Monday, October 7, 2013

សហជីព៖ កម្មករ​ជា​ច្រើន​ត្រៀម​ខ្លួន​ធ្វើ​មហា​កូដកម្ម​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ

ជា​ មុនី 
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ (RFA file photo)
2013-10-03
ដោយ តាំង សារ៉ាដា
RFA
ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ប្រកាស​ឲ្យ​មន្ត្រី​រាជការ​​ និង​គ្រូបង្រៀន​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​នៅ​ពេល​ខាង​មុខ​ដោយ​មិន​ កំណត់ ប្រសិន​បើ​បក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រឹង​រុះ​មិន​ព្រម​ដោះស្រាយ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ កន្លង​មក។
ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​នៅ​កម្ពុជា ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ដែល​មជ្ឈដ្ឋាន​ជា​ច្រើន​ចាត់​ទុក​ថា ធ្វើ​ឡើង​ពោរពេញ​ដោយ​ភាព​មិន​ប្រក្រតី​មាន​រយៈពេល​ជាង ៦០​ថ្ងៃ​ហើយ ។
ក្រុម ​សហជីព​កម្មករ​បាន​បង្ហាញ​អំពី​ភាព​តានតឹង​របស់​ខ្លួន​ថា កម្មករ​កាត់ដេរ​នៅ​តាម​រោងចក្រ​ជា​ច្រើន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ថា ពួកគេ​នឹង​ចូល​រួម​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​មហា​កូដកម្ម​មិន​ចូល​ធ្វើ​ការ​នៅ​ទូទាំង​ប្រទេស។
ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី មាន​ប្រសាសន៍​ថា ប្រសិន​បើ​បក្ស​សង្គ្រោះ​ជាតិ នាំ​គ្នា​ធ្វើ​កូដកម្ម​កាន់​តែ​យូរ​កាន់​តែ​ល្អ ដើម្បី​ដាក់​សម្ពាធ​ដល់​បក្ស​ប្រជាជន​កម្ពុជា ងាក​មក​រក​តុ​ចរចា​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​បោះ​ ឆ្នោត។ លោក​បន្ត​ថា ប្រសិន​បើ​កម្មករ​ប្រមាណ ៧​សែន​នាក់​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​មែន វា​នឹង​នាំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស ​ដែល​កំពុង​មាន​ភាព​ទន់​ខ្សោយ​នេះ។
លោក ជា មុនី បាន​ផ្ដល់​អនុសាសន៍​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ប្រសិន​បើ​មាន​ការ​ធ្វើ​កូដកម្ម​ជា​ទ្រង់ទ្រាយ​ធំ​មែន គេ​គួរ​ធ្វើ​ទៅ​តាម​រោងចក្រ​នីមួយៗ​ប្រសើរ​ជាង​ឲ្យ​កម្មករ​ទាំង​អស់​នាំ​ គ្នា​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ។ លោក​បន្ត​ថា ការ​ធ្វើ​ដូច្នេះ​ជា​ការ​យុទ្ធសាស្ត្រ​មួយ​ដ៏​ល្អ​ក្នុង​ការ​ជៀសវាង​អំពី​ ការ​ឃាត់​ដំណើរ​ដោយ​សមត្ថកិច្ច​និង​ការ​ចំណាយ​ផ្សេងៗ។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា គម្រោង​ធ្វើ​កូដកម្ម​ខាង​មុខ គឺ​ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋបាល​របស់​លោក ហ៊ុន សែន ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋ​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​មាន​ការ​វិវឌ្ឍ​ជឿនលឿន​ទៅ​មុខ។
លោក កឹម សុខា ទទួល​ស្គាល់​ថា ការ​កូដកម្ម​របស់​មន្ត្រី​រាជការ​គ្រូបង្រៀន និង​កម្មករ​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ដែរ ប៉ុន្តែ​ការ​ប៉ះ​ទង្គិច​នោះ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ មុន​នឹង​អាច​ឈាន​ទៅ​ចាប់​យក​ប្រយោជន៍​ធំ​ដែល​មាន​លក្ខណៈ​យូរ​អង្វែង។
កម្ពុជា​មាន​គ្រូបង្រៀន​ប្រមាណ ១.៥សែន​នាក់ មាន​មន្ត្រី​រាជការ​ប្រហែល ៥​ម៉ឺន​នាក់ កម្មករ​ជាង ៧​សែន​នាក់ និង​មាន​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​ជាង ២​សែន​នាក់​ផ្សេង​ទៀត។
ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន សន្យា​ថា លោក​រួម​នឹង​គ្រូ​បង្រៀន​ជា​ច្រើន​ទៀត​សច្ចា​ថា នឹង​ចូល​រួម​ធ្វើ​កូដកម្ម​ជាមួយ​ក្រុម​បក្ស​សង្គ្រោះ​ជាតិ ពេល​ណា​មាន​ការ​កំណត់​ថ្ងៃ​ជាក់លាក់។  លោក​បន្ត​ថា កូដកម្ម​ដោយ​សន្តិវិធី​មិន​ចូល​ធ្វើ​ការ​នេះ​មាន​សារសំខាន់​ណាស់ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ស្វែង​រក​ការ​ពិត និង​ភាព​យុត្តិធម៌​នៃ​ការ​បោះ​ឆ្នោត។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​គម្រោង​ធ្វើ​កូដកម្ម​របស់​ក្រុម​បក្ស​ សង្គ្រោះ​ជាតិ។ ក្រុម​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​គម្រោង​នៃ​ការ​ធ្វើ​កូដកម្ម​នោះ អាច​ជា​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស និង​សណ្ដាប់​ធ្នាប់​សាធារណៈ។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍ ក្រុម​បក្ស​ប្រឆាំង អាច​ជា​ការ​ធ្វើ​វិទ្ធង្សនា​សេដ្ឋកិច្ច​របស់​កម្ពុជា ប្រសិន​បើ​ក្រុម​នេះ​ធ្វើ​សកម្មភាព​ក្រៅ​ពី​រង្វង់​ច្បាប់។ ទោះ​បី​ជា​យ៉ាង​ណា ក៏ដោយ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩៣ និង​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា បាន​ធានា​យ៉ាង​ច្បាស់​អំពី​សិទ្ធិ​និង​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​ កូដកម្ម និង​បាតុកម្ម​អហិង្សា។
ក្រុម​អ្នក​ឃ្លាំមើល​អំពី​នយោបាយ​កម្ពុជា និយាយ​ថា ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​រដ្ឋាភិបាល​អំពី​គម្រោង​ធ្វើ​មហា​កូដកម្ម​ របស់​គ្រោះ​ជាតិ​ថា ជា​ផែន​ធ្វើ​ភេរវកម្ម​ផ្នែក​សេដ្ឋកិច្ច គឺ​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​ ប្រឆាំង​ថា មាន​គម្រោង​ធ្វើ​វិច្ឆេទកម្ម​សេដ្ឋកិច្ច​នោះ អាច​ជា​ការ​ទទួល​ស្គាល់​ទៅ​វិញ​ទេ​ថា ក្រុម​ប្រឆាំង​ពិត​ជា​មាន​ការ​គាំទ្រ​ខ្លាំង​ពី​មហា​ជន។
អស់​រយៈពេល​ជាង​ពីរ​ខែ​មក​ហើយ​ដែល​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​នៅ​ កម្ពុជា ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា នៅ​តែ​ជាប់​គាំង​គ្មាន​ដំណោះស្រាយ ខណៈ​គណបក្ស​នយោបាយ​ធំៗ​ដ៏​មាន​ឥទ្ធិពល​ទាំង​ពីរ​ប្រកាស​យក​ឈ្នះ​រៀងៗ​ខ្លួន។ គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ខ្លួន​ទទួល​បាន ៦៨​អាសនៈ រី​ឯ​បក្ស​សង្គ្រោះ​ជាតិ អះអាង​ខ្លួន​ទទួល​បាន ៦៣​អាសនៈ។
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ល្បី​ថា មាន​ការ​គ្រប់គ្រង​ដោយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ដើម​ខែ​កញ្ញា បាន​បង្ហាញ​លទ្ធផល​ជា​ផ្លូវ​ការ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៨​អាសនៈ ហើយ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន ៥៥​អាសនៈ។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច អះអាង​ថា ប្រសិន​បើ​មាន​ការ​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ប្រទេស​របស់​មន្ត្រី​រាជការ កម្មករ គ្រូបង្រៀន និង​កងកម្លាំង​ប្រដាប់​អាវុធ​ពិត​មែន​នោះ ការ​ជាប់​គាំង​ផ្នែក​នយោបាយ​នឹង​អាច​រក​ច្រក​ចេញ​រួច។
កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ​និយម​ប្រចាំ​រដ្ឋ​អូហ៊ីយ៉ូ (Ohio) លោក ស្ទីវ ឆាបុត បាន​គំរាម​ដល់​រដ្ឋបាល​របស់​លោក ហ៊ុន សែន​ ថា ប្រសិន​បើ​មិន​មាន​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ក្នុង​ ប្រទេស​កម្ពុជា ប្រកប​ដោយ​តម្លាភាព​ស្រប​តាម​យន្តការ​អន្តរជាតិ​ទេ នោះ​សហរដ្ឋ​អាមេរិក អាច​នឹង​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​ឡើយ៕

No comments: