Friday, April 19, 2013

តុលាការ​បដិសេធ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ថា​ជា​រឿង​នយោបាយ

2013-04-18
RFA
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ត្រូវ​ក្រុម​គ្រួសារ​ខាង​ភរិយា​របស់​ខ្លួន ចោទ​ថា បង្ក​របួស​ស្នាម​ក្នុង​គ្រួសារ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ចាប់​បញ្ជូន​ជន​សង្ស័យ​រូប​នោះ ទៅ​កាន់​តុលាការ​ខេត្ត​កំពង់ធំ។ ប៉ុន្តែ ភរិយា​ជន​សង្ស័យ និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ថា ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​នោះ​ជា​រឿង​នយោបាយ។
មន្ត្រី​តុលាការ​ខេត្ត​កំពង់ធំ បាន​ច្រាន​ចោល​នូវ​ពាក្យ​ចោទ​ថា​ជា​រឿង​នយោបាយ បន្ទាប់​ពី​ជន​សង្ស័យ​ឈ្មោះ ឆែ ចែង ត្រូវ​បាន​ចាប់​ខ្លួន និង​រង​នូវ​បទ​ចោទ​ថា​បាន​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​ប្រកាន់​គណបក្ស​នយោបាយ​ខុស​គ្នា។
ព្រះរាជ​អាជ្ញា​ខេត្ត​កំពង់ធំ លោក ប៉ែន សារ៉ាត់ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​មេសា ថា តុលាការ​នេះ​មិន​បាន​គិត​ថា​ជន​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ ប្រកាន់​និន្នាការ​គណបក្ស​ណា​ទេ។ ជន​ណា​ក៏ដោយ ឲ្យ​តែ​បង្ក​ហេតុ​នាំ​ឲ្យ​អ្នក​ដទៃ​មាន​របួស​ស្នាម ត្រូវ​ទទួល​ទោស មិន​ពាក់ព័ន្ធ​គណបក្ស​នយោបាយ​ណា​ឡើយ៖ «វា​គ្មាន​រឿង​នយោបាយ​ទេ ជា​រឿង​គ្រួសារ​របស់​គាត់។ វា​ទៅ​ជា​ចោទ​ប្រកាន់​ថា​រឿង​នយោបាយ វា​អត់​ត្រូវ។ ជន​សង្ស័យ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ពី​បទ​បង្ក​របួស​ដោយ​មាន​អាវុធ ចេតនា​មាន​អាវុធ គេ​នៅ​មើល និង​ស្រាវជ្រាវ​ត​ទៅ​ទៀត»
កាល​ពី​ថ្ងៃ​ទី១៤ មេសា លោក ឆែ ចែង ហៅ សិទ្ធិ ជា​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ឃុំ ដោយសារ​មាន​ទំនាស់​ជាមួយ​ឈ្មោះ ឃុត ហៃ ជា​បង​ថ្លៃ​រស់នៅ​ភូមិ​ជាមួយ​គ្នា។
លោកស្រី ឃុត ឃី ហៅ បញ្ញា អាយុ ១៨​ឆ្នាំ ជា​ភរិយា​លោក ឆែ ចែង ថ្លែង​ថា ក្រុម​គ្រួសារ​នាង​មាន​ធ្វើ​ជា​អាជ្ញាធរ​ភូមិ សុទ្ធ​តែ​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា។ ដោយ​ឡែក​រូប​គាត់ និង​ប្ដី បាន​មក​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ប្ដី​គាត់​ទទួល​តំណែង​ជា​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​ស្ទោង ទើប​បង​ប្អូន​គាត់​ចេះ​តែ​បង្ក​រឿង​ជាមួយ​មិន​ឈប់​ឈរ៖ «គេ ​មក​បង្ក​រឿង​ផ្ទះ​ខ្ញុំ​មុន។ ហើយ​ម៉ូតូ​អត់​ដួល​ទេ គេ​នាំ​គ្នា​ផ្ដួល​ម៉ូតូ ថា​ប្ដី​ខ្ញុំ​នេះ​ឯង​វាយ​ដល់​ម៉ូតូ ដួល​ម៉ូតូ​ទៀត ដែល​រឿង​កើត​ឡើង​នៅ​ផ្ទះ​ខ្ញុំ​នេះ មាន​តែ​ខ្ញុំ​ទេ ពីរ​នាក់​ប្ដី​ខ្ញុំ​ប៉ុណ្ណោះ​ឯង​នេះ អ្នក​ជិត​ខាង​អត់​មាន​នៅ​ជិត​ទេ ដល់​គេ​មក​ដល់ គេ​ចោទ​ប្ដី​ខ្ញុំ​ថា​កាប់​នឹង​កាំបិត»
លោកស្រី​រៀបរាប់​រឿង​ហេតុ​ដែល​នាំ​ឲ្យ​ប្ដី​គាត់​រង​នូវ​ការ​ចោទ​បង្ក​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​នោះ​ថា កាល​ពី​ថ្ងៃ​ទី១៤ ខែ​មេសា ម៉ោង​ប្រមាណ ៦​ល្ងាច បង​ប្រុស​ឈ្មោះ ឃុត ហៃ ផឹក​ស្រា​ស្រវឹង ចូល​មក​រក​រឿង​គាត់ និង​ប្ដី​ដល់​ផ្ទះ។ បង​ប្រុស ឃុត ហៃ បង្ក​ជម្លោះ​មុន ដោយ​យក​ដៃ​ឆ្កាង​នៅ​មាត់​ទ្វារ​ផ្ទះ ហើយ​បិទ​ផ្លូវ​មិន​ឲ្យ​ប្ដី​គាត់​ឈ្មោះ ឆែ ចែង ចេញ​ទៅ​ដាក់​បាយ​ឲ្យ​ឆ្កែ​បាន​ស្រួល​ទេ។ ប្ដី​គាត់​សុខ​ចិត្ត​ឱន​ក្រោម​ក្លៀក​បង​ថ្លៃ ទៅ​ដាក់​បាយ​ឲ្យ​ឆ្កែ។ ស្រាប់​តែ​បង​ឈ្មោះ ឃុត ហៃ ដាល់​ប្ដី​គាត់​មួយ​ដៃ ប្ដី​គាត់​បាន​យក​ឆ្នាំង​បាយ​នៅ​ដៃ​នោះ រង​ការពារ​ខ្លួន។ ស្រាប់​តែ​បង​ប្អូន​គាត់​ទាំងអស់ រត់​មក​ចោមរោម​វាយ​ប្ដី​គាត់​តែ​ម្តង។ ប្ដី​គាត់​ការពារ​ខ្លួន ព្រោះ​ក្រុម​ជន​បង្ក​ជម្លោះ​មាន​គ្នា​ច្រើន ហើយ​ពួក​គាត់​ជា​អាជ្ញាធរ​ភូមិ បាន​ដក​យក​ទូរស័ព្ទ​ដៃ​ដែល​ប្ដី​គាត់​បាន​ថត​រូប​អ្នក​បង្ក​ជម្លោះ​មក​លើ​ គាត់។ ក្រោយ​មក ម៉ោង​ជាង ៧​យប់ ប៉ូលិស​មក​ចាប់​ប្ដី​គាត់ ហើយ​បញ្ជូន​ទៅ​កំពង់ធំ ចោទ​ថា​ប្ដី​គាត់​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទៅ​វិញ។
លោកស្រី ឃុត ឃី៖ «ហើយ​មេ​ភូមិ​នេះ​ឯង រើ​ឥវ៉ាន់​ខ្ញុំ​ចោល​ទាំងអស់ រើ​អាប់ប្រី​ថត​ប្ដី​ខ្ញុំ រើ​កុំព្យូទ័រ រើ​ក្នុង​ផ្ទះ​ក្នុង​អី​ទាំងអស់។ គេ​រើ​រក​អាប់ប្រី​ថត ដែល​ប្ដី​ខ្ញុំ​ថត​ចាប់​បាន​កំហុស​គេ។ គាត់​ថត​បាន បង​ប្អូន​ខ្ញុំ​ព្រួត​វ៉ៃ​ខ្ញុំ​ទៀត គាត់​ថត​បាន​ទាំងអស់។ ដល់​គាត់​ថត​បាន អនុ​ភូមិ​នេះ​ឯង គេ​ថា​រក​អាប់ប្រី​ថត និង​ទូរស័ព្ទ​ខ្ញុំ។ គេ​ដក​របស់​ប្ដី​ខ្ញុំ​ហើយ គេ​ដក​របស់​ខ្ញុំ​ទៀត អត់​ឲ្យ​ខ្ញុំ​ទាក់ទង​ទៅ​ខាង​ណា​ទេ។ ដល់​ខ្ញុំ​ទាក់ទង​ទៅ​ខាង​ភ្នំពេញ គាត់​រក​រឿង​ខ្ញុំ គាត់​ថា​យប់​នេះ​អញ​ត្រូវ​ចាប់​អ្ងែង​ទាល់​តែ​បាន ព្រោះ​អ្ងែង​ទាក់ទង​ទៅ​ខាង​ភ្នំពេញ»
សមាជិក​ព្រឹទ្ធសភា​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន ថ្លែង​ដោយ​សង្កត់​ធ្ងន់​ថា ជន​សង្ស័យ​មិន​បាន​បង្ក​ជម្លោះ​មុន​ទេ គឺ​ការពារ​ខ្លួន​ប៉ុណ្ណោះ។ តែ​ដោយសារ​ក្រុម​គ្រួសារ​ខាង​ភរិយា ឆែ ចែង នោះ សុទ្ធ​តែ​ជា​គណបក្ស​ប្រជាជន​កម្ពុជា ទើប​គេ​មក​ចាប់​ឃុំ​ខ្លួន ហើយ​ចោទ​ថា​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទៅ​វិញ។ លោក​ថា ទង្វើ​នោះ​ទំនង​ជា​ច្រណែន ព្រោះ​ពួក​គេ​ចូល​រួម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា យូរ​ហើយ មិន​បាន​តំណែង ទើប​បង្ក​ជម្លោះ​ឲ្យ​កើត​ជា​រឿង​រហូត​ធ្វើ​ឲ្យ​មាន​កំហុស​ទៅ​ដល់​ជន​ដែល​ រងគ្រោះ បាន​ក្លាយ​ជា​អ្នក​ទោស​ទៅ​វិញ។
មេ​ឃុំ​សំព្រោច ស្តីទី លោក នួន សូត្រ ថ្លែង​ថា រឿង​ហេតុ​ដែល​គាត់​បាន​តាម​ដាន និង​សាកសួរ គឺ​ដូច​ភរិយា​ជន​សង្ស័យ​ឈ្មោះ ឆែ ចែង រៀបរាប់​នោះ​មែន។
លោកស្រី ឃុត ឃី ហៅ បញ្ញា ថ្លែង​ថា បាន​ជា​គាត់ និង​ប្ដី​ឈប់​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ វិញ ព្រោះ​ដី​ស្រែ​ចម្ការ​គាត់​ខិត​ខំ​កាប់​ឆ្ការ បែរ​ជា​មន្ត្រី​គណបក្ស​កាន់​អំណាច មក​ក្តោប​យក​ទាំងអស់៕

No comments: