Tuesday, April 9, 2013

គណបក្សសង្គ្រោះជាតិជ្រើសរើសលោកស ម រង្ស៊ីជាប្រធាននិងសំឡឹងទៅការដឹកនាំប្រទេស

08.04.2013
ដោយ គង់ សុឋានរិទ្ធ
VOA Khmer 

ភ្នំពេញ៖ ថ្លែងទៅកាន់អ្នកចូលរួមមកពីគ្រប់ទិសទីប្រមាណជាមួយម៉ឺននាក់ ដែលអង្គុយនៅកណ្តាល ដីវាលមួយដ៏ធំក្រោមសំពត់តង់ មេដឹកនាំគណបក្សសង្គ្រោះជាតិបានសន្យាកាលពីថ្ងៃអាទិត្យ កន្លងមកនេះថានឹងកែប្រែការដឹកនាំប្រទេស នៅពេលដែលខ្លួនជាប់ឆ្នោតក្នុងការបោះឆ្នោតខាងមុខ នេះ។
លោក សម រង្ស៊ី ដែលកំពុងស្ថិតក្នុងការនិរទេសខ្លួន​  ដោយសារការផ្តន្ទាទោសដោយតុលាការ ខ្មែរត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិនេះ។
លោកបានថ្លែងតាមរយៈប្រព័ន្ធស្កាយប៍ (Skype) ក្នុងឱកាសសមាជលើកដំបូងនៃគណបក្សជំទាស់ របស់លោកថាលោកនឹង«បម្រើ និងការពារប្រទេសជាតិ ចាប់ពី ឆ្នាំ២០១៣នេះតទៅ» ដែលលោក រំពឹងថាគណបក្សលោកនឹងឈ្នះឆ្នោតនោះ។
លោក សម រង្ស៊ី បានអះអាងថាលោកនឹងចាប់ដៃជាមួយលោក កឹម សុខា ឱ្យបានកាន់តែខ្លាំងក្លា ថែមទៀត។
«ខ្ញុំនឹងសហការជាមួយឯកឧត្តម កឹម សុខា ដូចបងប្អូនបង្កើត ដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិ ឆ្ពោះទៅរកជោគជ័យទៅដឹកនាំរដ្ឋាភិបាលនៅឆ្នាំ២០១៣នេះ។ សូមឲ្យបងប្អូន ដែលធ្លាប់បោះឲ្យ សញ្ញាភ្លើងទៀន បែរទៅរកពន្លឺព្រះអាទិត្យ ដែលធ្លាប់រកសញ្ញាព្រះច័ន្ទពេញបូរមី ក៏សូមបែរទៅរក ពន្លឺ​ព្រះអាទិត្យទាំងអស់គ្នា»។ គណបក្សសង្គ្រោះជាតិ​បានច្របាច់បញ្ចូលគ្នា ដោយគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។

ក្នុងសមាជដែលស្ថិតនៅជាប់ក្បែរផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ ជាយក្រុងភ្នំពេញ ក្រុមប្រជាពលរដ្ឋដែលមកពីបណ្តាខេត្ត ក្រុងក្នុងប្រទេសកម្ពុជាបានអង្គុយ សម្លឹងកញ្ចក់ទូរទស្សន៍ ដែកភ្ជាប់រូបភាពលោក សម រង្ស៊ី ពីក្រៅប្រទេស។ ខ្លះឈរនៅខាងក្រៅដំបូលតង់ដោយសារតែ គ្មានកន្លែងអង្គុយ។
សមាជបានជ្រើសតាំងលោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្សឲ្យ ធ្វើជាអនុប្រធាន គណបក្សសង្គ្រោះជាតិនិងបានបោះឆ្នោតជ្រើសតាំងគណៈគ្រប់គ្រងថ្មីទាំងមូល។
លោកកឹម សុខា ក៏អះអាងដែរថាគណបក្សរបស់លោក នឹងផ្តល់នូវភាពស្មើភាពគ្នាក្នុងសង្គម «ខ្ញុំសូមសន្យាជាមួយបងប្អូនជនរួមជាតិថា យើងនឹងដឹកនាំប្រជាពលរដ្ឋខ្មែរឆ្ពោះទៅរកប្រជាធិប តេយ្យមួយពិតប្រាកដ ដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋទាំងអស់ទទួលបានសិទ្ធិស្មើគ្នាខាងនយោ​បាយ ស្មើគ្នាខាងសេដ្ឋកិច្ចនិងសង្គមកិច្ច»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ​ នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣នេះ។ គណបក្សថ្មីនេះនឹងក្លាយជាគណបក្សប្រឆាំង ដែលមានសក្កានុពល ក្នុងការប្រកួតប្រជែងជាមួយ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចអស់រយៈពេល ជាង៣០ឆ្នាំមកហើយ។ 
គេឃើញមានសែរាជវង្សពីរអង្គ បានចូលរួមក្នុងគណបក្សសង្គ្រោះជាតិនេះ។ ក្នុងនោះមានព្រះ អង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលជាអតីតលេខាផ្ទាល់របស់អតីតព្រះមហាក្សត្រសម្តេចឪនរោត្តម សីហនុផងដែរ។ 
ព្រះអង្គម្ចាស់ធម្មិកោមានបន្ទូលថាការយាងចូលនយោបាយ នៅពេលនេះដោយព្រះអង្គ ចង់ជួយ រកយុត្តិធម៌ជូនសង្គមខ្មែរ។
«ពីព្រោះមានភាពអយុត្តិធម៌ច្រើនពេក​ ក្នុងសង្គមខ្មែរសព្វថ្ងៃហ្នឹង ហើយបើសិនជារាជវង្ស មិន​ប្រឈមមុខដើម្បីរកសេចក្តីសុខ​​ និងសេចក្តីយុត្តិធម៌ជូនប្រជារាស្ដ្រគឺយើងអត់ត្រូវការសេ្តចទេ​នៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ»។
ក៏ប៉ុន្តែលោក ញ៉ឹក ប៊ុនឆៃ ប្រធានប្រតិបត្តិនៃគណបក្សហ្វ៊ុនស៊ីនប៉ិចដែលត្រូវអះអាងថាគណបក្ស រាជានិយមបានរិះគន់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោថាបានចូលរួម ជាមួយគណបក្សសង្គ្រោះជាតិ ដោយសារតែព្រះអង្គខកព្រះទ័យមិនបានធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ីនប៉ិច។
ក៏ប៉ុន្តែព្រះអង្គម្ចាស់ធម្មិកោ មានបន្ទូលថាការណ៍នេះ ​ដោយសារតែស្ថានភាព ប្រទេសជាតិត្រូវការ រាជវង្សសម្រាប់ជួយស្តារសង្គមជាតិឡើងវិញ

No comments: