Monday, April 8, 2013

ព្រះអង្គម្ចាស់ ធម្មិកោ ចូល​រួម​គណបក្ស​សង្គ្រោះ​ជាតិ

ព្រះអង្គុម្ចាស់ ​ស៊ីសុវត្ថិ ​ធម្មិកោ © លាងដឺលុច
អតីត​ទីប្រឹក្សាផ្ទាល់​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​ចូល​រួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ​ជា​ផ្លូវ​ការ​ហើយ នៅ​ថ្ងៃ​ទី​៧ មេសា ឆ្នាំ​២០១៣។
2013-04-07
ដោយ ទីន ហ្សាការីយ៉ា
RFA
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​បង្ហាញ​ព្រះភ័ក្ត្រ​នៅ​ក្នុង​សមាជក​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​១ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង ១​ម៉ឺន​នាក់។
ព្រះអង្គ​មាន​ព្រះបន្ទូល​ថា មូលហេតុ​សំខាន់​ដែល​ព្រះអង្គ​មក​ធ្វើ​នយោបាយ​នៅ​គណបក្ស​សង្រ្គោះ​ជាតិ​នេះ ដោយសារ​តែ​ព្រះអង្គ​គ្មាន​ជម្រើស​ទៅ​គណបក្ស​បក្ស​ផ្សេង ព្រះអង្គ​ឃើញ​ភាព​អយុត្តិធម៌​បាន​កើត​មាន​ច្រើន​នៅ​ក្នុង​សង្គម​សព្វថ្ងៃ ដូចជា​ភាព​​អយុត្តិធម៌​នៅ​ប្រព័ន្ធ​តុលាការ បញ្ហា​រំលោភ​ដីធ្លី និង​បញ្ហា​ផ្សេងៗ​ទៀត។ ព្រះអង្គ​បញ្ជាក់​ថា ព្រះអង្គ​ចង់​ដោះស្រាយ​ភាព​អយុត្តិធម៌​ជួន​ប្រជាពលរដ្ឋ។
នៅ​ពេល​អ្នក​យក​សារព័ត៌មាន​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មិន​ចូល​រួម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ជា​ស្នាព្រះហស្ដ​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ បែរ​មក​ចូល​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្រ្គោ​ជាតិ​វិញ?
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ឆ្លើយ​ថា គណបក្ស​រាជា​និយម​នោះ​មិន​មែន​មាន​តែ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នោះ​ទេ គឺ​គណបក្ស​ណា​ក៏​ជា​គណបក្ស​រាជា​និយម​ដែរ ហើយ​ការ​ចូល​ធ្វើ​នយោបាយ​នៅ​គណបក្ស​សង្រ្គោះ​ជាតិ​នេះ ដោយសារ​គណបក្ស​សង្រ្គោះ​ជាតិ​ព្រម​ទទួល​យក​សំណើ​របស់​ព្រះអង្គ ក្នុង​ការ​ទទួល​យក​គោលនយោបាយ​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ។
ការ​យាង​ចូល​ធ្វើ​នយោបាយ​នៅ​គណបក្ស​សង្រ្គោះ​ជាតិ​របស់​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ គឺ​​សែ​រាជវង្សានុវង្ស​ទី​១​ហើយ បន្ទាប់​ពី​កាល​ពី​ពេល​ថ្មីៗ​នេះ សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា សម្តេច​ក្រុមព្រះ នរោត្តម រាណឫទ្ធិ មាន​បំណង​ចង់​ចូល​ធ្វើ​នយោបាយ​នៅ​គណបក្ស​សង្រ្គោះ​ជាតិ​ដែរ តែ​ក្រោយ​មក​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​របស់​ព្រះអង្គ​បាន​បដិសេធ​វិញ។
ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​សែ​រាជវង្សានុវង្ស​បាន​យាង​ចូល​ក្នុង​ឆាក​ នយោបាយ​នៅ​គណបក្ស​ប្រឆាំង​នេះ ហើយ​គេ​រំពឹង​ថា កម្លាំង​គាំទ្រ​នឹង​មាន​សន្ទុះ​កើន​ឡើង​ថែម​ទៀត៕

No comments: