លោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិបាននិយាយថា លោកមានជំនឿថាលោកសម រង្ស៊ីអាចនឹងមានការសម្របសម្រួលផ្នែកនយោបាយដើម្បីឲ្យលោកបាន ចូលរួមការបោះឆ្នោត ។
ហេង រស្មី
VOA
ភ្នំពេញ៖ បញ្ហាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោកសម
រង្ស៊ីដើម្បីចូលរួមការបោះឆ្នោតដែលគ្រោងធ្វើនៅក្នុងថ្ងៃទិ២៨
ខែកក្កដា
ខាងមុខនេះនៅតែឧបសគ្គសម្រាប់គណបក្សសង្គ្រោះជាតិនៅឡើយបន្ទាប់ពី
មេដឹកនាំរបស់ខ្លួនត្រូវបានតុលាការកាត់ឲ្យជាប់ទោស។
កាលពីថ្ងៃពុធសប្តាហ៍នេះពីប្រទេសសឹង្ហបុរី
គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយអំពីសេចក្តីសម្រេច
របស់អង្គប្រជុំរបស់គណបក្សបានសម្រេចតែងតាំងលោក សម រង្ស៊ី
ប្រធានគណបក្សជាបេក្ខភាពនាយករដ្ឋមន្ត្រី ចំណែកលោកកឹម
សុខាជាបេក្ខភាពប្រធានរដ្ឋសភាប្រសិនបើគណបក្សនេះឈ្នះឆ្នោត។
ការសម្រេចតែងតាំងបេក្ខភាពថ្នាក់ដឹកនាំជាន់ខ្ពស់នេះ
គណបក្សសង្គ្រោះជាតិនឹងស្នើសុំសំឡេងគាំទ្រពីអង្គសមាជលើកដំបូង
របស់ខ្លួនដែលគ្រោងធ្វើនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ខាងមុខនេះ។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាពឯករាជ្យបាននិយាយថា
តាមច្បាប់រដ្ឋធម្មនុញ្ញអ្នកតំណាងរាស្ត្រទើបអាចតែងតាំងជាបេក្ខភាព
នាយករដ្ឋមន្ត្រីបាន។ លោកមានប្រសាសន៍ថា លោកសម
រង្ស៊ីស្ថិតក្នុងភាពជាទណ្ឌិតនៅឡើយ។
ដូច្នេះលោកមិនអាចឈរឈ្មោះជាអ្នកតំណាងរាស្ត្របានទេ។
លោកបញ្ជាក់ថា នៅពេលដែលលោក សម រង្ស៊ី
មិនអាចឈរឈ្មោះជាអ្នកតំណាងរាស្ត្រ
លោកក៏មិនអាចឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីបានដែរ។
«សូម្បីគណបក្សគាត់ហ្នឹងឈ្នះឆ្នោតក៏ដោយ
តាមរដ្ឋធម្មនុញ្ញយើងមាត្រា១១៩
នាយករដ្ឋមន្ត្រីត្រូវតែជាតំណាងរាស្ត្រ។
ដូច្នេះគាត់អត់តំណាងរាស្ត្រមិនអាចតែងតាំងគាត់ជានាយករដ្ឋ
មន្ត្រីបានទេទោះបីជាមានការលើកលែងទោសភ្លាមៗក៏ដោយ»។
លោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកម្ពុជាកាត់ទោសឲ្យជាប់
ពន្ឋនាគាររយៈពេល១០ឆ្នាំពីបទដកបង្គោលព្រំដែនលេខ១៨៥នៅស្រុក
ចន្ទ្រា
ខេត្តស្វាយរៀងរវាងកម្ពុជានិងវៀតណាមនិងញុះញង់ឲ្យមានការរើសអើង
ជាតិសាសន៍ ព្រមទាំងក្លែងឯកសារសារធារណៈ។
លោក ទេព នីថា
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា
លោកសម រង្ស៊ី នៅតែមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបាន។
លោក ផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយថា
ការតែងតាំងលោកសម
រង្ស៊ីជាបេក្ខភាពនាយករដ្ឋមន្ត្រីគ្រាន់តែជាទិដ្ឋភាពនយោបាយរបស់
គណបក្សដើម្បីឲ្យមានអំណាចក្នុងការតថ្លៃតែប៉ុណ្ណោះ
ក៏ប៉ុន្តែបើតាមផ្លូវច្បាប់មិនមានការសមស្របទេ។
«ទី១រឿងតុលាការ គាត់មានកាតព្វកិច្ចតុលាការដែលត្រូវឆ្លើយតប។ ទី២គាត់ត្រូវឆ្លើយតបនឹងលក្ខខណ្ឌរបស់គជប»។
លោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិបាននិយាយថា
លោកមានជំនឿថាលោកសម
រង្ស៊ីអាចនឹងមានការសម្របសម្រួលផ្នែកនយោបាយដើម្បីឲ្យលោកបាន
ចូលរួមការបោះឆ្នោត។
«ស្ថានភាពនេះចៀសមិនរួចទេពីព្រោះភាពតានតឹងមុនបោះឆ្នោតនេះកាន់តែ
តឹងទៅៗ។
ឃើញសន្ទុះនៃគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិរត់ទន្ទឹមគ្នា
ហើយ។
ដូច្នេះហើយវានឹងឈានទៅដល់ចំណុចមួយនៃការសម្របសម្រួលនយោបាយមួយ
ចៀសមិនរួច»។
សហរដ្ឋអាមេរិកនិងប្រទេសបារាំងបានដាក់ការកាបសង្កត់ឲ្យរដ្ឋាភិបាល
កម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលគ្រប់គ្រងប្រទេសអស់រយៈពេលជាង៣០ឆ្នាំធ្វើការកែទម្រង់លើការ
គោរពសិទ្ឋិមនុស្សដោយដោះលែងសកម្មជនដីធ្លី។ លោកម៉ម សូណង់ដូ
ប្រធានស្ថានីយវិទ្យុសម្បុកឃ្មុំនិងបើកផ្លូវឲ្យលោកសម រង្ស៊ី
មេដឹកនាំគណបក្សសង្ក្រោះជាតិបានចូលរួមបោះឆ្នោត
ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌
និងអាចទទួលយកបានពីគ្រប់ភាគីចូលរួមទាំងអស់៕
No comments:
Post a Comment