Thursday, March 28, 2013

​ប្រធាន​គណបក្សប្រឆាំង​៖​ សហគមន៍​អន្តរជាតិ​ត្រូវ​ជួយ​កម្ពុជា បោះឆ្នោត​ឲ្យបាន​ត្រឹមត្រូវ​

ថ្ងៃច័ន្ទ ទី25 មីនា ឆ្នាំ2013 ម៉ោង16:24
ដោយ សេង មូលី​នី និង ​នួន បូរិន​
VOD
​លោក​ សម​ រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ត្រូវ​ជួយ​ប្រទេស​កម្ពុជា​ឲ្យ​​រៀបចំ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា​ ឆ្នាំ​២០១៣ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​​លក្ខណៈ​​ប្រជា​ធិប​តេយ្យ និង​​តម្លា​ភាព។​
​​តាម​សេចក្ដី​ថ្លែង​ការ​​របស់ លោក សម រង្ស៊ី ដែល​មាន​ចំណងជើង​​​ថា សហគមន៍​អន្តរជាតិ​មិន​ត្រូវ​ទទួលស្គាល់​រដ្ឋាភិ​បាល មិន​​ស្របច្បាប់ ប៉ុន្តែ​បាន​ទទូច​ឲ្យ​ជួយរៀបចំ​ការបោះឆ្នោត ប្រព្រឹត្តទៅ​ដោយ​លក្ខណៈ​​​ប្រជា​ធិប​តេយ្យ។ លោក​​​បាន​​​ថ្លែង​​ថា ការ​រក​​ឃើញ​​របស់​អង្គការ​​ឃ្លាំ​​មើល​ការ​បោះ​ឆ្នោត របស់​អាមេរិក NDI ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៨ ខែ​​កក្កដា  ឆ្នាំ​២០១៣ នឹង​មិន​ប្រព្រឹត្ត​​ទៅ​​ដោយ​តម្លាភាព ប្រជាធិបតេយ្យអ្វី​ឡើយ។ លោក​បាន​បញ្ជាក់ថា ការ​រក​ឃើញ​របស់វិទ្យា​សា្ថន​ជាតិ​ប្រជាធិតេយ្យ NDI  បង្ហាញ​​​នូវ​​​ភាព​មិន​ប្រក្រតី​​នូវ​បញ្ជី​​បច្ចុប្បន្ន​ភាព ឈ្មោះ​​និង​​តួលេខ​​អ្នក​បោះឆ្នោត គឺជា​ផ្នែក​មួយ​ដែល ស្ថាប័ន រៀបចំ​ការ​បោះ​ឆ្នោត​​នៅ​​កម្ពុជា គ.ជ.ប កំពុង​​រៀប​ចំ​ឲ្យ​​គណបក្ស​​កាន់អំណាច ឈ្នះឆ្នោត តាមរយៈ​សន្លឹកឆ្នោត ដែល​ស្ថិត​ក្នុង​ស្ថានភាព មិន​ប្រក្រតី ។

វិទ្យា​សា្ថន​ជាតិ​ប្រជាធិតេយ្យ NDI កាលពី​សប្ដាហ៍​មុន បាន​ផ្សព្វ​ផ្សាយ​​របាយ​ការណ៍​​​សង្ខេប​​​នៃ​​​សវន​កម្ម​​​បញ្ជី​​​ឈ្មោះ​​​ អ្នក​​​បោះ​ឆ្នោត ចុះ​​​ថ្ងៃ​​ទី​២១ ខែ​​​មីនា​​​នេះ ដោយ​​បាន​​រក​ឃើញ​​ថា ១០.៨% នៃ​អ្នកបោះឆ្នោត​​ដែល​​ជឿ​​ថា ខ្លួន​បាន​ចុះឈ្មោះ តែ​មិន​អាច​រក​ឃើញ​​​​នូវ​ឈ្មោះ​របស់​ខ្លួន​នៅក្នុង​បញ្ជី។ ជាមួយគ្នានេះ អ្នក​មាន​ឈ្មោះ​បោះឆ្នោត​មាន​​ត្រឹមតែ ៦៣.៦% ប៉ុណ្ណោះ​ដែល​រស់នៅ​ទី​កន្លែង​ពួកគេ​បាន​ចុះឈ្មោះ ខណៈ​១៧.៩% នៃ​អ្នក​ឆ្លើយតប​រកឃើញ ប៉ុន្តែ​ភាគច្រើន​រស់នៅ​កន្លែង​ផ្សេង និង​ ១០.៤%​គឺ មិន​អាច​រកឃើញ​។​
​ស្តាប់សំឡេង៖  click here
លោក​សម ​រង្ស៊ី ​បាន​ដាក់​ជា​ចំណោទ​ថា ប្រសិន​គិត​តាម​តួលេខ​នេះ គឺ​គណបក្សប្រជាជន​កម្ពុជា អាច​នឹង​បាន​សំឡេង ៦៣%  ដែល​តួ​លេខ​​នេះ គឺ ២០% ជា​លេខ​មិន​ប្រក្រតី ហើយការពិត​គណបក្ស​ប្រជាជន​អាច​បាន​តែ ៤៣%​ប៉ុណ្ណោះ ខណៈ​គណបក្ស​សង្គ្រោះ​​ជាតិ ​អាច​ដណ្ដើម​បាន​​សំឡេង ៥១% ។
​ឆ្លើយតប​នឹង​ការ​ចោទ​ខាង​លើ​របស់​ លោក​ សម ​រង្ស៊ី លោក​ ទេព​ នីថា អ្នកនាំពាក្យ​គណៈ​កម្មាធិការជាតិ​​​រៀបចំ​ការបោះឆ្នោត ​គ.ជ.ប បាន​ហៅ​​លោ​ក សម ​រង្ស៊ី ថា​ជា​អ្នកនយោបាយ​ចាំតែ​ប្រឆាំង ហើយ​ថា​ការ​ចោទ​នេះ​​មិន​មាន​មូលដ្ឋាន ជាក់​លាក់​អ្វី​ឡើយ​ ៖ "ការ​ពិត​ទៅ​មិន​មែន​ទើប​តែលើក​ហ្នឹង​ទេ វា​ច្រើន​ដង​ហើយ​ ហើយ​គាត់​និយាយ​តែ​អញ្ចឹង ទោះបី​ NDI មិន​ចេញរបាយ​ការណ៍ ក៏​គាត់​ថា​អញ្ចឹង​ដែរ អញ្ចឹង​ទេខ្ញុំ​គិត​ថា​ នេះ​ជា​​​រឿង​អ្នក​នយោ​បាយ​ទេ ហើយ​ គ.ជ.ប គ្រាន់​តែ​ជា​ស្ថាប័ន​មួយ​ ដែល​ត្រូវ​បង្កើត​ឡើង ហើយ​អនុវត្ត​ទៅ​តាម​ច្បាប់​តែ​ប៉ុណ្ណឹង​"។
​ប៉ុន្តែ លោក​ គល់ ​បញ្ញា នាយក​ប្រតិបត្តិ​​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត នៅ​កម្ពុជា​ ​ហៅ​ថា Comfrel ក៏បាន​ចោទ​ គ.ជ.ប ​ថា​ជា ស្ថាប័ន​​​ដែល​ចេះ​តែ​ធ្វើការ​ជាមួយ​គណបក្សកាន់អំណាច​ ៖ "សមាភាព គ.ជ.ប កន្លង​មកហ្នឹង​វា​អត់​តម្លា​ភាព​ គេ​អត់​ទាន់​បាន គណបក្ស​​នានាគេ​អត់​បាន​មក​មើល​ការ​ជ្រើស​រើស​ហ្នឹង ថា​តើ​គេ​ទុក​ចិត្ត​អត់​សមត្ថ​ភាព​​កន្លង​មក​នេះ គឺ​ថា​ការ​ធ្វើ​ហ្នឹង​ដោយ​ស្ងាត់​ៗ អញ្ចឹង​ទៅ ដល់​ពេល​ចូល​ទៅ​​សភា​អនុ​ម័ត ហើយ​អញ្ចឹង​គណបក្ស​​​ដែល​មិន​មែន​ជា​គណបក្ស​ប្រជា​ជន​ហ្នឹង ដែល​ជា​គណបក្ស​ដែល​មក​​ប្រ​កួត​ប្រ​ជែង​ហ្នឹង គេ​តែង​តែបង្ហាញ​ពី​ការ​មិន​ទុកទៅ​លើ​ការ​ងារ​របស់​ គ.ជ.ប ហ្នឹង គណបក្ស​សម​រង្ស៊ី យើង​បាន​ជួប​គណបក្ស​ជា​ច្រើន​ គាត់​តែង​តែ​លើកពី​បញ្ហា​ហ្នឹង ដោយ​សារ​តែ​​ការ​ជ្រើស​រើស វា​អត់​តម្លា​ភាព​​"។​
​បើ​ទោះជា​យ៉ាងនេះ​ក្ដី លោក​ ទេព ​នីថា អះអាងថា គ.ជ.ប​ នឹង​​ខិតខំ​រៀប​ចំ​​ការ​បោះ​ឆ្នោត​ឲ្យ​ប្រព្រឹត្តិ​​ទៅ​​មាន​​តម្លា​ភាព និង​ប្រជា​ធិប​តេយ្យ គឺ​​ប្រយោជន៍​​ដើម្បី​​ឲ្យ​​សហគមន៍​អន្ត​រ​ជាតិ​ និង​គណបក្ស​នយោបាយ​​ទាំង​អស់ ​ទទួល​ស្គាល់​​លទ្ធ​ផល​​ចេញ​ការ​បោះ​ឆ្នោត​​ថ្ងៃ​​ទី​​២៨​ ខែ​កក្កដា​ ​ឆ្នាំ​​២០១៣​ ​ខាង​មុខ​នេះ​៕

No comments: