Wednesday, August 7, 2013

ត្រី​ទឹម៣​ ​សម រង្ស៊ី​កំពុង​ព័ទ្ធ​ចាប់​«ខុន-ស្តេច​អង្គ»​របស់​ហ៊ុន​សែន

 លោក សម រង្ស៊ី ប្រធានគណ​បក្ស​សង្គ្រោះ​ជាតិ​ និង លោក​ ហ៊ុន សែន អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។ រូប​ថត ផា លីណា​ និង ហុង មិនា
Tuesday, 06 August 2013
ហ៊ីង សុខសាន្ត
The Phnom Penh Post

ជា ធម្មតា​ក្នុង​ការ​លេង​អុក​គូ​ប្រកួត​តែង​តែ​ដាក់​ខ​សន្យា​នឹង​គ្នា​មុន​ពេល​ ប្រកួត ដូចជា កាន់​កូន​ណា ដើរ​កូន​ហ្នឹង និង​មិន​ឲ្យ​មាន​អ្នក​ផ្សេង​ឲ្យ​យោបល់។ល។ ប៉ុន្តែ​សម្រាប់​គូ​ប្រកួត​អុក​មួយ​ក្តារ​ចុង​ក្រោយ រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី គឺ​មិន​បាន​ដាក់​ខ​សន្យា ដូច​ខាង​លើ​នោះ​ទេ នេះ​ក៏​ព្រោះ​តែ​លោក ហ៊ុន សែន ជា​អ្នក​លេង​អុក​ជើង​ចាស់​ម្នាក់ ហើយ​ចាត់​ទុក​លោក សម រង្ស៊ី គ្រាន់​តែ​ជា​ដៃ​គូ​ជើង​ទន់ៗ​ម្នាក់។
ដោយ​សារ​មោទនភាព​នេះ​ហើយ​ទើប​លោក ហ៊ុន សែន ភ្លេច​គិត​ថា លោក សម រង្ស៊ី ដែល​ជា​អ្នក​លេង​អុក​ខ្សោយ​ទាំង​ក្រឡា​ដើរ និង​ខ្សោយ​ទាំង​ដេញ​សម្លាប់ «ចាប់​ស្តេច អង្គ» ពី​ពេល​មុន​នោះ​បាន​សិក្សា​ពី​ចំណុច​ខ្សោយ​ទាំង​នេះ និង​ភាព​បរាជ័យ​នា​ពេល​កន្លង​មក​របស់​ខ្លួន។ លើស​ពី​នេះ​លោក សម រង្ស៊ី នៅ​មាន​ដៃ​គូ​ម្នាក់​ទៀត ដែល​មាន​សមត្ថភាព​ប្រកួត​ជាមួយ​លោក ហ៊ុន សែន ដែរ​នោះ គឺ​លោក កឹម សុខា​។ អ្នក​ទាំង​ពីរ (លោក សម រង្ស៊ី និង​លោក កឹម សុខា) បាន​សហការ​គ្នា​ដាក់​ផុក ដើម្បី​លេង​អុក​មួយ​ក្តារ​ចុង​ក្រោយ​នេះ ជាមួយ​លោក ហ៊ុន សែន យក​ឈ្នះ​ចាញ់​តែ​ម្តង​។
ការ​សហការ​គ្នា​យ៉ាង​ល្អ​នេះ ទើប​ធ្វើ​ឲ្យ​ក្រឡា​អុក​របស់​លោក សម រង្ស៊ី ឡើង​កូន​អុក​នីមួយៗ​មាន​ប្រសិទ្ធភាព ក្នុង​ការ​វាយ​បំបែក​ក្រឡា​អុក​ដ៏​រឹង​មាំ របស់​លោក ហ៊ុន សែន នេះ​ដោយ​សារ​ការ​វាយ​ស្ថានការណ៍​ខុស ព្រោះ​លោក ហ៊ុន សែន ចាត់​ទុក​ការ​សហការ​គ្នា​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​រួម​គ្នា​ប្រកួត​ជាមួយ​គាត់ គ្រាន់​តែ​ជា​ព្យុះ​ក្នុង​ក្អម ឬ​ឆ្កែ​ពីរ​ស៊ី​បាយ​ចាន​តែ​មួយ​។ ផ្ទុយ​ទៅ​វិញ ការ​សហការ​គ្នា​បាន​យ៉ាង​ល្អ និង​មាន​ភាព​រឹង​មាំ ហើយ​ក្លាយ​ទៅ​ជា​ព្យុះ​ក្រៅ​ក្អម​បាន​បោក​បក់​កូន​អុក​របស់​លោក ហ៊ុន សែន បែក​ខ្ញែក​នាំ​ឲ្យ​លោក សម រង្ស៊ី​មាន​ឱកាស​ឡើង​បក​ត្រី​បាន ៣ ហើយ​ត្រី​នោះ​ជា​ត្រី​ទឹម​ទៀត​ផង។
អ្វី​ទៅ​ដែល​ហៅ​ថា ត្រី​ទឹម​? វា​មាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ​? ក្នុង​ល្បែង​អុក គូ​ប្រកួត​មាន​ពីរ​នាក់ ហើយ​មាន​កូន​អុក​ម្នាក់ៗ​ចំនួន ១៦ ក្នុង​ចំណោម​កូន​អុក ១៦ មាន​កូន​អុក ៨ ដែល​គេ​តម្រៀប​នៅ​ជួរ​មុខ និង​មាន ឈ្មោះ​ហៅ​ថា «ត្រី ឬ​ត្រី​កូន​អុក​»។ នៅ​ពេល​កូន​ត្រី​នេះ បាន​ដើរ​ទៅ​ដល់​ក្រឡា ដាក់​កូន​ត្រី​ម្ខាង​ទៀត របស់​គូ​ប្រកួត កូន​ត្រី​នោះ​នឹង​បក​។ ពេល​បក​ហើយ កូន​ត្រី​នោះ​មាន​ភាព​ពិសេស​នៅ​ត្រង់​ថា វា​អាច​ដើរ​ខ្វែង​ក្រឡា​បាន​ទាំង​បួន​ទិស ដែល​ខុស​ពី​មុន​គឺ​អាច​ដើរ​បាន​តែ​ទៅ​មុខ​ត្រង់​ប៉ុណ្ណោះ​។
ត្រី​ទឹម ជា​កូន​ត្រី​អុក​បក​បាន​ចំនួន ២ ឡើង ហើយ​នៅ​ទន្ទឹម​គ្នា ប៉ុន្តែ​បើ​មិន​នៅ​ទន្ទឹម​គ្នា​ទេ គេ​ហៅ​ថា ត្រី​ចង ព្រោះ​វា​នៅ​ខ្វែង​ក្រឡា​គ្នា។ ជា​ធម្មតា​អ្នក​លេង​អុក តែង​តែ​រារាំង​មិន​ឲ្យ​គូ​ប្រកួត​ឡើង​បក​ត្រី​ទឹម បាន ដោយ​ងាយៗ​នោះ​ទេ មាន​ន័យ​ថា គេ​នឹង​រក​វិធី​កម្ចាត់​សព្វ​បែប​យ៉ាង​ព្រោះ​កាល​ណា​បណ្តោយ ឲ្យ​គេ មាន​ត្រី​ទឹម គឺ​គេ​មាន​ប្រៀប​ឈ្នះ​ច្រើន​។ ត្រី​ទឹម គឺ​អាច​ចង​ប្រទាក់​ក្រឡា​គ្នា​បាន​យ៉ាង​ល្អ ក្នុង​ការ​ការពារ ការ​វាយ​លុក​ពី​សត្រូវ និង​ជា​ទ័ព​ពិសេស ដែល​ប្រើ​ដើម្បី​ព័ទ្ធ​ចាប់​ស្តេច (អង្គ) របស់​សត្រូវ បាន​យ៉ាង​ងាយ​ទៀត​ផង។
សម្រាប់​ក្រឡា​អុក​របស់​លោក សម រង្ស៊ី ដែល​មាន​ការ​សហការ​យ៉ាង​ល្អ​ជាមួយ​លោក កឹម សុខា បាន​ធ្វើ​ឲ្យ​ក្រឡា​អុក​នេះ​មាន​ត្រី​បក​ទឹម​ដល់​ទៅ ៣។ ត្រី​បក​ទី ១ គឺ​លោក សម រង្ស៊ី មាន​អាសនៈ​សភា មិន​តិច​ជាង ៥៥​កៅអី ដែល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ដាក់​សម្ពាធ​នយោបាយ​ទៅ​ថ្ងៃ​មុខ ពិសេស​រារាំង​មិន​ឲ្យ​បង្កើត​រចនាសម្ព័ន្ធ​ដឹក​នាំ​រដ្ឋសភា ក្នុង​សម័យ​ប្រជុំ​ដំបូង​របស់​ខ្លួន ៦០ ថ្ងៃ​យ៉ាង​យូរ ក្រោយ​ពេល​បោះឆ្នោត​តាម​ការ​កោះ​ប្រជុំ​របស់​ព្រះ​មហាក្សត្រ ដែល​ទាមទារ​ឲ្យ​រដ្ឋសភា​មាន​សមាជិក ជា​តំណាងរាស្ត្រ​យ៉ាង​តិច​១២០ រូប។ ត្រី​បក​ទី២ គឺ​លោក សម រង្ស៊ី បាន​ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ ប្រក្រតី តិច​ឬ​ច្រើន​គណៈកម្មការ​នេះ នឹង​រក​ឃើញ​ភាព​មិន​ប្រក្រតី និង​ធ្វើ​របាយ​ការណ៍​ដើម្បី​វាយ​តម្លៃ​ថា តើ​វា​អាច​ប៉ះពាល់​កម្រិត​ណា​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត។
ចំណុច​នេះ លោក ហ៊ុន សែន យល់​ស្រប​ដោយ​បាន​ទាំង​បង្កើត​ក្រុម​ការងារ​សម្រាប់​កិច្ចការ​នេះ​ទៀត​ផង​។ នេះ​មាន​ន័យ​ថា ទឹក​មាត់​លោក សម រង្ស៊ី ប្រៃ​ជាង​មុន ដែល​អាច​ធ្វើ​ឲ្យ​លោក ហ៊ុន សែន បាន​ពិចារណា រាល់​សំណើ​របស់​បក្ស​ប្រឆាំង​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ឬ​អាច​និយាយ​មួយ​បែប ទៀត​ថា ទោះ​បី​លោក សម រង្ស៊ី ទាមទារ​អ្វី​ក៏​លោក ហ៊ុន សែន យល់​ព្រម​ដែរ​ក្នុង​កាលៈទេសៈ​នេះ ហើយ​បើ​សង្កេត​មើល​កាយវិការ និង​ពាក្យ​សម្ដី​របស់​លោក ហ៊ុន សែន កាល​ពីថ្ងៃ​ទី៣១ ខែ​កក្កដា កន្លង​ទៅ ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ គឺ​ហាក់​ដូច​ជា​ទន់ភ្លន់​ច្រើន​ជាង​មុន​ណាស់​។
ត្រី​បក ទី៣ គឺ​លោក សម រង្ស៊ី មាន​សហគមន៍​អន្តរជាតិ ចាប់​អារម្មណ៍ និង​យក​ចិត្ត ទុក​ដាក់​ចំពោះ​កង្វល់​នានា​ដែល​លោក សម រង្ស៊ី បាន​លើក​ឡើង ហើយ​មក​ដល់​ពេល​នេះ មាន​សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប ប្រទេស​ជប៉ុន ជាដើម​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់ ដើម្បី​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត ​ឡើង​ក្នុង​ការ​បោះឆ្នោត។
តាម​រយៈ​ត្រី​បក​ទឹម​ទាំង​៣ បាន​ធ្វើ​ឲ្យ​លោក សម រង្ស៊ី មាន​ឱកាស​គ្រប់​គ្រាន់ ក្នុង​ការ​ចូល​ទៅ​ព័ទ្ធ​ចាប់​ស្តេច (អង្គ) របស់​លោក ហ៊ុន សែន បាន​គ្រប់​ពេល​ប្រសិន​បើ​លោក ហ៊ុន សែន ធ្វេស​ប្រហែស​ក្នុង​ការ​ទប់​ទល់ ចំពោះ​ក្រឡា​អុក​មួយ​ក្តារ​នេះ ប៉ុន្តែ​ដោយ​សារ​លោក ហ៊ុន សែន មាន​បទ​ពិសោធ និង​មាន​ល្បិច​ច្រើន មិន​បណ្តោយ​ឲ្យ​ត្រី​បក​ទឹម​ទាំង​៣ របស់​លោក សម រង្ស៊ី អាច​ចូល​ទៅ​ព័ទ្ធ​ស្តេច (អង្គ) របស់​ខ្លួន​ដោយ​ងាយៗ​នោះ​ទេ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា មិន​បណ្តោយ​ឲ្យ​លោក សម រង្ស៊ី រុញ​រហូត​ផ្ទប់​នឹង​ជញ្ជាំង​ក្តារ​អុក​រក​ក្រឡា​រត់​មិន​រួច​នោះ​ឡើយ​ចង់​ មិន​ចង់​គឺ​លោក ហ៊ុន សែន ប្រឹង​រក​ឧបាយកល​យ៉ាង​ណា​ដើម្បី​បំបែក​ត្រី​បក​ទឹម​ទាំង ៣ របស់​លោក សម រង្ស៊ី ម្តង​មួយៗ ឬ​ក៏​រក​មធ្យោបាយ​ដើម្បី​ផ្លាស់​ប្តូរ ស្ថានការណ៍​ពី​ចាញ់​មក​ឈ្នះ ឬ​ពី​ចាញ់​មក​ស្មើ។
ល្បិច​ទី១ របស់​លោក ហ៊ុន សែន បាន​ប្រើ​ក្នុង​ការ​ទប់​ទល់​ជាមួយ​ត្រី​បក​ទឹម​ទាំង ៣ របស់​លោក សម រង្ស៊ី គឺ​ការ​បង្ហាញ​មុខ​លើក​ទី១ ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ៣១ កក្កដា​។ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ ប៉ុន្តែ​នេះ​ជា​យុទ្ធសាស្ត្រ​មួយ«Soft Approach» ដែល​បន្ទន់​ឥរិយាបថ សុំ​ចរចា​ដើម្បី​ស្ទាប​ស្ទង់​ស្ថានការណ៍ ឬ​ពន្យារ​ពេល​រង់ចាំ​ទ័ព​ជំនួយ​សម្រាប់​វាយ​បក​ទៅ​សត្រូវ​វិញ​នៅ​ពេល​មាន​ ឱកាស​ហុច​ឲ្យ​។ នេះ​ដូច​ជា​ល្បិច មួយ​ដែល ឆាវ ឆាវ បាន​ប្រើ​ក្នុង​រឿង សាមកុក នៅ​ពេល​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​កង​ទ័ព ៧ សែន​នាក់​របស់​ស្តេច​ត្រាញ់ យៀង សាវ។
ឆាវ ឆាវ បាន​សុំ​ចរចា និង​ទទួល​យក​គ្រប់​លក្ខខណ្ឌ​ដែល យៀង សាវ ទាមទារ តែ​នេះ​ជា​ការ​ពន្យារ​ពេល​មួយ​ដើម្បី​រង់ចាំ​ទ័ព​ជំនួយ ហើយ​នៅ​ពេល ឆាវ ឆាវ ក្តាប់​ស្ថានការណ៍​បាន និង​ខណៈ​ពេល​ទ័ព​ជំនួយ​មក​ដល់ ចាប់​ផ្តើម​គំរាម យៀង សាវ ថា ច្បាំង​មិន​ដែល​ចាញ់​ឡើយ នៅ​ពេល​ដែល ឆាវ ឆាវ នៅ​មាន​ដង្ហើម។ ឆាវ ឆាវ បាន​ប្តូរ​ស្ថានការណ៍​ពី​ចាញ់​មក​ឈ្នះ ដោយ​បាន​ធ្វើ​ឲ្យ​ទ័ព ៧ សែន​នាក់​របស់ យៀង សាវ នៅ​សល់​មិន​ដល់ ១០០ នាក់ ហើយ​ស្តេច​ត្រាញ់ យៀង សាវ ឈឺ​ចាប់​រហូត​ក្អួត​ឈាម​ស្លាប់ នៅ​ក្នុង​សមរភូមិ​នេះ ដោយ​សារ​ទ័ព​ជំនួយ​របស់ ឆាវ ឆាវ។
សម្រាប់ លោក ហ៊ុន សែន តើ​នរណា​ជា​ទ័ព​ជំនួយ​? តើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ជា​ទ័ព​ជំនួយ​ឬ​? តាម​ការ​សង្កេត និង​វាយ​តម្លៃ​ទៅ​លើ​សកម្មភាព និង​ការ​សម្រេច​ចិត្ត​នានា​របស់ គ.ជ.ប គឺ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ អ្នក​វិភាគ​សង្គម​នានា បាន​ហៅ គ.ជ.ប ថា​ជា​គណៈកម្មាធិការ​ជាតិ Yes, No, OK ឬ​គណៈកម្មាធិការ​ជាតិ​លួច​បន្លំ​សន្លឹក​ឆ្នោត​ជាដើម​។ មួយ​ថ្ងៃ​ក្រោយ​បន្ទាប់​ពី​ចេញ​មុខ​សាធារណៈ ព្រម​ទាំង​យល់​ព្រម​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ ប៉ុន្តែ​គណៈកម្មការ​ចម្រុះ​មិន​ទាន់​ចេញ​ជា​រូប​រាង​ផង លោក ហ៊ុន សែន បាន​ប្រើ​ល្បិច​ទី២ គឺ​ការ​គំរាម ដែល​ជា​សារ​នយោបាយ​មួយ​ផ្តាំ​ផ្ញើ​តាម​រយៈ​លោក វ៉ូលហ្គាំង ម៉ូស័រ (Wolfgang Moser)ឯក​អគ្គ​រដ្ឋទូត​អាល្លឺម៉ង់ ដែល​ទើប​នឹង​ចប់​អាណត្តិ​ថា​នឹង​ប្រគល់​អាសនៈ​សភា​របស់​គណបក្ស សង្គ្រោះ​ជាតិ ឲ្យ​គណបក្ស​តូចៗ ប្រសិន​បើ​គណបក្ស​ប្រឆាំង​នេះ បដិសេធ​មិន​ទទួល​យក​អាសនៈ​របស់​ខ្លួន​នៅ​រដ្ឋសភា​ទេ នោះ។
ល្បិច​ទាំង​ពីរ​ខាង​លើ មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់​ទល់​នឹង ត្រី​បក​ទឹម​ទាំង ៣ របស់​លោក សម រង្ស៊ី នោះ​ឡើយ ព្រោះ​លោក សម រង្ស៊ី ឬ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មាន​ត្រី​មួយ​ទៀត ដែល​បាន​ត្រៀម​ខ្លួន នឹង​បក​នៅ​ពេល​កាលៈទេសៈ​ហុច​ឲ្យ​។ ក្នុង​ការ​ប្រកួត​អុក ទោះ​បី​ជា​នៅ​សល់​កូន​អុក​សំខាន់ៗ​ដូចជា​ទូក ១ ឬ ២ គោល ១ ឬ ២ សេះ ១ ឬ ២ ក៏​ដោយ កាល​ណា​យើង​មាន​ត្រី ១​មិន​ទាន់​បក គឺ​យើង​មាន​ឱកាស​ក្នុង​ការ​ព័ទ្ធ​ចាប់​ស្តេច (អង្គ) របស់​គូ​ប្រកួត​ម្ខាង​ទៀត ដោយ​ប្រើ​ពេល​វេលា​យូរ​រហូត​ដល់ ៦៤ ជំហាន (ក្រឡា) ប៉ុន្តែ​បើ​ឱកាស​ហុច​ឲ្យ គេ​នឹង​បក​ត្រី​នោះ​ភ្លាម ទោះ​វា​ជា​ត្រី​ចង ឬ​ត្រី​ទឹម​ក៏​ដោយ​ឬ​ត្រូវ​ចំណាយ​ពេល​ខ្លី សម្រាប់​ដេញ​ចាប់​ស្តេច (អង្គ) ដូច​ជា ១៦ ជំហាន​បើ​នៅ​ទូក ១ ៤៤ ជំហាន​បើ​នៅ​គោល ១ ឬ ៦៤ ជំហាន​បើ​នៅ​សេះ ១ រួម​ជាមួយ​ត្រី​បក​ចុង​ក្រោយ​។
ត្រី​ទី៤​ដែល​លោក សម រង្ស៊ី នឹង​បក​ខាង​មុខ បើ​ទោះ​បី​ជា​ត្រី​ចង​ឬ​ត្រី​ទឹម​ក៏​ដោយ​ហើយ​វា​មាន​ឥទិ្ធពល​ខ្លាំង​ណាស់ និង​ធ្វើ​ឲ្យ​លោក ហ៊ុន សែន មិន​ហ៊ាន​លេង ចូល​ជា​ដាច់​ខាត ព្រម​ទាំង​មិន​ចង់​ឲ្យ​លោក សម រង្ស៊ី បក​ផង​ដែរ។ ត្រី​បក​ទី៤ ដែល​លោក សម រង្ស៊ី នឹង​ប្រើ​នោះ​គឺ​កម្លាំង​គាំទ្រ​មហាជន ពិសេស​យុវជន ដែល​កំពុង​ស្រេក​ឃ្លាន​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ និង​រង់ចាំ​តែ​ភ្លើង​ខៀវ​ពី​មេ​បក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ ហើយ​បើ​កើត​មាន វា​នឹង​ពុះ​កញ្ជ្រោល។
លោក ហ៊ុន សែន មិន​ដែល​ប្រាថ្នា​ចង់​លេង​ជាមួយ​នោះ​ទេ ព្រោះ​គាត់​ធ្លាប់​ភ្លក្ស​ម្តង​រួច​ទៅ​ហើយ​ក្នុង​ខែ កញ្ញា ឆ្នាំ ១៩៩៨។ សម្រាប់​ឆ្នាំ ២០១៣ ភាព​ពុះ​កញ្ជ្រោល​នឹង​ខ្លាំង​ក្លា​ជាង​ឆ្នាំ ១៩៩៨ រាប់​សិប​ដង​ទៅ​ទៀត និង​ពិបាក​រក​វិធានការ​ណា​មួយ​ដើម្បី​ទប់​ស្កាត់​បាន​ឡើយ។ សម្រាប់​លោក សម រង្ស៊ី និង​លោក កឹម សុខា ឬ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​លេង​ដើម្បី​ជា​ថ្នូរ​នឹង​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​ជូន​ជាតិ​និង​ប្រជា​ពលរដ្ឋ ប៉ុន្តែ​សម្រាប់​លោក ហ៊ុន សែន ច្បាស់​ជា​មិន​ហ៊ាន​លេង​ទេ បើ​ទោះ​បី​ជា​ធ្លាប់​គំរាម​ថា នឹង​បិទ​ទ្វារ​វាយ​ឆ្កែ​នា​ពេល​កន្លង​មក​ក៏​ដោយ​ព្រោះ​សន្ទុះ​គាំទ្រ​ពី​ សំណាក់​យុវជន ចំពោះ​គណបក្ស​ប្រឆាំង​មាន​សភាព​ខ្លាំង​ក្លា។
ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ វា​មិន​ទាន់​បិទ​បញ្ចប់​គ្រប់​សាច់​រឿង​នៅ​ឡើយ​ទេ ដូច​នេះ​យើង​ត្រូវ​រង់ចំា​មើល​ជា​បន្ត​ទៀត​ថា តើ​លោក ហ៊ុន សែន មាន​ល្បិច​អ្វី​ថ្មី​ទៀត ហើយ​លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ប្រើ​ប្រាស់​ត្រី​បក​ទី៤ របស់​គាត់​ដែរ​ឬ​ទេ?
ទស្សនៈ​ខាង​លើ​នេះ ជា​ការ​យល់​ឃើញ​របស់​បុគ្គល​ខ្ញុំ​ផ្ទាល់ ដែល​ជា​សាស្រ្តាចារ្យ និង​ជា​បញ្ញវន្ត ដែល​បាន​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ប្រវត្តិសាស្រ្ត​នយោបាយ​នៅ​កម្ពុជា​តែ​ ប៉ុណ្ណោះ ហើយ​សូម​ប្រើ​ប្រាស់​ពេល​ទំនេរ​ពី​ការងារ​ដើម្បី​សរសេរ​អត្ថបទ​នេះ ក្នុង​ការ​ចែក​រំលែក​នូវ​ពុទ្ធិ​បន្តិច​បន្តួច ជុំវិញ​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន។ នេះ​ក៏​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្ញុំ​ផ្ទាល់ ក្នុង​នាម​ជា​ពលរដ្ឋ​ខែ្មរ​មួយ​រូប ដែល​ត្រូវ​បាន​ធានា​ដោយ​មាត្រា ៣៥ និង​មាត្រា ៤១ នៃ​រដ្ឋ​ធម្មនុញ្ញ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ទស្សនៈ​នេះ ក៏​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​នយោបាយ​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ ឡើយ​។
ដូច​នេះ​ខ្ញុំ​សូម​ទទួល​យក​ដោយ​រីករាយ​នូវ​ការ​ទិតៀន​ដើម្បី​ស្ថាបនា​ពី​ សំណាក់​អស់​លោក លោក​ស្រី​ជា​ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់​តាម​រយៈ​អ៊ីមែល hingsoksan@yahoo.com

No comments: