Friday, April 26, 2013

សហគមន៍​មាន​ជម្លោះ​ដីធ្លី​បី​នៅ​ភ្នំពេញ ស្នើ​ឲ្យ​មន្ត្រី​អសមត្ថភាព​ចុះចេញ​ពី​តំណែង​

bkk-police-not-allow-to-pm-house-em-khemera-fb
ការ​ប៉ះទង្គិចគ្នារវាង​ប្រជា​សហ​គមន៍​ជម្លោះដីធ្លី​ និង​សមត្ថ​កិច្ច 
ប្រជា​សហគមន៍​ មាន​ជម្លោះ​ដីធ្លី​ចំនួន​បី នៅ​រាជធានី​ភ្នំពេញ​ ចេញមុខ​តវ៉ា នៅ​ថ្ងៃ​ចន្ទ​ជាថ្មី​​ម្តងទៀត ដោយ​ស្នើ​ឲ្យ​មន្ត្រី​​អសមត្ថ​ភាព​ដោះ​ស្រាយ​​​បញ្ហា​​​ជូន​​ប្រ​ជា​ពល​រដ្ឋ ​​ចុះ​​ចេញ​​ពី​​តំ​ណែង​ បន្ទាប់​​ពី​​ការ​​ដាក់​​ញត្តិ​​ទៅ​​​​ស្ថា​ប័ន​​ពាក់​ព័ន្ធ ​និង​​គណ​បក្ស​​ប្រ​ជា​ជន​​កម្ពុជា​ មិន​មាន​​​ចំ​ណាត់​​ការ​​​ណា​​មួយ​។​​​
​ស​ហ​គម​ន៍​​​ ទាំង​​នោះ​ រួម​​មាន​​ស​ហ​គម​ន៍​​​បឹង​កក់​ បុរី​​កីឡា​ និង​សហគមន៍​​​​ថ្មគោល មាន​គ្នា​ជិត​១០០​នាក់ បាន​ព្យាយាម​ដាក់​ញត្តិ​ជូន​ទៅ អ្នកតំណាង​គណបក្ស​ប្រជាជន​​កម្ពុជា នៅ​ស្នាក់ការ​កណ្ដា​ល​​គណបក្ស នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិន​​មាន​​អ្នក​តំណាង​​ណា​​ម្នាក់​​ចេញ​មក​ទទួល​ញត្តិ​ឡើយ​។ ក្រុមអ្នកតវ៉ា ស្នើ​ឲ្យ​មន្ត្រី​អសមត្ថភាព ចុះ​ចេញ​​ពី​​តំណែង ខណៈ​​ការ​បោះ​ឆ្នោត​​ថ្នាក់​​​​ជាតិ​​​ខិត​​​​ជិត​​​មក​​​ដល់ និង​​ខណៈ​​​ជម្លោះ​ដីធ្លី​របស់​គេ អូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ​។​
តំណាង​សហគមន៍​ បឹងកក់​អ្នកស្រី ទេព វ​ន្នី មានប្រសាសន៍ថា រាជ​រដ្ឋាភិបាល​​ក៏ដូច​ជា​​អាជ្ញាធរ​​​គ​ណ​បក្ស​កាន់​អំ​ណាច​ មិន​ដោះ​ស្រាយ​​​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ទេ ថែម​ទាំង​ឈ្លានពាន​យក​ដី​ប្រ​ជា​ពល​រដ្ឋ​ជួល​ឲ្យ​ក្រុម​ហ៊ុនទៀត​។ ​អ្នកស្រី​បន្ត​ថា ដោយសារ​អសមត្ថ​ភាព​​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ មន្ត្រី​គ​ណបក្ស​កាន់​អំណាច​​បាន​​ចោទ​ថា អ្នក​មាន​បញ្ហា​ដីធ្លី​នៅ​សហគមន៍​ទាំងនោះ​មាន​​និ​ន្នា​ការ​​​ទៅ​​​គណបក្ស​ ប្រឆាំង​ ៖ “​ពួក​ខ្ញុំ​រងគ្រោះ​ប្រហែល​ជា​ប្រាំពីរ​ឆ្នាំ​​ហើយ នៅ​តំបន់​បឹងកក់ មិនដែល​ឃើញ​គណបក្ស​ប្រជាជន គាត់​បំពេញ​ទៅ​តាម​តួនាទី និង​កាព្វកិច្ច​របស់​គាត់ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាល់តែសោះ ជា​ពិសេស​ទៀត អ្នក​​ដែល​ធ្វើអោយ​ពួក​ខ្ញុំ​រងទុក្ខ​វេទនា បណ្តេញ​ពួក​ខ្ញុំ​ចេញ​ដោយ​បង្ខំ​នោះ គឺជា​សមាជិក​ព្រឹទ្ធសភា របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើអោយ​ពួក​ខ្ញុំ​ក្លាយជា​អ្នកទោស ជា​បន្តបន្ទាប់ ដោយ​​អយុត្តិធម៌ មាន​ការប្រើ​អំពើហិង្សា រហូត​ដល់រ​លូត​កូន រហូតដល់​បែក​​ក្បាល ហើយ​ចោទប្រកាន់​ទៅ​ជា​គណបក្សប្រឆាំង ទៅ​ជា​ជ្រុលនិយម​អីអញ្ចឹង​ទៅ សូម្បី​តែ​ឯកឧត្តម កែប ជុតិមា ជា​សមាជិក​​មួយ​​​ក្នុង​គណបក្ស​ប្រជាជន​ផងដែរ ដែល​ជា​អភិបាលក្រុង គឺ​បន្សល់​នូវ​ទុក្ខសោក​វេទនា ដល់​ពួក​ខ្ញុំ​ច្រើន​មែនទែន ដែល​រាប់មិនអស់​ទេ​”​។​
​តំណាង​ពលរដ្ឋ​ មក​ពី​សហគមន៍​បុរី​កីឡា អ្នកស្រី ទឹម សាក់​មន្នី បាន​រិះគន់​ទៅ​មន្ត្រី​រាជរដ្ឋាភិបាល​មួយ​ចំនួន ដែល​មិន​មាន​សមត្ថ​ភាព​​ដោះ​ស្រាយ​​បញ្ហា​​ជូន​​ពួក​គេ ហើយ​អ្នកស្រី​ស្នើ​ឲ្យ​មន្ត្រី​អ​ស​មត្ថ​ភាព​ទាំងនោះ ចុះចេញ​ពី​តំណែង ៖ “ ​ជាមួយ​ក្រុមហ៊ុន​នោះ យូរ​​ឆ្នាំ​​ហើយ ជាង​ដប់​ឆ្នាំ​ង​ហើយ រហូត​ដល់​ក្រុមហ៊ុន​ឈូសឆាយ​កម្ទេច​អស់​ទៀត អញ្ចឹង​​សូមឲ្យ​គណបក្ស​ប្រជាជន និង​សូម​ឲ្យ​​រាជរដ្ឋាភិបាល​​ជួយ​ឲ្យ​​​ឆាប់ គឺ​ជួយ​ដាច់ខាត បើ​លោក​មិន​ជួយ​ដាច់ខាត​ទេ ទុក​ឲ្យ​គេ​អ្នកផ្សេង​ធ្វើទៅ ព្រោះ​គេ​អ្នក​ផ្សេង​មាន​សមត្ថ​ភាព សូម​អញ្ជើញ​ទុក​ឲ្យ​​អ្នក​ផ្សេង​ធ្វើ​”​។
​ ជាមួយគ្នានេះដែរ ពលរដ្ឋ​​តវ៉ា​ដីធ្លី​ភាគច្រើន​ជា​​ស្ត្រី បាន​ស្លៀកសំពត់​​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចែក​ឲ្យ​ដោយ​ស្រែកថា ពួក​គេ​​​មិន​​ត្រូវការ​សំពត់​ប៊ីចេង​ទេ គឺ​ត្រូវការ​តែ​ដី​និង​ផ្ទះ​។
​មន្ត្រី​ ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​លីកាដូ លោក អំ សំអាត ដែល​បាន​តាមដាន​ករណីនេះ មានប្រសាសន៍ថា បញ្ហា​នេះ​បាន​កើតឡើង​ច្រើន​​ឆ្នាំ​ហើយ ដោយ​រាជរដ្ឋាភិបាល​មិន​ព្រម​ដោះស្រាយ​ឲ្យបាន​ចប់ ហើយ​ការ​ទុក​បែប​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​មុខ​មាត់​ រាជ​រដ្ឋាភិបាល​ ៖ “​ខ្ញុំ​ គិតថា ដំណោះស្រាយ​នៃ​ការ​លាប​ពណ៌​​ទៅ​ជា​គណបក្សប្រឆាំង ហើយ​យើង​មិន​ព្រម​ដោះស្រាយ​បញ្ចប់​​​នោះ វា​មិនមែន​ដំណោះស្រាយ​ល្អ​ទេ ផ្ទុយទៅវិញ អ្វី​ទាំងអស់​នោះ​គឺ​ត្រូវ​ទទួលបាន​រិះគន់​​អំពី មតិ​​ជាតិ និង​អន្តរជាតិ​ទៅ​វិញ​​​ទេ ”​។​
​បន្ទាប់ពី​ដាក់ ​ញត្តិ​នៅមុខ​គណបក្ស​ប្រជាជនកម្ពុជា មិន​បាន​ទទួល​បាន​លទ្ធផល​អ្វី សហគមន៍​ទាំងបី​​នោះ​​ បាន​នាំគ្នា​ដើរ​សំដៅ​ទៅ​កាន់​គេហដ្ឋាន​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​​ នៅ​ម្ដុំ​វិមានឯករាជ្យ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​រារាំង​។​
​គោល​ដៅ​​នៃ​ ការដាក់​ញ្ញត្តិ​របស់​សហគមន៍​ជម្លោះ​ដីធ្លី​ទាំងបី​នៅ​ព្រឹក​នេះ ​គឺ​ទាមទារ​ឲ្យមាន​ការ​ទទួលខុស​ត្រួវ​ករណី ដែល​ពួក​គេ​រង​​ការបណ្ដេញចេញ ដោយ​មាន​សំណង​សមរម្យ និង​ការ​ដោះ​លែង​​សកម្មជន​ដីធ្លី​ អ្នកស្រី យ៉ោម បុប្ផា ដែល​កំពុង​ជាប់ពន្ធនាគារ​៕

No comments: