុខ​នេះ។ 
 ក្នុង​ចំណោម​អ្នក​ចូលរូម​តិច​ជាង​១០០​នាក់​ លោក ឃូ គិមទុយ អ្នក​ចូល​និវត្ត​ន៍រស់​នៅ​​រដ្ឋ​ម៉ារីលែនដ៍​ និយាយ​ជាមួយ​វីអូអេ ថា លោក​រីករាយ​ និង​គាំទ្រ​ទាំង​ជាស្មារតី​ និង​ហិរញ្ញវត្ថុ។ 
 «មក​ដើម្បី​ចូលរួម ដើម្បី​ប្រមូលធនធានជួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​រៀប​ចំស្រុក​ឡើង​វិញ។ ហើយ​គេ​មាន​កម្មវិធី​គេ​ល្អ​ណាស់។ គណបក្សថ្មី​នោះ​ណា៎ គឺ​ថា​គួរ​ឲ្យ​ជឿបាន»។ 
 លោក ព្រហ្ម សៅរ៍នរ៉ា នាយក​គណៈកម្មការ​នៃ​មូល​និធិ​សង្គ្រោះ​ជាតិ​ខ្មែរ និង​អ្នក​រៀប​ចំពិធីបុណ្យផ្កា​នេះ​ បាន​អំពាវនាវ​ឲ្យ​​មហាជន​ទូទៅ​ជួយ​ជា​វិភាគ​ទាន​ប្រហែល​១​ដុល្លារ​ក្នុង​មួយ ​ថ្ងៃ​រហូត​ដល់​ការ​បោះ​ឆ្នោត​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ។ 
 «ហើយ​ការ​ផ្សាយ​បុណ្យ​នេះ​គឺ​ថា ដូច​អស់​លោក​ជ្រាប់​ស្រាប់​ហើយ​ថា ប្រសិន​បើយើង​ធ្វើ​បុណ្យ​តាម​ព្រះពុទ្ធសាសនា គឺ​បាន​បុណ្យ​ខ្លាំង​ណាស់។ ប៉ុន្តែ​ការ​ចូល​ក្នុង​បុណ្យ​ផ្កានេះ បើ​យើង​ជួយ​១០០ដុល្លារ យើង​យក​ទៅ​ជួយ​ខែ្មរ​ជាង​១០​លាន​នាក់។ ដូច្នេះ​បុណ្យ​នេះ​គឺ​ថា បាន​ច្រើន​លើសលុប បើ​ប្រៀប​ធៀប​ទៅ​នឹង​បុណ្យ​ដ៏​ទៃ​ទៀត។ ដូច្នេះ​បាន​ជា​ខ្ញុំ​សុំ​ អស់​លោក​ទាំង​អស់​ នាំ​គ្នា​ជួយ​ ដើម្បី​យក​ថវិកា​ទៅ​ជួយសកម្មជន​របស់​គណបក្សសង្គ្រោះ​ជាតិ​​​នៅ​ក្នុង​ប្រទេស ​ដើម្បី​ធ្វើ​ការ​ឲ្យ​មាន​ប្រសិទ្ធភាព»។ 
 ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ ពី​ប្រទេស​កូរ៉េខាង​ត្បូង​​ លោក កឹម សុខា អនុប្រធាន​គណៈបក្ស​សង្គ្រោះ​ក៏​បាន​និយាយតាម​រយៈស្កែប​​ជាមួយ​អ្នក​យក​ ព័ត៌មាន​របស់​វីអូអេ ដែល​នៅ​កន្លែង​បុណ្យ​ផ្កានេះ ថា លោក​មាន​ការ​រីករាយ​ដោយ​បាន​ឃើញ​មាន​ចលនា​​គាំទ្រ​ពី​គ្រប់​ស្រទាប់​មហាជន និង​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ប្រទេស​ និង​បរទេស​ដល់គណបក្ស​​សង្គ្រោះជាតិ​នេះ។  
 «សម្រាប់​ខ្ញុំ​ចាប់​អារម្មណ៍ទី១ គឺ​ស្មារតី។ ស្មារតី​នៃ​ការ​ក្រោក​ឈរ​ឡើងរបស់​ប្រជាពលរដ្ឋ​ខ្មែរ។ ហើយ​ស្មារតី​នៃ​ការ​ផ្តោត​តម្រង់​ចំទិស​ឥឡូវ​នេះ។ អម្បាញ់មិញ​​នេះ ខ្ញុំ​ក៏​បាន​ជួប​ខាង​ណូវ៉ែល​ហ្សេឡង់​ដែរ កំពុង​ធ្វើ​បុណ្យ​ផ្កាដែរ។ ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដោយ​ឃើញ​ចលនា​សង្គ្រោះ​ជាតិបង្រួប​បង្រួម​ជាតិ​មក​ គាត់​តម្រង់​ទិស​មក​រក​រឿង​នយោបាយ​តាម​រយៈការ​ធ្វើ​បុណ្យ​ដើម្បី​កសាង​ ប្រទេស​ជាតិ​នេះ កសាង​តាមរយៈផ្លូវ​នយោបាយ​នេះ គឺ​ជា​ស្មារតីភ្ញាក់​រឭកមួយ​រឹង​មាំ​ណាស់​ ហើយ​ក៏​ជាំ​ស្មារតី​លើក​ទឹក​ចិត្ត​ដល់​អ្នក​តស៊ូ​នៅក្នុង​ប្រទេស​​យើង​ ដើម្បី​សង្គ្រោះ​ជាតិ​ផង​ ហើយ​ក៏​មិន​មែន​តែ​ស្មារតី​ទេ គឺ​បាន​មក​ផ្តល់​មធ្យោបាយ​ដើម្បី​ជា​ស្ពាន​ឆ្លង​ទៅ​រក​សង្គ្រោះ​ជាតិ​ផង​»។ 
 ក្រៅ​ពី​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ពិធី​នេះ​ក៏​មាន​​ការ​ថ្លែង​សុន្ទរកថាអំណរគុណ និង​សូត្រ​កំណាព្យ​ផង​ដែរ។ តទៅនេះ​គឺ​ការ​​ដក​ស្រង់​ពី​កំណាព្យ​របស់​លោក អ៊ុក ស៊ីផា ដែល​ជា​អ្នក​ចូលរួម​ម្នាក់។ 
 «ខ្មែរ​មិន​យក​ខ្មែរ​ជា​សត្រូវ ទាំង​ក្នុង​ទាំង​ក្រៅ​រួម​សាមគ្គី  វិញធ្លុង​តែ​មួយ​មិន​មែន​ពីរ នោះ​គឺ​សាមគ្គី​ឥត​បែក​បាក់។ 
 ខ្មែរ​ក្រោម​ខ្មែរ​លើ​ខ្មែរ​កណ្តាល នាំ​គ្នា​ជ្រួល​ច្រាល​ខំធ្វើ​បុណ្យ ញាប់​ដៃ​ញាប់​ជើង​ មិន​ទម្រន់​មាន​ឈ្មោះ​ថា​បុណ្យ​ផ្កាសាមគ្គី។
 ខ្មែរ​រួម​សាមគ្គី​ទើប​ខ្មែរ​រស់ ​ដើម្បី​រំដោះ​រដ្ឋ​កម្ពុជា គឺ​ពួកសត្រូវ​ដែល​ជាមា កំពុង​ប្រហារ​ជីវិត​ខ្មែរ។ 
 នៅ​ទីបញ្ចប់​សូម​ជូន​ពរ សុខភាព​បវរ​ល្អប្រពៃ ដល់ប​ង​ប្អូន​ខ្មែរ​ទាំង​ប្រុសស្រី ប្រាថ្នា​អ្វីៗ​បាន​សម្រេច»។
 ថវិកាដែល​ប្រមូលបាន​នៅ​កន្លែង​បុណ្យនេះ​មាន​ចំនួន​ ៣.០០០​ ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ថវិកា​នៃ​មូលនិធិ​សង្គ្រោះ​ជាតិ​រហូត​មក​ដល់​ពេល​នេះ​​ប្រមូលបាន​សរុប​​ ប្រហែល​២សែន​ដុល្លារសហរដ្ឋ​អាមេរិក។ ​​អ្នក​រៀប​ចំកម្មវិធី​បុណ្យ​សង្ឃឹម​ថា ការ​ប្រមូល​មូល​និធិ​សង្គ្រោះ​ជាតិ​មិន​ចប់ត្រឹម​ពិធីបុណ្យសាមគ្គី​ សង្គ្រោះជាតិ​​នេះទេ។

No comments: