មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា
ដឹកនាំបាតុករហែក្បួនបាតុកម្មទៅដាក់ញត្តិនៅស្ថានទូតអូស្ត្រាលី
នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣។ RFA/Yeang Socheametta
2013-10-29
ដោយ វណ្ណ វិចារ
RFA
គណបក្សសង្គ្រោះជាតិ បានធ្វើបាតុកម្មចំនួន ៥ដងមកហើយ ចាប់តាំងពីមុនថ្ងៃបោះឆ្នោត រហូតមកដល់បច្ចុប្បន្ន។ បាតុកម្មលើកទី១ និងទី២ នៅមុនពេលបោះឆ្នោត គណបក្សប្រឆាំងបានជំរុញឲ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) តាមអនុសាសន៍របស់តំណាងពិសេស ទទួលបន្ទុកសិទ្ធិមនុស្សរបស់ អង្គការ សហប្រជាជាតិ និងទាមទារឲ្យ លោក សម រង្ស៉ី ចូលស្រុក។
បាតុកម្មបីលើកក្រោយបោះឆ្នោត
គឺធ្វើឡើងព្រោះតែមិនសុខចិត្តនឹងលទ្ធផលបោះឆ្នោត។
បន្ទាប់ពីចប់មហាបាតុកម្មលើកចុងក្រោយ មានសំណួរជាច្រើនសួរថា
តើគណបក្សកាន់អំណាចអាចយល់ព្រមឲ្យតាមអ្វីដែលបក្សប្រឆាំងស្នើឬ
ទេ?
ពាក្យចាស់លោកពោលថា សេចក្តីព្យាយាមគង់បានសម្រេច។ ក៏ប៉ុន្តែ
ការព្យាយាមរបស់គណបក្សសង្គ្រោះជាតិ អាចបានសម្រេច ឬមិនបានសម្រេច
មិនមែនស្ថិតលើតួអង្គបក្សប្រឆាំងតែឯកឯងឡើយ។ ក្រៅពីនោះ
មានភាគីបីផ្សេងទៀត ដែលមានឥទ្ធិពលក្នុងបញ្ហានេះ ដូចជា
ប្រជាពលរដ្ឋម្ចាស់ឆ្នោត គណបក្សកាន់អំណាច និងភាគីអន្តរជាតិ។
គណបក្សសង្គ្រោះជាតិ
តស៊ូសម្រេចបំណងរបស់ខ្លួនតាមរយៈបាតុកម្មចំនួនពីរលើក
មុនការបោះឆ្នោត។ បាតុកម្មលើកទី១ ធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា
និងលើកទី២ នៅថ្ងៃទី២០ ខែឧសភា
ដោយទាមទារឲ្យបក្សកាន់អំណាចកែទម្រង់ប្រព័ន្ធបោះឆ្នោត
និងបើកផ្លូវឲ្យ លោក សម រង្ស៉ី ចូលស្រុកវិញ ដោយគ្មានទោសពៃរ៍។
រាជរដ្ឋាភិបាលបានបដិសេធភ្លាមៗរាល់ការលើកឡើងរបស់បក្សជំទាស់
ដោយចាត់ទុកការទាមទារមិនសមហេតុផល
ហើយបក្សកាន់អំណាចមិនអាចធ្វើអ្វីផ្ទុយនឹងច្បាប់
ឬរំលោភការសម្រេចរបស់តុលាការបានឡើយ។
ទន្ទឹមនឹងគ្នានោះ លោក ហ៊ុន សែន
ចាប់ផ្ដើមប្រើយុទ្ធសាស្ត្របំបែកបំបាក់កម្លាំងសាមគ្គីរបស់ លោក សម
រង្ស៉ី និងលោក កឹម សុខា តាមរយៈការផ្សព្វផ្សាយអាយ៉ៃឆ្លើយឆ្លង
ដែលជាខ្សែអាត់រិះគន់គ្នាទៅវិញទៅមករបស់មេបក្សប្រឆាំង។
មិនតែប៉ុណ្ណោះ គណបក្សកាន់អំណាចបានជ្រោមជ្រែង លោក ជុំ ម៉ី
ឲ្យធ្វើបាតុកម្មប្រឆាំង លោក កឹម សុខា
និងបានបង្កើតច្បាប់ប្រឆាំងនឹងអ្នកដែលនិយាយថា
គ្មានរបបខ្មែរក្រហម ដែលសំដៅអនុប្រធានបក្សសង្គ្រោះជាតិ
រូបនេះថែមទៀត។
ក្រៅពីនោះ បណ្ដឹងប្រឆាំង លោក កឹម សុខា
ទៅកាន់តុលាការបន្តបន្ទាប់គ្នា។ ករណីទី១
ជាបណ្ដឹងរបស់ស្ត្រីម្នាក់ឈ្មោះ សំ ផល្លា
ជាម្ដាយរបស់ស្ត្រីដែលអះអាងថា ជាស្រីកំណាន់របស់ លោក កឹម សុខា
កាលពីជាង ១០ឆ្នាំមុន
ដែលប្ដឹងពីបទប្រើប្រាស់អំពើហិង្សាក្នុងអំឡុងពេល លោក កឹម សុខា
ចុះទៅជួបសកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តព្រៃវែង។ ករណីទី២
ជាបណ្ដឹង លោក ជុំ ម៉ី ប្ដឹងប្រឆាំង លោក កឹម សុខា ពីបទបរិហារកេរ្តិ៍
ទៅសាលាដំបូងរាជធានីភ្នំពេញ នូវពាក្យដែលចោទថា លោក កឹម សុខា
បាននិយាយថា គុកទួលស្លែងជាឆាកដែលវៀតណាម បង្កើត។
នៅពេលដែលឃើញគណបក្សប្រជាជនកម្ពុជា វាយបកផ្ទួនៗមកវិញដូចនេះ
គណបក្សសង្គ្រោះជាតិ បានដូរយុទ្ធសាស្ត្រពីការធ្វើបាតុកម្ម
ទៅជាចលនាឃោសនាចុះជួបពលរដ្ឋតាមមូលដ្ឋាន
ដើម្បីស្វែងរកការគាំទ្រវិញ។ ចំណែកឯ លោក សម រង្ស៉ី
ក៏បានធ្វើនយោបាយនៅក្រៅប្រទេស រហូតដល់ព្រឹទ្ធសភាសហរដ្ឋអាមេរិក
លូកដៃស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បើកផ្លូវឲ្យមេបក្សប្រឆាំងចូលស្រុកទៀតផង។
ដោយរងគំនាបពីអន្តរជាតិ និងការបន្ទន់ជំហររបស់ លោក សម រង្ស៉ី
ព្រមទាំងចលនារបស់មហាជនផងនោះ លោក ហ៊ុន សែន
ក៏បានថ្វាយលិខិតទៅព្រះមហាក្សត្រឲ្យលើកលែងទោសឲ្យមេបក្សប្រឆាំង
ចូលស្រុកវិញ ដើម្បីចូលរួមបោះឆ្នោត
និងធានាភាពស្របច្បាប់នៃដំណើរការបោះឆ្នោត។ ទន្ទឹមនឹងនោះ
ការប្រកាសទាមទារឲ្យមានកំណែទម្រង់ការបោះឆ្នោត
ក៏ត្រូវបក្សទាំងពីររុញដាក់កៀនជញ្ជាំង ហើយខំតែឃោសនារៀងៗខ្លួន។
លុះដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ប្រកាសលទ្ធផលឆ្នោតបណ្ដោះអាសន្ន គណបក្សប្រឆាំងមិនសុខចិត្តទេ
និងថែមទាំងប្រកាសធ្វើបាតុកម្មជាបន្តបន្ទាប់។ បាតុកម្មលើកទី៣
គឺចាប់ផ្ដើមធ្វើនៅថ្ងៃទី៧ ខែកញ្ញា
មានមនុស្សរាប់ម៉ឺននាក់ចូលរួម ក្នុងបំណងបដិសេធលទ្ធផលបោះឆ្នោត
និងជំរុញឲ្យមានការបង្កើតគណៈកម្មការឯករាជ្យ
ស៊ើបអង្កេតលទ្ធផលបោះឆ្នោត។ ទីក្រុងភ្នំពេញ កាលថ្ងៃនោះ
ត្រូវបានអាជ្ញាធរដាក់ឲ្យស្ថិតក្នុងគ្រាអាសន្ន
ក្រោមការត្រួតពិនិត្យ
និងយាមកាមយ៉ាងតឹងរ៉ឹងពីសំណាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
គណបក្សកាន់អំណាចមិនអើពើឡើយចំពោះបាតុកម្មលើកទី១នេះ
ហើយថែមទាំងគំរាមបង្ក្រាបបើសិនណាក្រុមបាតុករហ៊ានផ្លាស់ទីចេញពី
ទីលានប្រជាធិបតេយ្យ។
ទោះជាបែបណាក្តី បាតុកម្មលើកទី១នេះបានប្រាប់បក្សប្រឆាំងថា
ប្រជាពលរដ្ឋជាច្រើនគាំទ្រចលនានេះ តាមរយៈការចូលរួមយ៉ាងច្រើនកុះករ
ការឧបត្ថម្ភលុយកាក់
ការឧបត្ថម្ភបាយទឹកនាំចំណីសម្រាប់បាតុករជាដើម។ លោក សម រង្ស៉ី
និងលោក កឹម សុខា ក៏បានប្រកាសធ្វើបាតុកម្មបន្តទៀតរយៈពេលបីថ្ងៃ
គឺថ្ងៃទី១៥ ១៦ និង១៧ ខែកញ្ញា។ បាតុកម្មលើកនេះ
មានមនុស្សម្នាចូលរួមច្រើនជាងលើកមុន
បណ្ដាលឲ្យអាជ្ញាធរព្រួយបារម្ភ
និងដាក់កម្លាំងការពារបិទផ្លូវស្ទើរគ្រប់ទីកន្លែង
រហូតដល់បង្កឲ្យកើតមានអំពើហិង្សានៅស្ពានអាកាសក្បាលថ្នល់
រវាងពលរដ្ឋអ្នកគាំទ្របក្សប្រឆាំង និងក្រុមសមត្ថកិច្ចរាប់រយនាក់
ឈានដល់បាញ់សម្លាប់យុវជនម្នាក់
និងចាប់ខ្លួនយុវជនជាច្រើននាក់ដាក់គុក។ ហេតុការណ៍នេះ
បានជំរុញឲ្យគណបក្សកាន់អំណាច និងបក្សប្រឆាំង
បើកការចរចាភ្លាមៗនៅព្រឹកថ្ងៃទី១៦ និង១៧ ខែកញ្ញា
ដើម្បីស្វែងរកច្រកចេញ។ ក៏ប៉ុន្តែ
លទ្ធផលនៃការចរចាដែលតំណាងបក្សទាំងពីរប្រាប់អ្នកកាសែតថា
ជោគជ័យច្រើននោះ បែរជាអសារបង់ទៅវិញ
នៅពេលដែលគណបក្សប្រឆាំងទាមទារឲ្យមានតុល្យភាពអំណាចក្នុងសភា។
គណបក្សប្រជាជនកម្ពុជា បានបង្កើតសភា និងរដ្ឋាភិបាលតែឯកឯង
ក្រោមការរិះគន់ពីសំណាក់សង្គមស៊ីវិល និងពលរដ្ឋថា
ជានយោបាយគ្មានការឯកភាពជាតិ។
មិនត្រឹមតែមិនចូលប្រជុំសភាជាលើកដំបូងទេ
តំណាងរាស្ត្របក្សប្រឆាំងបានប្រមូលគ្នាទៅខេត្តសៀមរាប ហើយប្រកាសថា
ការប្រជុំសភាដំបូងដែលរៀបចំដោយបក្សកាន់អំណាច
ជាការរំលោភរដ្ឋធម្មនុញ្ញដ៏ធ្ងន់ធ្ងរ។ បន្ទាប់មកទៀត
គណបក្សសង្គ្រោះជាតិ បានប្រកាសធ្វើសមាជប្រជាជន
និងធ្វើបាតុកម្មនៅក្នុងខែតុលា។ មន្ត្រីគណបក្សប្រជាជន មួយចំនួន
បានប្រាប់អ្នកកាសែតថា បាតុកម្មលើកចុងក្រោយរបស់បក្សប្រឆាំង
មិនមានមនុស្សចូលរួមច្រើនទេ
ព្រោះពលរដ្ឋកំពុងរងការញាំញីដោយទឹកជំនន់។ ផ្ទុយទៅវិញ
មនុស្សរាប់ម៉ឺននាក់ បានបន្តចូលរួមបាតុកម្មជាមួយបក្សប្រឆាំង
កាលពីថ្ងៃទី២៣ ២៤ និង២៥ ខែតុលា។
មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត
ដែលពលរដ្ឋតាមជនបទចូលរួមបាតុកម្មនៅទីលានប្រជាធិបតេយ្យ
នៅតែមានចំនួនច្រើននោះ
គឺបណ្ដាលមកពីមានការឧបត្ថម្ភជាម្ហូបអាហារ
និងនំចំណីពីអ្នកគាំទ្រ ដែលជាឈ្មួញមានជីវភាពធូរធារនៅភ្នំពេញ
ដែលគេពិបាកស្មានណាស់ថា អ្នកឧបត្ថម្ភម្ហូបចំណីបាតុករនោះ
ជាមនុស្សក្នុងជួរគណបក្សកាន់អំណាច ឬអត់?
គណបក្សកាន់អំណាចពិតជាមិនចង់ឃើញឡើយនូវការធ្វើបាតុកម្មជារៀង
រាល់ខែនោះទេ
ហើយបើសិនជានៅតែមានមនុស្សរាប់ម៉ឺននាក់ចេញមកតវ៉ានោះ
ការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលថ្មីនោះ
ក៏មិនអាចដើរទៅមុខបានដែរ។ បញ្ច្រាសទៅវិញ
វានឹងនាំមកនូវបញ្ហាមួយចំនួនរួមមាន
ឈ្មួញរកស៊ីធំៗនឹងចាប់ផ្ដើមដកលុយចេញបន្តិចៗម្តងៗពីស្រុកខ្មែរ
អ្នកវិនិយោគខាងក្រៅមិនហ៊ានចូលស្រុក
សេវាសាធារណៈមួយចំនួននឹងជួបបញ្ហា ការចំណាយរបស់រដ្ឋនឹងកើនឡើង
រាស្ត្រខ្មែរមិនស្ងប់ចិត្តភ័យខ្លាច
និងអាចឲ្យកើតវិបត្តិសង្គមនយោបាយទៀតផង។
ពេលដែលបញ្ហារីកកាន់តែធំ គណបក្សទាំងពីរនឹងត្រូវសម្រេចចិត្តថា
គួរលើកទ័ពវាយផ្តាច់ព្រ័ត្រ ឬចរចាដើម្បីប្រយោជន៍រួម?
បើរដ្ឋាភិបាលវាយបំបែកសម្បុកបាតុករ
នោះអាចនឹងនាំឲ្យមានកំហឹងកាន់តែខ្លាំង ការតវ៉ាកាន់តែកញ្ជ្រោល
នឹងអាចអន្តរាយដល់សមិទ្ធផលសន្តិភាពដែលខំសាងសង់រាប់ឆ្នាំជាក់ជា
មិនខាន។
ចំពោះភាគីអន្តរជាតិវិញ ប្រាកដណាស់ថា
គេនឹងមិនគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំរដ្ឋសភា
និងរដ្ឋាភិបាលតែឯងបានទេ ព្រោះថា បើកម្ពុជា បក្សប្រជាជនកម្ពុជា
ដឹកនាំប្រទេសផ្តាច់មុខ
នឹងនាំឲ្យឥទ្ធិពលរបស់ប្រទេសលោកសេរីមកលើកម្ពុជា ធ្លាក់ចុះ
ហើយចិន នឹងកើនឥទ្ធិពលតែឯង។ ក៏ប៉ុន្តែ
ដង្ហើមរស់នៃសេដ្ឋកិច្ចកម្ពុជា មួយភាគធំ ពឹងផ្អែកលើវិស័យកាត់ដេរ
មានចិន ជាម្ចាស់រោងចក្រភាគច្រើន ហើយសហរដ្ឋអាមេរិក និងអឺរ៉ុប
ជាទីផ្សារ។ ចុះបើគេបិទផ្សារ តើខ្មែរគិតយ៉ាងម៉េច? នៅដើមខែតុលា
នេះ
រដ្ឋាភិបាលបានអំពាវនាវឲ្យពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមក្នុងការកែ
ទម្រង់ការបោះឆ្នោត តើការអំពាវនាវរបស់រាជរដ្ឋាភិបាលនេះ
បានគិតពីពលរដ្ឋរាប់ម៉ឺននាក់ដែលឈរតវ៉ានៅទីលានប្រជាធិបតេយ្យឬ
ទេ? ក្រុមបាតុករឮការសន្យាទេ តែប្រាកដណាស់ថា
ពួកគេចង់ឃើញដំណោះស្រាយ។
បាតុកម្មបីថ្ងៃចុងក្រោយ
បក្សប្រឆាំងបង្រួមចំណុចតវ៉ាមកនៅពីរចំណុច
គឺទាមទារឲ្យប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ជំរុញកម្ពុជា គោរពលទ្ធិប្រជាធិបតេយ្យ
និងទាមទារឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការឯករាជ្យស្វែងរកយុត្តិធម៌
ជូនម្ចាស់ឆ្នោត។ បើផ្អែកតាមការចង់បានរបស់គណបក្សសង្គ្រោះជាតិ នេះ
គណបក្សកាន់អំណាចទំនងជាមិនអាចឲ្យបានទេ ព្រោះថា
បើសិនជារាប់សន្លឹកឆ្នោតឡើងវិញមែននោះ គឺគណបក្សប្រជាជនកម្ពុជា
នឹងទទួលលទ្ធផលត្រឹមតែស្មើ ឬខាតដើមប៉ុណ្ណោះ ហើយរបររកស៊ីបែបនេះ
អតីតមេទ័ពខ្លាំង លោក ហ៊ុន សែន ប្រហែលជាមិនលេងចូលឡើយ។
ក៏ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា
ប្រហែលជាមិនចង្អៀតចិត្តប៉ុន្មានទេ
ក្នុងការចែកតំណែងឲ្យមន្ត្រីបក្សប្រឆាំង។ តំណែងប្រធានរដ្ឋសភា
និងគណៈកម្មាធិការជំនាញដែលបក្សប្រឆាំងទាមទារពីពេលមុន
ហើយបក្សប្រជាជនកម្ពុជា មិនព្រមឲ្យនោះ
ក៏មិនប្រាកដថាមិនបាននោះដែរ តែស៊ីសងលើជំហរបក្សប្រឆាំង
និងអ្នកគាំទ្រ៕
No comments:
Post a Comment